កាលពីម្សិលមិញ ផ្លូវទាំងអស់នៅជុំវិញភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចំកណ្ដាលរាជធានីភ្នំពេញត្រូវបានបិទជាបណ្ដោះអាសន្ន ដោយមន្ត្រីម្នាក់បាននិយាយថា ការបិទផ្លូវនេះជាផ្នែកមួយក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវអំពើហិង្សានៅតាមការិយាល័យបោះឆ្នោតមួយកន្លែង។
ការបិទផ្លូវនេះបានចាប់ផ្ដើមកាលពីរសៀលម្សិលមិញ នៅម៉ោងប្រហែល៤ល្ងាចរហូតដល់ម៉ោង៩និង៣០យប់ នៅលើមហាវិថីព្រះនរោត្តមចាប់ពីផ្នែកខាងជើងនិងផ្នែកខាងត្បូងវិមានឯករាជ្យ នៅលើមហាវិថីព្រះសីហនុទៅភាគខាងលិចនិងនៅលើមហាវិថីព្រះសុរាមរិទ្ធរហូតដល់ចុងខាងកើតត្រូវបានបិទដោយរបាំងដែក និងមាននគរបាលនិងកងរាជអាវុធហត្ថឈរយាមនៅទីនោះផងដែរ រីឯផ្លូវទៅកាន់ក្រសួងមហាផ្ទៃក៏ត្រូវបិទដែរ។
សមាជិកម្នាក់មកពីអង្គភាពកងអង្គរក្សរបស់លោក ហ៊ុន សែន ដែលឈរយាមនៅត្រង់ចំណុចបិទផ្លូវនេះបាននិយាយថា គាត់ជឿថា អំពើហិង្សាដែលបានកើតឡើងនៅក្នុងខណ្ឌមានជ័យដែលត្រូវបានកម្លាំងនគរបាលបង្ក្រាបកុបកម្មបំបែកហើយរថយន្តរបស់កងរាជអាវុធហត្ថពីរគ្រឿងបានគេរុញឲ្យក្រឡាប់ និងដុតចោលនោះ ជាការឆ្លើយតបទៅនឹងការលុបឈ្មោះរបស់ប្រជាពល រដ្ឋពីបញ្ជីឈ្មោះអ្នកបោះឆ្នោតនោះបាននាំឲ្យមានការបិទផ្លូវបែបនេះ។
អង្គរក្សរូបនោះ បាននិយាយដោយមិនប្រាប់ឈ្មោះថា “ វាគឺដោយសារយើងបានឃើញរថយន្តកងរាជអាវុធហត្ថទាំងនោះត្រូវបានគេវាយប្រហារ”។
លោក ហេង ចាន់ធារី នាយការិយាល័យនគរបាលចរាចររាជធានីភ្នំពេញបានមានប្រសាសន៍ថា លោកមិនបានដឹងអំពីមូលហេតុក្នុងការសម្រេចបិទផ្លូវនេះទេ ហើយលោកមានប្រសាសន៍ថា នេះជាបទបញ្ជារបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញឲ្យបិទផ្លូវទាំងនេះហើយលោកសុវណ្ណ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោកឧត្តមសេនីយ៍ទោ ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានមានប្រសាសន៍ថា នេះជាវិធានការដើម្បីធានាសន្តិសុខនៅតំបន់ជុំវិញភូមិគ្រឹះរបស់លោក ហ៊ុន សែន ជាវិធានការការពារជាមុន ដើម្បីការពារលោកនាយករដ្ឋមន្ត្រី ហើយនេះជាវិធីការពារជាធម្មតានៅក្នុងកាលៈទេសៈបែបនេះ។
លោកថ្លែងបន្តថា “ យើងមានការព្រួយបារម្ភថា អ្នកតវ៉ាអាចនឹងដង្ហែក្បួននៅជុំវិញភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែវាជារឿងធម្មតានៅមុននឹងនៅក្រោយការបោះឆ្នោតដែលកម្លាំងរបស់យើងត្រូវតែចេញមកធ្វើអន្តរាគមន៍ក្រែងមានអ្វីមួយកើតឡើង អ្នកឈ្នះឆ្នោតគឺតែងតែសប្បាយចិត្តរីឯអ្នកចាញ់វិញគឺមិនសប្បាយចិត្តឡើយ”។
មានរថយន្តទំនើបៗមួយចំនួនត្រូវបានអនុញ្ញាតឲ្យបើកបរកាត់របាំងដែកនោះ ហើយបើកចូលទៅក្នុងភូមិគ្រឹះរបស់លោក ហ៊ុន សែន តាមច្រកតូចនៅខាងក្រោយភូមិគ្រឹះនេះពីមហាវិថីព្រះនរោត្ដម និងកាត់តាមផ្លូវលេខ១៩។ មន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលឈរយាមនៅជិតបរិវេណភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រីបាននិយាយថា ការបិទផ្លូវនេះគឺជាវិធានការបណ្ដោះអាសន្នធម្មតាស្របពេលការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះ ប៉ុន្តែ មានសម្លេងតិចជាងការរំពឹងទុក៕
ប្រែសម្រួលដោយ ឃិន ណៃ