មន្ត្រីថ្នាក់ខេត្តបានឲ្យដឹងកាលពីម្សិលមិញថា ការចំណាយភាគច្រើនសម្រាប់ការមកប្រមូលផ្តុំគ្នារបស់ក្រុមអាវក្រហម កាលពីចុងសប្តាហ៍មុន នៅក្នុងទីក្រុងសៀមរាប គឺត្រូវបានចំណាយដោយក្រុមអាវក្រហមផ្ទាល់ ទោះបីជាយ៉ាងណា មន្ត្រីទាំងនោះបានបដិសេធមិនបង្ហាញអំពីទំហំនៃការចំណាយពិតប្រាកដទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានទទួលរងការរិះគន់នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលអ្វីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានហៅថា “ គឺជាចិត្តសប្បុរសដ៏លើសលប់” ក្នុងការធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ ដែលបាននិរទេសខ្លួន គឺលោក ថាក់ស៊ីន សុីណាវ៉ាត្រាប្រមាណ៣០.០០០នាក់។
បន្ថែមទៅលើកងកម្លាំងរក្សាសន្តិសុខចំនួន៧.០០០នាក់ ដែលត្រូវបានគេដាក់ពង្រាយនៅក្នុងក្រុងសៀមរាប ដើម្បីរក្សាសន្តិសុខ រយៈពេលបីថ្ងៃមកនេះ រាប់ទាំងការរៀបចំទីលានទំហំ១៥ហិកតា ដើម្បីទទួលក្រុមអាវក្រហម នៅក្នុងនោះ ក៏មានអណ្តូងទឹក តង់ បង្គន់ បណ្តាញអគ្គិសនី មណ្ឌលសុខភាព មា៉ស៊ីនអុិកសារ៉េ (X-ray) និងមានបំពាក់ទៅដោយទូរទស្សន៍កាមេរ៉ាវីដេអូព្រមទាំងកៅអីអង្គុយសម្រាប់អ្នកគាំទ្ររាប់ម៉ឺននាក់ផងដែរ។
ប៉ុន្តែកាលពីម្សិលមិញ មន្ត្រីនៅខេត្តសៀមរាប បានលើកឡើងថា ការបង្កើតព្រឹត្តិការណ៍នេះ គឺត្រូវបានឧបត្ថម្ភដោយក្រុមអ្នកគាំទ្ររបស់លោក ថាក់ស៊ីនដោយផ្ទាល់។
លោកស៊ូភិរិន្ទអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា “ ក្រុមអាវក្រហមថៃគឺបានចំណាយដោយខ្លួនឯងផ្ទាល់ ហើយយើងមិនចំណាយប្រាក់សម្រាប់ការដំឡើងកន្លែងថែទាំសុខភាព បង្គន់ឬអណ្តូងទឹកនៅកន្លែងដែលក្រុមអាវក្រហមមកប្រមូលផ្តុំគ្នានោះដែរ”។
លោក ស៊ូភិរិន្ទបានទទូចថាការចំណាយរបស់រដ្ឋាភិបាល គឺត្រូវបានរក្សាក្នុងកម្រិតអប្បបរមា ប៉ុន្តែលោកមិនព្រមទម្លាយអំពីខ្ទង់ចំណាយសរុបទេ។
រីឯលោក ប៊ុន ថារិទ្ធ អភិបាលរងខេត្តសៀមរាបវិញ បានថ្លែងថា ទាហាន នគរបាលនិងកងអង្គរក្ស គឺទទួលខុសត្រូវចំពោះការចំណាយដោយអង្គភាពរបស់ខ្លួនឯង។ លោក ថារិទ្ធបានបន្តថា “យើងចំណាយតែប្រេងសាំងសម្រាប់អង្គភាពនីមួយៗ ហើយ
រាល់ការចំណាយទៅលើបេសកកម្មចំនួនបីថ្ងៃមកនេះ គឺអង្គភាពនីមួយៗជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ហើយលោកក៏មិនដឹងខ្ទង់ចំណាយទៅលើប្រេងសាំងនោះដែរ។
ក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយបានទេ ប៉ុន្តែ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានអះអាងថា អង្គភាពនីមួយៗបានចំណាយសម្រាប់បុគ្គលិករបស់ខ្លួន។
លោកឧត្តមសេនីយ៍ទោ ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា “ មេដឹកនាំនៃអង្គភាពនីមួយៗបានចំណាយដោយខ្លួនឯងផ្ទាល់។ខ្ញុំមិនច្បាស់អំពីចំនួននៃការចំណាយសរុបនោះទេ ប៉ុន្តែខ្ញុំដឹងថា នគរបាលរាជធានីភ្នំពេញបានចំណាយប្រហែល៨.០០០ ទៅ១០.០០០រៀល សម្រាប់ប្រាក់បេសកកម្ម(per diem)ដ៏តិចតួចនេះ។
សមាជិកនៃកងកម្លាំងនគរបាលរាជធានីភ្នំពេញប្រមាណ២០០នាក់ ត្រូវបានបញ្ជូនឲ្យទៅចូលរួមជាមួយមន្ត្រីនគរបាលជាតិចំនួន២.០០០នាក់ ដែលមានស្រាប់នៅក្នុងខេត្តសៀមរាប។ “ មិនមានប្រាក់បន្ថែមត្រូវបានផ្តល់នោះទេ។ យើងគ្រាន់តែផ្តល់ឲ្យពួក
គេនូវប្រាក់បេសកកម្មបន្តិចបន្តួចប៉ុណ្ណោះ។ មន្ត្រីនគរបាលរបស់យើងបានដឹងយ៉ាងច្បាស់អំពីតួនាទីរបស់ខ្លួន ពួកគេមិនដែលស្នើសុំថ្ងៃឈប់សម្រាកនោះទេ”។
កាលពីព្រឹកម្សិលមិញនៅខេត្តសៀមរាបគឺជាថ្ងៃចុងក្រោយរបស់ក្រុមគាំទ្រអាវក្រហមដែលគាំទ្រលោកថាក់ស៊ីនគឺត្រូវបានគេមើលឃើញថា កំពុងតែរៀបចំត្រឡប់ទៅកាន់ប្រទេសថៃវិញ។
លោក អ៊ុកកែវរតនៈអ្នកនាំពាក្យរបស់សាលាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាត្រឹមពេលរសៀលថ្ងៃនេះក្រុមអាវក្រហមភាគច្រើនបានធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនប៉ោយប៉ែត។ លោក កែវរតនៈ បានបន្តទៀតថា “ យើងបា៉ន់ប្រមាណថា មានក្រុមអាវក្រហមចំនួន២០.០០០នាក់បានធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនប៉ោយប៉ែត ទៅប្រទេសថៃវិញកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ”៕
(រាយការណ៍បន្ថែមដោយ Abby Seiff )
ប្រែសម្រួលដោយ ស៊ាស៊ុយឈាង