ការបង្វែរការចាប់អារម្មណ៍ចំពោះខ្លឹមសាររិះគន់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច នៅមុនការបោះឆ្នោត បានលេចឡើងនៅលើគេហទំព័រចំនួនពីររបស់រដ្ឋាភិបាលកាលពីថ្ងៃសៅរ៍ ដែលក្នុងនោះអ្នករិះគន់ម្នាក់បាននិយាយថា ជាការប្រើប្រាស់ធនធានរដ្ឋមិនសមស្របនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
នៅក្នុងសកម្មភាពគាំទ្រដ៏កម្រមួយចំពោះប្រជាពលរដ្ឋមូលដ្ឋានមួយក្រុម គេហទំព័ររបស់អង្គគភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបង្ហោះជាអចិន្ត្រៃយ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេសនូវញត្តិមួយធ្វើឡើងកាលពីថ្ងៃសុក្រ ដាក់ជូនទៅស្ថានទូតជាច្រើននៅក្នុងរាជធានីភ្នំពេញ ប្រឆាំងនឹងសកម្មជនតវ៉ាសិទ្ធិដីធ្លីដ៏សកម្មម្នាក់។
ញត្តិដែលផ្តិតមេដៃដោយសកម្មជនប្រឆាំងការបណ្តេញចេញពីបឹងកក់ចំនួនប្រាំមួយនាក់ដែលជាគូបដិបក្ខនេះ សំដៅរិះគន់សកម្មជន ទេព វន្នី ដែលទទួលប័ណ្ណកម្មសិទ្ធិដីសម្រាប់ផ្ទះរបស់អ្នកស្រី ប៉ុន្តែដែលនៅតែបន្តតវ៉ាជាមួយអ្នកត្រូវបណ្តេញចេញផ្សេងៗទៀត។
ការចោទប្រកាន់មួយក្នុងចំណោមការចោទប្រកាន់ជាច្រើនក្នុងញត្តិនោះ បានលើកឡើងថា “ អ្នកស្រី ទេព វន្នី គឺជាស្ត្រីអាត្មានិយមដែលចាត់ទុកខ្លួនឯងជាមេដឹកនាំតវ៉ាផ្តាច់ការម្នាក់ និងមិនខ្វល់អំពីផលប្រយោជន៍រួមឡើយ គឺមានចរិតដូច ប៉ុល ពត អ៊ីចឹង គាត់មិនស្តាប់នរណាឡើយ”។
អ្នកស្រី ហេង មុំ ដែលជាហត្ថលេខីនាំមុខគេនៅក្នុងញត្តិនេះ បានបដិសេធថាមិនមានឥទ្ធិពលណាមួយពីគណបក្សកាន់អំណាច ឬរដ្ឋាភិបាលទេ។ញត្តិនេះត្រូវបានដាក់ជូនទៅការិយាល័យធនាគារពិភពលោក ការិយាល័យរបស់សហភាពអឺរ៉ុប និងស្ថានទូតមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ។
អ្នកស្រីនិយាយថា “ រដ្ឋាភិបាលមិននៅពីក្រោយយើងទេទាក់ទិននឹងបញ្ហានេះ”។អ្នកស្រីបានបន្ថែមថា អ្នកស្រីមិនដឹងថានរណាផ្តល់ “ ការបកប្រែមិនផ្លូវការ” បង្ហោះក្នុងគេហទំព័រជាភាសាអង់គ្លេសទេ ពីព្រោះដំបូងឡើយញត្តិនេះត្រូវបានធ្វើឡើងជាភាសាខ្មែរទេ។
ហើយកាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារពត៌មានរដ្ឋ អាកាប៉េ ដែលធ្វើប្រតិបត្តិការចេញពីក្រសួងព័ត៌មាន បានបង្ហោះអត្ថបទបញ្ចេញទស្សនមួយវាយបកចំពោះការអំពាវនាវឲ្យសហរដ្ឋអាមេរិក ឈប់ផ្តល់ជំនួយដល់ប្រទេសកម្ពុជា។
អត្ថបទទីភ្នាក់ព័ត៌មាន អាកាប៉េ បានពីលោក ឆាំង សុង នៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ាបានលើកឡើងថា ក្រុងវ៉ាស៊ីនតោនស្ថិតក្រោមគំនាបខ្លាំងពីបក្សប្រឆាំងរបស់ប្រទេសកម្ពុជា ឲ្យកាត់ផ្តាច់ជំនួយដល់ប្រទេសកម្ពុជា។
អត្ថបទនេះមានខ្លឹមសារថា “ តើក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការអ្វី នៅពេលលោក ហ៊ុន សែន មិនបន្ទន់តាមគំនាបរបស់ខ្លួន ឬប្រសិនបើបក្សប្រឆាំងមិនទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ? បញ្ជូនយន្តហោះគ្មានមនុស្សបើកដើម្បីបណ្តេញលោក ហ៊ុន សែន ចេញឬ?”។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងក្នុងសារមួយថា នេះជាទស្សនរបស់បុគ្គលម្នាក់ មិនពាក់ព័ន្ធនឹងគោលការណ៍វិចារណកថារបស់ អាកាប៉េ ទេ”។
លោក គល់ បញ្ញា នាយកគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា ករណីទាំងពីរនេះបង្ហាញអំពីទម្លាប់របស់ស្ថាប័នរដ្ឋាភិបាល ក្នុងការធ្វើឲ្យមជ្ឈដ្ឋានទូទៅយល់ច្រឡំ និងស្រពេចស្រពិលចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាល និងគណបក្សកាន់អំណាច និងទម្លាប់បំពានវិធានមិនលម្អៀង។
លោកលើកឡើងថា “ អង្គភាពប្រតិកម្មរហ័ស គ្មានតួនាទីច្បាស់លាស់ទេ។ តើពួកគេបម្រើគណបក្សនយោបាយឬ?វាមិនច្បាស់ទេ”។ លោកបានបន្ថែមថា ទោះបីជាបញ្ហាបឹងកក់ កំពុងកើតឡើងក្តី ក៏ការកំណត់ពេលបង្ហោះញត្តិមួយបែបនេះ ទំនងជារៀបចំឡើងក្នុងបំណងបង្ខូចឈ្មោះអ្នករិះគន់គណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោត៕
(រាយការណ៍បន្ថែមដោយ ផន បុប្ផា)
ប្រែសម្រួលដោយ ចេវ ប៊ុននី