លោក អែនឌ្រូ ខេលី (Andrew Cayley) សហព្រះរាជអាជ្ញាអន្តរជាតិនៅសាលាក្តីខ្មែរក្រហមបានប្រកាសពីការលាលែងរបស់លោកកាលពីម្សិលមិញ ដែលនេះជាការព្រួយបារម្ភមួយទៀតចំពោះតុលាការដែលរងការរិះគន់ដ៏ច្រើននេះនៅពេលដែលសវនាការលើកដំបូងក្នុងសំណុំរឿង០០២ប្រឆាំងមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ជិតចូលដល់ទីបញ្ចប់។
សេចក្តីប្រកាសលាលែងរបស់លោក ខេលី នេះកើតមានឡើងនៅពេលដែលបុគ្គលិកខ្មែរចំនួន១៤០នាក់នៅតុលាការកូនកាត់នេះ ដែលមិនទាន់បានបើកប្រាក់ខែរយៈពេលជាងបីខែមកហើយនោះ កំពុងធ្វើកូដកម្ម និងមានរយៈពេលមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីអង្គការសហប្រជាជាតិបានរិះគន់រដ្ឋាភិ បាលកម្ពុជាចំពោះការមិនបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនដើម្បីផ្តល់មូលនិធិដល់សាលាក្តីឧក្រិដ្ឋកម្មសង្គ្រាមនេះ។
លោក ខេលី បានលើកឡើងក្នុងសេចក្តីប្រកាសព្រាងទុកមួយថា “ខ្ញុំនឹងចាកចេញពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដោយសារហេតុផលផ្ទាល់ខ្លួននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។ ខ្ញុំនឹងទៅរស់នៅជាមួយគ្រួសាររបស់ខ្ញុំ ដែលបានត្រឡប់ពីកម្ពុជាទៅស្រុកកំណើតវិញកាលពីខែមិថុនា ឆ្នាំ២០១៣”។
សេចក្តីប្រកាសនោះលើកឡើងថា “ញុំមានកិត្តិយសណាស់ដែលបានចូលរួមជាផ្នែកមួយនៃដំណើរការជាប្រវត្តិសាស្ត្រនេះក្នុងការនាំមកនូវយុត្តិធម៌ជូនប្រជាជនកម្ពុជា”។ យោងតាមសេចក្តីប្រកាសនោះ លោក នីកូឡាស កូមជៀន (Nicholas Koumjiam) សហព្រះរាជអាជ្ញាបម្រុងអន្តរជាតិ ជាមេធាវីជនជាតិអាមេរិកដែលធ្លាប់ធ្វើជាមេធាវីនាំមុខគេនៅក្នុងសវនាការកាត់ទោសលោក ឆាល ថេល័រ (Charles Taylor) អតីតប្រធានាធិបតីលីបេរីយ៉ា នោះ នឹងជំនួសលោក ខេលី នៅខែតុលានេះ។
លោក ខេលី មកពីប្រទេសអង់គ្លេសត្រូវបានតែងតាំងជាសហព្រះរាជអាជ្ញាអន្តរជាតិនៅតុលាការនេះកាលពីខែធ្នូឆ្នាំ២០០៩។លោកធ្លាប់បម្រើការងារជាមេធាវីជាន់ខ្ពស់នៅសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិប្រចាំអតីតយូហ្គោស្លាវី និងចូលរួមនៅក្នុងការសើុបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅដាហ្វួ ប្រទេសស៊ូដង់។
នៅក្នុងបទសម្ភាសកាលពីម្សិលមិញលោក ខេលី បានមានប្រសាសន៍ថា ទោះបីជាពេលវេលានៃការធ្វើសេចក្តីសម្រេចលាលែងនេះធ្វើឡើងតែប៉ុន្មានខែមុនពេលបញ្ចប់សវនាការលើកដំបូងក្នុងសំណុំរឿង០០២នេះមិនមែនជាការល្អក៏ដោយ ក៏ហេតុផលផ្ទាល់ខ្លួន និងហេតុផលវិជ្ជាជីវៈធ្វើឲ្យលោកចាំបាច់ត្រូវចាកចេញពីតុលាការនេះ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំដឹងថា វាមិនមែនជាពេលល្អសម្រាប់ខ្ញុំទេនៅក្នុងការចាកចេញនេះ ប៉ុន្តែ ខ្ញុំមានគ្រួសារ និងហេតុផលផ្ទាល់ខ្លួន ព្រមទាំងហេតុផលវិជ្ជាជីវៈចំពោះការចាកចេញនៅពេលនេះ។ ខ្ញុំមានមោទនភាពចំពោះការងាររបស់ខ្ញុំនៅទីនេះណាស់។ ខ្ញុំមិនមានការអាក់អន់ចិត្ត ឬដឹងថា មានទោសកំហុសណាមួយ [ ទើបលាលែងនោះទេ]”។
លោក អែនឌ្រូ ខេលី រួមជាមួយលោកស្រី ជា លាង សមភាគីជាតិរបស់លោកបានទទួលបន្ទុកនៅក្នុងការកាត់ទោសបានជោគជ័យលើមេដឹកនាំខ្មែរក្រហមម្នាក់ចាប់តាំង ពីតុលាការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧។
កាំង ហ្កេក អ៊ាវ ប្រធានពន្ធនាគារស២១ដែលគេស្គាល់ច្បាស់តាមរយៈឈ្មោះ ឌុច ជាឈ្មោះបដិវត្តន៍របស់គាត់នោះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិតកាលពីខែកុម្ភៈ ឆ្នាំ២០១២។
សវនាការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោលលើសំណុំរឿង០០២នាពេលបច្ចុប្បន្នដែលនៅក្នុងសំណុំរឿងនេះសមាជិកជាន់ខ្ពស់បួននាក់នៃរបបនេះត្រូវបានចោទប្រកាន់ពីដំបូងពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរួមទាំងបទប្រល័យពូជសាសន៍នោះ គឺគ្រោងធ្វើនៅខែក្រោយ។
ក្នុងចំណោមចុងចោទទាំងបួននាក់មានតែបងធំទី២ខ្មែរក្រហម គឺ នួន ជា និងអតីតប្រធានរដ្ឋ ខៀវ សំផន ទេដែលនៅត្រូវឡើងសវនាការ ហើយគេរំពឹងថា នឹងមានសេចក្តីសម្រេចនៅក្នុងសំណុំរឿងប្រឆាំងពួកគេនៅឆ្នាំក្រោយ។
អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហមបានស្លាប់កាលពីខែមីនា ក្នុងអាយុ៨៨ឆ្នាំ ហើយប្រពន្ធរបស់គាត់ឈ្មោះ អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចត្រូវបានចាត់ទុកថា មិនអាចឡើងសវនាការបានដោយសារជំងឺបាត់បង់ការចងចាំធ្ងន់ធ្ងរកាលពីខែកញ្ញា ឆ្នាំ២០១២ ក្នុងអាយុ៨០ឆ្នាំ។ លោក ខេលី បានមានប្រសាសន៍ថា ការចាកចេញរបស់គាត់នឹងមិនធ្វើឲ្យរាំងស្ទះដល់ការធ្វើសេចក្តីសម្រេចរបស់តុលាការនេះនៅក្នុងសវនាការលើកដំបូងនៃសំណុំរឿង០០២ដែលផ្តោតសំខាន់ទៅលើការចល័តប្រជាជនទាំងបង្ខំនៅក្រោមរបបខ្មែរក្រហមនោះទេ។
លោកបានមានប្រសាសន៍ថា “ការិយាល័យសហព្រះរាជអាជ្ញាមានបុគ្គលិកដែលកំពុងធ្វើការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ។ ខ្ញុំមានអនុប្រធានម្នាក់ [វីលៀម ស្មីត] ដែលជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅការិយាល័យនេះ។ ខ្ញុំគិតថា ការងារនឹងដំណើរការជាធម្មតា”។ ទោះជា ភាគីជាតិនៅសាលាក្តីនេះខ្វះថវិកាក៏ដោយ ក៏លោក ខេលី បានមានប្រសាសន៍ថា គ្មានការសង្ស័យទាល់តែសោះដែលថា សំណុំរឿង០០២នឹងមិនបញ្ចប់។
មិនដូចលោក រ៉ូបឺត ពើទី (Robert Petit) អ្នកកាន់តំណែងមុនលោកដែលបានលាលែងពីសហព្រះរាជអាជ្ញាកាលពីខែមិថុនាឆ្នាំ២០០៩នោះ លោក ខេលី បានជៀសវាងមិនឲ្យមានការទាស់ទែងគ្នាជាសាធារណៈជាមួយលោកស្រី ជា លាង សមភាគីជាតិរបស់លោកនោះទេ អំឡុងពេលលោកធ្វើការនៅក្នុងសាលាក្តីនេះ។
ទោះបីជា លោក ពើទី បានលើកឡើងពីហេតុផលផ្ទាល់ខ្លួនចំពោះការចាកចេញរបស់លោកក្តី ក៏ការលាលែងរបស់លោកបានកើតមានឡើងចំពេលមានការខ្វែងគំនិតគ្នាជាសាធារណៈជាមួយលោកស្រី ជា លាង អំពីថា តើតុលាការនេះត្រូវបើកសវនាការជំនុំជម្រះមេដឹកនាំខ្មែរក្រហមប៉ុន្មាននាក់ទៀតដែរនោះ។
ចាប់តាំងពីការចាប់ផ្តើមសាលាក្តីនេះដំបូងក្នុងឆ្នាំ២០០៦មក សាលាក្តីនេះបានទទួលរងនូវការចោទប្រកាន់ពីបទពុករលួយ និងការជ្រៀតជ្រែកពីសំណាក់រដ្ឋាភិបាល។ មន្ត្រីខ្មែរនៅតុលាការនេះ រួមជាមួយនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានជំទាស់ជាសាធារណៈមិនឲ្យបន្តសវនាការក្រៅពីសំណុំរឿង០០២ ប៉ុន្តែ លោក ខេលី បានមានប្រសាសន៍កាលពីម្សិលមិញថា ការស៊ើបអង្កេតក្នុងសំណុំរឿងទាំងនេះកំពុងដំណើរការ។
លោកបានមានប្រសាសន៍ថា “ខ្ញុំពិតជាដឹងថា ការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤កំពុងដំណើរការ។ អ្នកស៊ើបអង្កេតកំពុងដំណើរការប្រមូលភ័ស្តុតាង។មិនថា ការស៊ើបអង្កេតនេះនឹងនាំឲ្យមានការបញ្ចប់ដីកាសម្រេចបិទសំណុំរឿង ឬអត់នោះទេ ការចោទប្រកាន់ ឬដីកាច្រានចោល គឺជាកិច្ចការរបស់ការិយាល័យនៃសហចៅក្រមស៊ើបអង្កេត”។
អ្នកឃ្លាំមើលតុលាការបាននិយាយថា ពេលវេលានៃការសម្រេចរបស់លោក ខេលី ដើម្បី ចាកចេញពីតុលាការនេះធ្វើឲ្យថ្នាក់ដឹកនាំមានអារម្មណ៍មិនល្អអំឡុងពេលដំណាក់កាលចុងក្រោយដ៏ចាំបាច់នៃអ្វី ដែលជាសវនាការដ៏សំខាន់ និងប្រហែលជាចុងក្រោយនៅសាលាក្តីនេះ។
លោកស្រី ហីឌ័រ រីយ៉េន (Heather Ryan) អ្នកឃ្លាំមើលតុលាការនៅអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សង្គមសាធារណៈបានលើកឡើងតាមអ៊ីម៉េលថា “វាមិនមែនជាការល្អទេដែលព្រះរាជអាជ្ញាអន្តរជាតិរូបនេះមិនស្ថិតនៅក្នុងក្រុមការងារចំពោះការជិតបិទសំណុំរឿងនេះដោយសន្មតថា សំណុំរឿងទាំងនេះមិនត្រូវបានពន្យារពេលដោយសារវិបត្តិមូលនិធិសព្វថ្ងៃនេះទេ”។
លោកស្រីបានមានប្រសាសន៍ថា “ទោះបីជាវត្តមានរបស់គាត់មិនសំខាន់ចំពោះការបញ្ចប់ដំណាក់កាលនៃសំណុំរឿងនេះក៏ដោយ ក៏អវត្តមានរបស់គាត់នឹងធ្វើឲ្យមានចន្លោះប្រហោងក្នុងការដឹកនាំសំណំុរឿងនេះដែរ”។ លោកស្រីបានបន្ថែមថា តុលាការនេះត្រូវការ “ព្រះរាជអាជ្ញាអន្តរជាតិដែលមានសមត្ថភាព និងក្លាហានដើម្បីដោះស្រាយសំណំុរឿងនេះរហូតដល់ទីបញ្ចប់”។
លោក ឡុង បញ្ញាវុធ អ្នកឃ្លាំមើលតុលាការនៅអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌កម្ពុជាបានមានប្រសាសន៍ថា លោកក៏មានការខកចិត្តចំពោះការចាកចេញរបស់លោក ខេលី ដែរ ហើយលោកបានបន្ថែមថា ភាសាមិនច្បាស់លាស់ដែលប្រើសម្រាប់បង្ហាញហេតុផលចំពោះការលាលែងរបស់គាត់ធ្វើឲ្យមានចម្ងល់អំពីមូលហេតុដែលគាត់សម្រេចចិត្តចាកចេញនេះ។
លោក បញ្ញាវុធ បានមានប្រសាសន៍ថា “គួរឲ្យសោកស្តាយណាស់ ដែលគាត់ចាកចេញចំពេលសវនាការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោលលើសំណំុរឿងនេះ ព្រោះវាមានសារៈសំខាន់ណាស់ជាពិសេសប្រសិនបើយើងក្រឡេកមើលយុទ្ធសាស្ត្រកាត់ទោសទាំងមូល។ លោកគួរតែនៅរហូតដល់មានការប្រកាសសាលក្រម”។
លោកបានបន្ថែមថា “តើហេតុផលពិតប្រាកដដែលគាត់ចាកចេញ គឺដោយសារហេតុផលផ្ទាល់ខ្លួនរបស់គាត់មែន ឬ? ឬប្រហែលជាលោក អែនឌ្រូ ខេលី ចាកចេញដោយសារគាត់មិនចង់ទទួលការស្តីបន្ទោសចំពោះការបរាជ័យនៃសំណុំរឿង០០៣ និង០០៤ព្រមទាំងការបើកសវនាការនៅពេលអនាគតនៃសំណុំរឿង០០២”។
ក្នុងនាមជាព្រះរាជអាជ្ញាអន្តរជាតិជាន់ខ្ពស់នៅក្នុងសវនាការដ៏លេចធ្លោបំផុតនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោក ខេលី កម្រមានមុខនៅក្នុងតុលាការណាស់ ប៉ុន្តែ គាត់បានចំណាយពេលជាច្រើនធ្វើដំណើរទៅក្រៅប្រទេស ដើម្បីស្វែងរកការឧបត្ថម្ភសម្រាប់សាលាក្តីនេះ ជាសេចក្តីសម្រេចមួយ ដែលត្រូវបានរិះគន់ដោយលោក ម៉ៃឃើល កាណាវ៉ាស ដែលបានដឹកនាំក្រុមមេធាវី អៀង សារី រហូតដល់ចុងចោទរូបនេះស្លាប់កាលពីដើមឆ្នាំនេះ។
លោក កាណាវ៉ាស បានមានប្រសាសន៍ថា “គួរឲ្យសោកស្តាយណាស់ដែលលោក ខេលី មិនដែលដឹកនាំធ្វើការសំខាន់ៗដូចដែលគាត់បានសន្យាជាសាធារណៈនោះ។គាត់កម្រចូលមកតុលាការណាស់”។
លោក កាណាវ៉ាស បានបន្ថែមថា “សាលាក្តីខ្មែរក្រហមទទួលបានការប្តេជ្ញា និងការតាំងចិត្តពីព្រះរាជអាជ្ញាអន្តរជាតិជាន់ខ្ពស់ច្រើនជាងខ្លួនទទួលបានពីលោក ពើទី ឬ លោក ខេលី ”។
លោក ខេលី បានមានប្រសាសន៍ថា លោកមិនមានការសោកស្តាយចំពោះការចំណាយពេលរបស់លោកច្រើននៅក្រៅតុលាការនោះទេ។លោកបានមានប្រសាសន៍ថា “ខ្ញុំបានចំណាយពេលរបស់ខ្ញុំច្រើនក្នុងការធ្វើឲ្យតុលាការនេះដំណើរការ និងធ្វើឲ្យមានការយល់ដឹងពីតួនាទីរបស់តុលាការនេះ ទំាងនៅទីនេះ និងនៅក្រៅប្រទេស ហើយខ្ញុំជឿថា នោះគឺជាការចំណាយពេលដ៏ត្រឹមត្រូវ”៕
ប្រែសម្រួលដោយ មូល គឹមហឿន