ទាក់ទិនទៅនឹងការជួញដូរគ្រឿងញៀនធំៗ ដែលមានប្រភពចេញពីប្រទេសកម្ពុជាកាលពីម្សិលមិញ តុលាការនៅក្នុងប្រទេសអូស្ត្រាលី បានចោទប្រកាន់បុរសពីរនាក់ពីបទនាំចូលសារធាតុម្យា៉ងទម្ងន់៦៥គីឡូក្រាម ដែលក្នុងនោះមានលាយជាតិគ្រឿងញៀនហេរ៉ូអីុនផងដែរ។
យោងតាមសេចក្ដីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយកាលពីព្រឹកម្សិលមិញដោយនគរបាលសហព័ន្ធ និងភ្នាក់ងារគយអូស្ត្រាលី និងអង្គភាពការពារព្រំដែន បានឲ្យដឹងថា អាជ្ញាធរបានចាប់ខ្លួនបុរសពីរនាក់កាលពីថ្ងៃសុក្រ បន្ទាប់ពីមន្ត្រីនៅក្នុងប្រទេសអូស្ត្រាលីបានរកឃើញគ្រឿងញៀនហេរ៉ូអីុនលាក់ក្នុងកញ្ចប់ ដែលបិទស្លាកសញ្ញាថាជាថ្នាំលាបសក់ផ្ញើចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។
ភ្នាក់ងាររបស់រដ្ឋាភិបាលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះថាសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យឈ្មោះ សុខ សម្បត្តិ អាយុ៣២ឆ្នាំ និង កែវ ឆដាភា អាយុ៣៨ឆ្នាំ បន្ទាប់ពីនគរបាល និងភ្នាក់ងារគយសហព័ន្ធបានបើកការស៊ើបអង្កេតអស់រយៈពេលមួយសប្ដាហ៍រួចមក។
ការស៊ើបអង្កេត បានចាប់ផ្ដើម កាលពីថ្ងៃ ទី៧ខែមេសានៅពេលមន្ត្រីគយនៅឯបន្ទប់ត្រួតពិនិត្យរបស់បញ្ញើអន្ដរជាតិក្នុងប្រទេសអូស្ត្រាលី “ បានរកឃើញកញ្ចប់គួរឲ្យសង្ស័យមួយ ផ្ញើចេញពីកម្ពុជា ទៅកាន់អាសយដ្ឋានមួយ ក្នុងតំបន់ស្ព្រីងវេលភាគខាងត្បូង (Springvale South) នៅជាយក្រុងមែ៉លប៊ើន”។
ភ្នាក់នេះងារបានលើកឡើងក្នុងសេចក្ដីថ្លែងការថា មន្ត្រីគយបានរកឃើញកញ្ចប់បិទស្លាកថា “ ថ្នាំលាបសក់” ១៣គីឡូក្រាមមានលាយសារធាតុញៀន ដែលក្រោយពីការធ្វើពិសោធបានបង្ហាញថា មានលាយសារធាតុគ្រឿងញៀនហេរ៉ូអីុន។
សេចក្ដីថ្លែងការណ៍នេះ បានបន្ថែមថានៅថ្ងៃបន្ទាប់មក មន្ត្រីក្នុងទីក្រុងសីុដនី បានរកឃើញកញ្ចប់ទីពីរទម្ងន់៣៩គីឡូក្រាមថា មានសារធាតុដូចគ្នា ដែលបិទស្លាកថ្នាំលាបសក់ដូចគ្នាដែរ នេះបើយោងទៅលើការស៊ើបអង្កេតរបស់នគរបាលសហព័ន្ធអូស្ត្រាលី។
សេចក្ដីថ្លែងការណ៍នេះ បានលើកឡើងថា បន្ទាប់មក នគរបាលបានរឹបអូសបានសារធាតុដូចគ្នានេះទម្ងន់១៣គីឡូក្រាមផ្សេងទៀត បន្ទាប់ពីឆែកឆេរផ្ទះពីរកន្លែងស្ថិតនៅជាយក្រុងម៉ែលប៊ើន និងបុរសទាំងពីរនាក់ ត្រូវបានតុលាការចោទប្រកាន់បទព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលអាចជាប់ពន្ធនាគារមួយជីវិត ឬពិន័យជាប្រាក់៨២.០០០ដុល្លារអាមេរិក”។
កាសែតហេរ៉លសាន់ ( Herald Sun) ក្នុងទីក្រុងម៉ែលប៊ើនបានរាយការណ៍ថា លោកសម្បត្តិ និងលោក ឆដាភា បានឡើងតុលាការ កាលពីម្សិលមិញ ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទនាំចូល និងចរាចរគ្រឿងញៀន។
បុរសទាំងពីរនាក់នេះកំពុងស្ថិតក្នុងការឃុំឃាំងនិងត្រូវឡើងតុលាការជាលើកទីពីរទៀត នៅថ្ងៃទី៦មិថុនា ដែលនៅថ្ងៃនោះ អ្នកទាំងពីរនឹងអនុញ្ញាតឲ្យនិយាយការពារខ្លួនចំពោះបទចោទប្រកាន់នេះ។
លោក រ៉ូហ្សែ៊ន ខេល្លី (Roxanne Kelly) នាយកប្រតិបត្តិការនិងអនុវត្តច្បាប់នៅឯប៉ុស្តិ៍គយការពារព្រំដែនបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា “ដោយសារតែរបៀបបិទបាំងដ៏ជឿនលឿនក្នុងករណីនេះ នេះក៏ជាសា្នដៃគំរូដ៏អស្ចារ្យមួយដែលក្រុមមន្ត្រីសម្រេចបាន”។ លោក ខេល្លី បានសរសេរថា “ ខណៈដែលក្រុមឧក្រិដ្ឋជន មានល្បិចក្នុងការបិទបាំងកាន់តែខ្លាំង យើងក៏មានល្បិចក្នុងការបកស្បែកកាន់តែខ្លាំងផងដែរ”។
អ្នកនាំពាក្យទីស្នាក់ការគយការពារព្រំដែនក្នុងរាជធានីកង់បេរ៉ា ប្រទេសអូស្ត្រាលី បានលើកឡើងថា លោកស្រីនឹងមិនធ្វើអត្ថាធិប្បាយលើរឿងនេះ លើសពីនេះទៀតឡើយ ពីព្រោះវាអាចធ្វើឲ្យរំខានដល់ដំណើរការរបស់តុលាការ។
លោក គៀតច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីការចាប់ខ្លួននៅក្នុងប្រទេសអូស្ត្រាលីនេះទេ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់គ្រឿងញៀន និងឧក្រិដ្ឋកម្ម ឆ្នាំ២០១១ បានរាយការណ៍ថា តម្លៃគ្រឿងញៀនហេរ៉ូអីុនតាមចិញ្ចើមថ្នល់ នៅក្នុងប្រទេសអូស្ត្រាលីអាចលក់បានក្នុងរង្វង់ពី២៣០ ទៅ៣៧០ដុល្លារអាមេរិក ក្នុងមួយក្រាម។
កាលពីម្សិលមិញ គេនៅមិនទាន់ដឹងច្បាស់ថា តើមានគ្រឿងញៀនហេរ៉ូអីុនទម្ងន់ ប៉ុន្មានទេបើចម្រាញ់ចេញពីសារធាតុ៦៥គីឡូក្រាម ដែលផ្ញើចេញពីប្រទេសកម្ពុជានោះ។ ប៉ុន្តែបើតាមតួលេខរបស់ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់គ្រឿងញៀន និងឧក្រិដ្ឋកម្ម ចំនួនដ៏ច្រើននេះអាចមានតម្លៃរហូតដល់២៤លានដុល្លារ ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់គ្រឿងញៀន និងឧក្រិដ្ឋកម្ម ក៏បានរាយការណ៍ផងដែរថា គ្រឿងញៀនហេរ៉ូអីុននិងម័រហ្វីនទម្ងន់៣.២០០គីឡូក្រាមត្រូវបានរត់ពន្ធទៅកាន់ប្រទេសអូស្ត្រាលីនៅក្នុងឆ្នាំ២០០៩ប៉ុន្តែអាជ្ញាធរអូស្ត្រាលីធ្លាប់ចាប់បានទម្ងន់សរុបរហូតដល់១៩០គីឡូក្រាម។
យោងតាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់គ្រឿងញៀននិងឧក្រិដ្ឋកម្ម ប្រទេសកម្ពុជា គឺស្ថិតក្នុងចំណោមប្រទេស ដែលនាំចេញគ្រឿងញៀនហេរ៉ូអីុនទៅកាន់ប្រទេសអូស្ត្រាលី ។
នៅពេលសុំឲ្យធ្វើអត្ថាធិប្បាយអំពីចំនួនគ្រឿងញៀនហេរ៉ូអីុនក្នុងពេលថ្មីៗនេះអ្នកនាំពាក្យស្ថានទូតអូស្ត្រាលីក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ ភ្នាក់ងាររដ្ឋាភិបាលអូស្ត្រាលី បានសហការយ៉ាងជិតស្និទ្ធជាមួយសមភាគីកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងប្រទេស រួមទាំងការជួញដូរគ្រឿងញៀនផងដែរ”។
ក្នុងឆ្នាំ២០០៣ ភ្នាក់ងារគយអូស្ត្រាលីចាប់បានគ្រឿងញៀនហេរ៉ូអីុនទម្ងន់២៤គីឡូក្រាម លាក់នៅក្នុងកញ្ចប់ប្រហុកផ្ញើចេញពីប្រទេសកម្ពុជា។
ការបង្ក្រាបគ្រឿងញៀនហេរ៉ូអីុនដ៏ធំជាងគេមួយក្នុងឆ្នាំ១៩៩៥នៅពេល អាជ្ញាធរស្ទាក់ចាប់បានគ្រឿងញៀនហេរ៉ូអីុនទម្ងន់រហូតដល់៧១គីឡូក្រាម ដឹកក្នុងអូប័រមួយគ្រឿងនៅជិតកំពង់ផែស្រែអំបិល ខេត្តកោះកុង៕
ប្រែសម្រួលដោយ ហម សុផាណ្ណា