យោងតាមសៀវភៅរាជកិច្ចដែលទើបចេញផ្សាយលេខថ្មី កងយោធពលខេមរភូមិន្ទបានដំឡើងឋានៈមន្ត្រីចំនួន៣៤១រូបឲ្យទៅកាន់តួនាទីថ្មីក្នុងជួរកងទ័ពក្នុងរយៈពេលមួយខែមុនថ្ងៃបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ខែកក្កដា។
យោងតាមសៀវភៅរាជកិច្ចលេខថ្មីក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា លោក ឌី ផេន ត្រូវជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាឧត្តមសេនីយ៍ទោមួយរូបក្នុងចំណោមឧត្តមសេនីយ៍ទោចំនួន១៧រូបដែលត្រូវបានដំឡើងឋានៈទៅជាឧត្តមសេនីយ៍ឯកដោយព្រះរាជក្រឹត្យដែលបានឡាយព្រះហស្តលេខាចន្លោះពីថ្ងៃទី២ខែកក្កដា ដល់ថ្ងៃទី២៥ ខែកក្កដា។
មន្ត្រីចំនួន១៧៣រូបទៀតត្រូវបានដំឡើងឋានៈពីឧត្តមសេនីយ៍ត្រីទៅជាឧត្តមសេនីយ៍ទោ ហើយមន្ត្រី១៥១រូបទៀតត្រូវបានដំឡើងឋានៈពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី។
ការដំឡើងឋានៈនេះធ្វើឲ្យចំនួនមន្ត្រីកងយោធពលខេមរភូមិន្ទដែលទទួលបានឋានៈជាឧត្តមសេនីយ៍ថ្មីមានរហូតដល់៥០១រូបចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។
លោកឧត្តមសេនីយ៍ឯក ឌី ផេន គឺជាប្រធានទំនាក់ទំនងព្រំដែនកម្ពុជា-ថៃក្នុងជួរ
កងយោធពលខេមរភូមិន្ទរហូតដល់លោកបានលាលែងពីតួនាទីនេះកាលពីឆ្នាំមុន ហើយលោកបានបម្រើការងារជានាយរងសេនាធិការចម្រុះក្នុងជួរកងទ័ពកាលពីថ្ងៃទី២៣ ខែកក្កដា ពីរថ្ងៃមុនពេលលោកត្រូវបានដំឡើងឋានៈនេះ។លោកបានមានប្រសាសន៍ថា ” ខ្ញុំត្រូវបានដំឡើងឋានៈ ពីព្រោះខ្ញុំគិតថា ក្រសួងការពារជាតិជឿទុកចិត្តខ្ញុំ”។
លោកឧត្តមសេនីយ៍ឯក មាស សំអុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការដំឡើងឋានៈនេះទេ។ លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការចម្រុះក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ។ កូនប្រុសច្បងពីររូបរបស់លោក ហ៊ុន សែន ក៏ស្ថិតនៅក្នុងចំណោមមន្ត្រីដែលត្រូវបានដំឡើងឋានៈកាលពីខែមិថុនាផងដែរ។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ត្រូវបានដំឡើងឋានៈទៅជាឧត្តមសេនីយ៍ឯកកាលពីថ្ងៃទី១៩ខែមិថុនា ហើយលោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់លោក ហ៊ុន សែន ត្រូវបានដំឡើងឋានៈទៅជាឧត្តមសេនីយ៍ត្រីកាលពីថ្ងៃទី១២ ខែមិថុនា។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលមានពាក្យចចាមអារ៉ាមថា ត្រៀមស្នងលោក ហ៊ុន សែន នោះ បានឡើងឋានៈយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានកាន់តួនាទីជាន់ខ្ពស់មួយចំនួនទៀតនៅក្នុងជួរកងទ័ព និងនៅក្នុងក្រសួងការពារជាតិផងដែរ។
បន្ថែមទៅនឹងការជួយលោកនាយករដ្ឋមន្ត្រីពង្រឹងអំណាចរបស់លោកលើកងទ័ពនោះ អ្នកវិភាគបានចាត់ទុកការដំឡើងឋានៈមន្ត្រីកងទ័ពច្រើនក្នុងប្រទេសនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីរក្សាភាពស្មោះត្រង់របស់កងទ័ព៕
ប្រែសម្រួលដោយ សោម សារុន