នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនកំពុងធ្វើការសើុបអង្កេតអ្នកជំនួញស្ដុកស្ដម្ភម្នាក់បន្ទាប់ពីគាត់បានបើករថយន្ដបុកគ្រួសារមួយមានគ្នាបីនាក់ឲ្យរងរបួសធ្ងន់ ហើយបានបើករត់ នៅខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ។
លោក យ៉ែម កុសល ដែលជាឧកញា៉ បានបើករថយន្ដបុកលោក នី សាត អាយុ៤៩ឆ្នាំ ឲ្យបាក់ជើងទាំងពីរ ព្រមទាំងប្រពន្ធរបស់គាត់ឈ្មោះ ទេព លីហ្សា អាយុ៤១ឆ្នាំ ដែលត្រូវរបួសជើងផងដែរ និងកូនស្រីរបស់ពួកគាត់ឈ្មោះ សាត នីតា អាយុ១៩ឆ្នាំ បានបាក់កដៃ។
លោក កែវ សន្ទុក នាយប៉ុស្ដិ៍នគរបាលសង្កាត់ភ្នំពេញថ្មី មានប្រសាសន៍ថា “ នគរបាលសង្កាត់ បានរាយការណ៍អំពីករណីនេះ[ទៅនគរបាលខណ្ឌរួចហើយ] ហើយបញ្ហានេះ កំពុងត្រូវបានសើុបអង្កេត ប៉ុន្តែ នគរបាលនៅមិនទាន់ឃាត់ខ្លួនជនសង្ស័យនេះនៅឡើយទេ”។
លោក កែវ សន្ទុក បានមានប្រសាសន៍ថា លោក យែ៉ម កុសល បានបើករថយន្ដម៉ាករេនរ៉ូវ័រមួយគ្រឿងនៅក្នុងតំបន់នេះ កាលពីថ្ងៃអាទិត្យ ហើយនៅពេលនោះគាត់ត្រូវបានចោទប្រកាន់ថា បានបើករថយន្ដបុកគ្រួសារនេះតែម្ដង។លោកបានមានប្រសាសន៍បន្ថែមថា លោក យ៉ែម កុសល បានបើករថយន្ដបុកគ្រួសារនេះដោយចេតនា ពីព្រោះពួកគាត់ត្រូវបានចោទប្រកាន់ថា បានជំពាក់ប្រាក់លោក ឧកញ៉ាមួយចំនួន។
ដោយនិយាយតាមទូរស័ព្ទ ពីមន្ទីរពេទ្យមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ លោក នី សាត បាននិយាយថា គាត់ និង លោក យែ៉ម កុសល បានឈ្លោះប្រកែកគ្នានៅតាមផ្លូវនេះ នៅក្រៅផ្ទះរបស់គាត់ កាលពីថ្ងៃអាទិត្យ រឿងជំពាក់ប្រាក់នេះ។ បន្ទាប់ពីការឈ្លោះប្រកែកគ្នានេះមក លោក នី សាត បាននិយាយថា លោក យ៉ែម កុសល បានគំរាមបាញ់សម្លាប់គ្រួសារគាត់ ហើយបានបើករថយន្ដចេញទៅ។
លោក នី សាត បាននិយាយថា “ យើងបានស្គាល់គ្នា ប៉ុន្តែ ខ្ញុំ មិនដឹងច្បាស់ទេថា ហេតុអ្វី លោក យែ៉ម កុសល បើករថយន្ដមកផ្ទះខ្ញុំ និងបានគំរាមបាញ់សម្លាប់គ្រួសារខ្ញុំ”។
លោក នី សាត បាននិយាយថា បន្ទាប់ពីបានបើករថយន្ដចេញទៅប្រហែល២០នាទីលោក យែ៉ម កុសល បានបើករថយន្ដត្រឡប់មកវិញនិង “ បានបើករថយន្ដយ៉ាងលឿនដើម្បីបុកសម្លាប់គ្រួសារខ្ញុំ”។គាត់បាននិយាយបន្ថែមថា ជនសង្ស័យ នេះ ក៏បានបើករថយន្ដបុករថយន្ដមួយគ្រឿងទៀត ដែលស្ថិតនៅក្បែរនោះ ពេលគាត់បើករថយន្ដគេចខ្លួន។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ សែន សុខ បានមានប្រសាសន៍ថា ការសើុបអង្កេតលើកដំបូងបានឲ្យដឹងថា ជនរងគ្រោះនេះ បានជំពាក់ប្រាក់លោក យែ៉ម កុសល ប្រហែល២.៥០០ដុល្លារពិតមែន។
លោក ម៉ក់ ហុង បានមានប្រសាសន៍ថា “ ជនសង្ស័យរូបនេះ បានបើករថយន្ដបុកជនរងគ្រោះទាំងបីនាក់នេះនៅតាមផ្លូវនេះ និង បានបើករថយន្ដរត់គេចខ្លួន។យើងកំពុងធ្វើការសើុបអង្កេតដើម្បីចាប់ខ្លួនជនសង្ស័យនេះ ប៉ុន្តែ យើងមិនដឹងថាជនសង្ស័យនេះនៅទីណានោះទេ”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ