អត្ថបទដោយ៖ តាំង សារ៉ាដា
លោក ចេន ហ្ស៊ី (Chen Zhi) ជាមនុស្សដែលមានលុយដ៏មហាសាលពីការរកស៊ីបោកប្រាស់តាមអនឡាញ ធ្លាប់ធ្វើជាទីប្រឹក្សារបស់លោក ស ខេង លោក ហេង សំរិន លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងបាត់មុខពីកម្ពុជា បន្ទាប់ពីអាមេរិក និងអង់គ្លេស រឹបអូសរូបិយប័ណ្ណគ្រីបតូចំនួន ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។
បុរសជនជាតិចិនសញ្ជាតិកម្ពុជា និងសញ្ជាតិអង់គ្លេស រូបនេះ បានផ្តល់ផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់លោក ហ៊ុន សែន ស្របពេលដែលខ្លួនហ៊ានបើកមជ្ឈមណ្ឌលបោកប្រាស់ពាសពេញប្រទេសកម្ពុជា និងមានការធ្វើទារុណកម្មបុគ្គលិកបោកប្រាស់ទាំងឡាយណាដែលមានបំណងរត់ចេញពីការងារខុសច្បាប់បែបនេះ។
តើលោក ចេន ហ្ស៊ី (Chen Zhi) មានបច្ចេកទេសបោកប្រាស់បែបណា? តើបុរសរូបនេះលាក់លុយក្នុងប្រព័ន្ធរូបិយប័ណ្ណគ្រីបតូ Bitcoin ដោយរបៀបណា?
វិនិយោគិនជនជាតិចិន ដែលបានធ្វើចំណាកស្រុកមករស់នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១០ ដែលគេស្គាល់ថាជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប គឺឧកញ៉ា ចេន ហ្ស៊ី។ បច្ចុប្បន្ន ឧកញ៉ារូបនេះជាទីប្រឹក្សានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
បុរសជនជាតិចិនសញ្ជាតិកម្ពុជា រូបនេះ ត្រូវបានសហរដ្ឋអាមេរិក រឹបអូសទឹកប្រាក់ចំនួន ១៥ពាន់លានដុល្លារអាមេរិក ជា bitcoin ពាក់ព័ន្ធនឹងការក្លែងបន្លំក្នុងអំពើឆបោកតាមអនឡាញ ដែលគេដឹងថារកស៊ីរួមគ្នាជាមួយត្រកូលហ៊ុន។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងឲ្យប្រាកដថា តើលោក ចេន ហ្ស៊ី អាចមានវត្តមានក្នុងប្រទេសកម្ពុជា ឬយ៉ាងណានោះទេ ដែលមហាជនសង្ស័យថាបុរសរូបនេះអាចត្រូវបានដកសញ្ជាតិកម្ពុជា ហើយបញ្ជូនទៅកាន់ប្រទេសចិន វិញ។
ចាប់តាំងពីលោក ចេន ហ្ស៊ី លាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ព្រីនស៍ ខណៈប៉ូលិសក្រុងប៉េកាំង (Beijing) កំពុងបង្កើតក្រុមការងារពិសេសមួយដើម្បីស៊ើបអង្កេតសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នេះ វត្តមានរបស់លោកបានបាត់ដំណឹងសូន្យពីកម្ពុជា តែម្តង។
លោក ចេន ហ្ស៊ី ហៅ Vincent មានវ័យ ៣៨ឆ្នាំ កើតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៨៧ នៅខេត្តហ្វួជៀន (Fujian) ក្នុងប្រទេសចិន។ លោកគឺជាអ្នកដឹកនាំសាជីវកម្មដ៏លេចធ្លោមួយរូបនៅកម្ពុជា ដែលតែងតែចេញមុខក្នុងការជួយឧបត្ថម្ភជាទឹកប្រាក់ជាច្រើនលានដុល្លារអាម៉េរិក និងធនធាន សម្ភារៈនៅរៀងរាល់ពេលប្រទេសជាតិមានគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងជួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
យោងតាមជីវប្រវត្តិមួយដែលត្រូវបានគេបង្ហោះផ្សាយនៅលើវេបសាយរបស់ក្រុមហ៊ុន DW Capital Holdings មានមូលដ្ឋាននៅប្រទេសសិង្ហបុរី (Singapore) ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិឱ្យការវិនិយោគផ្ទាល់របស់លោក ចេន ហ្ស៊ី បានឲ្យដឹងថា លោកចេញរកស៊ីដំបូងតែឯង តាមរយៈការបើក «ហាងអ៊ីនធឺណិតកាហ្វេតូចមួយ» នៅទីក្រុងហ្វួចូវ (Fuzhou) ដែលជារដ្ឋធានីរបស់ខេត្តហ្វួជៀន (Fujian)។
នៅក្នុងឆ្នាំ២០១១ លោកបានចាប់ផ្ដើមវិនិយោគក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសកម្ពុជា ដែលមិនទាន់សូវមានគេរកស៊ីច្រើននៅឡើយ។
នៅក្នុងឆ្នាំ២០១៥ លោកបានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” បន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំ២០១៨។
បច្ចុប្បន្ន ធនាគារ ព្រីនស៍ មានសាខាចំនួន៣១ ដែលស្ថិតនៅតាមបណ្តាខេត្ត និងក្រុងចំនួន ២២ ខណៈធនាគាររបស់អ្នកជំនួញជនជាតិចិន រូបនេះ មានផែនការបន្តពង្រីកប្រតិបត្តិការទូទាំងប្រទេស ដើម្បីខិតកាន់តែជិតអតិថិជន និងមានលទ្ធភាពកាន់តែប្រសើរក្នុងការផ្ដល់សេវាហិរញ្ញវត្ថុតាមតម្រូវការផ្សេងៗរបស់អតិថិជន។
ភាពល្បីល្បាញរបស់លោក ចេន ហ្ស៊ី បន្ទាប់ពីទទួលបានសញ្ជាតិកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤។ ក្នុងនាមជាអ្នកជំនួញដ៏សកម្មម្នាក់ លោកធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជា ជាច្រើនរូប ដូចជា៖
- ទីប្រឹក្សារបស់លោក ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- ទីប្រឹក្សាលោក ហេង សំរិន អតីតប្រធានរដ្ឋសភា នីតិកាលទី៦
- ទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី
- និងទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលមានឋានៈស្មើ «រដ្ឋមន្ត្រី»។
ក្នុងតួនាទីជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន ជាតំណែងដែលលោកបានទទួលចាប់តាំងពីឆ្នាំ២០២០ មក លោក ចេន ហ្ស៊ី ក៏បានធ្វើដំណើរហែហមជាមួយលោក ហ៊ុន សែន ដែរ ជាពិសេសពេលដែលលោក ហ៊ុន សែន បានថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក (New York) ជាដើម។
ចំពោះការចំណាយក្នុងការធ្វើដំណើរនោះ ត្រូវបានគេដឹងថា លោក ចេន ហ្ស៊ី ជាអ្នកជួលយន្តហោះផ្ដាច់មុខសម្រាប់ធ្វើដំណើរជាមួយលោក ហ៊ុន សែន ហើយលោកក៏បានអមដំណើរលោក ហ៊ុន សែន តាមរយៈបេសកកម្មការទូតមួយទៅកាន់ប្រទេសគុយបា (Cuba) ហើយបានចែកចាយអំណោយតាងនាមឱ្យរដ្ឋាភិបាលកម្ពុជា ទៅឲ្យប្រទេសឡាវ (Lao) ដែលជាប្រទេសជិតខាងរបស់កម្ពុជា ថែមទៀត។
កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ រដ្ឋាភិបាលបានចែកនាឡិកា ២៥គ្រឿងដល់ថ្នាក់ដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លោក ហ៊ុន សែន បានលើកឡើងថា នាឡិកាទំនើបចំនួន ២៥គ្រឿងដែលរដ្ឋាភិបាលកម្ពុជា ចែកជូនដល់មេដឹកនាំដែលបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ មានតម្លៃជាង ២ម៉ឺនដុល្លារអាមេរិកក្នុងមួយគ្រឿង បើសរុបទៅមានតម្លៃជាងកន្លះលានដុល្លារអាមេរិក។ នាឡិកាទាំងនោះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន ព្រីនស៍ ហូរ៉ូឡូជី (Prince Horology) របស់ចិន មានទីតាំងនៅក្នុងប្រទេសកម្ពុជា។
គេហទំព័ររបស់ក្រុមហ៊ុននេះបញ្ជាក់ថា ក្រុមហ៊ុននេះគឺជាផ្នែកមួយរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីសស្តែត (Prince Real Estate) ដែលជាសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ (Prince Horology) ដែលកំពុងទទួលការបណ្តុះបណ្តាលលើវិស័យនាឡិកាស្វីស។
កន្លងទៅ វិទ្យាស្ថាននេះ និស្សិតកម្ពុជា ៦រូបបានសិក្សារួចមកហើយដើម្បីក្លាយជាអ្នកផលិតនាឡិកាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពជួសជុល និងផ្គុំនាឡិកាតាមស្តង់ដាប្រទេសស្វីស ដែលត្រូវបានចាត់ទុកថាជាស្តង់ដាលំដាប់នៃប្រភេទនាឡិកាប្រណីត។
លោក Sack-Man Loui នាយកផ្នែកប្រតិបត្តិនៃសាលាផលិតនាឡិកា Prince Horology បានលើកឡើងថា សាលានេះបាននាំមកនូវគ្រឿងបរិក្ខារលំដាប់ពិភពលោក ដែលមានភាពប្រកួតប្រជែងជាមួយនឹងកន្លែងផ្សេងៗក្នុងប្រទេសស្វីស ដែលមានតែមួយគត់សម្រាប់ប្រទេសកម្ពុជា។
លោកបន្តថា ក្នុងនាមជាគ្រូបង្ហាត់ លោកចង់លើកកម្ពស់នូវវប្បធម៌ សិល្បៈ ហត្ថកម្មរបស់វិចិត្រករបន្ថែមទៀត រួមទាំងមិនចាំបាច់ចំណាយអ្វីទាំងអស់ដើម្បីធានាបានថាសិស្សានុសិស្សកម្ពុជា ទទួលបានការបណ្តុះបណ្តាលដ៏ល្អបំផុត។
មូលនិធិព្រីនស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិត។ មូលនិធិព្រីនស៍ បានផ្ដួចផ្ដើមកម្មវិធីមនុស្សធម៌ជាង ២៥០កម្មវិធី ដែលបានជួយទៅដល់មនុស្សប្រមាណជាង ១លាន ២សែននាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៦លានដុល្លារអាមេរិក។
ដោយសារសកម្មភាពលេចធ្លោទាំងនោះ នៅឆ្នាំ២០១៧ លោក ចេន ហ្ស៊ី បានបង្កើតអាជីវកម្មរួមគ្នាមួយជាមួយលោក ស សុខា ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កាលនោះ ឪពុករបស់លោក ស សុខា គឺលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅឆ្នាំ២០២៣ លោក ស សុខា បានឡើងកាន់តំណែងនេះបន្តវេនពីឪពុករបស់លោក។
អាជីវកម្មរួមគ្នានោះឈ្មោះថា ក្រុមហ៊ុន ជីនប៉ី (Jinbei Cambodia Investment Co. Ltd.)។ ក្រុមហ៊ុនទាំងនេះរួមគ្នាបង្កើតបានជាសម្ពន្ធក្រុមហ៊ុន ជីនប៉ី គ្រុប (Jinbei Group) ដែលវេបសាយរបស់សម្ពន្ធក្រុមហ៊ុននេះអះអាងថាមានទឹកប្រាក់វិនិយោគចំនួន ៣០០លានដុល្លារក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ ក្រោយមក ការធ្វើអាជីវកម្មរួមគ្នារវាងលោក ចេន ហ្ស៊ី និងលោក ស សុខា ត្រូវបានរំលាយចោលនៅឆ្នាំ២០២១។
ការវិនិយោគចម្បងរបស់សម្ពន្ធក្រុមហ៊ុន ជីនប៉ី គឺអាចនិយាយបានថាមាននៅលើវិស័យសណ្ឋាគារ និងកាស៊ីណូកម្ពស់ ៧ជាន់នៅក្រុងព្រះសីហនុ លាតសន្ធឹងលើផ្ទៃដីទំហំ ១៦៥០០ម៉ែត្រការ៉េ ដាក់ឈ្មោះថា កាស៊ីណូ និងសណ្ឋាគារ ជីនប៉ី ឬ Golden Shell ជាភាសាចិនកុកងឺ។ សណ្ឋាគារ និងកាស៊ីណូនេះ បើកដំណើរការអាជីវកម្មក្នុងឆ្នាំ២០១៧។
ក្រៅពីក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) លោក ចេន ហ្ស៊ី ក៏ជាម្ចាស់កម្មសិទ្ធិមួយភាគបួននៃក្រុមហ៊ុនលក់ស៊ីហ្គារ (Cigar) លំដាប់ជាតិរបស់ប្រទេសគុយបា (Cuba) ដែលមានតម្លៃ ២,៨ពាន់លានដុល្លារ និងជាម្ចាស់អគារការិយាល័យតម្លៃ ១១៤លានដុល្លារ ស្ថិតក្នុងម្ដុំអ្នកមានបំផុតមួយនៅទីក្រុងឡុងដ៍ (London) នៃចក្រភពអង់គ្លេស ផងដែរ។
ខណៈអាជីវកម្មកំពុងរីកចម្រើន លោក ចេន ហ្ស៊ី បានលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ព្រីនស៍ ម.ក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយប្រកាសតែងតាំងលោក ហ៊ន់ សុរចនា ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី និងលោក Looi Kok Soon ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃដែលលោក ចេន ហ្ស៊ី លាលែង។
រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ដឹងអំពីដំណឹងរបស់លោក ចេន ហ្ស៊ី នោះទេ រហូតដល់ថ្ងៃដែលសហរដ្ឋអាមេរិកបានរឹបអូសទឹកប្រាក់ចំនួន ១៥ពាន់លានដុល្លារអាមេរិកជា bitcoin ពាក់ព័ន្ធនឹងឈ្មោះ ហ៊ន់ សុរចនា ផងដែរ ជុំវិញបញ្ហានៃការក្លែងបន្លំក្នុងអំពើឆបោកតាមអនឡាញ។
ពាក់ព័ន្ធនឹងការក្លែងបន្លំក្នុងអំពើឆបោកតាមអនឡាញ សាលក្រមតុលាការឧក្រិដ្ឋកម្មនៃប្រទេសចិន ចុះកាលបរិច្ឆេទពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ពិពណ៌នាសម្ពន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប របស់លោក ចេន ហ្ស៊ី ថាជា «ក្រុមឧក្រិដ្ឋជនបនល្បែងអនឡាញឆ្លងដែនដ៏អាក្រក់» មួយ ដែលរកប្រាក់ចំណូលបានយ៉ាងហោចណាស់ ៥ពាន់លានយ័ន (៧០០លានដុល្លារ) ជាចំណូលមិនស្របច្បាប់។
យោងតាមកំណត់ត្រារបស់តុលាការនៃប្រទេសចិន នៅខែឧសភា ឆ្នាំ២០២០ ប៉ូលិសក្រុងប៉េកាំង (Beijing) បានបង្កើតក្រុមការងារពិសេសមួយដើម្បីស៊ើបអង្កេតសម្ពន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នេះ។
ចាប់តាំងពីពេលនោះមក យ៉ាងហោចណាស់មានសាលក្រមចំនួន ៧ ចេញដោយតុលាការថ្នាក់ខេត្តរបស់ប្រទេសចិនផ្សេងៗគ្នា បានផ្ដន្ទាទោសបុគ្គលិកថ្នាក់ក្រោមជាច្រើននាក់នៃសម្ពន្ធក្រុមហ៊ុន ព្រីនស៍ និងអ្នកដែលជាប់ពាក់ព័ន្ធនឹងសម្ពន្ធក្រុមហ៊ុននេះ ពីបទល្មើសបើកបនល្បែងស៊ីសង និងលាងលុយកខ្វក់។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា លើកឡើងថា កាលពីមុន មេដឹកនាំខ្មែរតែងឱបក្រសោបពួកឈ្មួញដែលជាឧក្រិដ្ឋជន ដើម្បីជួយទ្រទ្រង់ផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់ខ្លួន និងក្រុមគ្រួសារ ទោះបីពួកនោះបំផ្លាញជាតិយ៉ាងណាក៏ដោយ ដោយមិនខ្វល់ពីការរកឃើញពីរបាយការណ៍របស់អង្គការជាតិ និងអន្តរជាតិ ឬមតិរបស់អ្នកជំនាញ លើកឡើងដើម្បីកែលម្អនោះឡើយ។ ប៉ុន្តែមកទល់ពេលនេះ កេរ្តិ៍ឈ្មោះស្អុយដ៏អសោចជះក្លិនពេញពិភពលោក ទោះបីចង់កែប្រែក៏ពិបាកធ្វើដែរ ហើយទោះបីជាខំប្រឹងលាងជម្រះយ៉ាងណា ក៏លាងមិនជ្រះដែរ។
លោក ស៊ឹង សែនករុណា លើកឡើងថា តើត្រូវធ្វើយ៉ាងណា? ច្បាស់ណាស់ ពួកគេមានទីប្រឹក្សាឲ្យយោបល់ថា កុំខ្វល់នៅឲ្យស្ងៀមស្ងាត់ទៅ យូរៗទៅ រឿងទាំងអស់ហ្នឹងរសាត់តាមខ្យល់អស់ហើយ។
លោកបានចោទជាសំណួរថា តើបញ្ហានេះវានឹងរលត់បាត់ដោយសារតែទុកចោលអូសបន្លាយ ហើយនៅស្ងៀមស្ងាត់ ឬយ៉ាងណា? លោកថា គ្មានបញ្ហាអយុត្តិធម៌ណាមួយត្រូវបានរលត់បាត់ឡើយ បើគ្មានដំណោះស្រាយដោយយុត្តិធម៌។
លោកបន្តថា បញ្ហារបស់ជាតិធំៗជាច្រើនកើតឡើងចាក់ស្រេះក៏ដូចគ្នា ទុកកាន់តែយូរកាន់តែធំជាងមុន ហើយពេលផ្ទុះឡើង គឺទប់មិនជាប់ឡើយ ជាពិសេសដូចរឿងឆបោកអនឡាញនៅពេលនេះ តើគេត្រូវស្ដារមុខមាត់ប្រទេសជាតិដោយរបៀបណា បើជាប់ពាក់ព័ន្ធសុទ្ធតែមេដឹកនាំកំពូលៗរបស់ប្រទេស?
លោកថា មានតែទទួលស្គាល់ការពិតហើយ ហើយដោះស្រាយរឿងថោកទាបទាំងឡាយដែលសង្គមស្អប់ខ្ពើមទាំងនោះ ដោយចាត់វិធានការជម្រះឲ្យអស់ រហូតដល់មតិជាតិ និងអន្តរជាតិគេមើលមកថាអាចទទួលយកបាន ហើយជឿជាក់បាន នោះទើបអាចលាងជម្រះបាន។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា កម្ពុជានឹងត្រៀមខ្លួនសហការតាមទិដ្ឋភាពច្បាប់ ប្រសិនបើមានការស្នើសុំធ្វើកិច្ចសហការផ្សេងៗ ព្រោះលោកមិនចង់ឱ្យអន្តរជាតិមើលមកកម្ពុជា ថានៅពីក្រោយបុគ្គលដែលប្រព្រឹត្តសកម្មភាពខុសច្បាប់ ហើយថាកម្ពុជា មិនបានចោទប្រកាន់ក្រុមហ៊ុន Prince ឬអ្នកឧកញ៉ា ចេន ហ្ស៊ី ថាពិតជាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ដូចការចោទរបស់សហរដ្ឋអាមេរិក និងអង់គ្លេស ឡើយ។
លោកសង្ឃឹមថា សហរដ្ឋអាមេរិក និងអង់គ្លេស មានភស្តុតាងរឹងមាំដែលស៊ីសង្វាក់គ្នាទៅនឹងទង្វើរបស់លោក ចេន ហ្ស៊ី។
ប្រធានក្រុមខ្មែរ-អាមេរិកាំង ដើម្បីការតស៊ូមតិ និងគោលនយោបាយ ដែលមានមូលដ្ឋានក្នុងទីក្រុងឡូវែល នៃរដ្ឋម៉ាសាជូសេត លោក ស៊ែម មាស (Sam S. Meas) បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ដើម្បីស្ដារមុខមាត់កម្ពុជា ពីអំពើឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញទាំងអស់នេះ កម្ពុជាត្រូវតែបញ្ជូនបុរសជនជាតិចិន ឈ្មោះ ចេន ហ្ស៊ី នេះទៅឲ្យ FBI របស់សហរដ្ឋអាមេរិក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សហរដ្ឋអាមេរិក និងអង់គ្លេស នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុន Prince Group រួមទាំងបណ្ដាញអង្គភាពទីផ្សារងងឹតសរុបចំនួន ១៤៦ ផ្សេងទៀតដែលពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកអនឡាញ។
សហរដ្ឋអាមេរិក តាមរយៈតុលាការសហព័ន្ធទីក្រុង Brooklyn បានដាក់ពាក្យបណ្ដឹងរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុន Prince Group របស់លោក ចេន ហ្ស៊ី ប្រមាណ ១៥ពាន់លានដុល្លារអាមេរិក។ ចំណែករដ្ឋាភិបាលអង់គ្លេស វិញ បានដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមេបណ្ដាញឧក្រិដ្ឋកម្មអនឡាញមួយនេះប្រមាណ ១៧៦លានដុល្លារអាមេរិកផងដែរ។
បើតាមលោក ហ៊ីង សុខសាន្ត មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលមានការយល់ដឹង និងមានបទពិសោធច្រើនក្នុងវិស័យ Cryptocurrency និងបច្ចេកវិជ្ជា Blockchain ដែលបានបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានលើកឡើងថា៖ «បើតាមពាក្យបណ្ដឹងរបស់ព្រះរាជអាជ្ញាសហរដ្ឋអាមេរិក លោក Joseph Nocella Jr. ដែលប្តឹងដើម្បីបង្កក ឬរឹបអូសយក Bitcoin (BTC) ចំនួន ១សែន ២ម៉ឺន ៧ពាន់ ២៧១កាក់ ស្មើនឹង $១៤,៤B (១៤,៤ពាន់លានដុល្លារ) នៅត្រង់ទំព័រ២៣ រហូតដល់ទំព័រ៣០ បានរៀបរាប់លម្អិតពីគម្រោងឆបោកការវិនិយោគតាមរយៈប្រាក់គ្រីបតូ (Cryptocurrency Investment Fraud Scheme) ដែលមានឈ្មោះថា Pig Butchering Scams។»
ដែលក្នុងនោះ លោក ហ៊ីង សុខសាន្ត បានសង្ខេបដោយខ្លីថា «ដើម្បីលាងលុយដែលបានមកពីការឆបោកនោះ គឺចែកទៅប្រភពធំៗពីរ គឺប្រភពទី១ ចែកបន្តទៅ ២២អាសយដ្ឋាន (Address) ហើយ ២២អាសយដ្ឋាននោះ ប្រមូលបញ្ជូនទៅអាសយដ្ឋានរួមមួយផ្សេងទៀត។ បន្ទាប់មក អាសយដ្ឋានរួមនោះបានបញ្ជូនបន្តចូលមកកាន់អាសយដ្ឋាន (Address) ឬហោប៉ៅ (Wallet) របស់លោក ចេន ហ្ស៊ី ផ្ទាល់តែម្តង។ ប្រភពទី២ គឺបានចែកបន្តទៅ ២៧អាសយដ្ឋានផ្សេងទៀត ហើយធ្វើដូចប្រភពទី១ ដែរ។ នៅពេលលោក ចេន ហ្ស៊ី បានទទួល Bitcoin ទាំងពីរប្រភពនេះក្នុងដៃហើយ បុរសរូបនេះបានបែងចែកការរក្សាទុកចំនួន ២៥កន្លែង ឬភាសាបច្ចេកទេសហៅ ២៥Wallets ផ្សេងៗគ្នា ហើយ ២៥Wallets នោះ បានបង្រួមសម្រាប់ការគ្រប់គ្រងមកត្រឹម ១៣ចង្កោម ឬ ១៣Clusters ដែលក្នុង ១ចង្កោម ឬ ១Cluster ខ្លះមាន ១Wallet ទៅ ៧Wallets។ ប្រាក់ Bitcoin ទាំងអស់ដែល Chen Zhi បានគ្រប់គ្រងទាំង ២៥ Wallets ឬ ១៣ Clusters គឺរក្សាទុកតែក្នុង Software Wallets ប៉ុណ្ណោះ។»
លោក ហ៊ីង សុខសាន្ត បានបន្តទៀតថា ការណ៍ដែល FBI សហរដ្ឋអាមេរិកអាចរឹបអូសយក Bitcoin របស់លោក Chen Zhi បានដោយជោគជ័យនោះ ក៏ព្រោះតែការរក្សា Bitcoin ទុកតែក្នុង Software Wallets នោះឯង។ លោក ហ៊ីង សុខសាន្ត និយាយថា សំណាងហើយ ប្រសិនបើលោក Chen Zhi រក្សាទុក Bitcoin ទាំងនោះក្នុង Hardware Wallets វិញនោះ គឺ FBI ពិតជាមិនអាចរឹបអូសយកបាននោះទេ ព្រោះបើតាមបច្ចេកទេស Hardware Wallets គឺជាឧបករណ៍ USB ម្យ៉ាងដែលគេប្រើសម្រាប់តែរក្សាទុក Bitcoin ឬ Cryptocurrency ផ្សេងទៀតដោយមានសុវត្ថិភាពបំផុត និងគ្មានអ្នកផ្សេងក្រៅពីម្ចាស់អាចបើកបាននោះឡើយ៕
© 2025, . All rights reserved.