មន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់នៅក្នុងខេត្តបន្ទាយមានជ័យបានអះអាងកាលពីថ្ងៃសុក្រថា ផ្ទះរបស់លោកត្រូវគេលួចដុត ប៉ុន្តែនគរបាលបានលើកឡើងថា អគ្គិភ័យនេះគឺកើតឡើងដោយសារទុស្សេខ្សែភ្លើង។
លោក កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេតព្រះ បានបដិសេធថា អគ្គិភ័យឆាបឆេះផ្ទះរបស់លោក ឈូ ឈីន លេខាប្រតិបត្តិគណបក្សសង្គ្រោះនៅស្រុកព្រះនេតព្រះ ទាំងស្រុងកាលពីថ្ងៃព្រហស្បតិ៍នោះមិនមែនមានគេលួចដុតនោះទេ។
លោក ប៊ុនយឿន បានលើកឡើងថា “ យោងតាមការស៊ើបអង្កេតរបស់យើង បានរកឃើញថា ផ្ទះរបស់លោកមិនមែនត្រូវគេលួចដុតនោះទេ ប៉ុន្តែ ត្រូវឆេះដោយសារការទុស្សេខ្សែភ្លើង”។
តែទោះជាយ៉ាងណា លោក ឈូ ឈីន បានលើកឡើងថា គេបានគំរាមសម្លាប់លោក និងក្រុមគ្រួសាររបស់លោកតាមទូរស័ព្ទចំនួនពីរលើករួចមកហើយ ដោយបានធ្វើឲ្យលោកចាកចេញពីផ្ទះកាលពីថ្ងៃទី៣ខែកក្កដា។
លោកបានមានប្រសាសន៍ថា “ ផ្ទះរបស់ខ្ញុំត្រូវគេលួចដុត ពេលដែលខ្ញុំចាកចេញពីផ្ទះទៅស្នាក់នៅទីស្នាក់ការគណបក្សរបស់ខ្ញុំ បន្ទាប់ពីគេបានគំរាមសម្លាប់ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំចំនួនពីរលើកកាលពីដើមខែនេះ”។ លោកបានបន្តថា “ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានប្រាប់ឲ្យខ្ញុំបោះបង់ការងាររបស់ខ្ញុំក្នុងគណបក្សប្រឆាំង បើពុំដូច្នោះទេក្រុមគ្រួសាររបស់ខ្ញុំនឹងត្រូវគេសម្លាប់ចោល”។
លោកបានមានប្រសាសន៍បន្ថែមថា ការនិយាយថា ផ្ទះរបស់លោកត្រូវឆេះដោយសារទុស្សេខ្សែភ្លើងនោះដូចជាមិនទំនងសោះឡើយ ពីព្រោះលោកបានបិទចរន្តអគ្គិសនីអស់ហើយ នៅពេលចាកចេញពីផ្ទះកាលពីពីរសប្តាហ៍មុន៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង