មន្ត្រីនគរបាល បានឲ្យដឹងកាលពីម្សិល មិញថា នគរបាលខេត្តស្វាយរៀង បានចាប់ ខ្លួនជនសង្ស័យពីរនាក់កាលពីថ្ងៃសៅរ៍ នៅក្នុងការពាក់ព័ន្ធនឹងការធ្វើគតព្រះសង្ឃព្រះជន្ម៧៨វស្សាមួយអង្គ និងការសម្លាប់គ្រូបង្រៀនអាយុ២៤ឆ្នាំម្នាក់នៅក្រុងបាវិត។
លោក កៅ ហន អធិការរងនគរបាលក្រុងបាវិត មានប្រសាសន៍ថា សពព្រះតេជគុណកែវ ប៉ូច ព្រះចៅអធិការវត្តថ្នាញ់ នៅសង្កាត់បាទីត្រូវបានប្រទះឃើញនៅលើគ្រែរបស់ព្រះអង្គ កាលពីថ្ងៃសុក្រ រីឯសពរបស់ សំ វុទ្ធីត្រូវបានគេយកទៅទុកចោលក្នុងបឹងមួយចម្ងាយប្រហែល២គីឡូម៉ែត្រពីវត្តនេះ។ លោក កែវ ហន បានមានប្រសាសន៍ថា“ ខ្ញុំមានជំនឿថា គោលបំណងរបស់ជនល្មើសទាំងនេះគឺសម្លាប់លោកគ្រូ ដើម្បីយកកុំព្យូទ័រយួរដៃមួយគ្រឿង និងម៉ូតូមួយគ្រឿងរបស់លោកគ្រូតែប៉ុណ្ណោះ។ខ្ញុំគិតថា ព្រះសង្ឃអង្គនេះ ដែលត្រូវបានគេធ្វើគតដោយសារព្រះអង្គបានឃើញហេតុការណ៍សម្លាប់លោកគ្រូនេះ”។
ព្រះតេជគុណ កែវ ប៉ូច ត្រូវបានវាយនឹងដំបងរហូតដល់សុគត រីឯសាកសពលោកគ្រូនេះត្រូវបានគេចងនឹងដំថ្មធំមួយ ហើយទម្លាក់ទៅក្នុងបឹងមួយនៅក្បែរនោះ។
ពេលនេះករណីនេះ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តនេះរួចហើយ។
លោក ហែម សាបាន ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ជនសង្ស័យទាំងពីរនាក់នេះត្រូវបានចាប់ខ្លួនដាច់ដោយឡែកពីគ្នា ម្នាក់ចាប់បាននៅសង្កាត់បាវិត និងម្នាក់ទៀតចាប់បាននៅក្រុងស្វាយរៀង ទីដែលអាជ្ញាធរបានរកឃើញកុំព្យូទ័រយួរដៃ ដែលប្លន់បាននោះដាក់លក់នៅហាងលក់កំុព្យូទ័រមួយកន្លែង។
មន្ត្រីនគរបាលទាំងពីររូបបានបដិសេធមិនប្រាប់ឈ្មោះជនសង្ស័យទាំងពីរនាក់ដែលចាប់ខ្លួនបាននេះទេ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ