សហរដ្ឋអាមេរិក រឹបអូសទឹកប្រាក់ចំនួន ១៥ពាន់លានដុល្លារអាមេរិកជា bitcoin ពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូរបស់ប្រធានក្រុមហ៊ុន Prince Holding Group (Prince Group) លោក ចេន ហ្ស៊ី (Chen Zhi) ដែលជាជនជាតិចិនសញ្ជាតិខ្មែរ និងជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ពាក់ព័ន្ធនឹងការក្លែងបន្លំក្នុងអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ក្រសួងយុត្តិធម៌អាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយកាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ថា សហរដ្ឋអាមេរិកបានរឹបអូសទឹកប្រាក់ចំនួន ១៥ពាន់លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងគម្រោងរូបិយប័ណ្ណគ្រីបតូរបស់ក្រុមហ៊ុន ព្រីនស៍ (Prince) ខណៈប្រធានក្រុមហ៊ុននេះ គឺលោក ចេន ហ្ស៊ី (Chen Zhi) និងក្រុមហ៊ុនពាក់ព័ន្ធចំនួន ១១៨ក្រុមហ៊ុនផ្សេងទៀត ក៏រងការចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះផងដែរ។
ប្រភពដដែល អះអាងថា រដ្ឋអាជ្ញាតុលាការក្រុងញីវយ៉ក (New York) លោក Joseph Nocella Jr. ក៏បានចោទប្រកាន់ប្រធានក្រុមហ៊ុន Prince Group លោក ចេន ហ្ស៊ី (Chen Zhi) ដែរ ដែលគេរំពឹងថានឹងត្រូវប្រឈមការជាប់ពន្ធនាគាររហូតដល់ ៤០ឆ្នាំ ប្រសិនបើបុរសនេះត្រូវបានតុលាការកាត់ទោសនោះ។
រដ្ឋអាជ្ញារូបនេះលាតត្រដាងថា កម្មកររាប់ពាន់នាក់បានធ្វើដំណើរទៅប្រទេសកម្ពុជា ដើម្បីឱកាសការងារ ប៉ុន្តែពួកគេត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការបោកប្រាស់ក្លែងបន្លំការវិនិយោគរូបិយប័ណ្ណគ្រីបតូ និងគម្រោងក្លែងបន្លំជាច្រើនផ្សេងទៀត។
ប្រភពដដែលបង្ហាញថា ក្រុមហ៊ុន ព្រីនស៍ គ្រុប និងលោក ចេន ហ្ស៊ី បានបង្ហាញថាខ្លួនកំពុងធ្វើអាជីវកម្មស្របច្បាប់ ប៉ុន្តែការពិត គឺជាការបោកប្រាស់កម្លាំងពលកម្មដោយបង្ខំតែប៉ុណ្ណោះ ព្រោះយ៉ាងហោចណាស់មានទីតាំងចំនួន ១០ នៅកម្ពុជា ដែលកម្មករត្រូវបានឃុំខ្លួនក្នុងបន្ទប់ស្នាក់នៅ និងត្រូវបានបិទបាំងដោយជញ្ជាំងបេតុង រួមទាំងហ៊ុមព័ទ្ធលួសបន្លាថែមទៀតផង។
សេចក្តីប្រកាសព័ត៌មានដដែលនេះ បញ្ជាក់ថា ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានរកឃើញតាមរយៈទូរសព្ទដៃជាង ១ពាន់គ្រឿង (១២៥០គ្រឿង) កំពុងដំណើរការប្រតិបត្តិលើគណនីបណ្ដាញទំនាក់ទំនងសង្គមជាង ៧ម៉ឺន ៦ពាន់គណនី (៧៦០០០គណនី)។
សហរដ្ឋអាមេរិក បញ្ជាក់ថា បច្ចុប្បន្ននេះ លោក ចេន ហ្ស៊ី (Chen Zhi) បានធ្វើឱ្យក្រុមហ៊ុន Prince Group ក្លាយជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយនៅអាស៊ី ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៣០ នៅលើពិភពលោក។
ពាក់ព័ន្ធនឹងបញ្ហានេះ របាយការណ៍ស៊ើបអង្កេតរបស់អាជ្ញាធរចិន កាលពីដើមឆ្នាំ២០២៤ បង្ហាញថា លោក ចេន ហ្ស៊ី (Chen Zhi) គឺជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ រកស៊ីខាងវិស័យអចលនទ្រព្យ ផ្សារទំនើប ធនាគារ និងវិស័យជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា ដែលអាចរកចំណូលបានរាប់ពាន់លានដុល្លារក្នុងមួយៗឆ្នាំ។
ក្រៅពីក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) លោក ចេន ហ្ស៊ី ក៏ជាម្ចាស់កម្មសិទ្ធិមួយភាគបួននៃក្រុមហ៊ុនលក់ស៊ីហ្គារ (Cigar) លំដាប់ជាតិរបស់ប្រទេសគុយបា (Cuba) ដែលមានតម្លៃ ២,៨ពាន់លានដុល្លារ និងជាម្ចាស់អគារការិយាល័យតម្លៃ ១១៤លានដុល្លារ ស្ថិតក្នុងម្ដុំអ្នកមានបំផុតមួយនៅទីក្រុងឡុងដ៍ (London) នៃចក្រភពអង់គ្លេស ផងដែរ។

បន្ថែមពីលើអាជីពជាអ្នកវិនិយោគ លោក ចេន ហ្ស៊ី (Chen Zhi) ក៏ត្រូវបានប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន តែងតាំងជាទីប្រឹក្សាផ្ទាល់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ថែមទៀត បន្ទាប់ពីទទួលបានគោរមងារជាអ្នកឧកញ៉ា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ តាមការទូលថ្វាយរបស់លោក ហ៊ុន សែន ទៅព្រះមហាក្សត្រ។
រដ្ឋសភាសហព័ន្ធសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏បានចេញសេចក្តីស្នើជាច្បាប់លេខ H.R 5490 ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចរួមអន្តរក្រសួងមួយ ក្នុងគោលបំណងបំបែកបណ្ដាញឧក្រិដ្ឋកម្មអន្តរជាតិឱ្យសាបសូន្យ ដែលកំពុងធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនៅប្រទេសកម្ពុជា។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា លើកឡើងនៅថ្ងៃទី១៥ តុលា នេះថា ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញមិនអាចរំពឹងលើមេដឹកនាំកម្ពុជា បានទេ ក្រៅតែពីវិធានការរបស់សហគមន៍អន្តរជាតិ។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា ចំពោះវិធានការសហគមន៍អន្តរជាតិក្នុងពេលនេះ បានបង្ហាញថា ពួកគេមិនទុកចិត្តកម្ពុជា ក្នុងការបង្ក្រាបអំពើឆបោកទាំងនេះឡើយ ទើបបានជា FBI របស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អង់គ្លេស ចេញប្រតិបត្តិការដោយខ្លួនឯងបែបនេះ។
បើតាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ ព្រីនស៍ ម.ក ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានអះអាងថា ប្រព័ន្ធអភិបាលកិច្ចសាជីវកម្មរបស់ធនាគារត្រូវបានបង្កើតឡើងយ៉ាងរឹងមាំ ស្របតាមស្តង់ដារបស់ធនាគារជាតិនៃកម្ពុជា ដោយផ្អែកលើគោលការណ៍នៃតម្លាភាព គណនេយ្យភាព និងសុចរិតភាពក្នុងការដឹកនាំ។
ធនាគារ ព្រីនស៍ ម.ក ពន្យល់ថា សកម្មភាពរបស់ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) នឹងមិនប៉ះពាល់ដល់សមត្ថភាព និងប្រតិបត្តិការរបស់ធនាគារនៅក្នុងប្រទេសកម្ពុជា នោះទេ ប៉ុន្តែចំណាត់ការរបស់អាមេរិក អាចប៉ះពាល់លើដៃគូអន្តរជាតិមួយចំនួនដែលអាចបណ្តាលឱ្យមានការពន្យារពេល ឬការកែតម្រូវក្នុងសេវាធនាគារឆ្លងដែនជាក់លាក់ ឬអ្នកឆ្លើយឆ្លងព័ត៌មាន។
ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ តុលា នេះថា សេចក្តីថ្លែងការណ៍របស់របស់ធនាគារ ព្រីនស៍ គឺជាការនិយាយកុហកអតិថិជនសុទ្ធសាធ ហើយមានចេតនាបោកប្រាស់ទំនុកចិត្តអតិថិជនដែលប្រើប្រាស់សេវាធនាគារនេះថែមទៀត។
លោក ម៉ែន ណាត អះអាងថា កាលណាសហរដ្ឋអាមេរិក និងអង់គ្លេស ចាត់វិធានការចំពោះអ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាមេឧក្រិដ្ឋកម្មអនឡាញអន្តរជាតិមានទំហំទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារហើយ នោះធនាគារកណ្តាលអន្តរជាតិ (International Central Bank) ក៏ចាត់វិធានការបិទខ្ទប់ប្រតិបត្តិការភ្លាមៗដែរ ពីព្រោះរឿងចរាចរសាច់ប្រាក់តាមប្រព័ន្ធធនាគារនៅលើពិភពលោក គេប្រើប្រាស់លុយដុល្លារអាមេរិកជាស្តង់ដារួម។ ដូច្នេះ នៅពេលសហរដ្ឋអាមេរិក បិទខ្ទប់ប្រព័ន្ធសាច់ប្រាក់អនឡាញរបស់លោក ចេន ហ្ស៊ី នោះបានន័យថា ធនាគាររបស់លោក ចេន ហ្ស៊ី ក៏ត្រូវជាប់គាំងដូចគ្នាដែរ។
លោកបន្តថា ថ្វីត្បិតតែធនាគារ ព្រីនស៍ (Prince) និយាយថាខ្លួនត្រូវបានទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ក៏ដោយ ក៏ប៉ុន្តែធនាគារជាតិនៃកម្ពុជា មិនអាចជួយអ្វីបាននោះទេ។
លោក ម៉ែន ណាត ព្រមានថា ប្រសិនបើអាមេរិក រកឃើញថាធនាគារជាតិនៃកម្ពុជា មានជាប់ពាក់ព័ន្ធរឿងឧក្រិដ្ឋកម្មនេះ នោះធនាគារជាតិក៏ត្រូវធនាគារកណ្តាលអន្តរជាតិក្នុងសហរដ្ឋអាមេរិក បិទខ្ទប់ដូចគ្នា ពីព្រោះធនាគារកណ្តាលអន្តរជាតិ គេជឿលើច្បាប់អន្តរជាតិ ដើម្បីធានាលំនឹង និងផ្តល់ទំនុកចិត្តដល់អតិថិជនរបស់គេនៅជុំវិញពិភពលោក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

