អត្ថបទដោយ៖ តាំង សារ៉ាដា
មជ្ឈដ្ឋានទូទៅ និងអ្នកតាមដានសង្គម បានគាំទ្រចំពោះចំណាត់ការកណ្ដាប់ដៃដែករបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលប្រកាសឲ្យចាប់ខ្លួនអ្នកឧកញ៉ា លី សាម៉េត ដែលជាទីប្រឹក្សារបស់លោកផ្ទាល់ និងបង្គាប់ឲ្យសងលុយទៅជនរងគ្រោះជាង ១០លានដុល្លារ និងករណីលោក ដួង តារា អតីតជាអ្នកកាន់ហ្វេសប៊ុកផេកឲ្យលោក ក៏ត្រូវបាននាំខ្លួនទៅសាកសួរពាក់ព័ន្ធ «ការឆបោក»។
ពួកគេក៏ចង់ឃើញមានចំណាត់ការដូចគ្នានេះទៅលើ «ជនឆបោក» មួយចំនួនទៀតដែលមិនទាន់មានចំណាត់ការនៅឡើយ ជាពិសេសករណីឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានគេចវេះពីការសងបំណុល (Commission) ដល់ភ្នាក់ងារលក់ (Freelancer) និងអតិថិជនដែលបានទិញដី និងផ្ទះល្វែងពីក្រុមហ៊ុនអចលនទ្រព្យនេះកន្លងមក។
បុគ្គលិករបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានអះអាងថា ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងរង់ចាំអនុក្រឹត្យកាត់ឆ្វៀលដីព្រៃពីលោក ហ៊ុន ម៉ាណែត ដែលមានទីតាំងស្ថិតនៅស្រុកឈូក ខេត្តកំពត ដើម្បីយកទៅកាត់កងសងបំណុល (Commission) ដែលឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានសាច់ប្រាក់សងទៅឱ្យពួកគេ និងព្រមទាំងអតិថិជនដែលបានទិញដីផ្ទះពីក្រុមហ៊ុនរបស់គាត់កន្លងមកផងដែរ។
ប្រភពពីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហើបប្រាប់សារព័ត៌មាន The Cambodia Daily ថា ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលធ្លាប់ចេញមុខឧបត្ថម្ភលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដល់លោក ហ៊ុន សែន ជាសាច់ប្រាក់សុទ្ធជាង ២៥លានដុល្លារអាមេរិកកន្លងមក ហើយដែលពេលនេះកំពុងគេចវេះពីការសងបំណុលដល់ភ្នាក់ងារលក់ និងអតិថិជនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ត្រូវបានគេហាមឃាត់មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ។
ចំណែកប្រភពបុគ្គលិករបស់ឧកញ៉ារូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក ឡេង ណាវ៉ាត្រា កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសាចំពោះអនុក្រឹត្យកាត់ឆ្វៀលដីព្រៃសម្បទានពីលោក ហ៊ុន ម៉ាណែត ដែលមានទីតាំងស្ថិតនៅស្រុកឈូក ខេត្តកំពត ដើម្បីយកទៅទូទាត់សំណងបំណុល ខណៈឧកញ៉ារូបនេះគ្មានលុយ គ្មានដី និងផ្ទះសង ឬប្រគល់ឱ្យអតិថិជនដែលបានទិញពីក្រុមហ៊ុនរបស់គាត់កាលពីកន្លងមកនោះ។
បុគ្គលិករូបនេះក៏បានអះអាងដែរថា ដីនោះគឺជាប្រភេទដីព្រៃដាច់ស្រយាល គ្មានផ្លូវ គ្មានភ្លើងអគ្គិសនី គ្មានទឹកប្រើប្រាស់ និងជាដីដែលពិបាកអាស្រ័យផលខ្លាំងណាស់ ហើយជាដីដែលមានតម្លៃទាប សូម្បីតែធ្វើដំណើរទៅទីនោះម្តងៗក៏ត្រូវប្រើរថយន្តខ្ពស់ៗ ដែលត្រូវចំណាយសោហ៊ុយច្រើននិងមានភាពអសន្តិសុខថែមទៀតផង។
ប្រភពដដែលបញ្ជាក់ថា ខណៈនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានលួចបង្ហើបប្រាប់មនុស្សជំនិតរបស់គាត់ខ្លះថា លោកមានការព្រួយបារម្ភខ្លាចលោក ហ៊ុន សែន ទម្លាក់គាត់ចោលដូចអតីតឧកញ៉ា ឡេង ចាន់ណា ឬលោក លី សាម៉េត ជាដើម នៅពេលដែលខ្លួនអស់ប្រយោជន៍សម្រាប់គ្រួសាររបស់គាត់ ព្រោះអ្នកដែលជាប់ចោទជាអ្នកលក់ដី និងផ្ទះខ្យល់ពីអតិថិជននៅពេលនេះ គឺជារូបគាត់ផ្ទាល់។
ប្រភពដដែលអះអាងថា បច្ចុប្បន្ននេះ លោក ឡេង ណាវ៉ាត្រា មិនត្រឹមតែត្រូវបានហាមឃាត់មិនឲ្យចេញមុខនៅក្នុងកម្មវិធីសាធារណៈប៉ុណ្ណោះទេ តែថែមទាំងត្រូវបានគេហាមឃាត់មិនឲ្យធ្វើដំណើរចេញទៅក្រៅប្រទេសទៀតផង។
ប្រភពពីផ្ទៃក្នុងរបស់ក្រុមហ៊ុនម្នាក់ទៀតបានអះអាងថា អស់ពីរឿងផ្ទះសាងសង់យឺត ឥឡូវចូលដល់រឿងដីឡូត៍ដែលដល់កុងត្រាហើយ ប៉ុន្តែអតិថិជនមិនទាន់ទទួលបានដីអាស្រ័យផល មិនដឹងជាដីខ្លួននៅទីណា កន្លែងណា ហើយបច្ចុប្បន្ននេះមានអតិថិជនសួរនាំដល់ក្រុមហ៊ុន និងភ្នាក់ងារលក់យ៉ាងច្រើនអំពីរឿងដីដែលស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានដល់កុងត្រាតាំងតែពីខែសីហា ឆ្នាំ២០២៤ និងដីព្រះប្រសប់ ដែលដល់កុងត្រាកាលពីដើមខែតុលា ឆ្នាំ២០២៤ នេះមកម្ល៉េះ។
ប្រភពដដែលត្អូញត្អែរថា លោកមិនដឹងជាត្រូវដោះស្រាយយ៉ាងណាទេចំពោះអតិថិជន បើគម្រោងស្ងាត់ជ្រងំគ្មានការអភិវឌ្ឍសូម្បីតែបន្តិចអ៊ីចឹងនោះ។
ប្រភពដដែលអះអាងថា បើនិយាយពីលោក ឡេង ណាវ៉ាត្រា វិញ ហាក់ដូចជាធ្វើព្រងើយកន្តើយមិនខ្វល់ខ្វាយអ្វីទាល់តែសោះ មិនត្រឹមតែមិនគិតគូររឿងសងបំណុលដល់ភ្នាក់ងារលក់ និងអតិថិជននោះទេ បែរជាប្រឹងទៅធ្វើផែនការចំណាយលុយរាប់លានដុល្លារបើកសាកលវិទ្យាល័យ និងបានផ្តល់អាហារូបករណ៍ដែលគ្មានគុណភាពដល់សិស្សនិស្សិតរាប់រយពាន់នាក់ទៅវិញ។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាទទួលស្គាល់គ្រឹះស្ថានឧត្ដមសិក្សាឯកជនមួយដែលជាកម្មសិទ្ធិរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា មានឈ្មោះថា សាកលវិទ្យាល័យឌីជីថលកម្ពុជា ឬហៅកាត់ថា ស.ឌ.ក និងជាភាសាអង់គ្លេសហៅថា DIGITAL UNIVERSITY OF CAMBODIA (DUC)។
ស.ឌ.ក ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជន មានអាសយដ្ឋានស្ថិតនៅលើផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមានផ្ទៃដីប្រមាណជាង ២០ហិកតាផងដែរ។
បើទោះបីជាមានការរៀបចំផែនការលម្អិតហ្មត់ចត់ដើម្បីស្នើសុំ និងបានអនុម័តបង្កើតសាកលវិទ្យាល័យយ៉ាងលឿនរហ័សពីលោក ហ៊ុន ម៉ាណែត ក៏ដោយ ក៏សាកលវិទ្យាល័យដ៏ថ្មីថ្មោងមួយនេះបានសម្ញែង ឬបង្អួតសាធារណជនបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ នៅពេលលោក ឡេង ណាវ៉ាត្រា ចាប់ផ្តើមបើកដំណើរការសាកលវិទ្យាល័យដំបូង គឺមានការទាក់ទាញបង្អួតសម្ញែងយ៉ាងខ្លាំងទៅដល់មហាជន និងបានផ្តល់អាហារូបករណ៍ដែលគ្មានគុណភាពដល់សិស្សនិស្សិតរាប់ពាន់នាក់ ប៉ុន្តែអស់រយៈពេលពី ៤-៥ខែក្រោយមក សាកលវិទ្យាល័យមួយនេះហាក់មានភាពស្ងាត់ជ្រងំលែងមានសកម្មភាពអ្វីបន្តទៀត ដោយសារគ្មានគ្រូបង្រៀនដែលមានវិជ្ជាជីវៈអាចបង្រៀននៅទីនោះ។
ប្រភពដដែលឲ្យដឹងថា ដើម្បីជំនួសគ្រូដែលមានសមត្ថភាពខ្ពស់ លោកបានជួលនិស្សិតឲ្យបង្រៀនគ្នាទៅវិញទៅមក ដោយថែមទាំងគ្មានការផ្គត់ផ្គង់គ្រប់គ្រាន់អ្វីទាល់តែសោះដល់ពួកគេ ហើយបញ្ហានេះបានផ្ទុយទៅនឹងកិច្ចសន្យារបស់សាកលវិទ្យាល័យមួយនេះជាមួយនឹងសិស្សនិស្សិតដែលបង់លុយចូលរៀននៅទីនោះ។
ក្រោយមក សិស្សជាច្រើនទាំងប្រុសទាំងស្រី ក៏បានបោះបង់ការរៀនសូត្ររបស់ពួកគេជាបន្តបន្ទាប់។ ចំណែកសិស្សដែលសេសសល់នៅទីនោះ បាត់បង់វិន័យយ៉ាងអនាធិបតេយ្យ។ សិស្សខ្លះនៅទីនោះរៀបរាប់ថា រៀងរាល់ពេលយប់ អ្នកយាមសាលាមានការដេកគងលើគ្នាផឹកស៊ីឡូឡា និងមានការល្បួងលួងលោមសិស្សស្រីៗមកផឹកស៊ីជាមួយរហូតដល់សិស្សស្រីៗមួយចំនួនរងនូវការបៀតបៀនកេរ្តិ៍ខ្មាសលើរូបរាងកាយយ៉ាងអាម៉ាស់ថែមទៀតផង។
សិស្សនៅទីនោះត្អូញត្អែរថា បញ្ហាអាកប្បកិរិយាទាំងអស់នេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ស្ថាប័ននេះ និងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អាណាព្យាបាលរបស់សិស្ស និងមជ្ឈដ្ឋានជុំវិញផងដែរ។
ពួកគេរិះគន់ថា ការធ្លាក់ចុះសាកលវិទ្យាល័យឌីជីថលកម្ពុជា ឬហៅថា DIGITAL UNIVERSITY OF CAMBODIA (DUC) គឺដោយសារស្ថាបនិករបស់សាកលវិទ្យាល័យមួយនេះមិនមានចំណេះដឹងជ្រៅជ្រះ និងភាពកម្សោយនៃការគ្រប់គ្រង ដែលតែងតែយកបងប្អូនសាច់ញាតិដែលគ្មានជំនាញវិជ្ជាជីវៈមកធ្វើការនៅក្នុងសាលា។
បុគ្គលិករបស់លោក ឡេង ណាវ៉ាត្រា ខ្លះអះអាងថា ដោយសារតែឧកញ៉ារូបនេះមានខ្នងបង្អែកធំ គ្មាននរណាហ៊ានធ្វើអ្វី បែរជាគាត់រវល់តែរឿងនយោបាយ មិនផ្តោតទៅលើអាជីវកម្មទាល់តែសោះ។
ប្រភពដដែលនិយាយថា លោក ឡេង ណាវ៉ាត្រា បានខំប្រឹងកៀងគរសាច់ញាតិបងប្អូនឲ្យបរិច្ចាគលុយបន្ថែមដើម្បីសូកប៉ាន់ និងរកខ្នងបង្អែកជាអ្នកធំមានអំណាច ដើម្បីការពារខ្លួនជាជាងសងលុយដែលលោកជំពាក់ទៅឲ្យភ្នាក់ងារលក់ ហើយបញ្ហានេះបានធ្វើឲ្យភ្នាក់ងារលក់ដែលធ្លាប់ស្មោះស្ម័គ្រជាមួយគាត់ ឈឺចិត្តជាខ្លាំង។
ភ្នាក់ងារលក់ខ្លះនិយាយថា លុយដែលបានបរិច្ចាគទាំងនោះ គឺសុទ្ធតែចេញតែពីកម្លាំងញើសឈាមរបស់ពួកគេដែលបានខិតខំទាំងកម្លាំងកាយចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីស្វែងរកអតិថិជនមកទិញដីផ្ទះក្នុងគម្រោងរបស់គាត់ ហើយសង្ឃឹមថានឹងបានទទួលប្រាក់កម្រៃជើងសាដើម្បីផ្គត់ផ្គង់ជីវភាពរបស់ពួកគេ តែក្តីសង្ឃឹមបានត្រឹមតែខកចិត្តឥតឧបមាទៅវិញ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily ថា គ្រួសារលោក ហ៊ុន សែន គឺជាអ្នកនៅពីក្រោយការរកស៊ីអចលនទ្រព្យគ្រប់បែបយ៉ាងរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ព្រោះថាទាំងទ្រព្យសម្បត្តិ និងគោរមងារជាឧកញ៉ារបស់អតីតពលករខ្មែររូបនេះ មិនអាចទទួលបានឆាប់រហ័សបែបនេះទេ ត្រឹមតែជាពលរដ្ឋដែលធ្វើការនៅប្រទេសកូរ៉េ នោះ។
លោក ម៉ែន ណាត លើកឡើងថា សូម្បីលោក ហ៊ុន សែន ក៏ធ្លាប់ចេញមុខជួយដោះសាឱ្យឧកញ៉ា ឡេង ណាវ៉ាត្រា ដោយផ្ទាល់ដែរក្នុងរឿងបំណុលដែលឧកញ៉ារូបនេះបានគេចវេះពីការសងបំណុលដល់អតិថិជនដែលបានទិញដី និងផ្ទះល្វែងពីក្រុមហ៊ុនអចលនទ្រព្យរបស់គាត់កន្លងមក ដូច្នេះទង្វើនេះបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងស៊ីជម្រៅរវាងក្រុមគ្រួសារលោក ហ៊ុន សែន និងមុខជំនួញរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា។
មេធាវីម្នាក់បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ទង្វើរបស់លោក ឡេង ណាវ៉ាត្រា គឺជាអំពើល្មើសពីបទ “រំលោភលើទំនុកចិត្ត”។ បទល្មើសនេះត្រូវបានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ ចាប់ពីមាត្រា៣៩១ ដល់មាត្រា៣៩៦។
មាត្រា៣៩១ ចែងថា អំពើរំលោភលើទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឱ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ដែលគេបានប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះបានយល់ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះទៅធ្វើការប្រើប្រាស់ជាកំណត់។
ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាមមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា «អំពើរំលោភលើទំនុកចិត្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤០០០០០០ (បួនលាន) រៀល ទៅ ១០០០០០០០ (ដប់លាន) រៀលផងដែរ ប្រសិនបើគេរកឃើញថាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើស។
បុគ្គលិកនៃក្រុមហ៊ុនអចលនទ្រព្យរបស់លោក ឡេង ណាវ៉ាត្រា បានទម្លាយថា ឧកញ៉ារូបនេះកំពុងរង់ចាំយ៉ាងអន្ទះសានូវសេចក្តីសម្រេចរបស់លោក ហ៊ុន ម៉ាណែត ក្នុងការកាត់ឆ្វៀលដីព្រៃក្នុងស្រុកឈូក ខេត្តកំពត ដើម្បីយកទៅទូទាត់សងបំណុលដល់អតិថិជនដែលមិនទាន់ទទួលបានដី និងផ្ទះពីក្រុមហ៊ុនរបស់លោកសព្វថ្ងៃនេះ។
ប្រសិនបើមានរឿងបែបនេះកើតឡើងមែននោះ បណ្ឌិត សេង សារី អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម និយាយថា វាគឺជារឿងដែលចម្លែកបំផុតនៅពេលដែលក្រុមហ៊ុនឯកជនមួយក្ស័យធន ហើយត្រូវបាននាយករដ្ឋមន្ត្រីកាត់ឆ្វៀលដីរដ្ឋយកទៅឱ្យក្រុមហ៊ុនដើម្បីកាត់កងសងអតិថិជនដែលជាម្ចាស់បំណុល។
បណ្ឌិត សេង សារី សន្និដ្ឋានថា បើរឿងនេះកើតមានមែន ក៏ទំនងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដែលមានអំណាចគ្រប់គ្រាន់ គឺជាម្ចាស់អាជីវកម្មលើគម្រោងអចលនទ្រព្យរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ជាមិនខាន ប៉ុន្តែតាមច្បាប់ ក្រុមហ៊ុនឯកជនមិនអាចយកដីរដ្ឋទៅទូទាត់សងបំណុលដែលខ្លួនជំពាក់អតិថិជនបានជាដាច់ខាត។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ អះអាងថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា លក់ដី និងផ្ទះខ្យល់ឲ្យអតិថិជន មានន័យស្មើនឹងគ្រួសារហ៊ុន លក់ដី និងផ្ទះខ្យល់ឲ្យអតិថិជនដែរ ពីព្រោះក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាទ្រព្យកម្មសិទ្ធិរបស់គ្រួសារហ៊ុន ដែលដឹកនាំរដ្ឋាភិបាល ដូច្នេះគ្មាននរណា ឬស្ថាប័នណារកយុត្តិធម៌សងអតិថិជនដែលរងគ្រោះនោះទេ។
លោកបន្តថា រឿងនេះលោក ហ៊ុន ម៉ាណែត ធ្លាប់បានប្រៀបធៀបថា ទុកឲ្យមេមាន់ពងឲ្យគាត់ទៀត នេះមានន័យថា គាត់មិនចាត់ការមនុស្សរបស់គាត់ដែលឈរឈ្មោះកាន់កាប់ក្រុមហ៊ុនរបស់គ្រួសារហ៊ុននោះទេ។
លោក គឹម សុខ បន្ថែមថា ករណីក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងបញ្ហានៅក្រុមហ៊ុនលក់ដី និងផ្ទះផ្សេងៗទៀតក្ដី បើអតិថិជនត្រឹមតែអង្វរសុំដំណោះស្រាយ នោះអតិថិជនបានត្រឹមតែពាក្យសន្យាដដែលៗរបៀបលួងចិត្តពីភាគីក្រុមហ៊ុនប៉ុណ្ណោះ ហើយបើអតិថិជនពិតជាចង់បានដី និងផ្ទះជាក់ស្ដែង ទាល់តែនាំគ្នាប្រមូលផ្ដុំតវ៉ានៅខាងមុខក្រុមហ៊ុន មុខផ្ទះលោក ហ៊ុន សែន មុខផ្ទះលោក ហ៊ុន ម៉ាណែត មុខវិមានរដ្ឋាភិបាល មុខវិមានរដ្ឋសភា ឬខាងមុខវិមានព្រឹទ្ធសភារបស់លោក ហ៊ុន សែន។
លោកបន្តថា ការតវ៉ានេះត្រូវធ្វើបណ្ដាក់គ្នារាល់ថ្ងៃ រហូតទាល់តែលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បញ្ជាឲ្យក្រុមហ៊ុនផ្ដល់ដី និងផ្ទះឲ្យអតិថិជន។ មានតែវិធីនេះទេ ទើបអតិថិជនអាចបានដី និងផ្ទះពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា។
ក្នុងរយៈពេលចុងក្រោយនេះ គេមិនដែលឃើញលោក ឡេង ណាវ៉ាត្រា បង្អួតរថយន្តម៉ាកល្បីៗប្រមាណ ១០គ្រឿង ដូចជា៖
- រ៉ូលរ៉យស៍ (Roll Royce)
- ឡាំបូហ្គីនី (Lamborghini)
- ហ្វើរ៉ារី (Ferrari) ផច្ឆ (Porsche)
- ប៊ែនលី (Bentley)
- ព្រមទាំងឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនមួយគ្រឿង និងផ្ទះកម្សាន្ត Penthouse របស់លោកដែលសរុបជាទឹកប្រាក់មានតម្លៃរាប់សិបលានដុល្លារនោះទៀតទេ។
រហូតមកទល់ពេលនេះ គេឃើញលោក ឡេង ណាវ៉ាត្រា ជិះតែរថយន្តម៉ាក ឡិចស៊ីស (Luxus) ៥៧០ មួយគ្រឿងប៉ុណ្ណោះ និងមិនដែលបង្ហាញមុខជាសាធារណៈនៅក្នុងកម្មវិធីធំៗណាមួយទៀតនោះទេ ស្របពេលដែលក្រុមគ្រួសាររបស់លោកមួយចំនួនក៏បាននាំគ្នាលក់ទ្រព្យដែលមានតម្លៃថ្លៃៗរបស់ខ្លួនជាច្រើន ដើម្បីដោះទាល់ជីវភាពប្រចាំថ្ងៃដូចៗគ្នាដែរនោះ។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនជុំវិញការជ្រើសរើសប្រធានសមាគមសិល្បករខ្មែរថា លោកក៏បានដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងការប្រគល់ផ្ទះដល់អតិថិជនដែរ ប៉ុន្តែដោយសារក្រុមហ៊ុននេះបានកប់ទុនលើដីច្រើនពេក។
ក្រៅពីចេញមុខការពារឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងរឿងរំលោភកិច្ចសន្យាមិនប្រគល់ដី និងផ្ទះជូនអតិថិជន លោក ហ៊ុន សែន ក៏ធ្លាប់ចេញមុខការពារឧកញ៉ារូបនេះជុំវិញការស្នើសុំរបស់ពលរដ្ឋឱ្យចាប់ខ្លួនគាត់ ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនៅឧទ្យានសួនសត្វភ្នំតាម៉ៅ កាលពីជាង ២ឆ្នាំមុនផងដែរ។
ជាក់ស្តែង កាលពីអំឡុងខែសីហា ឆ្នាំ២០២២ ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងវេទិកាមួយ លោក ហ៊ុន សែន ដែលពេលនោះមានតួនាទីជានាយករដ្ឋមន្ត្រី បានអះអាងថា បើចង់ឱ្យលោកចាប់ម្ចាស់ក្រុមហ៊ុនដែលកាប់បំផ្លាញព្រៃឈើភ្នំតាម៉ៅ ដាក់គុក គឺមានតែចាប់រូបលោកដាក់គុកតែម្តងទៅ។
អ្នកសិក្សាស្រាវជ្រាវខ្លះនិយាយថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសក្នុងទម្រង់ “ឃ្លោកលិច អំបែងអណ្ដែត” ដោយលើកស្ទួយឧក្រិដ្ឋជន ឈ្មួញរកស៊ីទុច្ចរិត និងអ្នកបំផ្លាញសម្បត្តិជាតិ ឲ្យរកស៊ីដើម្បីចិញ្ចឹមគណបក្សប្រជាជនកម្ពុជា និងគ្រួសារត្រកូលហ៊ុន ឲ្យក្លាយជាអ្នកឧកញ៉ា លោកអ្នកឧកញ៉ា ឧកញ៉ា និងខ្លះទៀតជាទីប្រឹក្សា និងកាន់តំណែងក្នុងជួររដ្ឋាភិបាល។
ជាក់ស្ដែងដូចជា៖
- អតីតឧកញ៉ា ឡេង ចាន់ណា បានឆបោកលុយរាប់លានដុល្លារក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគដោយបានការប្រាក់ខ្ពស់។
- អតីតឧកញ៉ា ហ៊ីង គឹមហុង ឆបោកប្រាក់ពលរដ្ឋទិញដីឡូត៍។
- អតីតឧកញ៉ា ជា សារ៉ន ឆបោកប្រជាពលរដ្ឋក្រោមរូបភាពវិនិយោគដីឡូត៍។
- អតីតឧកញ៉ា ស្រី ស៊ីណា បានប្រព្រឹត្តបទល្មើសបាញ់ប្រហារបណ្តាលឲ្យមនុស្ស ២នាក់បាត់បង់ជីវិត។
- ឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធនឹងឃាតកម្មគិតទុកជាមុនលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ។
- ឧកញ៉ា លី សាម៉េត ដែលតែងតែប្រើឈ្មោះលោក ហ៊ុន សែន ដើម្បីឆបោកលុយគេរាប់លានដុល្លារអាមេរិក។
- លោក គុយ វ៉ាត ដែលជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC) បានពាក់ព័ន្ធនឹងករណីឆបោកប្រាក់រាប់សិបលានដុល្លារ ជាដើម។
ក្រៅពីឧកញ៉ានេះ ក៏មានអ្នកឧកញ៉ា ហ៊ុន តូ និងឧកញ៉ាល្បីឈ្មោះនៅកម្ពុជាដែលស្និទ្ធនឹងត្រកូលហ៊ុន ដូចជា អ្នកឧកញ៉ា ទ្រី ភាព អ្នកឧកញ៉ា គិត ម៉េង អ្នកឧញ៉ា ម៉ុង ឫទ្ធី អ្នកឧញ៉ា លី យ៉ុងផាត់ ឧកញ៉ា ស៊ី គង់ទ្រីវ ឧកញ៉ា ឡាវ ម៉េងឃិន និងភរិយា គឺអ្នកស្រី ជឹង សុភាព ហៅយាយភូ ជាដើម សុទ្ធសឹងតែជាពាណិជ្ជកររកស៊ីទាក់ទិននឹងការបំពានច្បាប់ទាំងអស់។
ប៉ុន្តែឧកញ៉ាទាំងនោះពុំបានទទួលការចាប់កំហុសផ្ដន្ទាទោសនោះទេ ព្រោះគេមានមេខ្លោងចាំការពារតាមក្រោយ។ ពួកគេរកស៊ីចិញ្ចឹមគ្នាទៅវិញទៅមក ចែកផលចំណេញគ្នាទៅវិញទៅមក ពង្រឹងអំណាច ពង្រឹងមុខរបរអាជីវកម្មទៅវិញទៅមកជារៀងរហូត។ ឧកញ៉ាទាំងនោះបានផ្ដល់លុយជួយដល់គណបក្សប្រជាជនកម្ពុជា និងចិញ្ចឹមគ្រួសារត្រកូលហ៊ុន។
អ្នកជំនាញខាងផ្នែកវិទ្យាសាស្ត្រនយោបាយនៅតាមប្រទេសលោកសេរីជាច្រើនអះអាងថា កម្ពុជាកំពុងដឹកនាំដោយប្រព័ន្ធចងគ្នារស់ផ្ញើជីវិតនឹងគ្នា ដែលនាំទៅរករបៀបគ្រប់គ្រងមួយ អ្នកដឹកនាំម្នាក់ មិនត្រឹមតែមានអំណាចផ្ដាច់មុខតែងតាំងមនុស្សណាក៏បានតាមទំនើងចិត្តនោះទេ ពួកគេក៏មានអំណាចផ្ដាច់មុខក្នុងការកំណត់ជោគវាសនាមនុស្សទាំងអស់ផងដែរ។
អ្នកជំនាញរូបនោះនិយាយថា របៀបគ្រប់គ្រងនៅកម្ពុជាសព្វថ្ងៃនេះ គេបង្កើតឲ្យមានបក្ខ មានពួក មនុស្សដែលគេទុកចិត្ត មានភក្ដីភាពនឹងគ្នា ទោះបីជាមិនពេញចិត្តនឹងគ្នាក៏ត្រូវតែលាក់ លេបទុកក្នុងចិត្ត ប្រឹងរកធនធានទ្រទ្រង់អ្នកមានអំណាចជារបៀបសងគុណ ហើយអ្នកមានអំណាចដែលជាអ្នកមានគុណ ប្រើអាជ្ញាសិទ្ធិតបស្នងគ្នាវិញតាមបែបបំពេញចិត្តគ្នាជាយសសក្តិ លុយកាក់ ឋានៈសង្គម មុខតំណែង និងមុខមាត់។
ប្រធានសារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) លោក ប៉ា ងួនទៀង និយាយថា ប្រព័ន្ធគ្រប់គ្រងដែលលោក ហ៊ុន សែន បានរៀបចំដឹកនាំសព្វថ្ងៃនេះ គឺជាប្រព័ន្ធការពារឧក្រិដ្ឋជន ជាជាងការពារយុត្តិធម៌សង្គម។ ជាក់ស្តែង នៅពេលសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ លោក ហ៊ុន សែន មិនបានសហការជាមួយអាមេរិកស្នើសុំភស្តុតាងដើម្បីចាត់វិធានការច្បាប់លើលោក លី យ៉ុងផាត់ នោះទេ ប៉ុន្តែគាត់បែរជាបដិសេធលើការដាក់ទណ្ឌកម្មនោះទៅវិញ។
លោកបន្តថា សព្វថ្ងៃនេះគោរមងារឧកញ៉ាបានក្លាយទៅជាមុខរបរមួយរបស់រដ្ឋាភិបាលត្រកូលហ៊ុន និងអ្នកដែលចង់បានងារជាឧកញ៉ា ហើយរដ្ឋាភិបាលហាក់ដូចជាយកងារឧកញ៉ាទៅលក់ឱ្យបុគ្គលជាច្រើនដែលមិនស័ក្ដិសម ដើម្បីប្រមូលលុយដោយគ្មានតម្លាភាព ហើយបុគ្គលទាំងនោះយកងារជាឧកញ៉ារបស់ខ្លួនទៅដើរធ្វើជាជំនួញឧក្រិដ្ឋកម្មបាញ់សម្លាប់ជនស្លូតត្រង់ បំផ្លាញធនធានធម្មជាតិ រំលោភដីធ្លី និងការបោកប្រាស់ពលរដ្ឋទូទាំងប្រទេស ជាដើម៕
© 2024, . All rights reserved.