ក្រុមអង្គការសិទ្ធិមនុស្ស កាលពីម្សិលមិញបានរិះគន់លទ្ធផលនៃស៊ើបអង្កេតរបស់រដ្ឋាភិបាល ចំពោះការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងលោក អិុន រតនា មន្ដ្រីកងរាជអាវុធហត្ថ ដោយអះអាងថា នៅមានចំណុចខ្វះខាតជាច្រើន ក្នុងការរកឃើញជាផ្លូវការនេះ។
គណៈកម្មការបានលើកឡើងថា កាលពីថ្ងៃសៅរ៍ គណៈកម្មការរបស់រដ្ឋាភិបាល ដែលទទួលបន្ទុកផ្នែកស៊ើបអង្កេតការបាញ់សម្លាប់នៅក្នុងខេត្តកោះកុងបានប្រកាសថា ការស៊ើបអង្កេតនេះបានបិទហើយ បន្ទាប់ពីអ្នកស៊ើបអង្កេតមួយចំនួនបានរកឃើញថា លោក រ៉ាន់ បូរ័ត្ន សន្ដិសុខរបស់ក្រុមហ៊ុនកាប់ឈើបានសម្លាប់លោក អុិន រតនា ដោយអចេតនានៅពេលលោកព្យាយាមដណ្ដើមកាំភ្លើងម៉ាកអាកា-៤៧ពីលោក អុិន រតនា ដែលបានប្រើសម្រាប់ សម្លាប់លោក ឈុត វុទ្ធី នោះ។ លោករ៉ាន់ បូរ័ត្ន ធ្វើបែបនេះ គឺដើម្បីរារាំងកុំឲ្យមានការសម្លាប់ទៀត។
ប៉ុន្ដែក្រុមអង្គការសិទ្ធិមនុស្ស ដែលបានស៊ើបអង្កេតដោយខ្លួនឯងផ្ទាល់ ចំពោះហេតុការណ៍បាញ់សម្លាប់នៅភ្នំក្រវាញនេះបានលើកឡើងថា ការរកឃើញរបស់គណៈកម្មការ គឺគួរឲ្យសង្ស័យយ៉ាងខ្លាំង ដោយសារមិនបានបង្ហាញភស្ដុតាងឲ្យបានជាក់លាក់នោះទេ។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេតរបស់អង្គការអាដហុក បានមានប្រសាសន៍ថា “ដំបូងឡើយ យើងពិបាកជឿណាស់ថា លោកអុិន រតនា ដែលធ្លាប់ធ្វើជាមន្ត្រីកងរាជអាវុធហត្ថអស់រយៈពេលប្រហែល១០ឆ្នាំមកហើយនោះ បានបាញ់សម្លាប់លោក ឈុត វុទ្ធីដោយសារតែជម្លោះពាក្យសម្ដីនោះ”។ លោក ចាន់ សុវ៉េត បានលើកឡើងថា លោកអុិន រតនា មិនដែលមានប្រវត្តិបាញ់សម្លាប់នរណាម្នាក់នោះទេ។
លោក ចាន់ សុវ៉េត បានបន្ថែមថា ក្រុមសកម្មជនការពារសិទ្ធិមនុស្សមិនបានរកឃើញភស្ដុតាងនៃការប្រទាញប្រទង់គ្នាណាមួយរវាងលោក រ៉ាន់ បូរ័ត្ន និងលោក អុិន រតនា នៅកន្លែងកើតហេតុនោះឡើយ។
លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា យោងតាមការសម្ភាសជាមួយអ្នកភូមិ ដែលស្គាល់លោក រ៉ាន់ បូរ័ត្ន បានឲ្យដឹងថា គេគឺជាសន្ដិសុខម្នាក់ ដែលមិនធ្លាប់មានអាវុធកាន់នោះទេ។
លោក សុវ៉េត បានលើកសំណួរសួរថា “ តើលោក រ៉ាន់ បូរ័ត្ន ដែលមិនធ្លាប់កាន់កាំភ្លើងហ៊ានដណ្ដើមអាវុធពីមន្ដ្រីកងរាជអាវុធ ហត្ថ ដែលមានការហ្វឹកហាត់យ៉ាងដូចម្ដេច”?
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា ការសង្ស័យចំពោះការរកឃើញរបស់រដ្ឋាភិបាល គឺជាការយល់ខុស និងជាការចោទប្រកាន់ដោយគ្មានភស្ដុតាងគ្រប់គ្រាន់។ លោក ខេង ទីតូ បានលើកឡើងថា “ ហេតុការណ៍បាញ់សម្លាប់នេះមិនមែនជារឿងស្មុគស្មាញនោះទេ។វាគឺជារឿងមួយដ៏ងាយស្រួល ហេតុដូច្នេះទើបយើងបញ្ចប់ការស៊ើប អង្កេតបានយ៉ាងឆាប់រហ័សបែបនេះ”។
លោក ខេង ទីតូ បានបន្ដថា អ្នកឃើញហេតុការណ៍បាញ់សម្លាប់មួយចំនួនបានផ្ដល់ភស្ដុតាងពីការបាញ់សម្លាប់នេះ ដូចការរៀបរាប់របស់នគរបាល។ លោក ខេង ទីតូ បានបន្ថែមថា “ប្រសិនបើសង្គមស៊ីវិលមានភស្ដុតាងបន្ថែម និងមានសាក្សីសំខាន់ៗមកបកស្រាយ អំពីហេតុការណ៍បាញ់សម្លាប់នេះ យើងរីករាយនឹងស៊ើបអង្កេតបន្ដទៀត”។
លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា គន្លឹះសំខាន់សម្រាប់ស៊ើបអង្កេតបន្ដ គួរតែសម្ភាសអ្នកមានវត្តមាននៅក្នុងហេតុការណ៍បាញ់សម្លាប់នេះបន្ថែម ហើយក៏គួរតែមានការសាកសួរ អំពីតួនាទីរបស់ក្រុមហ៊ុនកាប់ឈើធីមប៊ើ ហ្គ្រីន(Timber Green) នៅតំបន់នោះ ដែលលោក រ៉ាន់ បូរ័ត្ន បម្រើការជាសន្ដិសុខ និងកំពុងទទួលរងការចោទប្រកាន់ពីបទបាញ់សម្លាប់លោក អុិន រតនា ដោយអចេតនានោះ។
លោក រ៉ាន់ បូរ័ត្ន ដែលសុីឈ្នួលធ្វើជាសន្ដិសុខឲ្យក្រុមហ៊ុនធីមប៊ើ ហ្គ្រីន គឺជាកូនរបស់លោក ហ៊ុន រ៉ាន់ អតីតមន្ដ្រីរដ្ឋបាលព្រៃឈើខេត្តកោះកុង។ លោក ហ៊ុន រ៉ាន់ ក៏មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ដែលកូនប្រុសរបស់លោកធ្វើការនោះដែរ។
យោងតាមក្រុមអង្គការសិទ្ធិមនុស្សបានឲ្យដឹងថា ក្រុមហ៊ុនធីមប៊ើ ហ្គ្រីន ដែលតាមការរាយការណ៍ថា ទទួលបានសិទ្ធិកាប់ឈើនៅក្នុងតំបន់សម្រាប់ធ្វើជា អាងស្ដុកទឹករបស់គម្រោងវារីអគ្គិសនីរបស់ក្រុមហ៊ុនចិន ដែលបច្ចុប្បន្នកំពុងតែសាងសង់នៅក្នុងស្រុកមណ្ឌលសីមា ដែលជាកន្លែងកើតមានការបាញ់សម្លាប់។