យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានឲ្យដឹងថា ប្រទេសថៃ បានគំរាមជាថ្មីម្ដងទៀតថានឹងដើរចេញពីកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ប្រសិនបើប្រទេសកម្ពុជាលើកយកផែនការគ្រប់គ្រងប្រាសាទព្រះវិហារមកពិភាក្សាក្នុងកិច្ចប្រជុំ ដែលគ្រោងធ្វើឡើងក្នុងរាជធានីភ្នំពេញនៅចុងឆ្នាំនេះ។
បន្ទាប់ពីបរាជ័យនៅក្នុងការរារាំងប្រទេសកម្ពុជាមិនឲ្យចុះបញ្ជីប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨រួចមកគណៈប្រតិភូថៃប្រចាំគណៈកម្មាធិការនេះ បានអុកឡុកកិច្ចប្រជុំកាលពីឆ្នាំ២០១០ នាក្រុងប៉ារីស ប្រទេសបារាំង នៅពេលផែនការគ្រប់គ្រងនេះត្រូវបានអនុម័ត។
ប្រទេសថៃ មានចេតនាមិនចង់ឲ្យ មានការពិភាក្សាគ្នា ស្តីពីផែនការនេះទេ មុនពេលមិនទាន់មានការដោះស្រាយច្បាស់លាស់ អំពីវិវាទជាមួយនឹងប្រទេសកម្ពុជានៅតាមតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ ដែលជាកន្លែងមានការប្រយុទ្ធគ្នា និងបណ្ដាលឲ្យមានមនុស្សស្លាប់ ចាប់តាំងពីការចុះបញ្ជីប្រាសាទព្រះវិហារ។
កាសែតបាងកក ប៉ុស្ដិ៍បានរាយការណ៍កាលពីម្សិលមិញថា គណៈកម្មាធិការការពារធនធានធម្មជាតិ និងបរិស្ថានថៃ បានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសមួយថា ប្រទេសថៃនឹងដើរចេញពីកិច្ចប្រជុំម្ដងទៀត ប្រសិនបើផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា ត្រូវបានដាក់ចូលក្នុងរបៀបវារៈរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកម្តងទៀត នៅក្នុងកិច្ចប្រជុំនាថ្ងៃទី១៦ខែមិថុនា។
លោក ចូត ត្រាចូ (Chote Trachoo) អគ្គលេខាធិការរបស់គណៈកម្មាធិការទទួលបន្ទុកការពារបរិស្ថាន ដែលត្រូវកាសែតដកស្រង់សម្តី បាននិយាយថា “ យើងបានបើកកិច្ចប្រជុំនេះ ដើម្បីផ្ញើសារទៅកម្ពុជា” ។
លោក ផាកឌី ធូឆាយូត (Pakdi Touchayoot) ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា លោកមិនបានដឹងអំពីសេចក្ដីរាយការណ៍ព័ត៌មាន ឬអំពីគម្រោងរបស់ប្រទេសថៃ ដើម្បីដើរចេញពីកិច្ចប្រជុំនោះទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ មិនអាចទាក់ទងបានទេ។ លោក ជុច ភឿន ប្រធានអាជ្ញាធរជាតិប្រាសាទព្រះវិហារ បានមានប្រសាសន៍ថា ការដើរចេញពីកិច្ចប្រជុំរបស់ ប្រទេសថៃ នឹងមិនទទួលបានអ្វីនោះទេ។
លោកបានមានប្រសាសន៍ថា “ ការដើរចេញ នឹងវាជាការអត់ប្រយោជន៍។ ពួកគេគ្រាន់តែជាភាគីម្ខាងប៉ុណ្ណោះ ប៉ុន្តែ ផែនការនេះត្រូវបានទទួលយករួចហើយចាប់តាំងពីកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាក្រុងប៉ារីស ម៉្លេះ។ ផែនការនេះមិនចាំបាច់ពិនិត្យឡើងវិញនោះទេ ពីព្រោះផែនការនេះ ត្រូវបានទទួលយករួចហើយ។ វាយឺតពេលហើយសម្រាប់គណៈប្រតិភូថៃ” ។
លោក ជុច ភឿន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំនៅឆ្នាំនេះ មិនមានចេតនាលើកឡើងពីផែនការគ្រប់គ្រងប្រាសាទព្រះវិហារនោះទេ។ ទោះបីជាប្រទេសថៃ បានទទួលស្គាល់ថា ប្រាសាទព្រះវិហារនេះជារបស់ប្រទេសកម្ពុជា បន្ទាប់ពីសេចក្ដីសម្រេចនាឆ្នាំ១៩៦២របស់តុលាការយុត្តិធម៌អន្តរជាតិក៏ដោយ ក៏ប្រទេសថៃនៅតែតវ៉ាអំពីដីទំហំ៤,៦គីឡូម៉ែត្រក្រឡានៅជុំវិញប្រាសាទ ។ ប្រទេសថៃ និងកម្ពុជានឹងចូលរួមស្តាប់ការបកស្រាយក្នុងសវនាការរយៈពេលបួនថ្ងៃរបស់តុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី១៥ខែមេសា អំពីភាពជាម្ចាស់លើដីក្នុងតំបន់នេះ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ