លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា ថ្វីបើមិនទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា ដើម្បីក្លាយជាសមាជិកសភាក៏ដោយ ក៏កូនប្រុសសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាយ៉ាងហោចណាស់បីរូបនឹងទទួលបានអាសនៈក្នុងសភាដែរនៅពេលបង្កើតរដ្ឋសភាថ្មី។
លោក ហ៊ុន ម៉ានី អាយុ៣០ឆ្នាំ កូនប្រុស ទី២របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស សុខា អាយុ៣២ឆ្នាំកូនប្រុសលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សាយ សំអាល់ អាយុ៣៣ឆ្នាំ កូនប្រុសរបស់លោក សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា សុទ្ធតែមិនបានជាប់ឆ្នោត ព្រោះពួកគេស្ថិតនៅក្រោម គេក្នុងបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជានៅតាមមណ្ឌលរបស់ខ្លួន និងដោយសារតែការទទួលសំឡេងច្រើនដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សប្រឆាំងនៅក្នុងមណ្ឌលបោះឆ្នោតទាំងនោះ។
យោងតាមលទ្ធផលបោះឆ្នោតបឋម ដោយសារគណបក្សប្រជាជនកម្ពុជាបាត់បង់អាសនៈក្នុងសភាអស់ចំនួន២២ទៅលើគណបក្សសង្គ្រោះជាតិនោះ ការសម្រេចប្រគល់តួនាទីសមាជិកសភាទៅឲ្យបេក្ខជនវ័យក្មេងទាំងបីរូបរបស់គណបក្សនេះមានន័យថា សមាជិកសភាគណបក្សប្រជាជនកម្ពុជាយ៉ាងហោចណាស់២៥រូបក្នុងរដ្ឋាភិបាលអាណត្តិមុននឹងបាត់បង់តួនាទីរបស់ខ្លួន។
លោក ជាម យៀប ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ការប្រគល់តួនាទីទៅឲ្យសមាជិកសភាគណបក្សប្រជាជនកម្ពុជា ថ្មីទាំងបីរូបនេះ គឺអាចធ្វើទៅបាន ហើយលោកបានបញ្ជាក់ថា តំណាងរាស្រ្តរបស់គណបក្សកាន់អំណាច១៣រូបបានយល់ព្រមលាលែងនៅមុនពេលបោះឆ្នោតរួចហើយ។
លោកបានមានប្រសាសន៍ថា “ សមាជិកសភាចំនួន១៣រូបមកពីអាណត្តិទី៤មិនបានឈរឈ្មោះជាបេក្ខជនទេ”។ លោកបានមានប្រសាសន៍ថា “ អាសនៈទាំង៦៨នេះនឹងមានបេក្ខជនថ្មីមកជំនួស ដូចជាលោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្តេច ហ៊ុន សែន លោក ស សុខា កូនប្រុសរបស់លោក ស ខេង និងលោក សាយ សំអាល់ កូនប្រុសរបស់លោកសាយ ឈុំ”។
លោក ហ៊ុន ម៉ានី គឺជាបេក្ខជនលេចធ្លោនៅមណ្ឌលកំពង់ស្ពឺ ប៉ុន្តែ មានឈ្មោះនៅក្នុងលេខរៀងទី៤សម្រាប់ខេត្តនេះ។ លទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតនេះបានបង្ហាញថា ការបែងចែកអាសនៈរបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលកំពង់ស្ពឺបានធ្លាក់ចុះពីប្រាំអាសនៈនៅក្នុងឆ្នាំ២០០៨មកត្រឹមបីអាសនៈកាលពីថ្ងៃទី ២៨ខែកក្កដា។
បេក្ខជនគណបក្សកាន់អំណាចមានឈ្មោះលើគេបីរូបនៅមណ្ឌលកំពង់ស្ពឺ គឺលោក សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា លោក ឆាយ ថន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងលោក កង ហ៊ាង ដែលជាអភិបាលខេត្តកំពង់ស្ពឺរហូតមកទល់ដើមឆ្នាំនេះ។មន្ត្រីមួយរូបក្នុងចំណោមមន្ត្រីទាំងបីរូបនេះ ទំនងជាមិនបានទទួលយកអាសនៈនៅក្នុងរដ្ឋសភាទេ ដើម្បីបើកផ្លូវឲ្យលោក ហ៊ុន ម៉ានី វិញ។
ដោយមិនទាន់មានលទ្ធផលជាផ្លូវការពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ លោក ជាម យៀប មិននិយាយថា តើសមាជិកសភាមួយណាក្នុងចំណោមសមាជិកសភាទាំងបីរូបនេះត្រូវលះបង់អាសនៈរបស់ខ្លួននោះទេ ប៉ុន្តែ លោកពិតជាបានមានប្រសាសន៍ថា សមាជិកសភាគណបក្សប្រជាជនកម្ពុជា១២រូបដែលឥឡូវនេះបានបាត់បង់តួនាទីរបស់ខ្លួននៅក្នុងរដ្ឋសភាដោយសារតែលទ្ធផលបោះឆ្នោតមិនល្អរបស់គណបក្សកាន់អំណាចនោះ នឹងបានទទួលតួនាទីផ្សេងទៀតនៅតាមក្រសួង ឬនៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ជាម យៀប បានមានប្រសាសន៍ថា លោកមិនអាចចាំឈ្មោះសមាជិកសភាទាំង១២រូបដែលត្រូវលាលែងនៅពេលនេះនោះទេ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនអាចចាំឈ្មោះសមាជិកសភាដែលលាលែងពីតួនាទីរបស់ខ្លួនដើម្បីទៅកាន់តួនាទីផ្សេងទៀតនៅក្នុងរដ្ឋាភិបាល និងឈ្មោះអ្នកថ្មីដែលត្រូវជំនួសពួកគេនោះទេ”។
“ ឥឡូវនេះយើងត្រូវរង់ចាំលទ្ធផលចុងក្រោយពី គ.ជ.ប. និងរង់ចាំរដ្ឋសភាបើកសម័យប្រជុំលើកដំបូងរបស់ខ្លួននៅក្នុងអាណត្តិថ្មីនេះសិន”។ នៅក្នុងខេត្តព្រៃវែង ជាខេត្តដែលមាន១១អាសនៈ ការបែងចែកអាសនៈសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាបានធ្លាក់ចុះពីប្រាំពីរអាសនៈមកត្រឹមប្រាំអាសនៈវិញ។
ការកើនសំឡេងគាំទ្រចំពោះគណបក្សប្រឆាំងនៅមណ្ឌលព្រៃវែងមានន័យថា លោក ស សុខា មិនជាប់ឆ្នោតដោយស័្វយប្រវត្តិនោះទេ។គេមិនទាន់ដឹងថា តើនរណានឹងត្រូវលាលែង ដើម្បីបើកផ្លូវឲ្យលោក ស សុខា បានក្លាយជាសមាជិកសភានោះទេ ប៉ុន្តែ បេក្ខជនដែលមានឈ្មោះនៅលើគាត់គឺ លោក ជាម យៀប លោក ប៉ែន បញ្ញា និងលោក ញឹម វណ្ណដា ។
លោក សុខ សុខន កូនប្រុសរបស់លោក សុខ អាន និងលោក គីម រិទ្ធី កូនប្រុសរបស់លោក គន់ គីមនាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទក៏បានប្រកួតប្រជែងក្នុងការបោះឆ្នោតនេះដែរ ប៉ុន្តែ មិនបានជាប់ឆ្នោតនៅមណ្ឌលតាកែវដែលពួកគេឈរឈ្មោះនោះទេ។
លោក ជាម យៀប មិនបាននិយាយថា តើលោក សុខន និងលោក រិទ្ធី នឹងបានទទួលអាសនៈសភាឬអត់នោះទេ។
គណបក្សប្រជាជនកម្ពុជាបាត់បង់អាសនៈពីរនៅក្នុងខេត្តតាកែវ មានន័យថា លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មក៏មិនបានជាប់ឆ្នោតនៅក្នុងខេត្តនេះដែរ។
លោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក និន សុភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គឺជាបេក្ខជនបួនរូបដែលស្ថិតនៅក្នុងលេខរៀងលើគេក្នុងខេត្តតាកែវរួមជាមួយលោក សុខ អាន។
លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនដែលជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា មិនទាន់មានការសម្រេចថា តើអាសនៈរបស់សមាជិកសភាណានឹងត្រូវលះបង់ដើម្បីបើកផ្លូវឲ្យកូនរបស់សមាជិកជាន់ខ្ពស់គណបក្សនេះទេ។ ប៉ុន្តែ មន្ត្រីណាដែលបាត់បង់តួនាទីដោយសារគណបក្សធ្វើការផ្លាស់ប្តូរនោះអាចទៅកាន់តួនាទីនៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ឈាង វុន បានមានប្រសាសន៍ថា “ គណបក្សប្រជាជនកម្ពុជាអាចបញ្ជូនឈ្មោះបេក្ខជនសមាជិកសភាទៅរដ្ឋសភា។សមាជិកសភាមួយចំនួនអាចទៅធ្វើការនៅទីស្តីការគណៈរដ្ឋមន្ត្រី”។ លោកបានពន្យល់ថា អ្នកដែលមិនជាប់ឆ្នោតនៅតែត្រូវបានតែងតាំងឲ្យចូលរដ្ឋសភាដោយគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាដែរ។លោកបានមានប្រសាសន៍ពន្យល់ពីប្រព័ន្ធដាក់តួនាទីនៅក្នុងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនេះថា “ ឧទាហរណ៍ ដូចជារូបខ្ញុំ ឈាង វុន ខ្ញុំស្ថិតនៅក្នុងលេខរៀងទី៨នៅលើបញ្ជីឈ្មោះបេក្ខជនគណបក្សប្រជាជនកម្ពុជា ដូច្នេះខ្ញុំអាចធ្វើជាសមាជិកសភាម្តងទៀតបានអាស្រ័យលើថា តើគណៈកម្មាធិការអចិន្ត្រៃយ៍ត្រូវការខ្ញុំឬអត់”។
“ វាមិនមានបញ្ហាអ្វីទេចំពោះគណបក្សប្រជាជនកម្ពុជា យើងទាំងអស់គ្នាស្គាល់ភារកិច្ចរបស់យើង ហើយមន្ត្រីមួយចំនួនរីករាយនឹងលាលែង ហើយអនុញ្ញាតឲ្យអ្នកផ្សេងទៀតធ្វើការដើម្បីប្រទេសជាតិរបស់ខ្លួន។ នេះគឺជាបញ្ហាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ នៅក្នុងកាលៈទេសៈនេះ យើងត្រូវបង្រៀនអ្នកថ្មីឲ្យធ្វើការបន្ត”។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា លោកមិនបានដឹងពីសេចក្តីសម្រេចណាមួយក្នុងការធ្វើឲ្យលោកក្លាយជាសមាជិកសភានោះទេ។ លោកបានមានប្រសាសន៍បន្តទៀតថា “ ខ្ញុំមិនមានអ្វីត្រូវនិយាយទេ។ ខ្ញុំត្រូវរង់ចាំលទ្ធផលចុងក្រោយពី គ.ជ.ប.”។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា ការតែងតាំងកូនមន្ត្រីទាំងបីរូបនេះអាចបង្កឲ្យមានអរិភាពមួយចំនួននៅក្នុងគណបក្សនេះព្រោះគណបក្សនេះមានបំណងបញ្ចូលសាច់ញាតិក្មេងៗមួយចំនួនទៅក្នុងអង្គនីតិបញ្ញតិ្តដោយការចូលនិវត្តរបស់សមាជិកផ្សេងទៀត។ លោកស្រី មានប្រសាសន៍ថា “ ខ្ញុំសង្ឃឹមថា ពួកគេមានការពិគ្រោះយោបល់ក្នុងន័យថា [អ្នកដែលត្រូវចាកចេញពីរដ្ឋសភា] ដោយសារដល់អាយុចូលនិវត្ត ឬដោយសារហេតុផលផ្សេងដែលពួកគេសុខចិត្តចូលនិវត្ត”។
លោកស្រីបានមានប្រសាសន៍ទៀតថា “វាហាក់ដូចជាមានហេតុផលសមស្របក្នុងការដាក់កូនមន្ត្រីទាំងបីរូបនោះនៅក្នុងរដ្ឋសភាដោយហេតុផលថា គណបក្សប្រជាជនកម្ពុជាត្រូវការមនុស្សជំនាន់ក្រោយ។ ពិតមែនហើយ វាមិនធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តនោះទេ។វានឹងធ្វើឲ្យនរណាម្នាក់នៅក្នុងបក្សនេះមិនសប្បាយចិត្ត ប៉ុន្តែ វាហាក់ដូចជា រឿងនោះគឺជាអ្វីដែលថ្នាក់ដឹកនាំចង់ធ្វើ”។
(រាយការណ៍បន្ថែមដោយ Lauren Crothers)
ប្រែសម្រួលដោយ មូល គឹមហឿន