ខេត្តកោះកុង-នៅក្នុងព្រៃជ្រៅ ក្នុងស្រុកមណ្ឌលសីម៉ា របស់ខេត្តកោះកុង កាលពីថ្ងៃព្រហស្បតិ៍ លោក ឈុត វុទ្ធី ស្ថាបនិកអង្គការការពារធនធានធម្មជាតិ និងលោក អុិន រតនា អាយុ៣២ឆ្នាំ មន្ត្រីកងរាជអាវុធហត្ថ ត្រូវបានគេបាញ់សម្លាប់។
ចាប់តាំងពីឆ្នាំ២០០១មក លោក ឈុត វុទ្ធី គឺជាសកម្មជនការពារព្រៃឈើម្នាក់ ដែលបានបូជាជីវិតរបស់លោក ដើម្បីការពារព្រៃឈើ ដែលកំពុងតែហិនហោចទៅៗ ក្នុងប្រទេសកម្ពុជានោះ បានធ្វើដំណើរពីខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ដើម្បីស៊ើបអង្កេតបទល្មើសកាប់ឈើខុសច្បាប់នៅទីនោះ។
អ្នកយកព័ត៌មានពីររូប មកពីកាសែតខេមបូឌា ដេលី មានឈ្មោះ ផន បុប្ផា អាយុ២៧ឆ្នាំ និង អូលេស្យា ផ្លូគី (Olesia Plokhii) អាយុ២៧ឆ្នាំ បានរួមដំណើរជាមួយលោក ឈុត វុទ្ធី ដើម្បីយកព័ត៌មានអំពីការខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសកាប់ឈើខុសច្បាប់ នៅថ្នាក់មូលដ្ឋាន ។
នេះគឺជាដំណើររឿងនៃការស្លាប់របស់បុរសទាំងពីរនាក់នេះ។ ដោយធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង តាមរថយន្ដម៉ាកឡង់គ្រីស័រព៌ណឈាមជ្រូក រថយន្ដនេះបានទៅឈប់នៅខាងឆ្វេងដៃ លើផ្លូវក្រួសក្រហមនៅក្នុងស្រុកមណ្ឌលសីម៉ា។ នៅខាងស្ដាំដៃ អមដងផ្លូវ គឺជាព្រៃក្រាស់ ហើយនៅខាងឆ្វេងដៃ គឺជាផ្ទះឈើ ដែលមានមនុស្សគ្រប់វ័យកំពុងតែរស់នៅ និងប្រកបរបរចិញ្ចឹមជិវិតប្រចាំថ្ងៃ។ ក្នុងផ្ទះក្បែរកន្លែងរថយន្ដឈប់ មានបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានទាហានកំពុងដេកនៅក្នុងអង្រឹង។
លោក ឈុត វុទ្ធី បាននិយាយទៅកាន់ កញ្ញា ផ្លូគី និងកញ្ញា បុប្ផា ថា គេមិនស្វាគមន៍យើងទេនៅកន្លែងនេះ ពីព្រោះវាជាកន្លែងកាប់ឈើ។ លោកបាននិយាយប្រាប់អ្នកកាសែតទាំងពីរនៅពេលចេញពីរថយន្ដថា “ ធ្វើការឲ្យរហ័ស”។
លោក ឈុតវុទ្ធីបានស្ពាយកាមេរ៉ាម៉ាកកាណុងពណ៌ខ្មៅនៅលើស្មា ហើយពួកគេទាំងបីនាក់បានដើរតាមចន្លោះផ្ទះឈើពីរខ្នង ចូលទៅក្នុងព្រៃ ដែលគេទើបឆ្ការរួច និងនៅមិនឆ្ងាយពីគំនរបាច់ឈើជាច្រើនដុំ ដែលទំនងជាវល្លិ៍រមៀតដាក់គរនៅក្បែរផ្ទះ។
លោក ឈុត វុទ្ធី ចាប់ផ្ដើមថតគំនរវល្លិ៍រមៀត និងផ្ទះទាំងនោះ។ បន្ទាប់ដើរត្រឡប់ទៅរករថយន្ដរបស់លោកវិញនៅពេលបុរសម្នាក់ស្លៀកខោខ្លីពណ៌ខៀវ និងអាវយឺតព៌ណខ្មៅ បានដើរតម្រង់ទៅលោក ហើយប្រាប់លោកឲ្យឈប់ថត និងឲ្យចាកចេញពីកន្លែងនោះភ្លាម។
ស្ថានភាពនោះ គឺមានសភាពស្ងប់ស្ងាត់ហើយកញ្ញាផ្លូគី និងកញ្ញា បុប្ផា ដែលកំពុងតែសម្ភាសអ្នកស្រុក អំពីវល្លិ៍រមៀតបានប្រហែល១០នាទី បានសម្រេចចិត្តដើរត្រឡប់ទៅរករថយន្ដវិញដែរ។
នៅពេលពួកគេបានទៅដល់រថយន្ដវិញលោក ឈុត វុទ្ធី បាននិយាយទៅកាន់ទាហានម្នាក់ស្លៀកឯកសណ្ឋានប៉ារ៉ាពណ៌ដី ជាឯកសណ្ឋានម្យ៉ាង ដែលទាហានតែងតែពាក់ក្នុងសមរភូមិនៅក្នុងប្រទេសអុីរ៉ាក់ និងប្រទេសអាហ្វហ្គានីស្ថាន។
បុរសម្នាក់ទៀតស្លៀកពាក់ជាជនសុីវិលក៏បានឈរក្បែរលោក ឈុត វុទ្ធី ដែរ ហើយកញ្ញាផ្លូគីនិងកញ្ញាបុប្ផាភ្លាមៗនោះ បានកត់សម្គាល់ឃើញថា បុរសទាំងបីនាក់នោះកំពុងតែមានអារម្មណ៍ខឹងយ៉ាងខ្លាំង។ទាហានស្លៀកឯកសណ្ឋានប៉ារ៉ាពណ៌ដី ដែលមិនព្រមប្រាប់ឈ្មោះ ឬក៏ប្រាប់ពីអត្តសញ្ញាណថាមកពីអង្គភាពណានោះដែរ បានប្រាប់លោក ឈុតវុទ្ធី និងអ្នកកាសែតទាំងពីរនាក់ទៀតថា ពួកគេមិនអាចចាកចេញពីទីនេះបានឡើយ ចាំគេប្រាប់មេរបស់គេសិន។ ទាហាននេះមិនបានឆ្លើយតបនោះទេ ពេលកញ្ញា បុប្ផាសួរថា តើលោកធ្វើការឲ្យនរណា ហើយតើលោកជាទាហានរបស់រដ្ឋាភិបាល ឬជាបុគ្គលិករបស់ក្រុមហ៊ុនឯកជន។ ទាហាននេះមិនបាននិយាយថា នរណាជាមេរបស់ខ្លួនទេ ឬពេលណាមេរបស់គេមកដល់នោះដែរ។ គេបានបញ្ជាថា លោកឈុត វុទ្ធី និងអ្នកកាសែតទាំងពីររូបមិនអាចចាកចេញបានទេ។
នៅពេលលោក ឈុត វុទ្ធី ព្យាយាមចូលក្នុងរថយន្ដរបស់លោក បុរសស្លៀកឯកសណ្ឋានប៉ារ៉ាពណ៌ដី បានស្ទុះទៅឈរពិតគន្លឹះទ្វាររថយន្ត ហើយបានរារាំងលោកឈុត វុទ្ធីមិនឲ្យចូល។ ស្ថានភាពនេះបានចាប់ផ្ដើមតានតឹងឡើង ហើយកញ្ញា បុប្ផា និងកញ្ញា ផ្លូគី បាន
អង្វរទាហាននេះសុំអនុញ្ញាតឲ្យពួកគេចាកចេញ ដោយលើកឡើងថា ពួកេគស្ថិតនៅលើដងផ្លូវសាធារណៈ ហើយទាហានគ្មានសិទ្ធិហាមឃាត់ពួគគេដោយបង្ខំបានទេ។ប៉ុន្ដែទាហាននេះមិនយល់ព្រម ហើយស្ថានភាពតានតឹងភ្លាមៗនោះ បានក្លាយជារឿងប្រតាយប្រតប់គ្នា នៅពេលលោក ឈុត វុទ្ធី ព្យាយាមចូលទៅក្នុងរថយន្ដ របស់លោកដោយបុរសស្លៀកឯកសណ្ឋានប៉ារ៉ាពណ៌ដីបានរារាំងលោកមិនឲ្យចូលក្នុងរថយន្តវិញ។ បុរសទាំងពីរនេះបានរុញគ្នាទៅវិញទៅមក ប៉ុន្ដែមិនបានវាយតប់គ្នានោះទេ។ ដោយមិនអាចចូលទៅក្នុងរថយន្ដរបស់លោកបាន លោក ឈុត វុទ្ធី បានរំងាប់អារម្មណ៍របស់លោក ហើយឈររង់ចាំមេរបស់ទាហាននេះមកដល់ ដោយបានដើរទៅកាន់ផ្ទះក្បែរនោះ ហើយអង្គុយក្នុងអង្រឹង។
បន្ដិចក្រោយមក មានបុរសបីនាក់ ជិះម៉ូតូពីរគ្រឿង បានមកដល់ ហើយឈប់នៅទីនោះមានបុរសពីរនាក់ស្លៀកឯកសណ្ឋានកងរាជអាវុធហត្ថ និងបុរសម្នាក់ទៀតស្លៀកពាក់ឯកសណ្ឋានទាហាន ពាក់មួកកាតិបពណ៌ខ្មៅរឹមពណ៌លឿង និងមានពាក់ម៉ាស់ការពារធូលី ដោយបាំងស្ទើរតែជិតមុខទាំងអស់។ បុរសទាំងបីនាក់នោះសុទ្ធតែមានកាំភ្លើងAK-47នៅនឹងដៃ ហើយបុរសដែលមានពាក់ម៉ាស់ធុំក្លិនស្រាយ៉ាងខ្លាំង។
លោក ឈុត វុទ្ធី មិនបានប្រឈមមុខនឹងបុរស ដែលមានអាវុធនៅនឹងដៃទាំងប្រាំនាក់នោះទេ។ ក្រុមទាហាននោះបាននិយាយថា ពួកគេចង់ឲ្យលោក ឈុត វុទ្ធី ទៅជាមួយ ហើយជួបមេរបស់ពួកគេនៅក្រុងកោះកុង។
សំឡេងឈ្លោះប្រកែកគ្នាបានចាប់ផ្ដើមឮខ្លាំងឡើងៗ ហើយលោក ឈុត វុទ្ធី ត្រូវបុរសទាំងនោះ បញ្ជារឲ្យចាកចេញឲ្យឆ្ងាយពីរថយន្ដរបស់លោក។ បុរសទាំងនោះ មិនប្រាប់ពីអត្តសញ្ញាណនិងមិនបានប្រាប់ថានរណាជាមេរបស់ពួកគេនោះទេ។ ក្រោយមកទាហានម្នាក់ ស្ថិតក្នុងឯកសណ្ឋានប៉ារ៉ាពណ៌ដី ចាប់ផ្ដើមទាមទារឲ្យលោក ឈុតវុទ្ធីប្រគល់ម៉ាស៊ីនថតរបស់គាត់ យ៉ាងទទូច។
លោក ឈុត វុទ្ធី មិនព្រមប្រគល់ម៉ាស៊ីនថតឲ្យទេ ហើយបានប្រាប់ឲ្យកញ្ញា ផ្លូគី ថតអំពីស្ថានភាពច្របូកច្របល់នោះ បន្ទាប់ពីមានភាពតានតឹងកើតឡើង។ នៅពេលកញ្ញាផ្លូគីលើកម៉ាស៊ីនថតឡើងបុរសនៅទល់មុខគ្នានោះ បានប្រតិកម្មដោយកញ្ឆក់យកម៉ាស៊ីនថតពីដៃរបស់នាង។ នៅក្នុង ទង្វើដូច្នេះ បុរសនោះវាសដៃប៉ះចង្កា បុប្ផានៅពេលបុរសរូបនោះកញ្ឆក់យកម៉ាស៊ីនថត។
លោក ឈុត វុទ្ធី បានប្រាប់អ្នកទាំងអស់់គ្នាម្ដងទៀតថា រូបលោកនឹងចាកចេញ ហើយដើរសំដៅទៅរករថយន្ត។កញ្ញា បុប្ផាឡើងទៅ
អង្គុយនៅកៅអីខាងក្រោយ ហើយកញ្ញា ផ្លូគីអង្គុយនៅកៅអីខាងមុខ។ប៉ុន្ដែលោក ឈុតវុទ្ធីត្រូវបានបុរសទាំងនោះរារាំងមិនឲ្យចូលក្នុងរថយន្ដឡើយ ហើយចាប់ផ្តើមប្រតាយប្រតប់គ្នាដោយធ្វើឲ្យអាវរបស់លោក ឈុតវុទ្ធី ដាច់ឡេវអស់។ក្រោយមកទាហានម្នាក់ពាក់ម៉ាស់បិទមុខដើរទៅខាងក្រោយរថយន្ដ រួចលូកដៃទៅកៅអីខាងក្រោយ ហើយកញ្ឆក់យកម៉ាស៊ីនថតរបស់កញ្ញាផ្លូគី។
ទំនងជាដោយសារពួកគេសប្បាយចិត្ត នៅពេលដកហូតបានម៉ាស៊ីនថតពីរគ្រឿងរួចមក ពួកគេបានអនុញ្ញាតឲ្យលោក ឈុត វុទ្ធី ចូលទៅក្នុងរថយន្ដអង្គុយនៅកន្លែងអ្នកបើកបរ។ ប៉ុន្ដែ លោកអស់សង្ឃឹម ដោយសារ តែម៉ាស៊ីនរថយន្ដអត់ដំណើរការ។ នេះទំនងជាដោយសារតែអាគុយអស់ភ្លើង។ លោក ឈុត វុទ្ធី មានការរំជួលចិត្តយ៉ាងខ្លាំង អំឡុងពេលលោកព្យាយាមបញ្ឆេះរថយន្ដ។ ដើម្បីបញ្ឆេះរថយន្ដ លោក ឈុត វុទ្ធី កញ្ញា បុប្ផានិងកញ្ញា ផ្លូគី បានខំប្រឹងយ៉ាងខ្លាំង ដោយប្រឹងរុញរថយន្ដ ដើម្បីបញ្ឆេះម៉ាស៊ីន។
ទាហាន និងមន្ត្រីកងរាជអាវុធហត្ថទាំងនោះបានចាប់ផ្ដើមដើរមករករថយន្ដ។ ជម្លោះពាក្យសម្ដីខ្លាំងៗមួយទៀតក៏បានកើតឡើងរវាងទាហាន និងលោកឈុតវុទ្ធី ដែលពួកគេចោទប្រកាន់ថា ឈ្លើយ និងព្រហើន។
ទាហានម្នាក់បាននិយាយទៅកាន់លោកឈុតវុទ្ធីដូច្នេះថា“យើងទាំងអស់គ្នាសុទ្ធតែជាខ្ញុំគេ យើងទាំងអស់គ្នាជាខ្ញុំដូចតែគ្នាទេ។កុំឈ្លើយពេក”។ លោក ឈុត វុទ្ធី ក៏បានស្រែកគំហ៊កដាក់វិញថា “ តើខ្ញុំជាខ្ញុំអ្នកណា?”
ទាហានទាំងនោះចាប់ផ្ដើមសួររកម៉ាស៊ីន ថតទីបី ដែលពួកគេមើលឃើញ នៅក្នុងរថយន្ដ។លោកឈុតវុទ្ធីបានប្រាប់ឲ្យកញ្ញាផ្លូគី ប្រគល់ម៉ាស៊ីនថតនោះដែរ។ ម៉ាស៊ីនថតនោះជារបស់លោក។ដោយមានម៉ាស៊ីនថតម៉ាកកាណុង នៅក្នុងដៃរបស់ពួកគេមួយទៀតនោះស្ថានការណ៍ចាប់ផ្ដើមធូរស្រាលវិញបន្ដិច។
លោកឈុតវុទ្ធីបានខិតខំបញ្ឆេះម៉ាស៊ីនរថយន្ដម្តងទៀត។ លោកបានឲ្យកញ្ញា ផ្លូគីជួយបញ្ឆេះរថយន្ដ។រថយន្ដក៏ឆេះ។ម៉ាស៊ីនរថយន្ដឆេះឡើង ហើយលោក ឈុត វុទ្ធី ក៏ចុះចេញពីរថយន្ដ ដើម្បីបិទគម្របខាងមុខរថយន្ដវិញ។ ប៉ុន្ដែមុនពេលលោកវិលត្រឡប់ចូលក្នុងរថយន្ដវិញ ទាហានទាំងនោះបានត្រឡប់មកវិញ ហើយកាច់សោពន្លត់ម៉ាសុីន។ រាល់ពេលលោកបញ្ឆេះរថយន្ដទាហានទាំងនោះ លូកដៃមកកាច់សោពន្លត់ម្ដងហើយម្ដងទៀត។
នៅទីបញ្ចប់ម៉ាស៊ីនក៏ឆេះ ហើយបុរសទាំងនោះ ក៏ចាប់ផ្ដើមសសៀរថយក្រោយទៅកាន់រោងវិញ។ លោក ឈុត វុទ្ធី បាន ស្រែកប្រាប់ឲ្យកញ្ញា បុប្ផា ទៅអង្គុយកៅអីខាងក្រោយហើយកញ្ញា ផ្លូគី ដើរទៅជិះនៅកៅអីខាងមុខ។ ប៉ុន្ដែទាហានទាំងនោះ ឈរនៅពីមុខរថយន្ដរារាំងមិនឲ្យលោក ឈុតវុទ្ធី ចេញទេពេលនោះកញ្ញា បុប្ផា ដែលកំពុងអង្គុយនៅខាងក្រោយ ទូរស័ព្ទទៅនិពន្ធនាយកកាសែត ខេមបូឌា ដេលី លោក Kevin Doyle ដើម្បីពន្យល់ប្រាប់អំពីហេតុការនោះ ស្រាប់តែស្នូរគ្រាប់កាំភ្លើងពីរគ្រាប់បានបន្លឺឡើង ហើយទម្លុះជញ្ជាំងរថយន្ដ។ កញ្ញាផ្លូគី អង្គុយ នៅកៅអីម្ខាងទន្ទឹមកៅអីអ្នកបេើក អំឡុងពេលគេបាញ់ប្រហារនោះ តែមិនបានឃើញថាតើគ្រាប់កាំភ្លើងនោះចេញមកពីខាងណាទេ។កញ្ញា បុប្ផាក៏មិនបានឃើញអ្នកបាញ់ដែរ។
កញ្ញាបុប្ផានិងកញ្ញាផ្លូគីបានស្ទុះរត់ចេញពីរថយន្ដ រត់ឆ្លងផ្លូវលំចូលទៅក្នុងព្រៃ។នៅពេលគេឈប់បាញ់អ្នកទាំងពីរនាក់ បានចេញ ពីព្រៃមកវិញ តែមិនដល់មួយនាទីផងស្រាប់តែឃើញមន្ត្រីកងរាជអាវុធហត្ថម្នាក់ រងរបួសដេកស្ដូកនៅលើដី នៅខាងមុខរថយន្ដ។លោក ឈុតវុទ្ធីស្ថិតនៅលើកៅអីអ្នកបើក ដោយខ្លួនរបស់លោកទ្រេតទៅម្ខាង។
ទាហាន និងកងរាជអាវុធហត្ថទាំងនោះដើរនៅក្នុងរោងមួយនៅជិតទីនោះ។ពួកគេទាំងនោះមិនបានជួយសង្គ្រោះអ្នករងរបួស ដែលមើលទៅទំនងនៅមានជីវិតនោះទេ។
កញ្ញាបុប្ផាបានស្នើសុំឲ្យទាហានម្នាក់ ជួយសង្គ្រោះមន្ត្រីកងរាជអាវុធហត្ថ ដែលដួលស្តូកស្តឹងនៅលើផ្លូវ និងឲ្យជួយលោក ឈុតវុទ្ធីផង។ទាហានម្នាក់នោះមិនឆ្លើយតបទេ។
កញ្ញា ផ្លូគី បានកកាយក្នុងកាបូបស្ពាយពីក្រោយរបស់នាង ដើម្បីរកបង់រុំរបួស ហើយខិតខំជួយសង្គ្រោះលោក ឈុត វុទ្ធី។ ប៉ុន្ដែវាហួសពេលហើយ។ពេលនេះលោកឈុតវុទ្ធី លែងកម្រើកកើតទៀតហើយ។ មានស្នាមគ្រាប់មួយគ្រាប់នៅត្រង់ជង្គង់ឆ្វេងរបស់លោក ហើយឈាមកំពុងតែហូរចេញពីស្នាមរបួសនៅត្រង់ពោះរបស់លោក។
ឈ្មោះអុិនរតនាមន្ត្រីកងរាជអាវុធហត្ថ អាយុ៣២ឆ្នាំ ក៏លែងកម្រើកដែរ ហើយទំនងជាបានស្លាប់ហើយ។ កញ្ញាបុប្ផានិងកញ្ញាផ្លូគីមានអារម្មណ៍ថា គ្មានសុវត្ថិភាពទេ។ទាហានទាំងនោះនិយាយម្ដងទៀតថា មិនអនុញ្ញាតឲ្យអ្នកទាំងពីរចាកចេញទេ។ដោយមានការភ័យខ្លាច អ្នកទាំងពីរបានទៅជ្រកនៅក្នុងខ្ទមមួយជាមួយនឹងអ្នកភូមិ ដទៃទៀត ដែលនាំគ្នាសម្ងំនៅក្នុងផ្ទះតូចៗនៅជិតទីនោះ។
ទាហានពីរនាក់ទៀត ដែលស្ថិតនៅក្នុងឯកសណ្ឋានប៉ារ៉ាពណ៌ដី បានបង្ហាញខ្លួននៅចន្លោះខ្ទមតូចៗក្បែរទីនោះ ហើយទាហានម្នាក់បាននិយាយឲ្យអ្នកយកព័ត៌មានទាំងពីររូបនោះឮដូច្នេះថា “សម្លាប់ពួកវាទាំងពីរនាក់ចោលទៅ”។
ក្រោយមកទាហានដដែលនេះ បាននិយាយទៅកាន់បុរសម្នាក់ទៀតថាពួកគេគួរតែរុញរថយន្ដរបស់លោក ឈុត វុទ្ធី ចូលទៅក្នុងព្រៃជិតនោះ។ ទាហានទាំងនោះចាប់ផ្ដើមដើរស្វែងរកក្នុងព្រៃជុំវិញបរិវេណនោះ ព្រមទាំងអើតមើលក្នុងរថយន្ដផងដែរ។សាកសពឈ្មោះអុិនរតនាត្រូវបានអូសចូលទៅក្នុងផ្ទះនៅជិតទីនោះ។
មិនយូរប៉ុន្មានបន្ទាប់ពីការបាញ់ប្រហារនោះ មានមន្ត្រីកងរាជអាវុធហត្ថម្នាក់ទៀតប្រដាប់ដោយអាវុធអាកា៤៧ បានមកដល់ ហើយឈប់ម៉ូតូ។ មន្ត្រីរូបនោះគឺជាមិត្តភក្ដិរបស់ឈ្មោះ អុិន រតនា។ ពេលលោកបានឃើញមិត្ដភក្ដិរបស់គាត់ស្លាប់ ក៏ចាប់ផ្ដើមដើរសំដៅទៅរកកញ្ញា បុប្ផា ទាំងកំហឹង ដោយមាន
ការគំរាមកំហែងទៀតផង។ ប៉ុន្ដែ ទាហានម្នាក់បានរារាំងមន្ត្រីកងរាជអាវុធហត្ថនោះមិនឲ្យនិយាយជាមួយ។ ក្រោយមកក៏យំនៅក្បែរសាកសពមិត្តភក្ដិរបស់ខ្លួន។ ប្រហែល៩០នាទី ក្រោយការបាញ់ប្រហារមក មន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថជាច្រើននាក់ ក៏បានមកដល់។ពួកគេបានផ្ដល់អាហារ និងទឹកដល់អ្នកយកព័ត៌មានទាំងពីរនាក់នោះហើយប្រាប់មិនឲ្យគេឃុំខ្លួនអ្នកទាំងពីរ។
ពួកទាហាន ដែលមានវត្តមានអំឡុងពេលបាញ់ប្រហារនោះបានឃើញហេតុការណ៍ ហើយនិយាយទៅកាន់មន្ត្រីដែលទើបមកដល់ថ្មី។ ក្រោយមកដោយមានវត្តមានរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ពួកទាហានទាំងនោះ ក៏បានយកសពលោក ឈុត វុទ្ធី ចេញពីក្នុងរថយន្ត។សពលោក ឈុត វុទ្ធី ត្រូវបានគេយកទៅដាក់ឲ្យដេកសណ្ដូកនៅលើកម្រាលកៅស៊ូពណ៌ស ហើយសម្ភារៈរបស់លោកត្រូវបានគេយកទៅដាក់នៅក្បែរខ្លួនលោកព្រមទាំងកាំភ្លើងខ្លីមួយដើមផងដែរ។ អ្នកយកព័ត៌មានទាំងពីរនាក់មិនធ្លាប់បានឃើញអាវុធណាមួយទេ កាលពីពីរថ្ងៃមុន នៅពេលអ្នកទាំងពីរកំពុងរួមដំណើរជាមួយលោកឈុតវុទ្ធីនោះ។
នៅពេលមេឃចាប់ផ្ដើមងងឹតសាកសពលោក ឈុត វុទ្ធី និងសពឈ្មោះ អុិន រតនាត្រូវបានគេលើកដាក់ទៅក្នុងរថយន្ដផ្សេងពីគ្នា ហើយដឹកទៅកាន់ទីរួមេខត្តកោះកុង៕
ប្រែសម្រួលដោយស៊ាស៊ុយឈាងនិងហួងកុកទៀន