នគរបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថាមនុស្សបីនាក់បានស្លាប់ និងមនុស្សពីរនាក់ទៀតបានរងរបួសកាលពីថ្ងៃព្រហស្បតិ៍នៅពេលរថយន្តតូយ៉ូតាកាមរីដែលដឹកឈើប្រណីតមួយគ្រឿងបានបុកជាមួយនឹងម៉ូតូមួយគ្រឿង ហើយបានរេចង្កូតទៅបុកផ្ទះលក់ដូរមួយខ្នងទៀត នៅក្នុងខេត្តក្រចេះ។
លោក ចាន់ សុគីម អធិការនគរបាលស្រុកស្នួលមានប្រសាសន៍ថា “ដោយសាររថយន្តនោះបើកលឿនពេក វាបានរេចង្កូតហើយបានបុកជាមួយនឹងម៉ូតូមួយគ្រឿងបណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នកជិះពីក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយរយន្តនោះបានក្រឡាប់ ហើយទៅបុកបុរសម្នាក់ទៀត នៅក្នុងផ្ទះលក់ដូរនៅលើចិញ្ចើមផ្លូវផ្នែកខាងស្តាំ”។
លោកបានបន្តថា អ្នកបើកបរម៉ូតូឈ្មោះ ហុង ត្រា អាយុ១៦ឆ្នាំ និងអ្នកជិះពីក្រោយឈ្មោះ យ៉ាន ស្ងួន អាយុ ១៩ឆ្នាំព្រមទាំងម្ចាស់ផ្ទះឈ្មោះ ចៃ ជួន អាយុ៦០ឆ្នាំ ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុដោយលោកបន្ថែមថា រីឯអ្នកបើករថយន្ត និងអ្នករួមដំណើរក៏បានរងរបួសក្នុងឧបទ្ទវហេតុនោះផងដែរ។
លោកមានប្រសាសន៍បន្តទៀតថា “អ្នកបើកបររថយន្ត និងអ្នករួមដំណើរបានរងរបួសដោយសារឈើក្នុងរថយន្តទង្គិច។ពួកគេត្រូវឈើបុកត្រូវចំជើង និងដៃ ហើយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម”។
លោក សុគីម បានបន្ថែមថា ទាំងរថយន្តនិងឈើប្រណីតត្រូវបាននគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួលដើម្បីរង់ចាំការដោះស្រាយ៕ប្រែសម្រួលដោយ ឃិន ណៃ