កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានចោទប្រកាន់សកម្មជនគណបក្សប្រជាជន នៅខេត្តកណ្តាលថា បានរុះរើស្ពានដែកមួយកន្លែងកាលពីថ្ងៃសៅរ៍ ដើម្បីព្យាយាមកុំឲ្យលោកអាចឆ្លងទៅចូលរួមប្រជុំមហាជនចំនួនពីរកន្លែង ដែលត្រូវបានគ្រោងធ្វើនៅក្នុងតំបន់នេះ។
គណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី កំពុងជំទាស់នឹងលទ្ធផលបឋមនៃការ បោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដែលគណបក្សប្រជាជនឈ្នះបាន៦៨អាសនៈទល់នឹងគណបក្សប្រឆាំងដែលទទួលបាន៥៥អាសនៈ ហើយលោកកំពុងធ្វើដំណើរទៅកាន់ខេត្តមួយចំនួន ដែលគណបក្ស ប្រឆាំងមួយនេះឈ្នះការបោះឆ្នោត ដើម្បីត្រៀមរៀបចំ សម្រាប់ការតវ៉ា។
លោក អ៊ូ ចាន់រិទ្ធ បេក្ខជនគណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើដំណើរជាមួយលោក សម រង្ស៊ី បានឲ្យដឹងថា ប៉ុន្តែកាលពីព្រឹកថ្ងៃសៅរ៍ ក្បួនរថយន្តរបស់លោកបានទៅដល់ស្ពានស្រុកស្អាង នៅម៉ោងប្រហែល៨និង៣០នាទីព្រឹក ហើយបានឃើញថា បន្ទះក្តារស្ពានមួយចំនួនត្រូវបានគេរុះរើចេញ ដោយធ្វើឲ្យរថយន្តមិនអាចឆ្លងរួច។
លោកបានឲ្យដឹងថា ដោយសារតែមានការរារាំងបែបនេះ ទើបសមាជិកគណបក្សប្រហែល៣០នាក់ឆ្លងព្រែកនោះតាមទូក។ លោក ចាន់រិទ្ធ បានឲ្យដឹងថា “យើងបានទុករថយន្តនៅត្រើយម្ខាង ហើយប្រើប្រាស់ទូកធំដើម្បីឆ្លង”។ លោកបានបន្ថែមទៀតថា បន្ទាប់មក យើងជិះម៉ូតូរបស់អ្នកគាំទ្របក្ស ដែលកំពុងរង់ចាំយើងនៅត្រើយម្ខាង ដើម្បីទៅដល់គោលដៅ និងកន្លែងប្រជុំមហាជន។
លោក សម រង្ស៊ី ធ្លាប់បានចោទប្រកាន់គណបក្សកាន់អំណាចជាយូរមកហើយថា ព្យាយាមប្រើប្រាស់គ្រប់ល្បិចកល ដើម្បីរារាំងមហិច្ឆតានយោបាយរបស់លោក ដែលមានចាប់ពីការឲ្យតុលាការដាក់បទចោទប្រ កាន់មិនសមហេតុផល រហូតដល់ការរៀបចំការវាយប្រហារដោយគ្រាប់បែកដ៏ផ្តាច់ផ្តិលជីវិតមួយលើការតវ៉ា ដែលលោកបានដឹកនាំកាលពីឆ្នាំ១៩៩៧ ហើយលោកបានស្តីបន្ទោសសកម្មជនគណបក្សប្រជាជនថា បានរារាំងចំពោះការឆ្លងស្ពាននេះ។លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថា គណបក្សកាន់អំណាចរារាំងរូបខ្ញុំ ខណៈដែលខ្ញុំព្យាយាមទៅជួបអ្នកគាំទ្ររបស់ខ្ញុំនៅខេត្តកណ្តាល ពីព្រោះពួកគេបានដកក្តារ [ស្ពាននោះ] ដូច្នេះយើងមិនអាចឆ្លងបានទេ”។
លោក ខឹម ច័ន្ទគីរី អភិបាលស្រុក និងជាសមាជិកគណបក្សប្រជាជន បានបដិសេធចំពោះការលើកឡើងរបស់បក្សប្រឆាំងនេះ។ លោកបានបញ្ជាក់ថា ស្ពាននេះត្រូវបានបិទ មិនឲ្យធ្វើចរាចរមុនពេលលោក សម រង្ស៊ីមកដល់តែបន្តិចប៉ុណ្ណោះ ប៉ុន្តែលោកបាននិយាយថា វាជួនពេលគ្នា ហើយការបិទនេះ គឺដើម្បីជួសជុលរយៈពេលពីរ ឬបីថ្ងៃប៉ុណ្ណោះ។
លោកបានឲ្យដឹងដូច្នេះថា “ ខ្ញុំសូមបដិសេធដែលថា អាជ្ញាធររបស់យើងដកក្តារស្ពាននេះចេញមិនឲ្យពួកគេឆ្លងកាត់។ យើងត្រូវជួសជុលស្ពាននេះ ពីព្រោះវាចាស់ពេក ”។ លោក ច័ន្ទគីរី បានបន្តថា ស្ពាននេះត្រូវបើកឲ្យឆ្លងកាត់ឡើងវិញតែកន្លះម៉ោងក្រោយប៉ុណ្ណោះ ដែលមិនយូរប៉ុន្មានក្រោយពីលោក សម រង្ស៊ី និងអ្នកធ្វើដំណើរជាមួយលោកត្រូវឆ្លងតាមទូក ហើយជិះម៉ូតូបន្ត។
គណបក្សសង្គ្រោះជាតិក៏បានឲ្យដឹងផងដែរថា នៅពេលលោក សម រង្ស៊ី ទៅដល់កន្លែងគោលដៅរបស់លោកនៅឃុំកោះខែល លោកបានថ្លែងទៅកាន់អ្នកគាំទ្រប្រហែល២០.០០០នាក់ ។ គេមិនអាច ផ្ទៀងផ្ទាត់ចំនួននេះដោយឯករាជ្យបានទេ។
លោក សេង ស៊ាងលី ប្រធានគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ចាម បានឲ្យដឹងថា លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រចំនួន៧.០០០នាក់ និង២.០០០នាក់ទៀតនៅឯកន្លែងប្រជុំមហាជននៅខេត្តនេះកាលពីម្សិលមិញ។
លោក ស៊ាងលី បានមានប្រសាសន៍ថា ប្រធានគណបក្សនេះបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋចំពោះការបោះឆ្នោតគាំទ្ររបស់ពួកគាត់កាលពីថ្ងៃទី២៨ ខែកក្កដាហើយបានលើកឡើងម្តងហើយម្តងទៀតថា ពួកគាត់ឈ្នះការបោះឆ្នោតនេះ ព្រមទាំ ងជំរុញឲ្យប្រជាពលរដ្ឋត្រៀមខ្លួនធ្វើបាតុកម្មប្រសិនបើចាំបាច់ត្រូវធ្វើ។ លោក ស៊ាងលី បានឲ្យដឹងថា “ លោក សម រង្ស៊ី ថ្លែងថា ប្រសិនបើគណបក្សប្រជាជនមិនព្រមផ្តល់យុត្តិធម៌ឲ្យយើងទេនោះ ការធ្វើបាតុកម្មយ៉ាងធំមួយនឹងកើតឡើង”។
កាលពីម្សិលមិញ លោក សម រង្ស៊ី បានព្រមានថា ប្រទេសកម្ពុជា “នឹងមានការធ្វើបាតុកម្មយ៉ាងធំ” បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតច្រានចោលលទ្ធភាពនៃការអនុញ្ញាតឲ្យអង្គការសហប្រជាជាតិចូលរួមនៅក្នុងការស៊ើបអង្កេតលើសេចក្តីរាយការណ៍អំពីភាពមិនប្រក្រតីជាច្រើននៅថ្ងៃបោះឆ្នោត។
ទាំងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិសុទ្ធតែអះអាងថា ខ្លួនទទួលបានអាសនៈភាគច្រើននៅក្នុងរដ្ឋសភា ហើយដោយមានអាសនៈភាគច្រើននេះ ខ្លួនមានសិទ្ធិបង្កើតរដ្ឋាភិបាលថ្មី។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងរួចហើយថា លោកមានបំណងបង្កើតរដ្ឋាភិបាលថ្មីមួយ ហើយបានព្រមានដោយលើកឡើងពីការបកស្រាយច្បាប់របស់លោកថា លោកអាចយកអាសនៈរបស់គណបក្សសង្គ្រោះជាតិនៅក្នុងសភាមកឲ្យគណបក្សរបស់លោក ប្រសិនបើគណបក្សប្រឆាំងនេះមិនព្រមអង្គុយនៅក្នុងសភាថ្មី៕
ប្រែសម្រួលដោយ ហួង កុកទៀន