កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកគ្រោងយកជ័យជម្នះលើការបោះឆ្នោតជាតិយ៉ាងហោចណាស់បីអាណត្តិទៀត មុនពេលចុះចេញពីតំណែងនៅអាយុ៧៤ឆ្នាំ។
នៅពេលថ្លែងសុន្ទរកថាទៅកាន់អ្នកភូមិប្រហែល៨.០០០នាក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៤៤ ក្រោមគម្រោងដែលមានទឹកប្រាក់៨០លានដុល្លារជាមូលនិធិកម្ចីពីចិននោះ លោក ហ៊ុន សែន បានច្រានចោលការរិះគន់ដល់ការកាន់តំណែងយូររបស់លោកនៅក្នុងប្រទេសកម្ពុជាតាំងពីលោកបានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៨៥មកនោះ។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ដែលពេលនេះមានអាយុ៦១ឆ្នាំហើយនោះ បានថ្លែងថា លោកនឹងបន្ថយអាយុចូលនិវត្តរបស់លោកពី៩០ឆ្នាំ ដែលលោកបានប្រកាសកាលពីលើកមុន។
លោកមានប្រសាសន៍ថា “ ខ្ញុំកាន់តំណែងយូរដូច្នេះ ពីព្រោះខ្ញុំចាប់ផ្ដើមពីខ្ញុំនៅក្មេង។ តើមានបញ្ហាអ្វីពាក់ព័ន្ធនឹងការធ្វើការយូរដូច្នេះ?វាអាស្រ័យលើប្រជាពលរដ្ឋដែលបោះឆ្នោតឲ្យខ្ញុំទេតើ។ ប្រសិនបើពួកគាត់មិនបោះឆ្នោតឲ្យខ្ញុំ តើខ្្ញុំនៅយ៉ាងម៉េចកើត?”។
លោកបានប្រៀបធៀបការកាន់អំណាចរបស់សម្ពន្ធគណបក្ស Barisan Nasional ម៉ាឡេស៊ី ដែលបានជាប់ឆ្នោតម្តងទៀតកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការកាន់អំណាចដោយគ្មានឈប់អស់រយៈពេល៥៦ឆ្នាំ ទោះបីជាដំណើរការបោះឆ្នោតមិនប្រក្រតីក៏ដោយ។
លោកបានមានប្រសាសន៍ថា “ រឿងនេះគឺស្រដៀងគ្នា ពោលគឺ [គណបក្សប្រឆំាង]ទាមទារឲ្យមានការផ្លាស់ប្ដូរ ប៉ុន្ដែប្រជាជនម៉ាឡេស៊ីមិនចង់មានការផា្លស់ប្ដូរទេ បន្ទាប់ពីពួកគេបានកាន់អំណាចអស់៥៦ឆ្នាំ”។
លោកបានថ្លែងថា “ បញ្ហារបស់ពួកគេគឺស្រដៀងគ្នានឹង [គណបក្សប្រឆាំង] នៅក្នុងប្រទេសកម្ពុជាដែរ។ ពួកគេចោទប្រកាន់អំពីបញ្ហាពុករលួយ ពួកគេចោទថា បរទេសបោះឆ្នោត… និងទីបំផុតពួកគេចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត [ម៉ាឡេស៊ី]ថា បានបន្លំបញ្ជីឈ្មោះបោះឆ្នោត និងមានអ្នកបោះឆ្នោតខ្មោច គឺមានការចោទប្រកាន់អំពីអ្នកបោះឆ្នោតខ្មោចស្រដៀងគ្នា ដូចនៅកម្ពុជាដែរ”។
មុនពេលបោះឆ្នោតជាតិក្នុងខែកក្កដា គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងបានអំបាវនាវឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលពួកគេនិយាយថា លម្អៀងទៅរកគណបក្សកាន់អំណាច។
លោកបានថ្លែងថា “ នៅទីនេះ ពួកគេចោទយើង [គណបក្សប្រជាជនកម្ពុជា]ថា កាន់អំណាចយូរពេក ប៉ុន្ដែនៅម៉ាឡេស៊ី ពួកគេកាន់អំណាចអស់រយៈពេល៥៦ឆ្នាំមកហើយ ហើយអាណត្តិនេះប្រាំឆ្នាំទៀត”។
បន្ទាប់ពីបានគូសបញ្ជាក់ថា លោក វេន ជាប៉ាវ (Wen Jiabao)អតីតនាយករដ្ឋមន្ត្រីចិនបានកាន់អំណាចរហូតដល់អាយុ៧៤ឆ្នាំ ហើយលោក ផាន វ៉ាន់ខៃ (Phan Van Khai) អតីតនាយករដ្ឋមន្ត្រីវៀតណាមអាយុ៧៦ឆ្នាំទើបចុះពីតំណែងនោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា“ ពេលនេះខ្ញុំសូមប្រកាសថា ខ្ញុំក៏ទទួលយកដែរ”។
លោកបានមានប្រសាសន៍បន្ដថា “ ដូច្នេះ ខ្ញុំត្រូវរង់ចាំរហូតដល់ខ្ញុំអាយុ៧៤ឆ្នាំ ទើបខ្ញុំលាលែងពីតំណែង”។លោកបន្តថា “ ក្នុងឆ្នាំ២០២៣ ខ្ញុំទើបតែមានអាយុ៧១ឆ្នាំប៉ុណ្ណោះដូច្នេះ ខ្ញុំត្រូវរង់ចាំ…ជាង១០ឆ្នាំទៀត”។
លោក ហ៊ុន សែន ក៏បានឆ្លៀតឱកាសនេះចំអកដល់គណបក្សប្រឆាំងដែលបានពន្យារពេលចុះឈ្មោះចូលរួមបោះឆ្នោត ដើម្បីទាមទារឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមុន ទើបខ្លួនចុះឈ្មោះ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានទទួលព័ត៌មានថា គណបក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយការបញ្ចូលរវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនាពេលថ្មីៗនេះ បានបែកបាក់ផ្ទៃក្នុងថា តើត្រូវដាក់បេក្ខជនណានៅក្នុងខេត្តកំពង់ធំ សៀមរាប តាកែវ និងខេត្តកំពង់ស្ពឺ។
លោកបានមានប្រសាសន៍ថា “ សូមអស់លោកកុំលាក់អី។អស់លោកមិនទាន់ព្រមព្រៀងគ្នាលើបេក្ខជនតំណាងរាស្ត្រនៅឡើយទេ។អស់លោកក៏មិនទាន់ព្រមព្រៀងផ្ទៃក្នុងនៅឡើយទេ។អស់លោកនិយាយថា អស់លោកត្រូវការពេលវេលា ដើម្បីតវ៉ាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីឈ្មោះបោះឆ្នោត។ កំុខ្មាសអៀនអី”។
លោកបានបន្ថែមថា “ ប្រសិនបើអស់លោកមិនចុះឈ្មោះទេ យើងនឹងមានគណបក្សតិចចូលរួមការបោះឆ្នោតនេះ។ ហើយប្រសិនបើអស់លោកមិនចូលរួមបោះឆ្នោតនេះទេ គណបក្សបួនផ្សេងទៀតនឹងសប្បាយចិត្ត ព្រោះពួកគេនឹងបានសន្លឹកឆ្នោតច្រើន”។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថា គណបក្សប្រឆាំងនឹងចុះឈ្មោះឲ្យទាន់ពេល និងបានច្រានចោលនូវការលើកឡើងអំពីការបែកបាក់ផ្ទៃក្នុង។
លោកបានបន្ដថា “ យើងគ្រាន់តែរង់ចាំរហូតដល់គណបក្សប្រជាជនកម្ពុជាចុះបញ្ជីខ្លួនរួចសិន ដើម្បីឲ្យយើងអាចឃើញបេក្ខជនរបស់ពួកគេ ទើបយើងដាក់បេក្ខជនរបស់យើងដើម្បីប្រកួតប្រជែងជាមួយពួកគេ។ យើងនឹងចុះឈ្មោះបន្ទាប់ពីថ្ងៃទី១០ ខែឧសភា” ។លោកបានបន្ដថា “ លោក សម រង្ស៊ី” ប្រធានគណបក្សសង្គ្រោះជាតិ “ និងខ្ញុំបានព្រមព្រៀងគ្នារួចហើយ អំពីបញ្ជីឈ្មោះបេក្ខជន”។
លោក កឹម សុខា មានប្រសាសន៍ផងដែរថា លោក ហ៊ុន សែន “ ញៀននឹងអំណាច” ដោយបានប្រកាសថា លោកនឹងមិនចុះពីតំណែងទេរហូតដល់លោកមានអាយុ៧៤ឆ្នាំ។
លោកបានបន្ដថា“ នេះគឺមិនដូចប្រទេសដទៃនោះទេ។ គាត់កាន់អំណាចជាង៣៤ឆ្នាំហើយ ហើយពេលនេះគាត់ចង់បន្ដរហូតគាត់អាយុ៧៤ឆ្នាំទៀត។ សូម្បីតែប្រទេសកុម្មុយនីស្ត ដូចជាប្រទេសចិន និងប្រទេសវៀតណាមក៏ប្ដូរមេដឹកនាំរបស់ខ្លួន១០ឆ្នាំម្ដងដែរ ទោះបីជាគណបក្សកាន់អំណាចមិនផ្លាស់ប្ដូរក៏ដោយ”។លោកបន្ថែមថា គណបក្សសង្គ្រោះជាតិនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ដើម្បីកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា