ក្រុមមន្ត្រីអាកាសចរណ៍របស់កម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ក្នុងពេលឆាប់ៗនេះប្រទេសកម្ពុជា នឹងដាក់ជំនួសនូវប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស (ATM) តាមវិទ្យុដែលសុទ្ធតែ ជារបស់ចាស់ៗ ប្រើប្រាស់នៅតាមអាកាសយានដ្ឋានអន្ដរជាតិរបស់ខ្លួនជាមួយនឹងប្រព័ន្ធសូហ្វវែរកុំព្យូទ័របច្ចេកវិទ្យាទំនើបដើម្បីជួយបង្ហាញទិសដៅរបស់យន្ដហោះដោយប្រើផ្កាយរណប។
លោក ជា អូន អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានមានប្រសាសន៍ថា ដោយមានថវិកាចំនួន២លានដុល្លារផ្ដល់ដោយរដ្ឋាភិបាលជប៉ុន និយតករអាកាសចរណ៍នឹងដំឡើងប្រព័ន្ធ ATM តាមផ្កាយរណបថ្មី នៅអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្ដរជាតិសៀមរាប ត្រឹមឆ្នាំ២០១៥។
លោក ជាអូនបានមានប្រសាសន៍ថា “ឧបករណ៍ធម្មតាដែលយើងប្រើរាល់ថ្ងៃមិនអាចសង្ឃឹមបាន១០០ភាគរយទេ”។លោកបានពន្យល់ថាយន្ដហោះដែលធ្វើការហោះហើរ ឬចុះចតក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នស្ទង់មើលទិសដៅដោយប្រើប្រាស់សញ្ញាវិទ្យុបញ្ជូនដោយស្ថានីយនានានៅលើដីដែលត្រូវបានសាងសង់ឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងមិនមានបង្ហាញនៅលើប្រព័ន្្ធ រ៉ាដារបស់អាកាសយានដ្ឋានទាំងនោះទេ រហូតដល់យន្តហោះស្ថិតក្នុងចម្ងាយ១៥០គីឡូម៉ែត្រពីស្ថានីយទាំងនោះ។
លោកបានមានប្រសាសន៍ថាការកែលម្អអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំក្រោយ។អាកាសយាន ដ្ឋានអន្ដរជាតិសៀមរាប នឹងត្រូវចាប់ផ្ដើមកែលម្អនៅពាក់កណ្ដាលឆ្នាំ២០១៣ហើយអាកាសយានដ្ឋានអន្ដរជាតិក្រុងព្រះសីហនុ ក៏នឹងត្រូវកែលម្អផងដែរ ប្រសិនបើនៅមានថវិកាក្នុងគម្រោងនេះ។
លោកហុីរ៉ូស៊ិអុីណូហ្គូឈិ (Hiroshi Inogushi) ប្រធានគម្រោង ATM នៃទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) ដែលជាដៃគូផ្ដល់ជំនួយរបស់រដ្ឋាភិបាលជប៉ុន មានប្រសាសន៍ថាអង្គការនេះវាស់វែងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងសៀមរាបកាលពីដើមឆ្នាំនេះ ដើម្បីផ្ដល់ឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នូវទិន្នន័យកំណត់គោលដៅ និងរយៈកម្ពស់ឲ្យបានត្រឹមត្រូវដើម្បីត្រៀមខ្លួនសម្រាប់ដំឡើងប្រព័ន្ធសូហ្វវែរ ATM ថ្មីនេះដែលគេឲ្យឈ្មោះថា PANADES ត្រឹមឆ្នាំ២០១៥។
ប្រព័ន្ធសូហ្វវែរនេះនឹងធ្វើឲ្យយន្ដហោះធ្វើចរាចរណ៍តាមផ្លូវអាកាសរបស់កម្ពុជាបានកាន់តែត្រឹមត្រូវ និងធ្វើការចុះចតកាន់តែមានសុវត្ថិភាព ជាពិសេសនៅពេលមានស្ថានភាពអាកាសធាតុមិនអំណោយផល។
លោកហុីរ៉ូស៊ិអុីណូហ្គូឈិបានមានប្រសាសន៍ថាទិន្នន័យប្រមូលដោយអង្គការ JICA ដែលរួមមានការវាស់ស្ទង់កាន់តែមានភាពសុក្រិតត្រឹមត្រូវសម្រាប់រយៈទទឹង រយៈបណ្តោយនិងរយៈកម្ពស់នៃឧបសគ្គ និងនៅជិតអាកាសយានដ្ឋានទាំងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលគ្រោងនឹងចេញផ្សាយសម្រាប់ឲ្យអ្នកបើកយន្ដហោះ និងបណ្ដាក្រុមហ៊ុនអាកាសចរណ៍ប្រើប្រាស់នៅឆ្នាំខាងមុខ។
លោក ហុីរ៉ូស៊ិអុីណូហ្គូឈិដែលមកពីអង្គការ JICA បានមានប្រសាសន៍បន្ថែមទៀតថា“ អ្វីដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងធ្វើ គឺដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវក្នុងការហោះហើរ”៕
ប្រែសម្រួលដោយតែមសុខុម