ផ្ទុយគ្នាពីសេចក្តីរាយការណ៍ពីកងកម្លាំងប្រដាប់អាវុធកម្ពុជា យោធាថៃបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាជនកម្ពុជាដែលទាហានរបស់ខ្លួនបានបាញ់ប្រហារនៅតាមបណ្ដោយព្រំដែនក្នុងខេត្តព្រះវិហារកាលពីថ្ងៃអាទិត្យ គឺជាអ្នកកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ។
បន្ទាប់ពីហេតុការណ៍នេះកើតឡើងភ្លាម ឧត្ដមសេនីយ៍កងយោធពលខេមរភូមិន្ទមួយរូបបានឲ្យដឹងថា រូបលោក និងទាហានរបស់លោកបានបោះជំរំនៅភាគខាងជើង ខេត្តព្រះវិហារដើម្បីបំពេញភារកិច្ចរារាំងអ្្នកកាប់ឈើខុសច្បាប់មិនឲ្យចូលទឹកដីថៃ ស្រាប់តែនៅពេលនោះទាហានថៃ បានបាញ់ប្រហារមកលើពួកគេ ដោយពួកគេមិនបានធ្វើអ្វីខុសឡើយ ហើយបានបណ្ដាលឲ្យទាហានម្នាក់រងរបួសត្រូវជើងម្ខាង។
ប៉ុន្ដែអ្នកនាំពាក្យយោធាថៃ វរសេនីយ៍ឯកសានសឺន កែវកាំណឺត (Sansern Kaewkamnerd) បានប្រាប់កាសែតបាងកកប៉ុស្ដិ៍អំពីហេតុការណ៍ផ្សេងទៅវិញកាលពីម្សិលមិញ។ វរសេនីយ៍ឯក សានសឺន បានថ្លែងថា ពលរដ្ឋកម្ពុជាទាំងនោះគឺជាអ្្នកកាប់ឈើខុសច្បាប់ មិនមែនជាទាហានទេ ហើយពួកគេបានចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ នៅពេលមានហេតុការណ៍បាញ់ប្រហារនោះ។ លោកក៏បានឲ្យដឹងដែរថា ទាហានថៃបានបាញ់តែក្រោយពេលខ្លួនដឹងថាត្រូវគេបាញ់មកលើមុនប៉ុណ្ណោះ។ លោកបានបន្ដថា “អ្នកកាប់ឈើខុសច្បាប់ទាំងនោះមានគ្នាច្រើនណាស់ ដូច្នេះពួកគេបានរត់គេចចេញ។ គ្មានការបាញ់គ្នានោះទេ”។
លោកបានសួរថា បើជនទាំងនោះគឺជាទាហានមែននោះ “ មានមូលហេតុអ្វីដែលយើងត្រូវបាញ់ទាហានកម្ពុជា?” មន្ដ្រីកងយោធពលខេមរភូមិន្ទ និងមន្ដ្រីក្រសួងការពារជាតិមួយក្រុម បានចុះទៅពិនិត្យតំបន់នោះកាលពីថ្ងៃច័ន្ទ ដើម្បីស៊ើបអង្កេតហេតុការណ៍បាញ់ប្រហារនោះ។ លោកវរសេនីយ៍ត្រី មាស យឿន ដែលមានវត្តមានអំឡុងហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃអាទិត្យបានថ្លែងថា លោកនិងទាហានប្រាំបួននាក់ផ្សេងទៀត ស្ថិតនៅក្នុងទឹកដីកម្ពុជា និងស្លៀកពាក់ឯកសណ្ឋានទាហានពេញលេញ នៅពេលទាហានថៃ បើកការបាញ់ប្រហារមកលើពួកគាត់នោះ។
លោកបានថ្លែងថា “ ខ្ញុំសូមបដិសេធនូវអ្វីដែលភាគីថៃបានលើកឡើងថា ពួកគេមិនបានបាញ់ មកលើទាហានកងយោធពលខេមរភូមិន្ទនោះ”។ លោកថ្លែងថា ទាហានថៃបានបាញ់មកលើក្រុមរបស់លោក ដោយក្រុមរបស់លោកមិនបានដឹងជាមុនឡើយ ហើយបានថ្លែងថា ការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ នឹងធ្វើឲ្យក្រុមទាហានកម្ពុជានៅក្នុងតំបន់នោះរឹតតែមានការប្រុងប្រយ័ត្នបន្ថែមទៀត។
លោកបានបន្ដថា “ ចាប់ពីពេលនេះតទៅយើងត្រូវតែផ្ដោតទៅលើទាហានថៃ ហើយប្រសិនបើពួកគេបាញ់មកលើយើងមុននោះ យើងត្រូវតែបាញ់តបវិញ ដើម្បីការពារខ្លួន”។ លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងពលធំលេខ៣ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុមទៅជួបមន្ដ្រីយោធាថៃ នៅព្រំដែនកាលពីថ្ងៃច័ន្ទ បានថ្លែងថា វាជាការធម្មតាទៅហើយដែលភាគីថៃបានទម្លាក់កំហុសមកលើកម្ពុជា។ លោកបានថ្លែងថា “ទាហានថៃមិនដែលសារភាពពីទង្វើរបស់ខ្លួននោះទេ។ អ្នកមានកំហុសមិនដែលសារភាពឬទទួលស្គាល់ទង្វើដែលខ្លួនបានប្រព្រឹត្តនោះទេ”។ ចំពោះការស៊ើបអង្កេតរបស់កម្ពុជាអំពីហេតុការណ៍បាញ់ប្រហារនេះ ដើម្បីកំណត់ឲ្យបានច្បាស់លាស់ ថាតើទាហានកងយោធពលខេមរភូមិន្ទ បានស្ថិតនៅក្នុងទឹកដីកម្ពុជា
មែនឬអត់នៅពេលរងការបាញ់ប្រហារនោះលោកបានថ្លែងថា ការស៊ើបអង្កេតនេះនៅមិនទាន់បានធ្វើការសន្និដ្ឋាននៅឡើយទេ។ លោកបានបន្ថែមថា ក្រុមមន្ត្រីថៃ និងកម្ពុជានឹងកោះប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់មួយទៀត ដើម្បីពិភាក្សាអំពីហេតុការណ៍បាញ់ប្រហារពលរដ្ឋកម្ពុជាកាប់ឈើខុសច្បាប់ពីសំណាក់ទាហានថៃនៅតាមព្រំដែន។ កិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់នេះនឹងជាកិច្ចប្រជុំលើកទី៣ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលប្រទេស
ទាំងពីរបានរៀបចំធ្វើឡើងដើម្បីដោះស្រាយបញ្ហាេនះ៕
ប្រែសម្រួលដោយ សុខ ស៊ីដន