ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃនេះ អ្នកចូលរួមក្នុងសន្និសីទប្រចាំឆ្នាំរបស់ធនាគារពិភពលោកស្តីពីបញ្ហាដីធ្លី និងភាពក្រីក្រនឹងបានស្តាប់ការរៀបរាប់ដ៏គួរឲ្យចាប់អារម្មណ៍អំពីគម្រោងប្រកបដោយមហិច្ឆតារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីថ្មីជូនប្រជាពលរដ្ឋកម្ពុជា ជិតកន្លះលាននាក់ឲ្យទាន់ពេលរៀបចំការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនាខែកក្កដា។
ប៉ុន្តែនៅក្នុងភូមិដាច់ស្រយាលតូចមួយក្នុងខេត្តកំពង់ឆ្នាំង ប្រជាកសិករក្នុងមូលដ្ឋានស្ថិតក្នុងចំណោមសហគមន៍កាន់តែមានចំនួនកើនឡើង ដែលព្រួយបារម្ភថា គម្រោងនេះកំពុងបោកប្រាសដណ្តើមសិទ្ធិទទួលបានដីធ្លីរបស់ពួកគេ។
យោងតាមអ្នកភូមិ និងមន្ត្រីក្នុងស្រុករលាប្អៀរបានឲ្យដឹងថា អ្នកស្ទាបស្ទង់មតិពីរក្រុមដាច់ដោយឡែកពីគ្នាបានទៅដល់ភូមិក្រាំងលាវ កាលពីដើមខែនេះ ដើម្បីវាស់វែងដីស្រែទំហំ៤៥ហិកតាដដែលនេះ ដែលប្រជាពលរដ្ឋចំនួន៧៦គ្រួសារកំពុងប្រើប្រាស់សម្រាប់បង្កបង្កើនផល។
ក្រុមដំបូងរបស់មន្ត្រីសុរិយោដីខេត្តបានទៅដល់កន្លែនោះកាលពីថ្ងៃទី២ និងថ្ងៃទី៣ខែមេសា ដើម្បីវាស់វែងដីធ្លីជួសមុខឲ្យគ្រួសារ
ទាំងនោះ។
នៅថ្ងៃបន្ទាប់ មន្ត្រីសុរិយោដីមួយក្រុមទៀតបានទៅដល់ទីនោះជាមួយក្រុមនិស្សិតស្ម័គ្រចិត្ត ដែលជាអ្នកអនុវត្តគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីវាស់វែងដីធ្លីជួសមុខឲ្យលោក មូល អេងលី ពាណិជ្ជករក្នុងមូលដ្ឋានម្នាក់ ដែលអ្នកភូមិចោទប្រកាន់ថាបានព្យាយាមលួចយកដីនោះ។
អ្នកភូមិនិយាយថា ក្រុមនិស្សិតស្ម័គ្រចិត្តបានវាស់វែងដីឲ្យលោក មូល អេងលី ថ្វីបើតុលាការកំពូលបានចេញសាលដីកាសម្រេចប្រគល់ដីនោះឲ្យទៅអ្នកភូមិកាលពីខែវិច្ឆិកាឆ្នាំ២០១០ក៏ដោយ។
អ្នកស្រី សោម យ៉ូត តំណាងឲ្យប្រជាពលរដ្ឋចំនួន៧៦គ្រួសារនេះ និយាយថា កសិករទាំងនេះព្រួយបារម្ភខ្លាចក្រុមនិស្សិតស្ម័គ្រចិត្ត និងមន្ត្រីសុរិយោដីនេះកំពុងរៀបចំផ្តល់ដីធ្លីឲ្យទៅលោក មូល អេងលី។
អ្នកស្រីនិយាយថា “ វាគួរឲ្យអស់សំណើចណាស់ ដែលប្រជាពលរដ្ឋក្រីក្រទាំងនេះ សូម្បីតែយើងឈ្នះក្តីក្តាំនៅតុលាការហើយ នៅតែប្រឈមនឹងគ្រោះថ្នាក់ត្រូវអ្នកមានម្នាក់ចាប់យកដីធ្លីរបស់ពួកគាត់ ដោយសារគាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយនិស្សិតស្ម័គ្រចិត្តទាំងនោះ”។
លោក ឌួង ចន្ត្រា មន្ត្រីក្រុមប្រឹក្សាខេត្ត ដែលបានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងដល់កន្លែងនោះ កាលពីម្សិលមិញ បានអះអាងថា សាលដីកាឆ្នាំ២០១០របស់តុលាការកំពូល បានប្រគល់ដីនោះឲ្យទៅអ្នកភូមិទាំងនេះ ហើយបានមានប្រសាសន៍ថា ក្រុមនិស្សិតស្ម័គ្រចិត្តទាំងនេះមិនគួរមកវាស់វែងដីនេះឲ្យលោក មូល អេងលី នោះទេ។
លោកបានមានប្រសាសន៍ថា “ អាជ្ញាធរមូលដ្ឋានមិនគួរធ្វើរឿងនេះតាមរយៈការសហការជាមួយនិស្សិតស្ម័គ្រចិត្ត ដើម្បីវាស់វែងដីនេះ សម្រាប់ទុកឲ្យពាណិជ្ជកររូបនេះទេ ពីព្រោះអ្នកភូមិទាំងនោះពិតជាមានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងលើដីនោះ។អាជ្ញាធរមូលដ្ឋានគួរតែគោរពសាលដីកាស្ថាពររបស់តុលាការកំពូល”។
លោក ឌួង ចន្ត្រា មានប្រសាសន៍ថា លោកនឹងលើកយកករណីរបស់អ្នកភូមិទាំងនេះទៅដោះស្រាយ ជាមួយរដ្ឋាភិបាលថ្នាក់ជាតិ។លោក កែវ រិន មេឃុំក្រាំងលាវបានមានប្រសាសន៍ថា ការរៀបរាប់របស់អ្នកភូមិអំពីក្រុមវាស់វែងដីធ្លីពីរក្រុមដាច់ដោយឡែកពីគ្នា ដែលបានចុះទៅដល់តំបន់នោះ ប៉ុន្តែលោកបានមិនកាន់ជើងខាងណាទេ ហើយមានប្រសាសន៍ថា មិនយូរប៉ុន្មានសហគមន៍នេះនឹងមានការបិទផ្សាយជាសាធារណៈរយៈពេលបីថ្ងៃ អំពីដី ដែលត្រូវបានវាស់វែងកំណត់ព្រំប្រទល់រួច ហើយអំឡុងពេលនោះភាគីនីមួយៗអាចដាក់ពាក្យបណ្តឹងប្តឹងទាស់បាន។
លោក មូល អេងលី មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ នៅក្នុងរបាយការណ៍របស់ខ្លួនប្រាប់ទៅអង្គសន្និសីទរបស់ធនាគារពិភពលោកក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក ហ្វ្រាន វ៉ូលឃើ មូល័រ (Franz-Volker Muller) ប្រធានក្រុមកម្មវិធីិសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា របស់ទីភ្នាក់ងារផ្តល់ជំនួយអាល្លឺម៉ង់ ជីអាយហ្សេត(GIZ) បានចាត់ទុកគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់លោក ហ៊ុន សែន ថា ជា “ ជំហានដ៏ធំ” មួយឆ្ពោះទៅការទទួលស្គាល់សិទ្ធិមនុស្សរបស់ប្រជាជនងាយរងគ្រោះមួយចំនួនក្នុងប្រទេសកម្ពុជា។ជាលើកទី១ លោកមាន
ប្រសាសន៍ថា ប្រជាពលរដ្ឋរាប់សែនគ្រួសាររហូតមកទល់នឹងពេលបច្ចុប្បន្ននេះកំពុង
រស់នៅលើដីរដ្ឋ ដែលពួកគេគ្មានសិទ្ធិស្របច្បាប់ពេញលេញ ដើម្បីធ្វើជាម្ចាស់កម្មសិទ្ធិលើផ្ទះរបស់ពួកគេ។
ទោះបីជាបណ្តាអង្គការសិទ្ធិមនុស្សបានបន្ទោសគម្រោងរបស់លោកនាយករដ្ឋមន្ត្រី ដោយសារការព្រងើយកន្តើយចំពោះប្រជាពលរដ្ឋ ដែលប្រឈមនឹងហានិភ័យធំបំផុតនៃការបាត់បង់ផ្ទះសំបែងរបស់ពួកគាត់ និងអ្នកដែលត្រូវការប័ណ្ណកម្មសិទ្ធិដីធ្លីច្រើនបំផុត នោះ គឺក្រុមគ្រួសារ ដែលនាពេលបច្ចុប្បន្ននេះកំពុងជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីជាមួយម្ចាស់ដីសម្បទានដ៏មានខ្នងក្រាស់ ដែលរដ្ឋា ភិបាល បាន ផ្តល់ជាដីនោះ ក៏ដូចជាក្រុមគ្រួសាររស់នៅតាមតំបន់ជាយក្រុង និងជនជាតិដើមភាគតិចផងដែរ។
កាលពីខែមិថុនា លោក ហ៊ុន សែន បានបញ្ជូនក្រុមនិស្សិតដំបូងមានគ្នារាប់រយនាក់ឲ្យចុះទៅអនុវត្តគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់លោក។ ប៉ុន្តែលោក ចាន់ សុវ៉េត អនុប្រធានកម្មវិធីដីធ្លីរបស់អង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា សហគមន៍នានាកាន់តែខកចិត្តឡើងៗចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ចាប់តាំងពីនិស្សិតស្ម័គ្រចិត្តក្រុមទី២ បានចេញដំណើរទៅទូទាំងប្រទេស
កាលពីខែមករា។
លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា “ សរុបមក នៅពេលរដ្ឋាភិបាលបានប្រកាសជាលើកដំបូងអំពីគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីតាមរយៈការបញ្ជូននិស្សិតស្ម័គ្រចិត្តឲ្យជួយវាស់វែងដីធ្លីដើម្បីផ្តលប័ណ្ណកម្មសិទ្ធិពេលនោះប្រជាពលរដ្ឋសប្បាយរីករាយណាស់។និស្សិតស្ម័គ្រចិត្តទាំងនោះមានឥទ្ធិពលខ្លាំងណាស់ ដោយសារតែពួកគេវាស់វែងដីធ្លី ដែលគ្រួសារទាំងនោះធ្លាប់បានបង្កបង្កើនផល ដោយគ្មានការជ្រៀតជ្រែកពីអាជ្ញាធរមូលដ្ឋាន និងពីម្ចាស់ដីសម្បទានឡើយ”។
លោកបានមានប្រសាសន៍បន្តទៀតថា “ ក្នុងជំហានទី២ និស្សិតស្ម័គ្រចិត្តក្រុមថ្មីនេះគ្រាន់តែធ្វើការតាមបញ្ជារបស់អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនឯកជនប៉ុណ្ណោះ។ និស្សិតស្ម័គ្រចិត្តក្រុមថ្មី បញ្ជូនទៅក្នុងដំណាក់កាលទី២ ក្នុងគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ មិនហ៊ានវាស់វែងដីទេ ទោះបីជាប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្លាប់បានកាន់កាប់បង្កបង្កើនផលលើដីនោះក៏ដោយ នៅពេលមានការប្រឆាំងជំទាស់ពីអាជ្ញាធរមូលដ្ឋាន ឬការជំទាស់ពីក្រុមហ៊ុន”៕
ប្រែសម្រួលដោយ តែម សុខុម