ក្រុមមន្ត្រីបាននិយាយថា សាលាដំបូងខេត្តសៀមរាបបានចោទប្រកាន់បុរសបីនាក់កាលពីម្សិលមិញ ពីបទកាប់ឈើគ្រញូងខុសច្បាប់នៅក្នុងឧទ្យានបុរាណអង្គរ ដែលជាទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
លោក ហេង ផេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានមានប្រសាសន៍ថា ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ស៊ុន ភារៈ អាយុ២០ឆ្នាំ ផៃ សុភា អាយុ១៨ឆ្នាំ និងឈ្មោះ ភិន រុណ អាយុ៥៣ឆ្នាំ។ លោក ហេង ផេង បានមានប្រសាសន៍ថា “យើងបានចោទប្រកាន់មនុស្សបីនាក់ពីបទបំផ្លាញព្រៃឈើ និងប្រមូលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត ហើយជនល្មើសត្រូវបានប្រគល់ឲ្យចៅក្រមមួយរូបដែលនឹងស៊ើបអង្កេតករណីកាប់ឈើនេះ” ដោយបន្ថែមថា ជនសង្ស័យអាចប្រឈមនឹងទោសជាប់ពន្ធនាគារពីប្រាំឆ្នាំ ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពីប្រាំលានរៀលទៅ១៥លានរៀល ។
លោក ហុង តារាវុធ ប្រធានមន្ទីរបរិស្ថានខេត្ត បានមានប្រសាសន៍ថា បុរសបីនាក់នេះបានមកដល់តំបន់ហាមឃាត់ដោយបានជិះម៉ូតូមួយគ្រឿងនៅម៉ោងប្រហែល១រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ និងត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេច្រៀកដើមគ្រញូងពីរដើមជាចម្រៀកតូចៗដោយរណារធំមួយនៅទីកន្លែងនោះ។ លោក តារាវុធ បានថ្លែងថា “យើងបានសាកសួរបុរសបីនាក់នោះ ហើយបន្ទាប់មកយើងបានចុះទៅពិនិត្យកន្លែងកាប់ឈើនេះ និងបានរកឃើញដង្គត់ឈើគ្រញូងចំនួនពីរ”។ លោកបន្ថែមថា តំបន់នេះគឺជាតំបន់ការពារតឹងរឹង ហើយថា រាល់សកម្មភាពកាប់ឈើនៅក្នុងតំបន់នេះគឺខុសច្បាប់។
ឈើតូចៗពីរដើមក៏ត្រូវបានរកឃើញផងដែរនៅក្នុងផ្ទះរបស់បុរសទាំងនេះនៅពេលធ្វើការឆែកឆេរ នេះបើយោងតាមលោក ម៉ាន់ ឈឿន នាយនគរបាលបេតិកភណ្ឌខេត្ត។
លោក ម៉ាន់ ឈឿន បានមានប្រសាសន៍ថា “ពួកគេបានរំលំដើមគ្រញូងពីរដើម ហើយបន្ទាប់មកពួកគេកាត់ជាបួនចម្រៀក ដែលពីរចម្រៀកត្រូវបានដឹកទៅផ្ទះរបស់ពួកគេតាមម៉ូតូរួចហើយ” ដោយបន្ថែមថា នេះជាករណីទី ៣នៃការកាប់ឈើខុសច្បាប់នៅក្នុងឧទ្យាននេះក្នុងរយៈពេលមួយខែចុងក្រោយនេះ។ លោកបានថ្លែងថា “ចំពោះករណីពីរផ្សេងទៀត មិនមានការចាប់ខ្លួនទេពីព្រោះអ្នកកាប់ឈើបានរត់ចូលទៅក្នុងព្រៃបាត់”។
លោក ម៉ាន់ ឈឿន បានមានប្រសាសន៍បន្តថា បុរសម្នាក់ក៏បានរត់គេចពីការចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារដែរ។ លោកបានថ្លែងថា “យើងកំពុងតែតាមរកមនុស្សម្នាក់ទៀត ដែលរត់គេចខ្លួន ប៉ុន្តែ យើងស្គាល់អត្តសញ្ញាណរបស់ជននោះហើយ”៕
ប្រែសម្រួលដោយ ចេវ ប៊ុនន