ចំពេលមានការកើនឡើងនូវការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា និងច្បាប់តម្រូវឲ្យអ្នកធ្វើដំណើរតាមម៉ូតូទាំងអស់ពាក់មួកសុវត្ថិភាពនោះ អ្នករត់រ៉ឺម៉កម៉ូតូ និងអ្នករត់ម៉ូតូឌុបត្រូវបានអនុញ្ញាតឲ្យចូលសិក្សាស្ដីពីការប្រើប្រាស់មួកសុវត្ថិភាព ដោយមិនគិតថ្លៃនៅក្នុងសិក្ខាសាលាមួយក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។
ទោះបីជាការស្លាប់នៅតាមផ្លូវនៅប្រទេសកម្ពុជា ភាគច្រើនបណ្ដាលមកពីរថយន្តទំនើបៗបើកបរលើសល្បឿនកំណត់និងបើកបរទាំងស្រវឹងក៏ដោយ ក៏ម្ចាស់យានយន្តប្រហែល៦០០នាក់មកពីទូទាំងរាជធានី បានចូលរួមក្នុងសិក្ខាសាលាដែលគាំទ្រដោយអង្គការសុខភាពពិភពលោក ដែលបានបង្រៀនពួកគេអ្វីៗគ្រប់យ៉ាងរហូតដល់ការប្រើប្រាស់មួកសុវត្ថិភាព ដូចជាការជ្រើសរើសទំហំឲ្យបានត្រឹមត្រូវ ព្រមទាំងដាក់ខ្សែចង្ការឲ្យបានត្រឹមត្រូវផងដែរ។
លោក ភា គីមវង្ស ជាអ្នកជំនាញផ្នែកសុវត្ថិភាពផ្លូវគោកមកពីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា “អ្នកបើកបរភាគច្រើនមិនដឹងពីការប្រើប្រាស់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទេ។ នៅពេលយើងស្នើឲ្យពួកគាត់បង្ហាញពីការពាក់មួកសុវត្ថិភាពនោះ ពួកគាត់បែរជាដាក់ខ្សែពាក់ចង្កានៅក្រោមថ្គាមទៅវិញ”។
លោកថ្លែងបន្តថា “បន្ទាប់ពីយើងបានបង្ហាញរួចហើយ យើងឃើញថាឥឡូវនេះពួកគាត់ជាច្រើននាក់អាចប្រើប្រាស់មួកសុវត្ថិភាពបានត្រឹមត្រូវ ហើយនេះនឹងធ្វើឲ្យផ្លូវថ្នល់មានសុវត្ថិភាពជាងមុន”។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថាកាលពីឆ្នាំមុន មានប្រជាពលរដ្ឋចំនួន១.៩៦៦នាក់បានស្លាប់ហើយចំនួន៥.៣៤៩នាក់ទៀតបានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាហើយក្នុងចំណោមនោះប្រជាពលរដ្ឋចំនួន៦៨ភាគរយជាអ្នកបើកបរម៉ូតូ ឬអ្នកធ្វើដំណើរតាមម៉ូតូ។
ងតាមរបាយការណ៍នេះផងដែរបានឲ្យដឹងថា អ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាពត្រឹមតែ៦៥ភាគរយប៉ុណ្ណោះ ហើយអ្នកជិះជាមួយមានចំនួន៩ភាគរយពាក់មួកសុវត្ថិភាព។ ប៉ុន្តែលោក អៀ ចរិយា មន្ត្រីកម្មវិធីសុវត្ថិភាពផ្លូវថ្នល់ប្រចាំអង្គការជនពិការអន្តរជាតិមានប្រសាសន៍ថា ក្រៅពីការប្រើប្រាស់មួកសុវត្ថិភាព ការបើកបរលើសល្បឿនកំណត់ និងបើកបរទាំងស្រវឹង គឺជាមូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនៅប្រទេសកម្ពុជា។
លោកថ្លែងបន្តថា “ការសិក្សាស្រាវជ្រាវរបស់យើងបានបង្ហាញថា មូលហេតុសំខាន់ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺ ការបើកបរលើសល្បឿនកំណត់ និងការបើកបរទាំងស្រវឹង។ការផ្តោតលើការពាក់មួកសុវត្ថិភាពអាចកាត់បន្ថយការរងរបួសក្បាលបានប៉ុន្តែវាមិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានទេ “លោកបានបន្ថែមទៀតថា អ្នកបើកបរមួយចំនួនមកចូលរួមក្នុងវគ្គសិក្សានេះដើម្បីទទួលបានមួកសុវត្ថិភាពដោយមិនគិតថ្លៃតែប៉ុណ្ណោះ”។ លោកបានថ្លែងបន្តថា “ខ្ញុំមិនអាចស្វែងរកវិធីសុវត្ថិភាពដើម្បីអន្តរាគមន៍លើការបបើកបរលើសល្បើនកំណត់បានទេ។ហើយវាស្ទើតែគ្មានការអនុវត្តច្បាប់ពីមន្ត្រីនគរបាលឡើយ”។
លោក សុក ឈុននឿង អនុប្រធានសមាគមលទ្ធិប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតំណាងឲ្យអ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កម៉ូតូជាង៤.០០០នាក់នៅក្នុងផ្នែកដឹកជញ្ជូនក្រៅផ្លូវការបានថ្លែងថា សមាជិករបស់លោកប្រហែលជាអាចសួរសំណួរនៅក្នុងវគ្គសិក្សានោះ៕
ប្រែសម្រួលដោយ ឃិន ណៃ