នគរបាលនៅក្នុងខេត្តកំពតបានចាប់ខ្លួនបុរសអាយុ២៥ឆ្នាំម្នាក់ កាលពីម្សិលមិញពីបទប្លន់ ចាប់រំលោភហើយសម្លាប់ក្មេងស្រីអាយុ៩ឆ្នាំម្នាក់យ៉ាងព្រៃផ្សៃកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។
លោក ណុប ចាន់ភាព អធិការរងនគរបាលស្រុក បានឲ្យដឹងថា ជនល្មើសឈ្មោះ អឿ វ៉ាន់ ត្រូវបានចាប់ខ្លួននៅម៉ោង៩ព្រឹក ហើយប៉ុន្មានម៉ោង ក្រោយពីការសាកសួរជនដៃដល់រូបនេះបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មនេះមែន ប៉ុន្តែមិនបានចាប់រំលោភទេ។
លោក ចាន់ភាព បានមានប្រសាសន៍ថា “ជននេះបានសារភាពថា ខ្លួនពិតជាបានសម្លាប់ក្មេងស្រីរូបនេះមែន ពីព្រោះជននេះបានចេញទៅច្រៀងខារ៉ាអូខេ ហើយផឹកស្រវឹង។ ជននេះបានបដិសេធថា ខ្លួនមិនបានចាប់រំលោភជនរងគ្រោះទេ ប៉ុន្តែការធ្វើកោសល្យវិច័យបានបង្ហាញថា ជនរងគ្រោះត្រូវបានចាប់រំលោភ”។
យោងតាមលោក ប៉ុង កន នាយប៉ុស្តិ៍នគរបាលឃុបានឲ្យដឹងថា សាកសពក្មេងស្រីរងគ្រោះត្រូវបានគេប្រទះឃើញក្នុងសភាពរាងកាយអាក្រាត និងមានស្នាមជាំខ្លាំងនៅលើផ្ទៃមុខរបស់ក្មេងស្រីរងគ្រោះ និងឈាមហូរតាមច្រមុះនៅសំយ៉ាបផ្ទះឈើមួយនៅក្នុងឃុំបឹងទូក ស្រុកទឹកឈូ នៅចម្ងាយប្រហែលពីរបីរយម៉ែត្រពីផ្ទះរបស់ក្មេងស្រីរងគ្រោះ ។ ស្នាមជាំនៅលើករបស់ក្មេងស្រីរងគ្រោះ បង្ហាញថា ជនរងគ្រោះត្រូវបានគេច្របាច់ក។
លោក ប៉ុង កន បានបន្តថា “សម្លៀកបំពាក់របស់ក្មេងស្រីរងគ្រោះរហែក ហើយខ្លួនប្រាណរបស់ក្មេងស្រីរងគ្រោះគ្របដោយកន្ទបចាស់មួយ។ឈាមហូរចេញពីច្រមុះរបស់ក្មេងស្រីរងគ្រោះ។ នាងត្រូវបានវាយ ហើយច្របាច់កយ៉ាងព្រៃផ្សៃ”។
លោក ប៉ុង កន បានមានប្រសាសន៍បន្ថែមទៀតថា ម្ដាយរបស់ក្មេងស្រីរងគ្រោះបានប្រាប់នគរបាលថា កូនស្រីរបស់ខ្លួនបានភ្ញាក់ឡើងនៅពាក់កណ្ដាលអធ្រាត្រ ហើយបានដើរចេញទៅបត់ជើងតូច ក៏ប៉ុន្តែនៅពេលដែលក្មេងស្រីបាត់មិនឃើញត្រឡប់មកវិញសមាជិកគ្រួសារក៏បានព្រួយបារម្ភ ហើយក៏តាមរកនាង។
ជនល្មើសគឺជាអ្នកស្រុកម្នាក់ដែលស្គាល់គ្រួសារនេះ ហើយបាននិយាយថា ខ្លួនបានសម្លាប់ក្មេងស្រីរងគ្រោះ ដោយសារតែក្មេងស្រីរងគ្រោះបាននិយាយប្រាប់ឪពុកម្ដាយរបស់នាង។ នគរបាលបានរកឃើញក្រវិលមាសតូចៗទម្ងន់ពីរហ៊ុនតម្លៃ៣២ដុល្លាររបស់ក្មេងស្រីនេះនៅក្នុងផ្ទះរបស់ឈ្មោះ អឿ វ៉ាន់។
អ្នកភូមិនៅក្នុងសហគមន៍ចាមមូស្លីមបានសម្ដែងការរន្ធត់កាលពីម្សិលមិញថា អំពើហិង្សាបែបនេះអាចកើតឡើងនៅក្នុងភូមិរបស់ពួកគេ ប៉ុន្តែ ករណីនេះស្ថិតក្នុងចំណោមករណីរំលោភហើយសម្លាប់ចោល និងករណីរំលោភកុមារក្នុងឆ្នាំនេះ។
យោងតាមអង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា មានការចាប់រំលោភកុមារចំនួន៧៥ករណីក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ។ កាលពីឆ្នាំមុន មានការចាប់រំលោភហើយសម្លាប់កុមារយ៉ាងតិច១០ករណី និងជិត៧០ភាគរយនៃករណីចាប់រំលោភ ដែលត្រូវបានរាយការណ៍ទាំងអស់ បានកើតឡើងចំពោះជនរងគ្រោះជាអនីតិជន៕
ប្រែសម្រួលដោយ ចេវ ប៊ុននី