នគរបាលបាននិយាយកាលពីម្សិលមិញថា យ៉ាងហោចណាស់ប្រជាពលរដ្ឋ១២៥នាក់អះអាងថា បានបាត់រថយន្តរបស់ខ្លួនបន្ទាប់ពីមានការអនុញ្ញាតឲ្យក្រុមហ៊ុនក្លែងក្លាយមួយជួលរថយន្តទាំងនោះ ហើយ ក្រោយ មកទើបដឹងថា រថយន្តទាំងនោះត្រូវបានលក់ទៅឲ្យហាងបញ្ចាំមួយនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់រថយន្ត ៦០នាក់បានមកជួបជុំគ្នានៅហាងបញ្ចាំ លីហួរ កាលពីម្សិលមិញបន្ទាប់ពីបានទទួលឯកសារដែលបង្ហាញថា ប្តីប្រពន្ធពីរនាក់ឈ្មោះ យូ សុឃុន និង កែវ ស្រីនិត ដែលបានប្រាប់គេថា ពួកគេគឺជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនទេសចរណ៍មួយនោះ បានលក់រថយន្តទាំងនេះបន្តទៀត។
លោក ហ៊ុយ ហ៊ាន មេប៉ុស្តិ៍សង្កាត់ទួលសង្កែបានមានប្រសាសន៍ថា “ យើងដឹងថា ប្រជាពលរដ្ឋ១២៥នាក់បានបាត់រថយន្តរបស់ខ្លួន ហើយថា មានរថយន្តសរុបចំនួន២១០គ្រឿងទៀតបានបាត់បន្ទាប់ពីប្តីប្រពន្ធពីរនាក់បានជួលទៅឲ្យក្រុមហ៊ុនទេសចរណ៍ឯកជនមួយ”។
ជនរងគ្រោះអះអាងថា ពួកគាត់ត្រូវបានទាក់ទងដោយប្តីប្រពន្ធនេះ ហើយបានសួរពួកគាត់ថា តើរថយន្តទាំងនេះអាចប្រើប្រាស់សម្រាប់រយៈពេលកំណត់ដើម្បីជួលទៅឲ្យភ្ញៀវទេសចរបានឬទេ។ នៅពេលចុះហត្ថលេខាលើកិច្ចសន្យារួច ម្ចាស់រថយន្តបាន ប្រគល់រថយន្តរបស់ខ្លួន ហើយទទួលបានប្រាក់ប្រចាំខែ។
ទោះជាយ៉ាងណា ហេតុការណ៍នេះបានផ្ទុះឡើងកាលពីម្សិលមិញ បន្ទាប់ពីមានការឈប់បង់ប្រាក់ ហើយប្រជាពលរដ្ឋដែលមានកំហឹងបានទៅកាន់ផ្ទះរបស់បុគ្គលិកនោះ ហើយពួកគាត់បានរកឃើញបង្កាន់ដៃបញ្ចាំរថយន្តជាច្រើន។
លោក ហ៊ុយ ហ៊ាន បានមានប្រសាសន៍ថា “ពួកគាត់បានទៅហាងបញ្ចាំ [លីហួរ] ពីព្រោះ ពួកគាត់ចង់ដឹងថា តើជនសង្ស័យទាំងនេះបានយករថយន្តទាំងនោះទៅបញ្ចាំមែន ឬមិនមែន។ ប៉ុន្តែ ពួកគាត់មិនបានរកឃើញអ្វីឡើយ បន្ទាប់ពីធ្វើការប្រៀបធៀបជាមួយស្លាកលេខរថយន្ត”។
ក្នុងចំណោមជនរងគ្រោះទាំងនោះមានលោក ចាន់ ជា មេភូមិអន្លង់ក្ងានដែលបានមានប្រសាសន៍ថា លោកបានជួលរថយន្តរបស់លោក ម៉ាក តូយ៉ូតា កាមរី មួយគ្រឿងកាលពីខែមិថុនា។ លោកបានមានប្រសាសន៍ថា “អ្នកជិតខាងរបស់ខ្ញុំបានប្រាប់ខ្ញុំអំពីក្រុមហ៊ុននេះ ហើយប្រជាពលរដ្ឋជាច្រើនបានយករថយន្តរបស់ខ្លួនទៅដាក់ជួល”។
លោកបានមានប្រសាសន៍ថា លោកទទួលបានប្រាក់សរុបចំនួន១.៣០០ដុល្លារមុនពេលមានការឈប់បង់ប្រាក់នោះ ហើយលោកសង្ស័យថា ពិតជាមានរឿងមិនស្រួលហើយ។ លោកបានមានប្រសាសន៍បន្តទៀតថា ឈ្មោះ សុឃុន និងឈ្មោះ ស្រីនិត បានប្រាប់លោកថា ពួកគេធ្វើការនៅក្រុមហ៊ុនទេសចរណ៍មួយឈ្មោះ CMP ប៉ុន្តែ ក្រុមហ៊ុននេះមិនមានពិតប្រាកដនោះទេ។
លោក ចាន់ ជា បានមានប្រសាសន៍ថា “ក្នុងចំណោមរថយន្ត៣០គ្រឿងទៅ៤០គ្រឿង ដែលបានជួលពីប្រជាពលរដ្ឋនៅក្នុងភូមិរបស់ខ្ញុំនោះ មានរថយន្តតែ៣គ្រឿងប៉ុណ្ណោះត្រូវបានរកឃើញនៅក្នុងខេត្តកណ្តាល។ លោកបានបន្ថែមថា តាមការអះអាងមកថា ជនសង្ស័យបានរត់ចោលផ្ទះរបស់ខ្លួនដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោមបាត់ហើយ។
អ្នកស្រី ណែម សារឿន អាយុ៣៩ឆ្នាំបានអះអាងថា ជនសង្ស័យបានយករថយន្តចំនួនប្រាំពីរគ្រឿងទៅជាមួយដែលជាកម្មសិទ្ធិរបស់ក្រុមគ្រួសារអ្នកស្រី ប៉ុន្តែ ថា ពួកគាត់យកបានមកវិញតែមួយគ្រឿងប៉ុណ្ណោះ។
លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាង១០០នាក់បានដាក់ពាក្យបណ្តឹង ហើយនគរបាលកំពុងធ្វើការស៊ើបអង្កេត។ លោក ប៊ុន សត្យា បានមានប្រសាសន៍ថា“នគរបាលបានរកឃើញរថយន្ត១០គ្រឿងនៅក្នុងខេត្តកណ្តាលកាលពីថ្ងៃពុធ ប៉ុន្តែ យើងមិនទាន់ដឹងពិតប្រាកដថា តើមានរថយន្តប៉ុន្មានគ្រឿងបានបាត់ ឬត្រូវគេយកទៅបញ្ចាំឡើយ”។
ស្ត្រីម្នាក់ដែលលើកទូរស័ព្ទនៅហាងបញ្ចាំលីហួរ ហើយបានបដិសេធមិនប្រាប់ឈ្មោះរបស់ខ្លួនបាននិយាយថា ហាងរបស់គាត់មិនជាប់ពាក់ព័ន្ធនឹងការបាត់រថយន្តនោះឡើយ។ ស្ត្រីរូបនេះបាននិយាយថា “ក្រុមហ៊ុនរបស់ខ្ញុំមិនជាប់ពាក់ព័ន្ធឡើយ។ ពួកគាត់ត្រូវបានបោកប្រាស់ដោយអ្នកផ្សេងទៀតមិនមែនក្រុមហ៊ុនរបស់ខ្ញុំឡើយ។ ពួកគាត់គួរបញ្ជូនករណីនេះទៅតុលាការ”៕
ប្រែសម្រួលដោយ សោម សារុន