នៅថ្ងៃអាទិត្យ ប្រទេសទាំងមូលនឹងមានទស្សនពីរផ្សេងគ្នា៖ អ្នក ដែលគិតថា រយៈពេល២០ឆ្នាំមុនបាននាំមកនូវស្ថេរភាពសេដ្ឋកិច្ច និងនយោបាយ ហេដ្ឋារចនាសម្ព័ន្ធនិងឱកាសពាណិជ្ជកម្មថ្មីៗយ៉ាងឆាប់រហ័ស ការអភិវឌ្ឍគ្រប់វិស័យ និងភាពចម្រុងចម្រើន។
ថ្វីបើមានការរីកចម្រើនបែបនេះក្តី ក៏មានអ្នកមើលឃើញដែរថា រយៈពេលទសវត្សរ៍កន្លងមកនេះមានតែអំពើពុករលួយ ដែលមិនអាចគ្រប់គ្រងបាន ការរំលោភសិទ្ធិមនុស្ស ការចប់យកដីធ្លី និងការប្រមូលអំណាច និងទ្រព្យសម្បត្តិនៅក្នុងគ្រួសារនយោបាយនៃគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោក ហ៊ុន សែន។
គេរំពឹងថា ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅតាមគន្លងរបស់គណបក្សប្រជាជនកម្ពុជា ដោយផ្តល់ឲ្យលោក ហ៊ុន សែន នូវរយៈពេលកាន់អំណាចប្រាំឆ្នាំទៀត ប៉ុន្តែក្រុមអ្នកវិភាគឯករាជ្យនៅតែជឿថា រឿងអ្វីក៏អាចកើតឡើងបានដែរ។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “ ក្នុងចំណោមអ្នកតាមដានសភាពការណ៍កម្ពុជា មួយចំនួនជាអ្នកមានចំណេះដឹងជ្រៅជ្រះ និងមួយចំនួនទៀតជាអ្នកអង្កេតសភាពការណ៍គ្មានបទពិសោធន៍។ អ្នកខ្លះនិយាយថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះប៉ុន្តែគ្រាន់តែសម្លេងគាំទ្រថយចុះជាងមុន ចំណែកឯអ្នកខ្លះទៀតនិយាយថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុងតែមានសម្លេងឆ្នោតគាំទ្រស្មើគ្នា”។
លោក ឡៅ ម៉ុងហៃ និងក្រុមអ្នកតាមដានស្ថានការណ៍មួយចំនួនបានឲ្យដឹងថា អាចមានលទ្ធផលបីពីការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខ ដោយក្នុងនោះទី១គឺ គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោតលើសលប់ ហើយកើនអសនៈសភាលើសពី៩០អសនៈបច្ចុប្បន្ន ទី២ គណបក្សប្រជាជនកម្ពុជាចាញ់ចំនួនអសនៈរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែនៅតែអាចឈ្នះល្មមនឹងបង្កើតរដ្ឋាភិបាលថ្មីតែម្នាក់ឯងបាន ឬក៏មហាជនម្ចាស់ឆ្នោតធ្វើឲ្យមានរឿងភ្ញាក់ផ្អើលកើតឡើង ហើយគណបក្សប្រជាជនកម្ពុជាចាញ់សន្លឹកឆ្នោតគណបក្សសង្គ្រោះជាតិ។
សេណារីយ៉ូទី១៖ គណបក្សប្រជាជនកម្ពុជាកើនអសនៈលើសពី៩០អសនៈ។ ក្រុមអ្នកអង្កេតស្ថានការណ៍បានឲ្យដឹងថា បើទោះបីជាគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោតលើសលប់សារជាថ្មីម្តងទៀតនៅថ្ងៃអាទិត្យខាងមុខនេះក៏ដោយ ក៏ការគាំទ្រភ្លូកទឹកភ្លូកដីរបស់គណបក្សសង្គ្រោះជាតិបានផ្តល់ឲ្យលោក ហ៊ុន សែន និងគណបក្សកាន់អំណាចជាយូរមកហើយរបស់លោកនូវបញ្ហាឈឺក្បាល ដែលត្រូវគិតដែរ ហើយមានឱកាស ដែលពួកគេផ្លាស់ប្តូរបន្តិចនូវគោលនយោបាយរបស់ខ្លួន ដើម្បីបំពេញតម្រូវការយុវជនម្ចាស់ឆ្នោត ដែលបានចូលរួមជាមួយគណបក្សប្រឆាំង។
ខណៈ ដែលភាគច្រើននៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាកំពុងតែឈានចូលវ័យជរា គួរតែមានការគិតអំពីការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងគណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងចំណោមរដ្ឋមន្ត្រីវ័យចាស់ជរា។
លោក ឡៅ ម៉ុងហៃ បានឲ្យដឹងថា លោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺស្ថិតនៅក្នុងមុខតំណែងដ៏ខ្សោយបំផុត ប្រសិនបើគណបក្សប្រជាជនកម្ពុជាសម្រេចធ្វើកំណែទម្រង់ ព្រោះគាត់មិនបានបង្កើនគុណភាពផលិតកម្ម ឬអនុវត្តគោលនយោបាយ ដែលអាចធ្វើឲ្យកម្ពុជាប្រកួតប្រជែងក្នុងសហគមន៍អាស៊ានជាពិសេសជាងនេះទៅទៀតនោះ ខណៈ ដែលតំបន់សេដ្ឋកិច្ចសេរីអាស៊ានគ្រោងនឹងបង្កើតឡើងនៅក្នុងឆ្នាំ២០១៥។
លោក ឡៅ ម៉ុងហៃ បានថ្លែងថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសក៏ស្ថិតក្នុងគោលជំហរខ្សោយដែរ ក្រោយពីកម្ពុជាបរាជ័យមិនទទួលបានអាសនៈមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីឆ្នាំមុន។ កំណត់ត្រាសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសអំពើធ្វើលើជនភៀសខ្លួន ត្រូវបានគេលើកឡើងថា ជាហេតុផលមួយ ដែលគេមិនមើលឃើញថា កម្ពុជាជាបេក្ខភាពមានសក្តានុពលសម្រាប់អាសនៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “ ការទូតក្រៅប្រទេសនេះមិនជោគជ័យទាល់តែសោះ នយោបាយរបស់យើងអន់ណាស់” ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រៅពីកំណែទម្រង់ ដែលអាចកើតមានក្នុងរង្វង់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សលោក ហ៊ុន សែន ក៏នឹងធ្វើឲ្យមានការខកចិត្តយ៉ាងសម្បើមក្នុងចំណោមម្ចាស់សម្លេងឆ្នោតគាំទ្រគណបក្សប្រឆាំងរាប់លាននាក់ ជាពិសេសយុវវ័យ ដែលទៅបោះឆ្នោតជាលើកទី១នៅថ្ងៃអាទិត្យខាងមុខនេះ ហើយ ដែលជឿជាក់ថា ពួកគេអាចធ្វើឲ្យមានការ “ ផ្លាស់ប្តូរ” នោះ។
អ្នកវិភាគនយោបាយឯករាជ្យលោក កឹម ឡី មានប្រសាសន៍ថា ប្រសិនបើក្តីសង្ឃឹមរបស់ពួកគេត្រូវរលាយបាត់ដោយសារជ័យជម្នះលើសលប់របស់គណបក្សប្រជាជនកម្ពុជា ឬប្រសិនបើពួកគេមានអារម្មណ៍ថា សន្លឹកឆ្នោតរបស់ពួកគេត្រូវបានកេងបន្លំដោយសារការបោះឆ្នោតមិនប្រក្រតី អំពើហឹង្សាអាចផ្ទុះឡើងនៅតាមដងផ្លូវនានា។
លោក កឹម ឡី មានប្រសាសន៍ថា ប្រសិនបើគណបក្សប្រជាជនឈ្នះដាច់ សហគមន៍ទាំងមូលនឹងនិយាយថា លទ្ធផលបោះឆ្នោតត្រូវបានរៀបចំទុកជាមុន ហើយមានការកេងចំណេញលើបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ជាពិសេសជាងនេះទៅទៀត គឺយុវជននឹងធ្វើអ្វីមួយប្រឆាំងនឹងលទ្ធផលការបោះឆ្នោត ហើយរដ្ឋាភិបាលនឹងចេញការទប់ស្កាត់គ្រប់យ៉ាង ដែលពួកគេអាចធ្វើបានលើយុវជនកម្ពុជា។ នឹងមានអំពើហឹង្សា ហើយនឹងមានការបង្ហូរឈាម”។
ជាយថាហេតុ ការតវ៉ានេះនឹងថយចុះបន្តិចម្តងៗ ហើយអណត្តិប្រាំឆ្នាំក្រោមអំណាចរបស់គណបក្សប្រជាជាតិកម្ពុជានឹងចូលមកដល់ជាបន្តទៀត។ លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “ ជាក់ស្តែង អ្វីៗនឹងដូចពីមុន” គឺមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ។
សេណារីយ៉ូទី២៖ គណបក្សប្រជាជនកម្ពុជាថយចំនួនអាសនៈ ប៉ុន្តែនៅតែឈ្នះគណបក្សសង្គ្រោះជាតិ។ ការបាត់បង់ចំនួនអាសនៈដ៏ច្រើននៅរដ្ឋសភា អាចជាការដាស់តឿនដល់គណបក្សប្រជាជនកម្ពុជា ហើយនឹងប៉ះពាល់យ៉ាងធ្ងន់ដល់មុខតំណែងរបស់លោក ហ៊ុន សែនក្នុងឋានៈជាតំណែងនាយករដ្ឋមន្ត្រីដ៏យូរយារមកហើយនៅក្នុងគណបក្សកាន់អំណាចរបស់លោក។ ជាយូរយារណាស់មកហើយ លោក ហ៊ុន សែន បានដាក់ខ្លួនឯងជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា។ ហើយសម្លេងឆ្នោតដ៏ខ្លាំងក្លារបស់គណបក្សប្រឆាំងអាចត្រូវបានគេមើលឃើញថាជា គំរូបរាជ័យសម្រាប់លោក ហ៊ុន សែន ក្នុងឋានៈជាបេក្ខជនរបស់គណបក្សកំពុងកាន់អំណាចនេះ។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា ខណៈ ដែលផ្ទាំងឃោសនារកសម្លេងឆ្នោតរបស់លោក ហ៊ុន សែន បង្ហាញពីថ្នាក់ដឹកនាំបីរូបរបស់គណបក្សប្រជាជនកម្ពុជា រួមមាន លោក ហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក ជា សុីម ប្រធានព្រឹទ្ធសភានោះ យុទ្ធនាការឆ្នាំនេះផ្តោតលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រើនជាងគេ។ លោកបានថ្លែងថា “ មានការប្រាសចាកឆ្ងាយពីការដឹកនាំរួម។ឥឡូវ សារនោះគឺថា លោក ហ៊ុន សែន ជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាព។ គាត់មានអំណាច អ្វីៗទាំងអស់ស្ថិតនៅក្នុងដៃគាត់”។
ជាមួយនឹងប្រជាប្រិយភាព ដែលលោក ហ៊ុន សែន បានទាក់ទាញដោយសារបុគ្គលិកលក្ខណៈរបស់ខ្លួន ហានិភ័យខ្ពស់ណាស់នៅថ្ងៃអាទិត្យខាងមុខនេះ។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “ ប្រសិនបើគាត់ចាញ់ឆ្នោត មុខតំណែងរបស់លោកនៅក្នុងគណបក្សស្ថិតក្នុងសភាពមិនប្រាកដប្រជា។គាត់នឹងស្ថិតក្នុងស្ថានភាពដូចគ្នានឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាហ្សុីប រ៉ាហ្សាក (Najib Razak)” ដែលចាញ់ឆ្នោតនៅក្នុងខែឧសភា ហើយនឹងទំនងជាត្រូវផ្លាស់ប្តូរពីថ្នាក់ដឹកនាំក្នុងគណបក្សរបស់ខ្លួននៅក្នុងឆ្នាំនេះ។
លោកថ្លែងថា នៅពេលនេះ មុខតំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន មិនមាននរណាប្រជែងបានទេ ព្រោះសមាជិកក្រុមគ្រួសាររបស់លោក ជាពិសេសកូនៗរបស់លោកបានកាន់តំណែងជាន់ខ្ពស់នៅក្នុងគណបក្សប្រជាជនកម្ពុជា និងស្ថាប័នសំខាន់ៗផ្សេងទៀត ដើម្បីជួយរក្សាមុខតំណែងឪពុករបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ការបាត់បង់អាសនៈរបស់គណបក្សប្រជាជនកម្ពុជា នឹងមានន័យថា ជាការផ្លាស់ប្តូរនៃនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រោះពួកគេនឹងត្រូវគោរពមតិយោបល់របស់គណបក្សប្រឆាំងខ្លះៗដែរ ដោយសារការកើនឡើងនៃតួនាទីរបស់គណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋសភា។ តាមការសន្យា គេរំពឹងថា គណបក្សសង្គ្រោះជាតិនឹងអនុវត្តតឹងរុឹងលើច្បាប់អន្តោប្រវេសន៍ ជាពិសេសចំពោះប្រជាជនវៀតណាម និងកំណែទម្រង់ការងារ។
លោក កឹម ឡី មានប្រសាសន៍ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាបាត់បង់ជាង២០អាសនៈ ទំនងជាមានកំណែទម្រង់ធំៗនៅក្នុងគណបក្ស ដើម្បីធ្វើឲ្យយុវជនម្ចាស់ឆ្នោតស្ងប់ចិត្ត។ លោកថ្លែងថា “ នឹងមានការកែប្រែពីនយោបាយគាំទ្រអ្នកមានមកគាំទ្រអ្នកក្រវិញ”។ លោកថ្លែងថា ការទទួលបានអាសនៈ ប៉ុន្តែមិនបានទទួលសម្លេងឈ្នះលើសលប់ ក៏នឹងជួយរក្សាសន្តិភាពបានដែរ។ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង នឹងពេញចិត្តជាមួយនឹងលទ្ធផល ហើយគណបក្សប្រជាជនកម្ពុជាក៏មិនចាំបាច់ខ្លាចបាត់បង់អំណាចជាប្រពៃណីទាំងស្រុងរបស់ខ្លួនឡើយ។
លោក កឹម ឡី បានមានប្រសាសន៍ថា “ គ្រប់គ្នានឹងទទួលយកលទ្ធផលនេះ ជាពិសេសប្រសិនបើគណបក្សសង្គ្រោះជាតិទទួលបាន៥០ ឬ៦០អាសនៈក្នុងចំណោម១២៣អាសនៈនោះ ពួកគេនឹងពេញចិត្ត”។
សេណារីយ៉ូទី៣៖ គណបក្សប្រជាជនកម្ពុជាចាញ់គណបក្សសង្គ្រោះជាតិ។ ជាមួយលទ្ធផលមិនប្រាកដប្រជាបច្ចុប្បន្ននេះ ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះ ក៏ជារឿងព្រួយបារម្ភណាស់ដែរ។ កាលពីខែមុន លោក ហ៊ុន សែន បានព្រមានជាច្រើនលើកច្រើនសារថា ជ័យជម្នះរបស់គណបក្សប្រឆាំងនឹងបង្ករឲ្យមានសង្គ្រាមស៊ីវិលឡើងវិញ ប៉ុន្តែលោក ហ៊ុន សែន មិនបានបង្ហាញថា នរណានឹងចូលប្រយុទ្ធក្នុងសង្គ្រាមនេះទេ។
ខណៈក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជា បាននិយាយថា ពួកគេនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតនេះនោះ ក្រុមអ្នកវិភាគនយោបាយ ដែលត្រូវបានសម្ភាសនៅក្នុងអត្ថបទព័ត៌មាននេះមានការយល់ឃើញផ្សេងគ្នាទៅលើអ្វី ដែលនឹងកើតឡើងប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងបង្កើតរដ្ឋាភិបាល ប៉ុន្តែមិនអាចដឹកនាំបានទេ ដោយសារការលូកដៃ និងការធ្វើពហិកាពីគណបក្សប្រជាជនកម្ពុជា។លោកបានថ្លែងថា “ មន្ត្រីរាជការសុីវិលភាគច្រើនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ពួកគេនឹងទាមទារប្រាក់បៀវត្សរ៍ខ្ពស់ លក្ខខណ្ឌការងារកាន់តែប្រសើរ ឬនិយាយថា ពួកគេខ្វះធនធានមិនអាចអនុវត្តតាមគោលនយោបាយបាន” ដែលជាយថាហេតុ អាចឈានទៅរកការដួលរលំរដ្ឋាភិបាលថ្មីនេះ។
ទោះជាយ៉ាងណាក៏ដោយ លោក កឹម ឡី បានយល់ឃើញធ្ងន់ជាងនេះ ដោយមានប្រសាសន៍ថា ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិអាចនឹងធ្វើឲ្យ “ រឿងដ៏អាក្រក់បំផុតកើតឡើង”។ លោកបានថ្លែងថា គណបក្សប្រជាជនកម្ពុជានឹងព្យាយាមតោងចាប់យកអំណាចដោយការប្រើកម្លាំងនគរបាល និងយោធា ដែលសុទ្ធតែមានភក្តីភាពជាមួយគណបក្សប្រជាជនកម្ពុជា និងអង្គភាពអង្គរក្សរបស់លោក ហ៊ុន សែន ដែលបើតាមការព្យាករណ៍មកថា បច្ចុប្បន្នមានចំនួនប្រហែល១០.០០០នាក់ និងបំពាក់ដោយអាវុធយុទ្ធភ័ណ្ឌដ៏ទំនើបជាងអង្គភាពផ្សេងៗនៅក្នុងប្រទេសនោះ។ លោកបានមានប្រសាសន៍ថា“ ពួកគេនឹងការពារគាត់ (លោក ហ៊ុន សែន)។ គាត់អាចប្រើពួកគេបានគ្រប់ពេល”។
លោកបានព្យាករណ៍ថា“ នឹងមានភាពវឹកវរ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានឹងរក្សាក្តាប់អំណាចរបស់ខ្លួន ហើយកម្ពុជានឹងស្ថិតក្នុងស្ថានភាពដូចគ្នានឹងប្រទេសភូមានាឆ្នាំ១៩៩០ ដែលនៅពេលនោះគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យឈ្នះឆ្នោត ហើយគណបក្សយោធានោះបានចាប់ខ្លួនអ្នកនយោបាយស្ទើរតែទាំងអស់”។
មិនថាលទ្ធផលយ៉ាងម៉េចទេ ថ្ងៃអាទិត្យនេះនឹងកំណត់ពីវាសនានៅរយៈពេលប្រាំឆ្នាំខាងមុខ ហើយនេះនឹងជាការបោះឆ្នោតជាប្រវត្តិសាស្ត្រ។ នេះជាលើកទី១ហើយ ដែលក្រុមអ្នកគាំទ្រគណបក្សប្រឆាំងបានបញ្ចេញមតិយោបល់ជាចំហរ និងពាក់មួក និងអាវរបស់គណបក្សសង្គ្រោះជាតិនៅតាមទីសាធារណៈដោយគ្មានការភ័យខ្លាចដូចរដូវកាលបោះឆ្នោតមុនៗ។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “ យុវជនម្ចាស់ឆ្នោត និងអ្នករស់នៅក្នុងទីក្រុង ដែលមានការអប់រំ និងជីវភាពមធ្យម ដែលចែកចាយ និងផ្លាស់ប្តូរព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងសង្គម កាន់តែចូលជ្រៅក្នុងនយោបាយ ហើយរំពឹងចង់បានអ្វីលើសពីស្ថេរភាព និងសន្តិភាពទៅទៀត។
លោកបានថ្លែងថា “ ប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំចាស់ទុំរបស់គណបក្សប្រជាជនកម្ពុជាបានមកពីការដួលរលំនៃរបបខ្មែរក្រហម ប៉ុន្តែមានសង្គមថ្មីមួយ ដែលប្រជាជនកាន់តែច្រើនទទួលបានព័ត៌មាន និងមានបណ្តាញទំនាក់ទំនងសង្គម។ ពួកគេមានការយល់ដឹង និងការអប់រំកាន់តែច្រើន ហើយមានការរំពឹងទុកខុសៗគ្នា”។ លោកបានថ្លែងបន្ថែមថា នៅការតស៊ូយូរៗទៅ អំណាចលែងនៅក្នុងកណ្តាប់ដៃគណបក្សតែមួយទៀតហើយ៕
ប្រែសម្រួលដោយ ឌឿង សាវតា