កាលពីថ្ងៃពុធ នគរបាលបានចាប់ខ្លួនបុរសជនជាតិរ៉ូម៉ានីម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាមួយថ្នាំញៀនកូកាអ៊ីន៣,៥គីឡូក្រាម ហើយជាប់សង្ស័យថា មានគម្រោងនាំគ្រឿងញៀននេះទៅកាន់ប្រទេសថៃ។
លោក អ៊ុំ អមរា ស្នងការរងនគរបាលខេត្តសៀមរាបបានឲ្យដឹងកាលពីម្សិលមិញថា ឈ្មោះ ស៊ែបាន រ៉ារ៉េស ខាទ្រី (Serban Rares Cadri) អាយុ៣៨ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីចុះពីយន្តហោះមកពីប្រទេសប្រេស៊ីល ដែលបានឈប់សំចតនៅប្រទេសសិង្ហបុរី មុនពេលចុះចតនៅខេត្តសៀមរាប។
លោកបានឲ្យដឹងថា នគរបាលបានទទួលដំណឹងអំពីការមកដល់របស់ ខាទ្រី ទាំងពីអាជ្ញាធរប្រេស៊ីល និងអាជ្ញាធរសិង្ហបុរី ហើយបានរកឃើញគ្រឿងញៀនទាំងនេះក្នុងខ្សែភ្លើងស្រោបប្លាស្ទីកដែលលាក់ក្នុងឧបករណ៍បំប្លែងថាមពលអគ្គិសនីក្នុងវ៉ាលិសរបស់គាត់។ ជនជាតិរ៉ូម៉ានីរូបនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ ដើម្បីធ្វើការចោទប្រកាន់។
លោក អង សុខិណោ នាយកគយនៅអាកាសយានដ្ឋាននេះបានមានប្រសាសន៍ថា “យើងបានទទួលព័ត៌មាន និងបានកំណត់មុខសញ្ញាជនសង្ស័យ មុនពេលចាប់ខ្លួនគាត់។ បន្ទាប់ពីឆែកឆេរជនសង្ស័យនេះរួច យើងបានរកឃើញថ្នាំញៀនកូកាអ៊ីន៣,៥គីឡូក្រាមក្នុងឧបករណ៍បំប្លែងថាមពលអគ្គិសនីដែលគ្របដោយខ្សែភ្លើងនិងថង់ប្លាស្ទីកមួយ”។
លោក សុខិណោ ឲ្យដឹងថា ជនសង្ស័យមានគម្រោងជួលរថយន្តតាក់ស៊ីមួយគ្រឿងឆ្លងចូលក្នុងប្រទេសថៃនៅច្រកព្រំដែនប៉ោយប៉ែត។ ការចាប់បានគ្រឿងញៀនទាក់ទងនឹងថ្នាំញៀនកូកាអ៊ីននេះ គឺជាលើកទី៣ហើយនៅអាកាសយានដ្ឋាននេះក្នុងរយៈពេលប្រហែលមួយឆ្នាំនេះ។ ការចាប់បានលើកចុងក្រោយបំផុត គឺនៅក្នុងខែកក្កដា ពេលនគរបាលចាប់ខ្លួនស្ត្រីជនជាតិឥណ្ឌូណេស៊ីមា្នក់ ដែលប៉ុនប៉ងឡើងយន្តហោះទៅប្រទេសថៃ ជាមួយថ្នាំញៀនកូកាអ៊ីនជិត២,៥គីឡូក្រាម។
ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ប្រចាំឆ្នាំ២០១២ ដែលអាជ្ញាធរជាតិកម្ចាត់គ្រឿងញៀនហៅថា ជាឆ្នាំបង្ក្រាបគ្រឿងញៀនជាប់ឯតទគ្គកម្មនៅក្នុងប្រទេសកម្ពុជា ដែលអំឡុងឆ្នាំនោះ នគរបាលចាប់បានថ្នាំញៀនកូកាអ៊ីនជាង៤០គីឡូក្រាម។ ប្រហែលបីភាគបួននៃថ្នាំញៀននោះ ត្រូវចាប់បានក្នុងខែសីហាឆ្នាំមុនពីស្ត្រីជនជាតិថៃចំនួនបីនាក់ ដែលបានមកដល់តាមជើងយន្តហោះដោយឡែកពីគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ពីរខែក្រោយមក នគរបាលបានរកឃើញថ្នាំញៀន១១គីឡូក្រាមទៀតក្នុងវ៉ាលិសរបស់ស្ត្រីជនជាតិថៃពីរនាក់ទៀត លើកនេះគឺនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
គេជឿថា ស្ត្រីទាំងនេះជាភ្នាក់ងារជួញដូរគ្រឿងញៀនដែលធ្វើការឲ្យក្រុមជួញដូរគ្រឿងញៀនធំៗ ដែលនាំថ្នាំញៀនកូកាអ៊ីនពីអាមេរិកខាងត្បូងទៅកាន់ប្រទេសថៃ ដែលគ្រឿងញៀនកំពុងពេញនិយមក្នុងចំណោមអ្នកមានទ្រព្យស្តុកស្តម្ភ។
របាយការណ៍របស់អាជ្ញាធរជាតិកម្ចាត់គ្រឿងញៀនមានការកត់សម្គាល់ថា ខណៈការប្រើថ្នាំញៀនកូកាអ៊ីនក្នុងស្រុកគឺជារឿងកម្រ កម្ពុជា “បានក្លាយជាចំណុចឆ្លងកាត់សំខាន់មួយសម្រាប់ការរត់ពន្ធថ្នាំញៀនកូកាអ៊ីន” ពីសំណាក់ក្រុមជួញដូរគ្រឿងញៀនមកពីតំបន់ផ្សេងៗ ក្នុងនោះមានទាំងចិន និង
អាហ្រិ្វកផងដែរ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី