កាលពីថ្ងៃសៅរ៍នគរបាលនៅខេត្តកំពង់ធំបានចាប់ខ្លួនបុរសម្នាក់ ដែលជាប់ចោទពីបទចាប់ពង្រត់ និងរំលោភក្មេងស្រីអាយុ៧ឆ្នាំនៅក្នុងក្រុងស្ទឹង សែន។
យោងតាមលោក កង សុន នាយប៉ុស្ដិ៍នគរបាលឃុំស្រយ៉ូវ បានឲ្យដឹងថា ឈ្មោះសន ប៉េ អាយុ២២ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីក្រុមគ្រួសាររបស់ក្មេងស្រីនេះ បានប្តឹងនគរបាលថា ជនល្មើសនេះ បានលួចចូលក្នុងផ្ទះរបស់ពួកគាត់ ដែលក្មេងស្រីនេះ កំពុងតែដេកជាមួយនឹងជីដូនរបស់នាង និងបងប្អូនស្រីរបស់នាងនៅម៉ោងប្រហែល៨យប់ និងបានយកភួយរុំនាង និងពង្រត់នាងចេញពីផ្ទះ។ បន្ទាប់មក បានចាប់នាងរំលោភនៅក្នុងវាលស្រែ។
លោក កង សុន បានមានប្រសាសន៍ថា “ ជនសង្ស័យនេះ បានចាប់នាងចេញពីផ្ទះ ពេលនាងកំពុងដេកលក់ ហើយកំពុងទទូរភួយ។ ជីដូនរបស់នាង បានឃើញជនសង្ស័យនេះបីនាងចេញទៅក្រៅ និងព្យាយាមដណ្ដើមយកនាងមកវិញ ប៉ុន្តែ ជនសង្ស័យនេះ បានរត់ចេញពីផ្ទះបាត់ទៅ”។
លោក កង សុន បានមានប្រសាសន៍ ថា បន្ទាប់ពីគ្រួសារបានរាយការណ៍ឲ្យដឹងថា នាងត្រូវបានគេចាប់ពង្រត់រួចមក នគរបាល បានចាប់ផ្ដើម ឆែកពីផ្ទះមួយទៅផ្ទះមួយនៅភូមិរកា ដើម្បីស្វែងរកមុខជនល្មើស ។
គ្រួសាររបស់ឈ្មោះ សន ប៉េ ដែលជាអ្នកជិតខាងរបស់ជនរងគ្រោះនេះបាននិយាយប្រាប់នគរបាលថា ជននេះ បានចេញពីផ្ទះយូរហើយ។ បន្ទាប់មកនគរបាល បានឃ្លាំមើលនៅខាងក្រៅផ្ទះជនរងគ្រោះ និងផ្ទះរបស់ជនសង្ស័យ ដែលរយៈពេលពីរម៉ោងក្រោយមក ទើបនគរបាលឃើញ ជនសង្ស័យនេះ ទុកនាងចោលនៅក្បែរគុម្ពឫស្សីមួយកន្លែង មានចម្ងាយប្រហែល៣០ម៉ែត្រពីផ្ទះរបស់នាង រួចត្រឡប់ទៅផ្ទះខ្លួនវិញ។
លោក កង សុន បានមានប្រសាសន៍ថា អំឡុងពេលសាកសួរ ជនរងគ្រោះនេះបាននិយាយប្រាប់នគរបាលថា នាងបានស្គាល់ សន ប៉េ ថា អ្នកបានរំលោភនាង ហើយនាងបាននិយាយថា ជនល្មើសនេះ បានព្រមាននាងថា ខ្លួននឹងសម្លាប់នាង ប្រសិនបើនាងស្រែកហៅឲ្យគេជួយ។ លោក មានប្រសាសន៍បន្ថែមថា ជនសង្ស័យនេះ បានបដិសេធថាមិនបានចាប់នាងរំលោភទេ។
លោក កង សុន បានមានប្រសាសន៍ថា “ យើងបានបញ្ជូនជនរងគ្រោះនេះទៅមន្ទីរពេទ្យនៅយប់នោះ ពីព្រោះនាងមានការភ័យខ្លាច និងឈឺចាប់”។ លោកមានប្រសាសន៍បន្ថែមថា ឪពុកម្ដាយរបស់នាង ដែលមិនបាននៅផ្ទះនៅពេលជននេះចាប់ពង្រត់ និងរំលោភកូនរបស់ខ្លួននោះ ដោយទៅធ្វើការជាកម្មករនៅខេត្តកំពង់ចាម ។
លោក ជា ពឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ មានប្រសាសន៍ថា ទោះបីជាជនសង្ស័យ មិនបានសារភាពថា បានប្រព្រឹត្តបទល្មើសក៏ដោយ ក៏មានភ័ស្ដុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ជនល្មើសនេះបានដែរ។
លោកបានមានប្រសាសន៍ថា “ យើងបានសាកសួរក្មេងស្រីនេះ ហើយនាងស្គាល់មុខជនសង្ស័យនេះ ពីព្រោះអ្នកទាំងពីររស់នៅក្នុងភូមិតែមួយ”។
លោក ជា ពឿន បន្ថែមថា ជនរងគ្រោះនឹងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរហូតដល់នាងជាសះស្បើយពីជំងឺផ្លួវចិត្តនេះ។ លោកបានបន្ដថា ចំណែកជនសង្ស័យកំពុងត្រូវឃំុខ្លួននៅក្នុងពន្ធនាគារខេត្ត ហើយនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
លោក ឈួម រុន មន្ត្រីអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកំពង់ធំបានមានប្រសាសន៍ថា នេះជាករណីចាប់រំលោភក្មេងស្រីលើកទី២នៅក្នុងខេត្តកំពង់ធំនាឆ្នាំនេះ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ