The Cambodia Daily Khmer

បើក​វគ្គ​បណ្តុះ​បណ្តាលដល់​​បុគ្គលិក​រោង​ចក្រ​នៅ​ប្រទេស​កម្ពុជា​​កុំឲ្យ​ជួល​កម្មករ​មិន​ទាន់​គ្រប់​អាយុ​

តំណាង​ក្រុម​ហ៊ុន​ម្នាក់​​និយាយ​ថា បុគ្គ​លិក​នៅ​រោង​ចក្រ​ចំនួន​ប្រាំបី​ដែល​ផលិត​ស្បែក​​ជើង​ឲ្យ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​កីឡា​ជប៉ុន​​ឈ្មោះអាស៊ីក (ASICS) ​​​ត្រូ​វបាន​បណ្តុះ​បណ្តាល​កាល​ពីម្សិល​មិញ​អំពីវិធី​​ដើម្បី ធ្វើ​ឲ្យ​ប្រាកដ​​​ថា ពួកគេ​នឹង​មិន​​ជួល​កម្មករ​កុមារ​ឲ្យ​ធ្វើ​ការ​ឡើយ។

នៅ​សប្តាហ៍​នេះ​ បុគ្គលិក​ក្រុមហ៊ុន​អាស៊ីក​នៅក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​ជម្នះ​នឹង​​ការ​ផ្សព្វ​ផ្សាយ​ជាសាធារ​ណៈ​អំពី​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដែលបាន​កើតមាន​ឡើង​នៅ​ពេល​ប្លង់​សេ​​នៅ​រោង​ចក្រ​វីង​ស្តា​ស៊ូ ជា​រោង​ចក្រ​ផលិត​​ស្បែក​ជើង​ឲ្យក្រុមហ៊ុនអាស៊ីកនៅក្នុង​ខេត្ត​កំពង់​ស្ពឺ​បាន​បាក់​កាល​ពី​ខែ​ឧសភា បណ្តាល​ឲ្យ​​កម្ម​ករ​ពី​រនាក់​ស្លាប់ និង​១១​នាក់​ទៀត​រង​របួស។

បន្ទាប់ពី​មាន​ការ​​បាក់​ប្លង់សេ​នេះ​ក៏​មាន​ការ​អះអាង​ពីកម្មករ​នៅរោង​ចក្រ​នេះ​ថា មាន​​ជន​​​រងគ្រោះ​ម្នាក់​​មាន​អាយុ​ក្រោម​១៥ឆ្នាំ ជា​​​​អាយុ​​អប្ប​បរមា​ផ្លូវ​ច្បាប់​សម្រាប់​កម្មករ។ យោង​តាម​លោក ចច យ៉ូស៊ីម៉ូតូ ប្រធាន​ក្រុមនិរន្តរភាពនៃការ​ទទួលខុសត្រូវ​សង្គម​នៅ​​ក្រុម​ហ៊ុន​អាស៊ីកបាន​ឲ្យ​ដឹង​ថា ​កាលពី​ម្សិលមិញ​ សិក្ខាកាម​ប្រហែល​២៥នាក់​រួម​មាន​បុគ្គលិក​រដ្ឋ​បាល​ផង​មក​ពី​រោង​ចក្រ​វីងស្តា​ ស៊ូ និង​រោង​​ចក្រ​ប្រាំពីរ​ទៀត​ បាន​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​​ដែល​រៀប​ចំឡើង​នៅ​ការិយា​ល័យ​​អង្គការ​ពល​កម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក យ៉ូស៊ីម៉ូតូ​ បាន​មាន​ប្រសា​សន៍​ថា ខណៈ​ដែល​ក្រុមហ៊ុន​នេះ​មិន​ដឹង​ពី​អាយុ​ពិត​របស់​ឈ្មោះ​ ស៊ឹម ស្រីទូច ជាជន​រងគ្រោះ​ម្នាក់ ​​ដោយ​សារ​ការ​បាក់​ប្លង់​សេ​រោង​ចក្រ​នោះ​​ ក្រុមហ៊ុន អាស៊ីក​ចង់​​ដោះ​ស្រាយ​បញ្ហា​កម្ម​ករ​មិន​ទាន់​គ្រប់​អាយុ​នេះ​នៅ​តាម​រោង​ចក្រ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។

លោក​បន្ថែម​ថា “ វា​ជា​ការ​សំខាន់​ណាស់​សម្រាប់​យើង​ក្នុង​ការ​មិន​ឲ្យ​មាន​​ពល​កម្ម​កុមារ​។ វា​ជា​បញ្ហា​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​យើង”។
លោក​បាន​មាន​ប្រសាសន៍​ថា “ វគ្គ​បណ្តុះ​បណ្តាល​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ចំណាត់​ការ​របស់​​ក្រុមហ៊ុនអាស៊ីក​ក្នុង​ការ​ឲ្យ​រោង​ចក្រ​ទាំង​អស់​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ដោយ​កម្ម​វិធី​​រោង​ចក្រ​ល្អ​ប្រសើ​រ​របស់​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​មុន​ការ​បាក់​ប្លង់​សេ​ម្លេ៉ះ​ ហើយមិន​មែន​វគ្គ​បណ្ដុះ​បណ្ដាល​ទាំង​អស់​ជា​ផ្នែក​នៃ​កម្មវិធី​ស្ម័គ្រ​ចិត្ត​ឡើយ​។

លោកស្រី ជីល ថាក់ឃើ ប្រធាន​ទី​ប្រឹក្សា​បច្ចេកទេស​នៅ​រោង​ចក្រ​ល្អ​ប្រសើរ​នៅ​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះ​​បណ្តាល​​កាល​ពី​ម្សិលមិញ​នេះ​គឺ​ធ្វើ​ឡើង​​ជា​ទៀត​ទាត់​ដល់​បុគ្គលិក​នៅ​តាម​រោង​ចក្រ​ដទៃ​ទៀត​ស្ថិត​ក្នុង​កម្មវិធី​នេះ​ដែរ។ លោកស្រី ថាក់​​ឃើ បាន​មាន​ប្រសា​សន៍​ថា “ វគ្គបណ្តុះបណ្តាលនេះនិយាយ​អំពី​របៀប​ទប់​ស្កាត់​ការ​ជ្រើស​រើស​កម្ម​ករ​មិន​ទាន់​គ្រប់​អាយុ” ដោយ​ពន្យល់​ថា បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់​ចត់​លើ​ឯក​សារ​ និង​ធ្វើការ​សម្ភាស​កម្ម​ករ​មុន​ពេល​ជួល​ពួកគេ​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ វា​ជា​រឿង​ទូទៅ​ទៅ​ហើយ​សម្រាប់​កម្មករ​ក្នុង​ការ​ប្រើប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ ដែល​មិន​មែន​ជា​របស់​ខ្លួន​។ វា​ជា​អត្ត​សញ្ញាណ​ប័ណ្ណ​ពិត​ វា​អាច​ជា​របស់​បង​ប្អូន​ស្រី ឬ​បងប្អូន​ជីដូន​មួយ​របស់​ខ្លួន​ ប៉ុន្តែ​វា​មិន​មែន​ជា​របស់​ខ្លួន”។ លោកស្រី​​បន្ថែម​ថា អត្ត​សញ្ញាណ​ប័ណ្ណ ​ឬ​សៀវ​ភៅ​គ្រួសារ​ ជា​រឿយ​ៗ​ត្រូវ​បាន​តាម​ដាន​​ផងដែរ​ អាច​មាន​ការ​កែ​ថ្ងៃខែ​ឆ្នាំ​កំណើត៕

    ប្រែ​សម្រួល​ដោយ សោម សារុន​​

Exit mobile version