តំណាងរបស់ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមមួយដែលត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធក្នុងការកាប់បំផ្លាញព្រៃឈើនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយនៅភាគខាងជើងកម្ពុជានោះ បានចូលរួមជាមួយនឹងមន្ត្រីរដ្ឋាភិបាលរបស់បក្សប្រជាជនក្នុងមូលដ្ឋាននៅខេត្តរតនគិរី កាលពីថ្ងៃសុក្រ ដើម្បីចែកអង្ករ អំបិល និងស្ករសឲ្យប្រជាពលរដ្ឋជា៤០០គ្រួសារនៅទីនោះ។
ទោះបីជាអ្នកអង្កេតការណ៍បោះឆ្នោតស្ដីបន្ទោសដល់អាជ្ញាធរមូលដ្ឋានដែលបានពាក់មួកមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា នៅឯពិធីនោះក៏ដោយ ក៏លោក មិន ស្រ៊ីម មេឃុំសេរីមង្គល ស្រុកកូនមុំបានមានប្រសាសន៍ថា ពិធីនោះគ្មានបំណងប្រមូលសំឡេងគាំទ្រឲ្យគណបក្សកាន់អំណាចមុនពេលបោះឆ្នោតក្នុងខែនេះទេ។
លោក មិន ស្រុម បានមានប្រសាសន៍ថា “ យើងពុំបានអំពាវនាវឲ្យអ្នកភូមិបោះឆ្នោតឲ្យគណបក្សប្រជាជននោះទេ យើងគ្រាន់តែប្រាប់ពួកគាត់ថា ឲ្យមកទទួលអំណោយប៉ុណ្ណោះ។ អំណោយនេះមិនពាក់ព័ន្ធនឹងបញ្ហានយោបាយទេ ព្រោះយើងមិនបានណែនាំពួកគាត់ឲ្យបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយទេ”។
ក្រុមហ៊ុន ហុងអាញ់យ៉ាឡៃ ដែលផ្ដល់អំណោយត្រូវបានអង្គការគ្លូបលវីតណេស (Global Witness) ដែលជាអង្គការការពារបរិស្ថានមានទីស្នាក់ការក្នុងចក្រភពអង់គ្លេស បានកត់ត្រានៅក្នុងរបាយការណ៍របស់ខ្លួនដែលបង្ហាញថា លោក ដូន ង្វៀនឌុក (Doan Nguyen Duc) ដែលជាម្ចាស់ក្រុមហ៊ុននេះបានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនជាច្រើនបានទទួលដីសម្បទានសេដ្ឋកិច្ចសរុបនៅក្នុងប្រទេសកម្ពុជាប្រហែល១៨០.០០០ហិកតា។
របាយការណ៍ដែលបានចេញផ្សាយនៅក្នុងខែឧសភានេះ បង្ហាញថា ច្បាប់ក្នុងប្រទេសកម្ពុជាជាច្រើន ត្រូវបានរំលោភដោយក្រុមហ៊ុនមួយចំនួន ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ហុងអាញ់យ៉ាឡៃ ដែលទទួលបានការវិនិយោគពីសាជីវកម្មអន្តរជាតិ និងធនាគារ Deutsche។
យោងតាមលោក ជួន ភិនដារ៉ាអ្នកអង្កេតការណ៍មកពីគណៈកម្មការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានឲ្យដឹងថា ពិធីនោះបានរំលោភច្បាប់បោះឆ្នោតកម្ពុជាច្បាស់ណាស់ ដែលច្បាប់នេះចែងថា រាល់ប្រាក់ចំណាយសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតត្រូវតែចំណាយដោយគណបក្សនយោបាយ ឬបេក្ខជនរបស់គណបក្សនោះ និងហាមមិនឲ្យមន្ត្រីរាជការពាក់ព័ន្ធជាមួយយុទ្ធនាការឃោសនាបោះឆ្នោតទេ។
លោក ជួន ភិនដារ៉ាបានមានប្រសាសន៍បន្តថា “ យើងឃើញយ៉ាងច្បាស់ថា ការចែកអំណោយក្នុងករណីនេះ គឺដើម្បីទិញទឹកចិត្តអ្នកបោះឆ្នោតតាមវិធីមួយដែលហាមឃាត់ដោយច្បាប់បោះឆ្នោត”។ លោកបានបន្ថែមថា អាជ្ញាធរមូលដ្ឋានមួយចំនួនពាក់មួកគណបក្សប្រជាជនកម្ពុជា ខណៈពេលដែលប្រជាពលរដ្ឋចំនួន៤៤៧គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម ស្ករស២គីឡូក្រាម និងអំបិល២គីឡូក្រាម។
លោកមានប្រសាសន៍ផងដែរថា “ ក្រុមហ៊ុន ហុងអាញ់យ៉ាឡៃ គួរតែចែកអំណោយទាំងនេះមុន ឬក្រោយពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ហេតុអ្វីបានជាពួកគេជ្រើសរើសយកពេលនេះទៅវិញ?”។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា “ ក្នុងករណីដែលអាជ្ញាធរចូលរួមពិធីចែកអំណោយដោយពាក់មួកមានរូបសញ្ញាគណបក្សនយោបាយ គឺត្រូវបានហាមឃាត់បើយោងតាមច្បាប់បោះឆ្នោត”។ ប៉ុន្តែបន្ទាប់ពីបានពិនិត្យនៅឯពិធីចែកអំណោយនៅក្នុងខេត្តរតនគិរីនោះ លោក ទេព នីថា បានមានប្រសាសន៍ថា ពួកគេមិនបានរំលោភច្បាប់បោះឆ្នោតណាមួយទេ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំទើបតែបានត្រួតពិនិត្យជាមួយអាជ្ញាធរខេត្ត ដែលបានបញ្ជាក់ថា អ្នកភូមិជាអ្នកពាក់មួកដែលមានរូបសញ្ញាគណបក្ស មិនមែនអាជ្ញាធរជាអ្នកពាក់នោះទេ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា