អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា អង្គការហ្វាវ (FAO) ព្យាករថា ទិន្នផលស្រូវរបស់ប្រទេសកម្ពុជានៅឆ្នាំនេះនឹងមានចំនួនស្មើទិន្នផលស្រូវឆ្នាំមុន។
នៅក្នុងរបាយការណ៍ស្តីពីការត្រួតពិនិត្យទីផ្សារស្រូវខែកក្កដារបស់ខ្លួន ដែលចេញផ្សព្វផ្សាយប្រចាំត្រីមាស អង្គការហ្វាវ បានឲ្យដឹងថា បើតាមស្ថានភាពអាកាសធាតុមានន័យថា ទិន្ន ផលស្រូវឆ្នាំនេះនឹងមិនអាចឈានដល់កម្រិត ដែលបានព្យាករទុកកាលពីពេលមុននោះទេ។
របាយការណ៍ដែលវិភាគអំពីទីផ្សារស្រូវនៅលើពិភពលោកនេះបានបង្ហាញថា “នៅក្នុងប្រទេសកម្ពុជា ការធ្លាក់ភ្លៀងយឺតយ៉ាវបានពន្យារពេលដល់ការដាំដុះដំណាំដ៏សំខាន់នេះនៅរដូវដាំដុះឆ្នាំ២០១៣ ដែលរហូតដល់ខែធ្នូទើបដល់រដូវប្រមូលផល។ បើតាមការប៉ាន់ស្មានជាផ្លូវការ នៅត្រឹមដំណាច់ខែមិថុនាផ្ទៃដីដាំដុះរួចមានទំហំ៩៣.០០០ហិកតា ពោលគឺតិចជាងផ្ទៃដីដាំដុះរួចកាលពីឆ្នាំមុនដែលមានទំហំ៨៥០.៧០០ហិកតា”។
របាយការណ៍ដដែលបានឲ្យដឹងថា បើទោះជានៅសល់ពេលវេលាសម្រាប់ការធ្វើស្រែ ដើម្បីឲ្យបានស្មើនឹងផ្ទៃដីធ្វើស្រែកាលពីឆ្នាំមុន និងដើម្បីបង្កើនទិន្នផលស្រូវសម្រាប់រដូវប្រមូលផលឆ្នាំនេះក៏ដោយ ក៏បច្ចុប្បន្ននេះគេរំពឹងថា ប្រទេសកម្ពុជានឹងអាចផលិតស្រូវបានតែចំនួន៩,៣លានតោនតែប៉ុណ្ណោះពោលគឺមានចំនួនស្មើនឹងទិន្នផលស្រូវឆ្នាំមុន។
យោងតាមរបាយការណ៍នេះ ទិន្នផលស្រូវឆ្នាំនេះនឹងមានចំនួនតិចជាងការព្យាករណ៍ទុកកាលពីលើកមុនចំនួន “ ២០០.០០០តោន ប៉ុន្តែនៅតែមានចំនួនស្មើនឹងទិន្នផលស្រូវកាលពីឆ្នាំ២០១២ដដែល”។ បើនិយាយពីការនាំចេញវិញ អង្គការ ហ្វាវ បានឲ្យដឹងថា គេរំពឹងថា ប្រទេសកម្ពុជានឹងអាចនាំចេញសរុបទាំងស្រូវទាំងអង្ករបានចំនួន១,៣លានតោន ប៉ុន្តែភាគច្រើនគឺការនាំចេញជាស្រូវ ដែលនឹងត្រូវយកទៅកិនជាអង្ករនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាម។
របាយការណ៍នេះបានឲ្យដឹងទៀតថា “ ប្រទេសកម្ពុជាកំពុងតែស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ការបង្កើនការនាំចេញអង្កររបស់ខ្លួនដោយផ្ទាល់តាមរយៈការបង្កើនការលក់ចែកចាយទៅកាន់ទីផ្សារអឺរ៉ុប។ កិច្ចព្រមព្រៀងកាលពីខែមេសាក៏បានបើកផ្លូវសម្រាប់ការលក់អង្ករទៅឲ្យអាជ្ញាធរស្បៀងអាហាររបស់ប្រទេសហ្វីលីពីនផងដែរ ដោយមានកិច្ចព្រមព្រៀងនាពេលថ្មីៗមួយទៀតសម្រាប់ការនាំចេញទៅកាន់ប្រទេសព្រុយណេ”។
រដ្ឋាភិបាលបានដាក់ទិសដៅកិនស្រូវ និងនាំអង្ករចេញឲ្យបានមួយលានតោនក្នុងមួយឆ្នាំៗ នៅត្រឹមឆ្នាំ២០១៥។ ខណៈដែលរោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងត្រូវបានសាងសង់អំឡុងពេលមានការងាយស្រួលក្នុងការទទួលបានឥណទានខាងវិស័យកសិកម្មនោះ ការនាំអង្ករចេញកាលពីឆ្នាំ២០១២ មានចំនួនជាង២០០.០០០តោនប៉ុណ្ណោះ។
លោក ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៅក្រសួងកសិកម្ម មិនបានយល់ស្របជាមួយការព្យាករណ៍របស់អង្គការហ្វាវនោះទេ ដោយលោកអះអាងថា កំណើនទិន្នផលស្រូវនៅប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះនៅតែបន្តកើនឡើង។
ដោយមិនបានផ្ដល់នូវតួលេខជាក់លាក់ចំពោះទំហំផ្ទៃដីដាំដុះរួចគិតមកទល់នឹងពេលនេះនៅឆ្នាំនេះ លោក ហ៊ាន វណ្ណហន បានឲ្យដឹងថា តាមពិតទៅ មានភ្លៀងតាំងពីដើមរដូវមកម៉្លេះ។ លោក វណ្ណហន បានមានប្រសាសន៍ថា “ ជាទូទៅ ទិន្នផលស្រូវមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពីព្រោះប្រជាកសិករព្យាយាមដាំដុះដំណាំរបស់ពួកគាត់ដោយប្រើគ្រាប់ពូជ និងជីកសិកម្ម”៕
ប្រែសម្រួលដោយ ហួង កុកទៀន