អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សម្រេចប្រកាសបង្កើតចលនាជាតិតស៊ូនៅថ្ងៃទី៨ វិច្ឆិកា នេះ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅក្រៅស្រុក ដែលជាតំណាងឆន្ទៈពិតប្រាកដឱ្យប្រជារាស្ត្រខ្មែរ ក្នុងគោលដៅរឹបអូសទ្រព្យសម្បត្តិត្រកូលហ៊ុន ដែលបានមកពីអំពើពុករលួយលួចជាតិ ដើម្បីយកទៅសងបំណុលជំនួសប្រជាពលរដ្ឋខ្មែរវិញ។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ វិច្ឆិកា នេះថា ចលនាជាតិតស៊ូដើម្បីការពារទឹកដីប្រទេសកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌សម្រាប់ប្រជារាស្ត្រខ្មែរ ដែលហៅឲ្យខ្លីថា ចលនាជាតិតស៊ូ គឺជាចលនាតំណាងឆន្ទៈពិតប្រាកដឱ្យប្រជារាស្ត្រខ្មែរដែលស្រឡាញ់ជាតិ សេរីភាព និងយុត្តិធម៌។
ប្រភពដដែលលើកឡើងថា ការបង្កើតចលនាជាតិតស៊ូនេះឡើង ក៏ដោយសារតែលោកមើលឃើញថា ត្រកូលហ៊ុនបានប្លន់អំណាចពីប្រជារាស្ត្រខ្មែរតាមរយៈការបោះឆ្នោតក្លែងក្លាយជាច្រើនលើកច្រើនសា និងយកប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិឯកជនដាច់ថ្លៃរបស់ខ្លួនសព្វថ្ងៃនេះ។
លោកថា ត្រកូលហ៊ុន ក៏ជាត្រកូលក្បត់ជាតិខ្មែរដែរ ដែលកំពុងកាត់ទឹកដីប្រទេសកម្ពុជា ដូចជាកោះត្រល់ ឲ្យទៅបរទេសជិតខាង ដូច្នេះប្រទេសកម្ពុជានៅពេលនេះគឺកំពុងស្ថិតក្រោមរបបចោរដែលប្លន់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋតាមតែអំពើចិត្តរបស់ពួកគេ។
លើសពីនេះ ត្រកូលហ៊ុន ក៏កំពុងតែក្រាញអំណាចដើម្បីបន្តជិះជាន់ និងធ្វើបាបប្រជារាស្ត្រយ៉ាងឃោរឃៅដែរ ក្នុងនោះ ពួកគេក៏នឹងមិនអនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែរ។
លោក សម រង្ស៊ី អះអាងថា ចលនាជាតិតស៊ូនេះមានសិទ្ធិសម្ដែងមតិពីក្រៅប្រទេស ដើម្បីដណ្តើមប្រទេសកម្ពុជាពីរបបត្រកូលហ៊ុន យកមកប្រគល់សងប្រជារាស្ត្រខ្មែរវិញ។
មេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ចលនាជាតិតស៊ូ នឹងឈានទៅរកការរៀបចំការគ្រប់គ្រងប្រទេស និងសង្គមជាតិឡើងវិញតាមបែបបទប្រជាធិបតេយ្យពិតប្រាកដ ដែលធានាបាននូវសេរីភាព និងយុត្តិធម៌ពេញលេញ និងដើម្បីរក្សាព្រលឹងខ្មែរឲ្យនៅរស់រវើកជានិរន្តរ៍ ព្រមទាំងរក្សាភាពអមតៈនៃប្រទេសកម្ពុជាថែមទៀត។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន លើកឡើងក្នុងពិធីជួបសំណេះសំណាល និងចូលរួមទទួលទានអាហារសាមគ្គីជាមួយសមាជិកបក្សនយោបាយផ្សេងៗដែលបានចុះចូលជាមួយបក្សកាន់អំណាចថា លោកប្ដេជ្ញាកម្ចាត់ក្រុមបដិវត្តន៍ពណ៌ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធរដ្ឋធម្មនុញ្ញ និងក្រោមប្រព័ន្ធប្រជាធិបតេយ្យចោលឱ្យអស់ ដើម្បីប្រទេសកម្ពុជាអាចរក្សាឲ្យបាននូវសន្តិភាព។
បន្ថែមលើនេះទៀត លោក ហ៊ុន សែន ធ្លាប់អះអាងកាលពីពេលកន្លងទៅដែរថា អ្នកដែលចង់ជីករំលើងឫសគល់ត្រកូលហ៊ុន ទាល់តែពួកគេយកឈ្នះគណបក្សប្រជាជនកម្ពុជាជាមុនសិន ខណៈមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចសព្វថ្ងៃនេះ គ្មាននរណាម្នាក់ហ៊ានជីករំលើងឫសគល់ត្រកូលហ៊ុនឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

