កងរាជអាវុធហត្ថ បានឲ្យដឹងកាលពីម្សិលមិញថា បុរសអាយុ៣៨ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន កាលពីព្រឹកព្រលឹម ថ្ងៃសៅរ៍ បន្ទាប់ពីបានបាញ់និស្សិតម្នាក់ក្នុងចំណោមក្រុមនិស្សិតចុះវាស់វែងដីធ្លីរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចំភ្លៅខាងស្ដាំ នៅខាងក្រៅ ក្លឹបរាត្រីមួយនៅក្នុងសង្កាត់ទឹកថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ពង្ស សាវរិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងថា ជនសង្ស័យនេះ ឈ្មោះ ខូក សាវឿន ជាអង្គរក្សរបស់អ្នកជំនួញស្ដុកស្ដម្ភម្នាក់ បានបាញ់យុវជនស្ម័គ្រចិត្តឈ្មោះ សៅ ប៊ុនថេន អាយុ២១ឆ្នាំ ពេល លោក ប៊ុនថេន បានដាល់មិត្តស្រី របស់លោក សាវឿន បន្ទាប់ពី នាង បានចោទលោកថា បានរាំជាន់ជើងនាងនៅលើឆាក។
លោក សាវរិទ្ធិ បានមានប្រសាសន៍បន្តថា “ បុរសទាំងពីរនាក់នេះជាមិត្តនឹងគ្នា ប៉ុន្តែ ជម្លោះពាក្យសម្ដីនេះ បានកើតឡើងនៅពេលពួកគេទាំងពីរនាក់ស្រវឹងស្រា”។
លោកបានមានប្រសាសន៍បន្តទៀតថា លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី បានមានប្រសាសន៍ថាសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ខូក សាវឿន កាលពីល្ងាចថ្ងៃសៅរ៍ពីបទបង្កហិង្សា និងប្រើប្រាស់អាវុធខុសច្បាប់។
បច្ចុប្បន្ននេះអង្គរក្សរូបនេះ អាចនឹងប្រឈមទោសជាប់ពន្ធនាគាររយៈពេលពីប្រាំមួយឆ្នាំទៅប្រាំមួយឆ្នាំកន្លះ ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាពនោះ៕ សុខភុំ