ស្រុកអន្លង់វែង, ខេត្តឧត្ដរមានជ័យ-ប្រសិនបើបច្ចុប្បន្នគឺជាសម័យខ្មែរក្រហមមិនទាន់ចុះចូលជាមួយនឹងរដ្ឋាភិបាលវិញ គណបក្សសង្គ្រោះជាតិប្រហែលជាអាចពឹងផ្អែកលើស្រុកអន្លង់វែង ក្នុងខេត្តឧត្ដរមានជ័យ ដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតជាតិនាពេលខាងមុខនេះ។
ជាអតីតមូលដ្ឋានរឹងមាំបំផុតរបស់ខ្មែរក្រហម ថ្នាក់ដឹកនាំស្រុកអន្លង់វែងបានបើកយុទ្ធនាការទ័ពព្រៃប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អស់រយៈពេលជិតពីរទសវត្សរ៍ បង្កឲ្យមានការប្រយុទ្ធគ្នាក្នុងខែកក្កដា ឆ្នាំ១៩៩៧ នៅក្នុងរាជធានីភ្នំពេញ តាមរយៈការចូលរួមជាមួយកងកម្លាំងគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ក្នុងបំណងផ្តួលរំលំលោក ហ៊ុន សែន ហើយទើបនឹងបានចុះចូលជាស្ថាពរជាមួយរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងឆ្នាំ១៩៩៩ប៉ុណ្ណោះ។
ប៉ុន្តែ ខណៈដែលគណបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងស្រុកអន្លង់វែងកាលពីថ្ងៃសៅរ៍ ដោយមានការដង្ហែក្បួនដែលមានការចូលរួមពីអ្នកគាំទ្ររាប់ពាន់នាក់នោះ ការស្វាគមន៍ដែលគណបក្សសង្គ្រោះជាតិទទួលបានអំឡុងពេលឃោសនាទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន គឺសំឡេងចេញពីឧគ្ឃោសនស័ព្ទ ដែលត្រូវបានចងភ្ជាប់នឹងផ្ទាំងរូបភាពលោក ហ៊ុន សែន ។
ឧគ្ឃោសនស័ព្ទជាប់ផ្ទាំងរូបភាពលោកនាយករដ្ឋមន្ត្រីនៅទល់មុខរង្វង់មូលកណ្តាលស្រុកដែលមានស្តូបអនុស្សារីយ៍ពណ៌លឿងក្រោមការឧបត្ថម្ភរបស់លោក ហ៊ុន សែន កាលពីឆ្នាំ២០០០ ហើយដែលឥឡូវមានបិទទង់បក្សប្រជាជនកម្ពុជាពេញនេះ បន្លឺសំឡេងថា “ សូមជនរួមជាតិចងចាំថា ប្រសិនបើបងប្អូនបោះឆ្នោតឲ្យលោក កឹម សុខា និងលោក សម រង្សុី វាមិនខុសពីការបោះឆ្នោតឲ្យខ្មែរក្រហមវិលត្រឡប់មកវិញម្ដងទៀតទេ”។
អំឡុងពេលយុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះជាតិចាប់ផ្ដើមនៅក្នុងស្រុកអន្លង់វែងកាលពីថ្ងៃសៅរ៍ លោកឃ្លាំង សំអឿន ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំស្រុកអន្លង់វែង បានឲ្យដឹងថា សូម្បីតែការព្យាយាមធ្វើឲ្យសាធារណជនស្គាល់គណបក្សសង្គ្រោះជាតិក៏ជួបការលំបាកណាស់ដែរ ដោយអ្នកស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការឃោសនារបស់គណបក្សនេះមានចំនួនត្រឹមតែ៦០នាក់ប៉ុណ្ណោះក្នុងចំណោមប្រជាជន២៥.០០០នាក់ដែលត្រូវបានរំពឹងថានឹងចូលរួមក្នុងការបោះឆ្នោតជាតិនៅក្នុងស្រុកនេះ។
លោកបានមានប្រសាសន៍ថា“ យើងគ្មានវិទ្យុនិងទូរទស្សន៍ទេ។វាធ្វើឲ្យយើងជួបការលំបាកខ្លាំងណាស់” ។ លោកបន្តថា យុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះជាតិនៅព្រឹកនោះ គឺមានតែរូបលោកផ្ទាល់ និងសកម្មជនប៉ុន្មាននាក់ដែលដើរតាមផ្លូវលំហើយនិយាយប្រាប់ប្រជាជនអំពីគោលនយោបាយរបស់បក្សប៉ុណ្ណោះ ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា យុទ្ធសាស្រ្តចម្បងរបស់បក្សប្រឆាំងក្នុងស្រុកអន្លង់វែង គឺចែកខិត្តប័ណ្ណផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ដើម្បីផ្សព្វផ្សាយគោលនយោបាយបក្សរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា“ យើងគ្មានអ្នកចូលរួមច្រើនដូចគេមែន ប៉ុន្តែ យើងមានឧគ្ឃោសនស័ព្ទសម្រាប់ផ្សព្វផ្សាយសារនយោបាយរបស់យើង និងសម្រាប់ផ្សព្វផ្សាយសំឡេងរបស់យើងពីភូមិមួយទៅភូមិមួយ”។ លោកបានមានប្រសាសន៍ថា “ នេះគឺជាយុទ្ធសាស្ត្រចម្បងទាំងពីររបស់យើង”។
ឧគ្ឃោសនស័ព្ទដែលលោក យឹម សុវណ្ណ បានលើកឡើងនេះ គឺត្រូវបានចងភ្ជាប់ទៅនឹងផ្ទះរបស់លោក សំអឿន តាមផ្លូវលំនៅជាយស្រុកអន្លង់វែង។ កាលពីចុងសប្ដាហ៍នេះ សាររបស់គណបក្សសង្គ្រោះជាតិបានលាន់ឮកាត់វាលល្វឹងល្វើយឆ្ងាយដាច់កន្ទុយភ្នែក។
លោក យឹម ផាន់ណា អភិបាលស្រុកអន្លង់វែង បានឲ្យដឹងកាលពីថ្ងៃសុក្រថា អ្នកបោះឆ្នោតប្រហែល១៨.០០០ក្នុងចំណោមអ្នកបោះឆ្នោតទាំង២៥.០០០នាក់ដែលបានចុះឈ្មោះរួចនៅក្នុងស្រុកនេះ គឺជាអ្នកគាំទ្រឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកបានទទួលស្គាល់ថា មិនមែនគ្រប់គ្នានៅក្នុងស្រុកនេះសុទ្ធតែនឹងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទេ។ លោកបានមានប្រសាសន៍ថា“ ប្រជាពលរដ្ឋភាគច្រើន [ដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជា] គឺសុទ្ធតែជាអ្នកដែលមានបញ្ហា ដូចជាបញ្ហាដីធ្លីជាដើម”។
ប៉ុន្តែ លោក យឹម ផាន់ណា បានបន្តថា លោកនៅតែរំពឹងថា អ្នកបោះឆ្នោតសេសសល់ទាំង ៧.០០០នាក់នោះនឹងបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា ហើយបក្សមានគម្រោងទាក់ទាញអ្នកបោះឆ្នោតក្នុងស្រុកអន្លង់វែងពី៤០០ទៅ៥០០នាក់ដែលមិនពេញចិត្តគណបក្សប្រជាជនកម្ពុជា ឲ្យងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ។
ដើម្បីសម្រេចបំណងនេះ ឧត្តមសេនីយ៍ជា ដារ៉ា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលមានមូលដ្ឋាននៅក្នុងខេត្តព្រះវិហារ ត្រូវបានចាត់តាំងឲ្យមកឃោសនារកសំឡេងគាំទ្រឲ្យគណបក្សប្រជាជន។
លោក ជា ដារ៉ា បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា “ ផែនការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការឲ្យក្រុមនិស្សិតស្ម័គ្រចិត្តចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាជននេះគឺអស្ចារ្យណាស់។ យើងនឹងប្រាប់ប្រជាពលរដ្ឋថា ចាប់តាំងពីឆ្នាំ១៩៩៨មក យើងមានសន្តិភាពនៅទីនេះ និងមានទាំងផ្លូវព្រមទាំងស្ពាន។ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលបានកសាងសមិទ្ធផលទាំងអស់នេះ”។ សម្រាប់ប្រជាពលរដ្ឋមួយចំនួន សាររបស់គណបក្សប្រជាជនគឺមានសារៈសំខាន់ណាស់។
លោក ព្រំ ធី អតីតទាហានខ្មែរក្រហមបានឲ្យដឹងថា លោកធ្លាប់បានចូលរួមរយៈពេលខ្លីជាមួយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីត្រូវបានបណ្ដេញចេញពីដីធ្លីដោយបង្ខំ ប៉ុន្តែបានពិចារណាសាជាថ្មីឡើងវិញចាប់តំាងពីពេលនោះមក។ លោកបាននិយាយថា “ ខ្ញុំធ្លាប់បានចូលរួមជាមួយ គណបក្សប្រឆាំង តែឥឡូវនេះខ្ញុំបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញហើយ។ កាលពីមុន ខ្ញុំមានបញ្ហាដីធ្លីខ្លះៗនៅក្នុងព្រៃ តែឥឡូវនេះ ដីនោះបានក្លាយជារបស់ខ្ញុំហើយ”។
ប៉ុន្តែ ភាពជោគជ័យក្នុងគម្រោងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់គណបក្សកំពុងកាន់អំណាច និងជោគជ័យក្នុងការអភិវឌ្ឍរបស់គណបក្សនេះមិនមែនជាមូលហេតុតែមួយដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិរកសំឡេងគាំទ្រមិនបាននៅក្នុងស្រុកអន្លង់វែងឡើយ។
សម្រាប់ព្រះចៅអធិការស្រុកអន្លង់វែង ព្រះនាម សំ សារ៉ន វិញយល់ឃើញថា មូលហេតុចម្បងដែលធ្វើឲ្យគណបក្សប្រឆាំងក្នុងស្រុកអន្លង់វែងមិនអាចស្វែងរកការគាំទ្របាន គឺដោយសារតែរបស់គណបក្សនេះមិនបានធ្វើយុទ្ធនាការឃោសនាតែម្តង។
ព្រះតេជគុណ សំ សារ៉ន មានសង្ឃដីកាថា “ ប្រជាពលរដ្ឋមិនស្គាល់ពួកគេដោយសារតែមិនដែលឃើញពួកគេនៅទីនេះ”។រយៈពេលមួយឆ្នាំចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានបង្កើតចេញពីការរួមបញ្ចូលគ្នារវាងគណបក្ស សម រង្សុី និងគណបក្សសិទ្ធិមនុស្សមក គ្មានសមាជិកគណបក្សប្រឆាំងណាម្នាក់ចុះទៅសួរសុខទុក្ខព្រះចៅអធិការ សំ សារ៉ន ឡើយ។ នេះជាសារមួយដែលត្រូវបានបន្ទរក្នុងកិច្ចសម្ភាសចំនួនប្រាំមួយលើកជាមួយអតីតទាហានខ្មែរក្រហមនៅតំបន់នេះ។
លោក ឡឹន បាន អាយុ៦០ឆ្នាំ ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាកាលពីថ្ងៃសៅរ៍ ដោយពាក់អាវនិងមួករបស់គណបក្សប្រជាជនកម្ពុជាប្រកបដោយមោទនភាព ថ្វីបើលោកបានបាត់បង់ភ្នែកឆ្វេងអំឡុងការប្រយុទ្ធគ្នាជាមួយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ក្ដី និយាយថា “ ប្រជាពលរដ្ឋ៩៥ភាគរយក្នុងស្រុកនេះបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា”។
លោក ឡឹន បាន លើកហេតុផលថា “ មន្ទីរពេទ្យ សាលារៀន និងវត្តអារាមសុទ្ធតែត្រូវបានកសាងដោយគណបក្សប្រជាជនកម្ពុជា។យើងមិនដែលបានឃើញគណបក្សប្រឆាំងកសាងអ្វីនៅទីនេះឡើយ”។ ក្នុងតំបន់ជនបទនៅជាយស្រុកអន្លង់វែងមានផ្ទះតែមួយខ្នងគត់ដែលដាក់បង្ហាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិដែលមានរូបលោក សម រង្សុី និងលោក កឹម សុខាឈរលើកដៃគ្នាឡើងលើ។
លោក សួន សំណាង ជំទប់ឃុំត្រពាំងក្នុងស្រុកអន្លង់វែង និងជាម្ចាស់ស្លាកសញ្ញានេះបានឲ្យដឹងថា លោកបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០០៧ បន្ទាប់ពីដីធ្លីរបស់ខ្លួនត្រូវកងរាជអាវុធហត្ថរឹបអូសយក។
លោក សួន សំណាង បានមានប្រសាសន៍ថា “ ក្រោយពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ដីធ្លីនឹងត្រូវបានប្រគល់ជូនប្រជាពលរដ្ឋវិញ”ដោយលោកបានធ្វើការកត់សម្គាល់ថា សមាជិកភាគច្រើនរបស់គណបក្សសង្គ្រោះជាតិនៅក្នុងស្រុកអន្លង់វែង គឺសុទ្ធតែជាជនរងគ្រោះដោយសារការចាប់យកដីធ្លី ។
ប៉ុន្តែ អ្នកបោះឆ្នោតមួយចំនួននៅក្នុងតំបន់នេះបានបន្ទរកង្វល់ដែលលោក ហ៊ុន សែន តែងលើកឡើងមុនថ្ងៃបោះឆ្នោតដែលថា ប្រទេសនេះនឹងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលប្រសិនបើបក្សកាន់អំណាចចាញ់ឆ្នោត។ លោក ធឹប ធុយ អាយុ៣៤ឆ្នាំបាននិយាយថា “ ខ្ញុំបារម្ភខ្លាចការផ្លាស់ប្ដូរធ្វើឲ្យខ្ញុំជួបការលំបាកមិនដូចបច្ចុប្បន្ន។ វាអាចបង្កភាពចលាចល ហើយប្រជាពលរដ្ឋនឹងរងទុក្ខ”។
លោក ឈុន អេង អាយុ៤១ឆ្នាំ ដែលជាអ្នកជិតខាងម្នាក់ទៀតរបស់លោក ធឹប ធុយ បានបន្ទរការលើកឡើងពីក្តីកង្វល់នេះ។
លោកបាននិយាយថា “ ពេលមានការផ្លាស់ប្ដូរ គឺតែងតែមានភាពចលាចល។ ខ្ញុំពេញចិត្តពួកគេ [គណបក្សសង្គ្រោះជាតិ] ប៉ុន្តែមិនដឹងធ្វើយា៉ងម៉េចទេ។[បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា] គឺដើម្បីចៀសវាងភាពចលាចល។ការផ្លាស់ប្ដូរអាចបង្កភាពលំបាកកាន់តែច្រើន”។
អ្នកជិតខាងម្នាក់ទៀត គឺលោក ខៀវ ឧត្តម កូនប្រុសរបស់លោក ខៀវ សំផន អតីតប្រមុខរដ្ឋក្នុងសម័យខ្មែរក្រហម ដែលបច្ចុប្បន្ននេះជាចុងចោទនៅសាលាក្តីឧក្រិដ្ឋកម្មសង្គ្រាមបានឲ្យដឹងថា ខ្លួនគាំទ្រគណបក្សប្រជាជនកម្ពុជាពេញទំហឹង។ លោកបាននិយាយថា “ ខ្ញុំនឹងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា” ដោយបានលើកហេតុផលថា ប្រជាពលរដ្ឋភាគច្រើននៅក្នុងតំបន់នេះបានបំភ្លេចចោលនូវគ្រាដែលពួកគេបានប្រយុទ្ធគ្នាយា៉ងខ្លាំងជាមួយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហើយ។
លោកបាននិយាយថា “ ឥឡូវនេះប្រជាពលរដ្ឋមានដីធ្លីសម្រាប់ធ្វើស្រែ និងមានការងារធ្វើ។ ខ្ញុំមានការងារផ្ទាល់ខ្លួនរបស់ខ្ញុំ។ ប្រសិនបើយើងបណ្ដោយឲ្យអ្នកផ្សេងឡើងកាន់អំណាច វាប្រហែលជាបង្កការលំបាក”។
ព្រះចៅអធិការវត្តអន្លង់វែង ព្រះនាមសំ សារ៉ន ក៏មានអារម្មណ៍ស្ទើរតែដូចគ្នាដែរ។ ហើយផ្ទុយពីការមិនពេញចិត្តចំពោះរដ្ឋាភិបាល ព្រះចៅអធិការអង្គនេះជឿជាក់ថា គណបក្សប្រជាជនកម្ពុជា គួរតែទទួលបានការកោតសរសើរចំពោះការអនុញ្ញាតឲ្យប្រជាជននៅក្នុងស្រុកនេះមានជីវិតរស់នៅមកទល់នឹងសព្វថ្ងៃ។
ព្រះតេជគុណ សំ សារ៉ន មានសង្ឃដីកាថា “ ប្រជាជននៅទីនេះធ្លាប់ស្ថិតនៅក្រោមការដឹកនាំរបស់ខ្មែរក្រហម។ ពួកគេធ្លាប់ប្រយុទ្ធជាមួយរដ្ឋាភិបាលអស់រយៈពេលយ៉ាងយូរ។ ពួកគេតែងតែគិតថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនទុកជីវិតឲ្យខ្លួនទេនោះ ពួកគេប្រហែលជាស្លាប់បាត់អស់ទៅហើយ។ពួកគេដឹងថា មេដឹកនាំរបស់ពួកខ្លួនឥឡូវនេះរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដូច្នេះពួកគេមិនហ៊ានក្បត់មេដឹកនាំរបស់ខ្លួនឡើយ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង