អ្នកយកព័ត៌មាន ដែលស្វែងរកស្ថិតិពីក្រសួងនិងស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជា ជារឿយៗត្រូវបានគេបដិសេធម្តងហើយម្តងទៀត ប៉ុន្តែនៅខណៈដែលការបោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដាកាន់តែខិតជិតមកដល់នោះ បញ្ហានេះទំនងកាន់តែពិបាកឡើងថែមទៀត។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានផ្តល់តួលេខនៃទិន្នន័យលើគម្រោងវិនិយោគដែលបានអនុម័តរួចហើយជារៀងរាល់ខែដល់អ្នកយកព័ត៌មាន ជាច្រើនឆ្នាំមកហើយ ដែលទិន្នន័យទាំងនោះបានគូសបញ្ជាក់ពីគម្រោងទាំងអស់ដែលបានចុះហត្ថលេខា ហើយមានតម្លៃជាទឹកប្រាក់ជាង២លានដុល្លារ។
ប៉ុន្តែ នៅខែឧសភា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនបានផ្តល់តួលេខសម្រាប់ខែណាមួយ ចាប់ពីខែវិច្ឆកាមក ដោយលើកឡើងថា តាមច្បាប់ថ្មីគឺតម្រូវឲ្យមានការអនុញ្ញាតពីលោក សុខ ចិន្តា រដ្ឋមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុនសិន។ លោក សុខ ចិន្តា បានធ្វើព្រងើយកន្តើយចំពោះសំណើសុំការអនុញ្ញាតរបស់អ្នកយកព័ត៌មាន ហើយ កាលពីម្សិលមិញ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីហេតុអ្វីបានជាមិនបានផ្តល់តួលេខនោះឡើយ។
ប្រភពទិន្នន័យសំខាន់មួយផ្សេងទៀតស្តីអំពីសកម្មភាពរបស់រដ្ឋាភិបាលនោះគឺតារាងប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលតម្រូវឲ្យផ្សព្វផ្សាយជារៀងរាល់ខែ ហើយតារាងទិន្នន័យនេះជាព័ត៌មានលម្អិតស្តីពីប្រាក់ចំណូលនិងការចំណាយរបស់រដ្ឋាភិបាលជាទៀងទាត់។
កំណែទម្រង់ថ្មីនៃតារាងទិន្នន័យនេះមិនត្រូវបានផ្សព្វផ្សាយឲ្យដឹងទេចាប់ពីខែមករាមក ហើយតារាងទិន្នន័យសម្រាប់ខែនិមួយៗរហូតដល់ខែវិច្ឆិកាក្នុងឆ្នាំ២០១២ត្រូវបានផ្សព្វផ្សាយតាមគេហទំព័ររបស់ក្រសួងនេះ។ ទោះបីជាស្ថិតិមួយដ៏សាមញ្ញបំផុត ដូចជាគម្រោងសាងសង់មួយចំនួនដែលក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានអនុម័តរួចហើយក៏ដោយ គឺមានការលំបាកនឹងទទួលបានណាស់។
សម្រាប់ទិន្នន័យដ៏សាមញ្ញបែបនេះ និង តួលេខសាមញ្ញដទៃទៀត អ្នកយកព័ត៌មានត្រូវបានគេប្រាប់ថា ពួកគេត្រូវតែដាក់សំណើជាលាយលាក់អក្សរ និងឆ្លងកាត់ដំណាក់កាលដ៏យូរទៅរដ្ឋមន្ត្រីទទួលបន្ទុកតាមសំណើជាក់លាក់នីមួយៗ ហើយត្រូវផ្តល់ហេតុផលថាហេតុអ្វីបានជាពួកគេត្រូវការព័ត៌មានបែបនោះ។
លោក បេងហួត សុជាតិខេមរ៉ូ អ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានមានប្រសាសន៍ថា លិខិតស្នើសុំបែបនេះត្រូវការជាចាំបាច់ ដើម្បីការពារទិន្នន័យពីការប្រើប្រាស់ក្នុងគោលដៅមិនល្អ។ លោកបានមានប្រសាសន៍បន្តថា “ក្រសួងត្រូវការលិខិតស្នើសុំការអនុញ្ញាតមួយច្បាប់។ប្រសិនបើអ្នកគ្រប់គ្នា អាចទទួលបានព័ត៌មានដោយងាយនោះ ព័ត៌មានទាំងនោះអាចត្រូវបានគេប្រើប្រាស់ដើម្បីធ្វើវិទ្ធង្សនាជាមិនខាន។
លោកបន្ថែមថា “ដូចអ្នកបានដឹងរួចហើយ សហរដ្ឋអាមេរិកកំពុងមានបញ្ហា និងការលួចទិន្នន័យពាក់ព័ន្ធនឹងលោក អេតវើដ ស្នូដែន (Edward Snowden) លោកថ្លែងដូច្នេះសំដៅលើអ្នកផ្សព្វផ្សាយ ព័ត៌មានសម្ងាត់របស់ភ្នាក់ងារសន្តិសុខជាតិ ដែលធ្វើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រួតពិនិត្យលើប្រព័ន្ធអុីនធើណិត”។
លោក គង់ ពុទ្ធារ៉ា ប្រធាននាយករដ្ឋានស្ថិតិនៃក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា លោកបានផ្ដល់ទិន្នន័យឲ្យអ្នកយកព័ត៌មាននៅពេលណាដែលលោកមាន ប៉ុន្តែ ពេលខ្លះលោកមិនអាចទទួលបានតួលេខនោះទេ។ លោកមានប្រសាសន៍បន្តថា “ ប្រសិនបើខ្ញុំនិយាយថា ខ្ញុំមានទិន្នន័យនោះអ្នកនឹងទទួលបានភ្លាម។ ប៉ុន្តែ ប្រសិនបើពួកគេ [ថ្នាក់លើរបស់ខ្ញុំ] មិនផ្ដល់ទិន្នន័យនោះមកខ្ញុំទេ តើខ្ញុំអាចធ្វើអ្វីបាន”។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានច្រានចោលម្តងហើយម្តងទៀតនូវកិច្ចប្រឹងប្រែងរបស់អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ សិទ្ធិទទួលបានព័ត៌មាន។ លោកថ្លែងបន្តថា “រដ្ឋាភិបាលមិនមានការផ្លាស់ប្តូរណាមួយឡើយ។ វាអាស្រ័យលើពួកគេ [មន្ត្រីរដ្ឋាភិបាល] ប្រសិនជាពួកគេចង់ ឬមិនចង់ផ្សាយព័ត៌មាននោះ។ ដូច្នេះប្រសិនបើព័ត៌មានណាបម្រើផលប្រយោជន៍ឲ្យពួកគេនោះ ពួកគេនឹងយល់ព្រមភ្លាម ប៉ុន្តែផ្ទុយទៅវិញ វាអាស្រ័យលើពួកគេតែប៉ុណ្ណោះ”។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានសិក្សាព័ត៌មានកម្ពុជាបានមានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់ក្នុងការទទួលបានព័ត៌មានអំឡុងការបោះឆ្នោត ដូច្នេះប្រជាពលរដ្ឋអាចវិន្និច្ឆ័យលើរបាយការណ៍ក្នុងការជ្រើសរើសអ្នកនយោបាយនិងគណបក្សបានត្រឹមត្រូវ។ លោកបានថ្លែងបន្តថា “នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ មិនមានផ្នែកណាមួយលាក់បាំងព័ត៌មានឡើយជាពិសេសប្រជាពលរដ្ឋត្រូវការព័ត៌មានជាចាំបាច់ថែមទៀត ក្នុងអំឡុងពេលបោះឆ្នោត”៕
ប្រែសម្រួលដោយ ឃិន ណៃ