ប្តីប្រពន្ធជនជាតិភាគតិចចារ៉ាយពីរនាក់ដែលត្រូវបានចោទប្រកាន់ថា ចេះអំពើអាបធ្មប់ ហើយត្រូវបានបណ្តេញចេញពីភូមិរបស់ខ្លួននៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីនោះ មិនមានការជួយពីមន្ត្រីមូលដ្ឋានចំពោះការបណ្តេញពួកគាត់ចេញពីភូមិនោះទេ ដោយអតីតអ្នករស់នៅជិតខាងគាត់បានគំរាមសម្លាប់អ្នកទាំងពីរនេះ ប្រសិនបើពួកគាត់ត្រឡប់មកវិញនោះ។
លោក ម៉ា វិចិត្រ អធិការនគរបាលស្រុក អូរយ៉ាដាវ បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានបានរៀបចំកិច្ចប្រជុំចំនួនបីលើកជាមួយអ្នកភូមិចាប់តាំងពីលោក រម៉ាស វេម អាយុ៨០ឆ្នាំជាគ្រូថ្នាំខ្មែរ និងប្រពន្ធរបស់គាត់ឈ្មោះ សេវ សយ អាយុ៥០ឆ្នាំត្រូវបានចោទប្រកាន់កាលពីសប្តាហ៍មុនថា បានធ្វើអំពើអាបធ្មប់ ប៉ុន្តែ មិនអាចធ្វើការចរចាឲ្យប្តីប្រពន្ធទាំងពីរនេះវិលត្រឡប់មកផ្ទះវិញបានឡើយ។
លោក ម៉ា វិចិត្រ បានមានប្រសាសន៍ថា “ យើងបានរៀបចំកិច្ចប្រជុំចំនួនបីលើកនៅក្នុងភូមិនេះ ដើម្បីសម្របសម្រួលជាមួយអ្នកភូមិមូលដ្ឋានប្រហែល១០០នាក់ឲ្យទទួលស្គាល់ពួកគាត់ ហើយអនុញ្ញាតឲ្យពួកគាត់បានមករស់នៅក្នុងភូមិវិញ”។
លោកបានមានប្រសាសន៍បន្ថែមថា “ ប៉ុន្តែ អ្នកភូមិជនជាតិភាគតិចបានគំរាមសម្លាប់ប្តីប្រពន្ធទាំងពីរនាក់នេះ ប្រសិនបើពួកគាត់នៅតែរស់នៅក្នុងភូមិនេះ”។
លោកបានមានប្រសាសន៍ថា “ ប្រសិនបើពួកគាត់ទាំងពីរនាក់មិនចាកចេញទេនោះគេនឹងសម្លាប់ពួកគាត់ជាមិនខានឡើយ ពីព្រោះអ្នកតវ៉ាក្នុងមូលដ្ឋានមានអារម្មណ៍ភ័យខ្លាច”។
លោក ម៉ា វិចិត្រ បានមានប្រសាសន៍បន្តទៀតថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិ សោមត្រកថ្មី ក្នុងឃុំសោមធំបានអនុញ្ញាតឲ្យប្តីប្រពន្ធនេះត្រឡប់មកធ្វើស្រែចម្ការរបស់ខ្លួនអំឡុងពេលថ្ងៃបាន ប៉ុន្តែ មានលក្ខខណ្ឌថា ពួកគាត់ត្រូវស្នាក់នៅក្នុងភូមិសោមត្រកចាស់នៅពេលយប់។
លោកបានថ្លែងថា “ ដើម្បីសង្គ្រោះជីវិតរបស់លោក រម៉ាស វេម យើងមិនអាចជំទាស់នឹងអ្នកភូមិក្នុងមូលដ្ឋានដាច់ណាត់បានឡើយ ដូច្នេះយើងបានយល់ព្រមឲ្យគាត់ និងប្រពន្ធរបស់គាត់ចាកចេញពីភូមិនេះបណ្តោះអាសន្នសិន”។ នៅកិច្ចប្រជុំនោះ នគរបាលបានប្រាប់អ្នកភូមិថា មិនមានភ័ស្តុតាងច្បាស់លាស់ថា គាត់ចេះធ្វើអំពើអាបធ្មប់ទេ។
លោក ឆាយ ធី អ្នកសម្របសម្រួលប្រចាំខេត្តរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក បានមានប្រសាសន៍ថា ទោះជាយ៉ាងណា អ្នកភូមិជឿថា លោក រម៉ាស វេម បានបោកប្រាស់អ្នកជិតខាងរបស់ខ្លួនដែលមានជំងឺនោះយកលុយថ្លៃព្យាបាល។
លោក ឆាយ ធី បានមានប្រសាសន៍ថា “ សាច់ញាតិរបស់អ្នកជំងឺបានចោទប្រកាន់ថា នៅពេលដែលពួកគាត់ឲ្យប្រាក់តិចតួចសម្រាប់ថ្លៃព្យាបាលដោយប្រើឱសថបុរាណដល់លោក រម៉ាស វេម នោះ ជំងឺមិនធូរស្រាលច្រើនទេ ប៉ុន្តែ ថា អ្នកជំងឺនឹងជាយ៉ាងឆាប់រហ័សបន្ទាប់ពីយើងផ្តល់ប្រាក់ច្រើន”។
លោក ឆាយ ធី បានមានប្រសាសន៍ថា អ្នកភូមិដែលមានកំហឹងបានកាប់ចិញ្ច្រាំប្រទាលរបស់ប្តីប្រពន្ធដែលត្រូវបណ្តេញចេញនេះចោលទាំងអស់ ដោយសង្ស័យថា ប្រទាលនោះត្រូវបានប្រើសម្រាប់ធ្វើអំពើអាបធ្មប់។
លោកបន្ថែមថា “ តាមរយៈការស៊ើបអង្កេតរបស់យើង ការចោទប្រកាន់នេះ គឺដោយសារតែកំហឹងប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងអំពើអាបធ្មប់ទេ”។ លោកបានថ្លែងថា តាមបែបបុរាណប្រទាលនេះត្រូវប្រជាពលរដ្ឋខ្មែរប្រើប្រាស់សម្រាប់ព្យាបាលជំងឺឈឺក្រពះ ឈឺសាច់ដុំ មិនមែនប្រើសម្រាប់ធ្វើអំពើអាបធ្មប់ទេ។
កាលពីខែធ្នូ លោក ណូយ ឡុញ អាយុ៦៤ឆ្នាំជាជនជាតិភាគតិចទំពួន និងជាគ្រូខ្មែរត្រូវបានគេសម្លាប់នៅក្នុងភូមិឡាប៉ូ ក្នុងសង្កាត់យក្ខឡោម ក្រុងបានលុង ដែលនៅទីនោះគាត់បានទៅព្យាបាលអ្នកជំងឺម្នាក់។ លោក ណូយ ឡុញ ដែលត្រូវបានចោទប្រកាន់ថា ចេះអំពើអាបធ្មប់ដែរនោះត្រូវបានចាក់នឹងអាវុធស្រួចចំខ្នង ហើយបានស្លាប់នៅកន្លែងកើតហេតុតែម្តង៕
ប្រែសម្រួលដោយ សោម សារុន