សកម្មជនអ្នកការពារព្រៃឈើម្នាក់ក្នុងសហគមន៍មកពីខេត្តក្រចេះ ដែលបានល្បាតនៅក្នុងព្រៃនៅក្នុងឃុំឃ្សឹមក្នុងស្រុកស្នួលចាប់តាំងពីថ្ងៃទី១៥ខែមីនា ដើម្បីស្វែងរកអ្នកកាប់ឈើខុសច្បាប់នោះ បាននិយាយកាលពីថ្ងៃសុក្រថា ពួកគាត់បានរកឃើញឈើប្រណីតចំនួនប្រាំពីរម៉ែត្រគូបលាក់ទុកនៅក្នុងព្រៃ។
អ្នកស្រី មុំ សុគីម តំណាង សកម្មជនការពារព្រៃឈើក្នុងតំបន់នោះដែលហៅថា សហគមន៍សម្រាប់កសាងសន្តិភាពបាននិយាយថា សមាជិកសមាគមចំនួន៧០នាក់បានចូលរួមក្នុងការដើរល្បាតនេះបានរកឃើញការកាប់រានព្រៃមួយកន្លែងនៅក្នុងព្រៃនេះកាលពីថ្ងៃព្រហស្បតិ៍ ដែលមានឈើធ្នង់ប្រហែលចំនួន១៤កំណាត់។
ប្រជាសហគមន៍បានរាយការណ៍អំពីការរកឃើញឈើនេះទៅរដ្ឋបាលព្រៃឈើក្នុងតំបន់នោះដែរ ប៉ុន្តែមន្ត្រីទាំងនោះបានប្រាប់ថា ខ្លួនកំពុងជាប់រវល់នៅកន្លែងផ្សេង។ អ្នកស្រី សុគីម និយាយបន្តថា “ នៅម៉ោង៣រសៀល យើងបានដុតឈើដែលបានរឹបអូសទាំងនោះចោល ដោយសារមិនមានមន្រ្តីរដ្ឋបាលព្រៃឈើណាម្នាក់មកអន្តរាគមន៍ដោយពួកគេជាប់រវល់ក្នុងពិធីដាំកូនឈើ”។
លោក ទូច ម៉ានី នាយខណ្ឌរដ្ឋបាលព្រៃឈើ ក្នុងស្រុកឆ្លូងខេត្តក្រចេះ បានបញ្ជាក់ថា មន្រ្តីរបស់លោកបានដឹងអំពីការរកឃើញឈើរបស់ក្រុមល្បាតនេះ ប៉ុន្តែមិនអាចធ្វើដំណើរទៅទីនោះបានទេដោយសារជាប់រវល់នៅកន្លែងផ្សេង។ ដោយធុញថប់នឹងការកាប់ឈើខុសច្បាប់ដ៏រាលដាលនៅក្នុងតំបន់របស់ពួកគាត់ ពួកអ្នកភូមិនៅតំបន់នោះដូចជានៅសហគមន៍កសាងសន្តិភាព និងបណ្ដាញការងារព្រៃឡង់បានចាប់ផ្ដើមល្បាតដោយខ្លួនឯងផ្ទាល់នៅក្នុងព្រៃនៅប្រទេសកម្ពុជាក្នុងពេលថ្មីៗនេះ៕
ប្រែសម្រួលដោយ ឃិន ណ