ដោយប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីរដ្ឋាភិបាល ឲ្យជៀសវាងពីការធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនោះលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានប្រកាសកាលពីម្សិលមិញថា ការធ្វើបាតុកម្មដែលគ្រោងធ្វើនៅថ្ងៃ សៅរ៍ ខាងមុខនេះនឹងក្លាយជាថ្ងៃបួងសួងសូមយុត្តិធម៌ជាជាងការតវ៉ាប្រឆាំងនឹងការអះអាងរបស់គណបក្សប្រជាជនកម្ពុជាពីជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែកក្កដា។
លោក សម រង្ស៊ី បានមានប្រសាសន៍អំឡុងពេលសន្និសីទកាសែតនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅក្នុងខណ្ឌមានជ័យថា “ យើងនឹងធ្វើបាតុកម្មដោយស្មារតីស្ងៀមស្ងាត់ ហើយប្រែក្លាយទៅជាការបួងសួងសុំសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត”។ លោកបានបន្ថែមថា គណបក្សសង្គ្រោះជាតិនឹងមិនអំពាវនាវឲ្យមានការផ្លាស់ប្តូរក្នុងរដ្ឋាភិបាលទេ។
លោកបានមានប្រសាសន៍ថា “ យើងនឹងធ្វើបាតុកម្មដោយអហិង្សា ហើយយើងនឹងរក្សាភាពថ្លៃថ្នូររបស់យើង។ យើងនឹងមិនធ្វើអ្វីដែលជាការបង្កបញ្ហានោះទេ”។
លោក សម រង្ស៊ី បានបន្ថែមថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលមិនអាចធ្វើដំណើរមកភ្នំពេញ អាចចូលរួមព្រឹត្តិការណ៍នេះដោយការបួងសួងនៅតាមវត្តរបស់ខ្លួន។
កាលពីបីថ្ងៃមុន អំឡុងពេលជួបជុំគ្នានៅសួនសេរីភាពក្នុងទីក្រុងភ្នំពេញលោក សម រង្ស៊ី បានមានប្រសាសន៍ថា ការមិនស៊ើបអង្កេតដោយឯករាជ្យលើភាពមិនប្រក្រតី នៃការបោះឆ្នោតនឹងនាំឲ្យមាន “ មហាបាតុកម្មនៅគ្រប់ទីកន្លែង”។
លោក កឹម សុខា បានមានប្រសាសន៍នៅ ឯសន្និសីទកាសែតកាលពីម្សិលមិញថា “ យើងនឹងធ្វើបាតុកម្មអហិង្សាដោយប្រើចិត្ត និងអារម្មណ៍របស់យើងជាជាងប្រើរាងកាយ និងពាក្យសម្តីរបស់យើង”។
សេចក្តីប្រកាសរបស់គណបក្សសង្គ្រោះជាតិនេះ កើតមានឡើងបន្ទាប់ពីមានការព្រមានជាបន្តបន្ទាប់ពីរដ្ឋាភិបាលថា ប្រសិនបើគណបក្សប្រឆាំងសម្រេចធ្វើបាតុកម្មនោះអាចមានអំពើហិង្សាកើតឡើង។
ក្រសួងមហាផ្ទៃបានផ្ញើកញ្ចប់ទៅឲ្យស្ថានទូតបរទេស និងអង្គការក្រៅរដ្ឋាភិបាលកាលពីសប្តាហ៍មុន ដែលនៅក្នុងកញ្ចប់នោះមានឯកសារភ្ជាប់សម្តីរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ទៅនឹងការបំផ្ទុះគ្រាប់ចំនួនពីរលើកដែលបានកើតឡើង បន្ទាប់ពីការបោះឆ្នោតនេះព្រមទាំងបានភ្ជាប់ទៅនឹងលិខិតមកពីភេរវករជាប់ចោទ មួយរូបដែលបានអំពាវនាវឲ្យមានការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ដើម្បីព្រមានអំពីអំពើហិង្សាដែលអាចកើតមានឡើងដោយសារការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
សេចក្តីថ្លែងការណ៍មួយទៀតដែលរដ្ឋាភិបាលបានចេញកាលពីថ្ងៃសៅរ៍ បានជំរុញឲ្យគណបក្សនយោបាយ និស្សិត មន្ត្រីរាជការ កងកម្លាំងសន្តិសុខ ព្រះសង្ឃ និងសមាជិកប្រព័ន្ធផ្សព្វផ្សាយរក្សាភាពស្ងប់ស្ងាត់ ហើយបានប្រាប់ឲ្យជនបរទេសដកខ្លួនចេញពីការតវ៉ាណាមួយ។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានមានប្រសាសន៍ បន្ទាប់ពីសន្និសីទកាសែតកាលពីម្សិលមិញថា ការសម្រេចរបស់គណបក្សសង្គ្រោះជាតិក្នុងការយកអហិង្សាជាអាទិភាពនៅក្នុងការធ្វើបាតុកម្មរបស់ខ្លួននោះ គឺជាការឆ្លើយតបទៅនឹងព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ និងមិនមែនជាប្រតិកម្មចំពោះសម្ពាធរបស់រដ្ឋាភិបាលមកលើគណបក្សសង្គ្រោះជាតិឲ្យជៀសវាងការធ្វើបាតុកម្មដែលអាចបណ្តាលឲ្យមានអំពើហិង្សានោះទេ។
លោកបានមានប្រសាសន៍ថា “ អ្វីដែលនាំឲ្យមានសេចក្តីប្រកាសរបស់យើងនេះ គឺព្រះរាជសាររបស់ព្រះមហាក្សត្រដែលយើងមិនអាចធ្វើព្រងើយកន្តើយបាន។ អ្វីដែលយើងកំពុងចាប់អារម្មណ៍នោះ គឺល្បះចុងក្រោយ”។ នៅក្នុងល្បះចុងក្រោយនៃព្រះរាជសាររបស់ព្រះមហាក្សត្រចុះកាលបរិច្ឆេទថ្ងៃសុក្រ ព្រះអង្គបានអំពាវនាវឲ្យ “ ប្រជាពលរដ្ឋទាំងអស់បន្តរក្សាភាពស្ងប់ស្ងាត់ និងរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិយើង”។
ការកែប្រែរបស់គណបក្សសង្គ្រោះជាតិចំពោះការធ្វើបាតុកម្មទូទាំងប្រទេសនេះត្រូវបានសារព័ត៌មានភាសាខ្មែរមួយចំនួនរាយការណ៍ថា ជាការផ្លាស់ប្តូរផែនការរបស់គណបក្សប្រឆាំងដើម្បីធ្វើការបួងសួងរយៈពេលមួយថ្ងៃជាជាងការធ្វើមហាបាតុកម្ម ដែលធ្វើឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើនសំដែងនូវការខកចិត្តរបស់ខ្លួននៅតាមបណ្តាញផ្សព្វផ្សាយសង្គម។
នៅក្នុងការប៉ុនប៉ង ដើម្បីកាត់បន្ថយការភាន់ច្រឡំនេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីរសៀលម្សិលមិញថា ការធ្វើបាតុកម្មនេះត្រូវធ្វើដូចការគ្រោងទុក។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា “ គណបក្សសង្គ្រោះជាតិមានកិត្តិយសជម្រាបជូនដំណឹងដល់ជនរួមជាតិទាំងអស់ ពិសេសយុវជន ឲ្យបានជ្រាបថា គណបក្សសង្គ្រោះជាតិនឹងធ្វើមហាបាតុកម្មអហិង្សា ដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យពិសេសមួយដើម្បីស៊ើបអង្កេតរកការពិត និងយុត្តិធម៌ពាក់ព័ន្ធនឹងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣”។
សេចក្តីថ្លែងការណ៍នោះបានបន្តទៀតថា “ មហាបាតុកម្មអហិង្សានេះនឹងចាប់ផ្តើមធ្វើនៅម៉ោង៨ព្រឹកដល់ម៉ោង១១ព្រឹកនៅថ្ងៃទី៧ ខែកញ្ញា នៅសួនសេរីភាពជិតវត្តភ្នំ”។
លោកស្រី មូរ សុខហួរ សមាជិកសភាគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា មិនមានអ្វីផ្លាស់ប្តូរក្នុងផែនការរបស់គណបក្សចំពោះការធ្វើបាតុកម្មនោះទេ ប្រសិនបើគណបក្សកាន់អំណាចបន្តបដិសេធចំពោះការទាមទាររបស់ខ្លួនឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ។
លោកស្រីបានមានប្រសាសន៍ថា “ គ្មានអ្វីផ្លាស់ប្តូរទេ យើងគ្រាន់តែផ្តោតទៅលើការធ្វើពិធីស្មឹងស្មាធិ៍តែប៉ុណ្ណោះ។ យើងគ្រាន់តែចង់បញ្ជាក់ថា នឹងមិនមានអំពើហិង្សា ហើយយើងនឹងគោរពព្រះរាជតម្រិះរបស់ព្រះករុណា [ព្រះមហាក្សត្រ]”។
លោកស្រីបានមានប្រសាសន៍សំដៅដល់ការបួងសួងរបស់គណបក្សសង្គ្រោះជាតិសុំឲ្យមានការផ្លាស់ប្តូរដែលបានក្លាយជាពាក្យដែលគេស្រែកព្រមៗគ្នាអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រឆាំងថា “ យើងយល់ថា មានស្មារតីដូចគ្នានេះ។ យើងនឹងស្ថិតនៅក្នុងកន្លែងតែមួយ យើងនៅតែនិយាយថា ដូរ មិន ដូរ” ។
លោកស្រីបានមានប្រសាសន៍ថា “ ទោះជាយ៉ាងណា យើងដឹងច្បាស់ថា យើងត្រូវប្រើបចេ្ចកទេសថ្មីដែលយើងបានទទួលពីការហ្វឹកហាត់ ដែលមិនមានអំពើហិង្សា។ ជាជាងការចេញទៅទីនោះ និងការរុញច្រានគ្នា យើងនឹងធ្វើការស្មឹងស្មាធិ៍ យើងនឹងបួងសួងដោយប្រើសារតែមួយ ដូចដែលយើងតែងតែប្រើនោះ”។
កាលពីថ្ងៃព្រហស្បតិ៍ សកម្មជនគណបក្សសង្គ្រោះជាតិ១០០នាក់បានទទួលការហ្វឹកហាត់ពីរបៀបធ្វើបាតុកម្មអហិង្សា។ ពួកគេហ្វឹកហាត់បន្តទៅ អ្នកគាំទ្រគណបក្សសង្គ្រោះ ជាតិប្រហែល៥០០នាក់ទៀត ដែលបានជួបជុំគ្នានៅ សួនសេរីភាពកាលពីថ្ងៃអាទិត្យ។ ការហ្វឹកហាត់បែបនេះគ្រោងធ្វើម្តងទៀតនៅថ្ងៃពុធ។ មន្ត្រីនគរបាលរាជធានីប្រហែល២.០០០នាក់បានចូលរួមក្នុងការហាត់សមកាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីត្រៀមសម្រាប់ការធ្វើបាតុកម្ម។
លោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លោកស្វាគមន៍សេចក្តីប្រកាសរបស់គណបក្សសង្គ្រោះជាតិ ដែលហាក់ដូចជាស្របតាមព្រះរាជសាររបស់ព្រះមហាក្សត្រ និងការអំពាវនាវរបស់រដ្ឋាភិបាលសុំឲ្យមានភាពស្ងប់ស្ងាត់។
លោកបានមានប្រសាសន៍ថា “ នេះគឺជាសម្បទានមួយសម្រាប់ប្រទេសជាតិ។ យើងស្វាគមន៍គំនិតនេះ។ គណបក្សប្រជាជនកម្ពុជាក៏យល់ស្របតាមព្រះរាជសាររបស់ព្រះមហាក្សត្រដែរ ហើយពេលនេះគណបក្សសង្គ្រោះជាតិដឹងថា មានតែអហិង្សាប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាបាន”។ លោកបានបន្ថែមថា លោករំពឹងថា គណបក្សទាំងពីរនឹងវិលត្រឡប់ទៅរកតុចរចានៅពេលឆាប់ៗនេះ។
ទោះបីជាគណបក្សទាំងពីរបានជួបចរចាពីរលើកហើយក៏ដោយ ក៏ពួកគេមិនទាន់បានដោះស្រាយការជាប់គាំងដោយសារសមាសភាពនៃគណៈកម្មការនោះដែរ។
គណបក្សប្រជាជនកម្ពុជាបាននិយាយថា មានតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)តែប៉ុណ្ណោះមានអំណាចធ្វើការស៊ើបអង្កេតលើការបោះឆ្នោតនេះ រីឯគណបក្សសង្គ្រោះជាតិបានទាមទារឲ្យមានការស៊ើបអង្កេតពីអ្នកខាងក្រៅលើការចោទប្រកាន់ដែលថា គ.ជ.ប. បានសហការជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការលួចបន្លំសន្លឹកឆ្នោត។
គណបក្សសង្គ្រោះជាតិបានទាមទារឲ្យមានការចរចាបន្ថែមទៀតរវាងមេដឹកនាំគណបក្សនីមួយៗ ជាលទ្ធភាពមួយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពី ថ្ងៃទី១ខែសីហាថា អាចទៅរួច ប្រសិនបើការចរចាថ្នាក់ក្រោមបរាជ័យ។
លោក ជាម យៀប បានមានប្រសាសន៍ថា “ វាមិនយូរទេមុនពេលបន្តការចរចា។ យើងនឹងរកផ្លូវកណ្តាលមួយ។ យើងត្រូវចរចាពីអ្វីដែលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាចង់បាន”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមិនទាន់មានការប្តេជ្ញាចំពោះការចរចាថ្នាក់ខ្ពស់អំពីការបង្កើតគណៈកម្មការស៊ើបអង្កេតនោះទេ ហើយថា ទោះបីជាគណបក្សនេះមានការប្តេជ្ញាក៏ដោយ ក៏នៅតែមានការធ្វើបាតុកម្មដែរ។
លោកបានមានប្រសាសន៍ថា “ ការចរចា និងការធ្វើបាតុកម្មត្រូវធ្វើឡើងស្របគ្នា។ យើងមិនអាចនិយាយថា គ្មានការចរចានោះទេ។ យើងក៏ជាខ្មែរដែរ យើងត្រូវអង្គុយចរចា ប៉ុន្តែ ការចរចាណាមួយត្រូវមានគោលបំណងច្បាស់លាស់”។
លោកបានមានប្រសាសន៍បន្តទៀតថា “ឥឡូវនេះយើងជំរុញឲ្យមានជំហានទី១សិន គឺការស្វែងរកយុត្តិធម៌សម្រាប់អ្នកបោះឆ្នោត។ជំហានទី ២ គឺអាស្រ័យលើលទ្ធផលនៃការស៊ើបអង្កេតក្នុងការបោះឆ្នោតនេះ។ ប្រសិនបើការស៊ើបអង្កេតនេះបង្ហាញថា យើងឈ្នះនោះ ទំហានទី ២ គឺការផ្លាស់ប្តូរ។ ប្រសិនបើយើងមិនមានសំឡេងឆ្នោតគ្រប់គ្រាន់អាចឈ្នះបានទេយើងនឹងទទួលយកលទ្ធផលនោះ”៕
ប្រែសម្រួលដោយ មូល គឹមហឿន