កាលពីម្សិលមិញ អ្នកបោះឆ្នោតជាច្រើននាក់បានប្រមូលផ្តុំគ្នាធ្វើកុបកម្មនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីមានការតវ៉ាអស់រយៈពេលជាយូរចំពោះភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោត ជាហេតុបណ្តាលឲ្យរថយន្តពីរបាំងកន្លះចំនួនពីរគ្រឿងរបស់កងរាជអាវុធហត្ថរងការបំផ្លិចបំផ្លាញនិងឆាបឆេះ ហើយក្នុងហេតុការណ៍នេះក៏មានការចោលដុំថ្មដាក់ក្រុមមន្ត្រីកងរាជអាវុធហត្ថផងដែរ។
ហេតុការណ៍តវ៉ានេះបានចាប់ផ្តើមកើតឡើងកាលពីព្រឹកម្សិលមិញ នៅពេលអ្នកបោះឆ្នោតទាំងនោះខឹង ហើយបានអះអាងថា ខ្លួនរកឈ្មោះរបស់ខ្លួនមិនឃើញនៅក្នុងបញ្ជីរាយឈ្មោះអ្នកបោះឆ្នោត ហើយក៏បានចោទប្រកាន់ កញ្ញា យិន គឹមសៀន មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រចាំការិយាល័យបោះឆ្នោត ក្នុងសាលាបឋមសិក្សាសង្កាត់មានជ័យ ថាមិនរវីរវល់នឹងការតវ៉ារបស់ខ្លួន។
ពេលបុរសវ័យក្មេងម្នាក់ បើតាមការចោទប្រកាន់បានវាយប្រហារទៅលើព្រះសង្ឃមួយអង្គ ដែលបានកំពុងតវ៉ាចំពោះបញ្ហាបញ្ជីរាយឈ្មោះអ្នកបោះឆ្នោត ពេលនោះហេតុការណ៍កុបកម្មក៏បានផ្ទុះឡើង។ ដើម្បីគេចចេញពីក្រុមអ្នកតវ៉ាដែលកំពុងតែខឹងខ្លាំងទាំងនោះ កញ្ញា គឹមសៀន បានចូលទៅក្នុងថ្នាក់រៀនតូចមួយ ហើយចាក់សោខាងក្នុង ខណៈដែលក្រុមអ្នកតវ៉ាបានស្រែកឲ្យមន្ត្រីរូបនេះចេញមកក្រៅ។
ព្រះតេជគុណ យិន រតនៈសុធារី បានមានសង្ឃដីកាថា កម្លាំងកងរាជអាវុធហត្ថបានប្រព្រឹត្តខុស ដោយបានចូលទៅជួយបុរសវ័យក្មេងដែលបានព្យាយាមវាយព្រះអង្គ។ ព្រះតេជគុណបានមានសង្ឃដីកាថា “គេម្នាក់មិនដឹងជាចេញមកពីណាទេ បានព្យាយាមវាយអាត្មា ហើយអាត្មាក៏បានព្យាយាមគេចចេញពីការវាយរបស់គេ”។
លោក យឹន សារ៉ាន់ មន្ត្រីនគរបាលខណ្ឌមានជ័យដែលបានចុះត្រួតពិនិត្យហេតុការណ៍នេះអស់រយៈពេលពេញមួយថ្ងៃនោះ បានឲ្យដឹងថា នគរបាលបានចាប់ខ្លួនបុរសដែលបានព្យាយាមវាយព្រះសង្ឃ ប៉ុន្តែ លោកបានបដិសេធមិនបញ្ចេញឈ្មោះបុរសនោះទេ។ លោកបានឲ្យដឹងបន្ថែមទៀតថា បុរសនោះមិនមែនជាជនជាតិវៀតណាម ដូចការអះអាងរបស់ក្រុមអ្នកតវ៉ាខឹងយ៉ាងខ្លាំងទាំងនោះទេ ផ្ទុយទៅវិញ បុរសរូបនោះគឺជាជនជាតិខ្មែរ។ លោកបានមានប្រសាសន៍ថា “ឥឡូវនេះ គាត់នៅឯប៉ុស្តិ៍នគរបាល”។
បន្ទាប់មក ស្ថានការណ៍ក៏កាន់តែយ៉ាប់យ៉ឺនទៅៗ នៅពេលកងកម្លាំងរាជអាវុធហត្ថព្យាយាមនាំយកកញ្ញា គឹមសៀន ចេញពីបន្ទប់រៀននោះ ជាហេតុជំរុញឲ្យយុវជនរាប់រយនាក់ រួមទាំងព្រះសង្ឃផងនោះ នាំគ្នាយកដុំថ្មចោល ទៅលើកងរាជអាវុធហត្ថដែលមានគ្នាជាង១០០នាក់។ នៅពេលទទួលរងសម្ពាធពីការចោលដុំថ្ម និងវត្ថុផ្សេងៗទៀត ក្រុមកងរាជអាវុធហត្ថទាំងនោះក៏បានដកថយ ហើយក៏ទុករថយន្តភីកអាប់ម៉ូដថ្មីចំនួនពីរគ្រឿងចោល ភ្លាមៗនោះបង្អួចរថយន្តទាំងពីរនោះក៏ត្រូវបានកម្ទេចចោល ហើយបន្ទាប់មកទៀត រថយន្តទាំងពីរក៏ត្រូវបានលើកផ្ងារឡើង។
ក្នុងការប៉ន់ប៉ង់គេចខ្លួនចេញពីក្រុមអ្នកចោលដុំថ្ម និងវត្ថុផ្សេងៗទាំងនោះ ក្រុមកងរាជអាវុធហត្ថ ក៏បានបាញ់កាំភ្លើងឡើងលើអស់ជាង១០គ្រាប់។ ក៏ប៉ុន្តែ ក្រុមអ្នកវាយប្រហារទាំងនេះមិនរាថយឡើយ ក៏ប៉ុន្តែ បានបង្កើនកម្លាំងទ្វេដង ដើម្បីចូលទៅកម្ទេចរថយន្តទាំងពីរ មុនពេលធ្វើឲ្យរថយន្តទាំងនេះឆេះឡើងដោយជោគជ័យ នៅវេលាម៉ោងប្រហែល៥ល្ងាច ដោយសារតែធុងសាំងរថយន្តទាំងនេះបានផ្ទុះឡើង ក្នុងរយៈពេលកន្លះម៉ោងក្រោយមក បន្ទាប់មកផ្សែងខ្មៅក៏ហុយទៅក្នុងអាកាសចំពេលដែលផ្ទៃមេឃចាប់ផ្តើមងងឹត។
រថយន្តកងរាជអាវុធហត្ថបំពាក់ដោយកាំភ្លើងបាញ់ទឹកធុនធំ ក៏ត្រូវបានរៀបចំត្រៀមនៅក្បែរកន្លែងកើតហេតុ ដោយមានកម្លាំងកងវាជអាវុធហត្ថ និងក្រុមនគរបាលបង្ក្រាបកុបកម្មផងដែរ ប៉ុន្តែ កម្លាំងទាំងនេះមិនត្រូវដាក់ពង្រាយ ដើម្បីជំរុញឲ្យក្រុមអ្នកធ្វើកុបកម្មដកថយទេ។ នៅពេលភ្លើងឆេះរថយន្តបានរលត់ ចំនួនអ្នកធ្វើកុបកម្មក៏បានថយចុះបន្តិចម្តងៗ ក៏ប៉ុន្តែ យុវជនមួយចំនួននៅតែបន្តកម្ទេចគ្រោងឆ្អឹងរថយន្តដែលត្រូវបានដុតបំផ្លាញទាំងពីរទៀត។
មន្ត្រីកងរាជអាវុធហត្ថជាន់ខ្ពស់មួយរូប ដែលបានមើលឃើញសកម្មភាពកម្ទេចរថយន្តអង្គភាពរបស់ខ្លួន ក្នុងចម្ងាយប្រហែល២០ម៉ែត្រពីរថយន្តទាំងពីរ បាននិយាយយ៉ាងសាមញ្ញ ដោយសុំមិនបញ្ចេញឈ្មោះថា លោកមិនបានទទួលបញ្ជាពីថ្នាក់លើរបស់លោក ឲ្យធ្វើអន្តរាគមន៍ និងបញ្ជាកម្លាំងដែលនៅក្បែរនោះ ឲ្យប្រឈមមុខនឹងក្រុមអ្ននកធ្វើកុបកម្មដែលខឹងខ្លាំងទាំងនោះទេ។ នៅពេលភ្លើងរលត់ បុរសម្នាក់ដែលគេជឿថា ជាជនជាតិវៀតណាម ក៏ត្រូវបានវាយប្រហារផងដែរ ជាហេតុធ្វើឲ្យក្បាលរបស់បុរសរូបនេះរងរបួស។ស្ថិតក្រោមសម្ពាធនៃការឡោមព័ទ្ធដោយក្រុមអ្នកធ្វើកុបកម្ម បុរសរូបនេះលើកដៃទាំងពីរសំពះ ហើយអង្វរសូមឲ្យពួកគេឈប់វាយគាត់បន្ថែមទៀត មុនពេលសន្លប់លែងដឹងខ្លួន។ ក្រោយមក បុរសរូបនេះក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ទៅជួយសង្គ្រោះ។
ព្រះតេជគុណ ថាច់ ថាវរី ព្រះជន២៤ឆ្នាំ បានគង់នៅជាមួយព្រះសង្ឃប្រមាណជា១០អង្គផ្សេងទៀត នៅខាងក្រៅបន្ទប់រៀន ដែលមានកញ្ញា គឹមសៀន នៅខាងក្នុងអស់រយៈពេលពេញមួយរសៀល ដែលនេះជាឧបស័គ្គដ៏រឹងមាំមួយ សម្រាប់ការពារកុំឲ្យមន្ត្រីរូបនេះចេញពីបន្ទប់នេះបាន។ ស្ថិតក្នុងចំណោមអ្នកតវ៉ាដែលបានស្រែកថា “យុត្តិធម៌” និង “ពួកយើងចង់បោះឆ្នោត” ទាំងនេះ ព្រះតេជគុណ ថាច់ ថាវរី បានមានសង្ឃដីកាថា ប្រជាជននៅការិយាល័យបោះឆ្នោតនេះ នឹងមិនអាចទទួលយកលទ្ធផលបោះឆ្នោតនេះទេ។ ព្រះតេជគុណ ថាច់ ថាវរី បានមានសង្ឃដីកាថា “ការបោះឆ្នោតនេះមិនអាចទទួលយកបានទេ ព្រោះគ្មានដំណោះស្រាយសម្រាប់់ប្រជាជន ដែលមានបញ្ហាក្នុងការចូលរួមបោះឆ្នោត”។
កញ្ញា គឹមសៀន បាននិយាយចេញពីបង្អួចជាប់ចម្រឹង នៃបន្ទប់ដែលនាងកំពុងនៅខាងក្នុងនោះថា នាងព្រួយបារម្ភអំពីជីវិតរបស់នាងខ្លាំងណាស់។ នាងបាននិយាយថា “អ្នកតវ៉ាចង់ឲ្យខ្ញុំស្លាប់ហើយ”។ កាលពីយប់មិញ លោក ពូ ដាវី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី បានមានប្រសាសន៍ថា កញ្ញា គឹមសៀន បានចេញផុតពីបន្ទប់រៀននោះ ហើយក៏បានត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាពផងដែរ៕
ប្រែសម្រួលដោយ កង សុធា