The Cambodia Daily Khmer

វត្ត​មាន​របស់​ហាង​កាហ្វេ​កូរ៉េ​​មិន​ទំនង​ជា​ប​ង្ក​ផល​ប៉ះ​ពាល់​ដល់​ទីផ្សារ​កំពុង​រីក​ចម្រើ​ន​របស់​កម្ពុជា​ទេ​

ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េ​ បា​ន​រាយការ​ណ៍​ថា កាលពីម្សិល​មិញ​ ​ហាង​កាហ្វេ​ កា​ហ្វេ​ បេណេ ​(Caffe Bene) ដែល​ជាហាង​កា​ហ្វេ​ធំបំផុត​លំដាប់​ទី២​នៅប្រទេស​កូរ៉េ​ខាង​ត្បូង​ ​បាន​​​ប្រកា​ស​ផែនការ​បើក​ដំណើ​រ​ហាង​របស់​ខ្លួន​ ​នៅ​ប្រ​ទេស​កម្ពុជា​​។

​ក៏ប៉ុន្តែ ​ខណៈ​ដែល​វត្តមាន​របស់​ហាង​កាហ្វេ​នេះ​នឹង​បន្ថែម​គូ​ប្រកួត​ប្រជែង​មួ​យ​ទៀត សម្រាប់​ហាង​កាហ្វេ​ជិត​ដប់​ ដែ​ល​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ នៅ​ក្នុ​ង​ប្រទេស​នេះ​ ហាង​កាហ្វេ​ក្នុងស្រុក​បាន​លើកឡើង​ថា ​ទីផ្សារ​សម្រាប់​អាជីវកម្ម​នេ​ះ​មិន​ទាន់​ឈាន ​ដល់​ដំណាក់​កាល​ចង្អៀត​ទេ ដោយ​សារតែ​​​ប្រជាជន​ដែលមាន​ប្រាក​់​ចំណូល​មធ្យម​ នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រ​ទេ​ស​កម្ពុជា​ ​បន្ត​កើន​ឡើង​ ហើយ​និយម​ទទួ​ល​ទាន​កាហ្វេ​ទៀត​ផង​។

​ហាង​កាហ្វេ​ កាហ្វេ​ បេណេ បាន​លើ​ក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ តាមរយៈសារ​ព័ត៌មាន​ ឌឹ កូរ៉េ​ ថែម​ស៍ (The Korea Times) ថា ​ “ ដោយ​សារតែ​… ​ប្រទេស​កម្ពុ​ជា​ [មាន​] ​សក្តានុពល​សម្រាប់​អភិវឌ្ឍន៍​ទី​ផ្សារ​កាហ្វេ​ សហគ្រាស​អាជីវកម្ម​ក្នុងស្រុ​ក​ ​នានា​ បាន​ជ្រើស​​​​យក​អាជីវកម្ម​កាហ្វេ​ បេណេ ដែ​ល​មាន​ភាព​រីក​ចម្រើន​​​​ខ្លាំង​នៅប្រទេស​កូរ៉េ​​ ធ្វើ​ជា​ដៃ​គូ​អាជីវកម្ម​​”។​

ទោះ​បីជា​សេចក្តី​ប្រកាស​នោះ​មិន​បា​ន​បញ្ជាក់​ថា តើ​អ្នក​ណាជា​ដៃគូ​ពាណិជ្ជ​​ក​ម្ម​ក្នុងស្រុក និង​តើ​​ហាង​នេះ​នឹង​បើក​នៅ​ពេ​ល​ណា​នោះ​ក៏ដោយ​ សេចក្តី​ប្រកាស​នេះ​បាន​​​បង្ហាញ​ថា ​ហាងកាហ្វេ បេ​ណេ​ នឹង​ត្រូវ​បាន​​​បើក​ឲ្យ​ដំណើរ​ការ​ នៅ​​សង្កា​ត់​បឹង​កេង​កង​១​ ក្នុង​រាជធានីភ្នំ​ពេញ​។ នៅពេល​ហាង​កា​ហ្វេ កាហ្វេ បេ​ណេ​ បង្ហាញវត្តមាន​ ចំនួន​អាជីវ​កម្ម​​ប្រើ​យី​ហោ​មានស្រាប់​នៅ​លើទីផ្សារ​កាហ្វេ ​នៃ​​​ប្រទេស​កម្ពុជា​ ​នឹង​កើន​ឡើង​ដល់​ប្រាំបី​។ ក្នុង​​​ចំណោម​​​​​​​អាជីវកម្ម​កាហ្វេ​ទាំងនេះ ភាគ​ច្រើន​មាន​ហាង​​​​នៅក្នុង​​សង្កាត់​បឹង​កេង​កង​១ ដែល​ជា​តំបន់​ស្នាក់​នៅ​របស់​ជន​ជាតិ​បរ​ទេស​ ​និង​​​អង្គការ​មិនមែន​រដ្ឋាភិបាល​។

​លោក រ៉ាមី សារ៉ាហ្វ (Rami Sharaf​)​ ប្រធាន​​​​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ អាអឹម​អេ​ ខេមបូឌា ​(RMA Ca​mbodia) ដែល​ជា​ក្រុ​ម​ហ៊ុន​វិនិ​​​យោគ​មួយ និង​ជា​ប្រតិ​បត្តិករក្នុង​ស្រុ​ក​ សម្រាប់​ហាង​កាហ្វេ​ កូ​ស្តា (Costa C​offee​)​​ ដែល​មាន​មូល​ដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ ​បាន​មាន​ប្រសាសន៍​ថា  “ ​យើង​ឃើញថា ​ហាង​​​កាហ្វេ​មាន​ចំនួន​កើន​ឡើង​ ក៏ប៉ុន្តែ​​ យើង​ឃើញ​មាន​មនុស្ស​កាន់​តែ​ច្រើន​ទៅ​កាន់​ហាង​កាហ្វេ​​​​ទាំង​នោះ​ដោយ​អារម្មាណ៍​ចូ​លចិត្ត​។ ទីផ្សារ​នេះ​ស្ថិ​ត​ក្នុង​ចំណោម​សូចនាករ​ច្បាស់​លាស​់​​​បំផុត​​ពីព្រោះ​វា​បង្ហាញ​ថា ​ប្រជាជន​ដែ​ល​​​មាន​ប្រាក់​​ចំណូល​មធ្យម​មានការ​កើន​ឡើង​ ហើ​យ​ចំនួន​ហាង​កាហ្វេ​ ក៏​បង្ហាញ​ខ្លួនកាន់​តែ​​ច្រើ​ន​ផង​ដែរ​ ក៏ប៉ុន្តែ មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​​​​ចំនួន​អតិថិជន​គោល​ដៅ​ទេ​”។​

​លោក​បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា ​ក្រុម​ហ៊ុន អាអឹម​អេ ​មាន​គម្រោង​បើក​ហាង​កា​ហ្វេ​ កូស្តា ​​ចំនួនពីរ​បន្ថែម​ទៀត​ នៅ​ក្នុង​រា​ជ​ធានី​​​ភ្នំពេញ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុ​ខ​នេះ​។ ​លោក​បាន​និយាយ​ថា “ យើ​ង​មិន​បារម្ភ​ អំពី​វត្ត​មាន​របស់​គូប្រកួត​ប្រជែងថ្មី​ទៀត​ទេ​”។

​លោក ​កៅ សូវណ្ណី ប្រធាន​គ្រប់គ្រង​ស្តីទី ហាង​កាហ្វេ​ ឌឹ ខូហ្វ៊ី​ ប៊ីន (Coffee Bean​)​ ​និង​ធី លីហ្វ ​(Tea Leaf​) ដែល​យីហោ​មក​ពី​សហរដ្ឋ​អាមេរិក​ និងមាន​ហាង​ពីរ​ក្នុ​ង​រាជធានីភ្នំពេញ​ បាន​លើកឡើងថា ​ប្រ​ជា​ជន​កម្ពុជា​មានការ​យល់ដឹង​ កាន់​តែ​ច្រើ​​នអំពី​កាហ្វេ​ដែលមាន​គុណភាពខ្ពស់​ ជា​ហេ​តុ​នាំឲ្យ​ការ​នាំចូល​យីហោអាជីវ​កម្ម​ម​ក​ប្រទេស​​​កម្ពុជា មានភាព​កាន់តែ​ងាយស្រួ​ល​​។​លោក​មាន​ប្រសា​សន៍​ថា “ទីផ្សា​រ​កាហ្វេ​នៅ​ប្រទេស​កម្ពុជា​កំពុង​រីក​ចម្រើន​ ​ហើយ​ប្រ​ជាជន​កម្ពុជា​ច្រើន​ណាស់​ ដែល​ចាប់​ផ្តើម​ទ​ទួល​យក​ទស្សនៈ​គោល​នៃសាកលភាវូបនីយកម្ម​​ ​និង​មានការ​យល់ដឹង​កាន់​តែ​ច្រើន​ អំ​ពី​យី​ហោកាហ្វេ​”។​

លោក ​ចាង ​ប៊ុនលាង ​​សហ​ស្ថាបនិក​ និ​ង​ជា​នាយក​គ្រប់គ្រង​ហាង​កាហ្វេ​ ប្រោ​ន​  (Brown ​Coffee​) ​បាន​លើកឡើងថា វត្តមា​ន​របស់​ហាង​កាហ្វេ​លំដាប់​អន្តរ​ជាតិ ដូច​ជា​ ហាង​កាហ្វេ កាហ្វេ បេណេ កូស្តា និង​ហាងកាហ្វេ ខូហ្វី ប៊ីន​ ​ជាដើម ​មាន​ឥទ្ធិ​ព​ល​បន្តិចបន្តួច​ ទៅលើ​ហាង​​​កា​ហ្វេ​យីហោ​​ក្នុងស្រុក​ ដូចជា ហាង​កាហ្វេ ប្រោន​ ជាដើ​ម​។ លោក​បាន​​​និយាយ​​​ថា ​ហាង​កាហ្វេ​ ប្រោន​ “ មាន​លំនឹង​ខ្លាំង​ណាស់​”។​លោក ​បាន​បន្តថា “ យើង​ឃើ​ញ​​​ថា មាន​ការ​ប្រែ​ប្រួល​ច្រើន​ ចំពោះ​អតិថិជន​ដែល​ចង់​បាន​អ្វី​ដែល​ជា​របស់​ក្នុង​​ស្រុកធៀប​នឹង​របស់​មក​ពីក្រៅ​ស្រុក​​។ យើ​ង​កំពុង​រៀប​ចំ​ផែន​ការ​បើក​ហាង​ ចំនួន​ពីរ​ទៀត​ នៅ​ចុង​ឆ្នាំនេះ​”។​ លោក​បាន​​បន្ថែម​ថា  “វត្តមាន​ថ្មីៗ​គឺ​ជា​រឿង​ល្អ ព្រោះវា​ផ្ត​ល់​​នូវ​ជម្រើស​កាហ្វេ​​ច្រើនដល់​អតិថិ​ជ​ន​”៕

ប្រែសម្រួលដោយ កង សុធា​​

Exit mobile version