នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកការបង្កើត «ចលនាជាតិតស៊ូ» ខាងអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ជាល្បិចបង្កើតព្រឹត្តិការណ៍ដើម្បីទប់ស្កាត់សមាជិករបស់ខ្លួនកុំឱ្យចុះចូលជាមួយបក្សប្រជាជនកម្ពុជា ហើយក៏អាចជាល្បិចដើម្បីប្រមូលលុយពីអ្នកចូលរួមផងដែរ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីសម្ពោធ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ស្ថិតក្នុងខេត្តកែប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ការប្រកាសបង្កើតចលនាតស៊ូក្រៅប្រទេស គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ ខណៈដែលមនុស្សធ្លាប់គាំទ្រស្ម័គ្រស្មោះនឹងក្រុមប្រឆាំង កំពុងអស់ជំនឿ ហើយចុះចូលជាមួយបក្សកាន់អំណាចកាន់តែច្រើនឡើងៗទៅហើយនោះ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្រុមប្រឆាំងខំនាំគ្នាបង្កើតចលនានៅក្រៅស្រុកជាបន្តបន្ទាប់ ប៉ុន្តែអ្នកគាំទ្ររបស់ពួកគេកន្លងមកក៏កាន់តែដើរចេញឈប់គាំទ្រអ្នកទាំងនោះជាបន្តបន្ទាប់ដែរ ព្រោះតែអ្នកទាំងនោះបាននាំគ្នាចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
នាយករដ្ឋមន្ត្រីប្រទេសកម្ពុជារូបនេះបញ្ជាក់ថា ការប្រកាសបង្កើតរដ្ឋចលនាតស៊ូ និងរដ្ឋាភិបាលក្រៅប្រទេស មានន័យថាពួកគេនៅតែបន្តចិញ្ចឹមចិត្តញុះញង់ អុជអាល និងបបួលមនុស្សឲ្យបែងចែកបក្ខពួក បែកបាក់ជាតិប៉ុណ្ណោះ។
លោកគូសបញ្ជាក់ថា លើសពីនេះ អ្នកទាំងនោះក៏ឆ្លៀតចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថាជារាជរដ្ឋាភិបាលមិនស្របច្បាប់ទៅវិញ ទោះបីជារដ្ឋាភិបាលនេះបានកើតចេញពីឆន្ទៈប្រជាពលរដ្ឋជាង ៨លាននាក់តាមរដ្ឋធម្មនុញ្ញក៏ដោយ។
កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសបង្កើតចលនាជាតិតស៊ូ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅក្រៅស្រុក ដែលតំណាងឆន្ទៈពិតប្រាកដឱ្យប្រជារាស្ត្រខ្មែរ។
លោក សម រង្ស៊ី បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគាំទ្របក្សនយោបាយនានា មានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ ឬគណបក្សហ៊្វុនស៊ិនប៉ិច ជាដើម ត្រូវនាំគ្នាឈប់គាំទ្រគណបក្សនយោបាយទាំងនោះ ដោយងាកមកគាំទ្រការបង្រួបបង្រួមជាតិវិញ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការបង្កើតចលនាជាតិតស៊ូនេះឡើង គឺដោយសារតែលោកមើលឃើញថា ត្រកូលហ៊ុនបានប្លន់អំណាចពីប្រជារាស្ត្រខ្មែរតាមរយៈការបោះឆ្នោតក្លែងក្លាយជាច្រើនលើកច្រើនសា និងយកប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិឯកជនដាច់មុខរបស់ខ្លួនសព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានឯករាជ្យ បូរណភាពទឹកដី និងការរួបរួមសាមគ្គីពិតប្រាកដ ទាល់តែប្រទេសនេះត្រូវបានរំដោះចេញពីកណ្ដាប់ដៃគ្រួសារត្រកូលហ៊ុនជាមុនសិន៕
© 2024, . All rights reserved.