The Cambodia Daily Khmer

សាលាឧទ្ធរ​ណ៍កាត់​បន្ថយ​ទោស​ជាប់​ពន្ធ​នាគារ​របស់​កូនប្រុស​ឧកញ៉ា​ម្នាក់​​​មក​​​

សាលាឧទ្ធរ​ណ៍​បាន​កាត់​បន្ថយទោស​មក​នៅ​​ត្រឹម​ប្រាំមួយ​ខែប៉ុណ្ណោះ​​ក្នុង​ចំណោម​ទោស​ជាប់​ពន្ធ​នាគារ​​​ដើម​រយៈ​ពេល​បីឆ្នាំ​កន្លះ​​​​ដែល​​តុលាការ​បាន​​​ផ្តន្ទា​ទៅ​លើ​កូន​ប្រុស​ឧកញ៉ា​ម្នាក់​ ពីបទ​​វាយ​បុរស​ម្នាក់នឹង​ស្នាប់កាំភ្លើង​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ភោ​ជ​​​នីយ​ដ្ឋាន​។

ដួង ឧត្តម​ឆវិន អាយុ២៤ឆ្នាំ​ ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាលពី​ខែ​ឧសភា ជាមួយ​ ដួង គឹមឡុង ​អាយុ​១៧ឆ្នាំ​ ត្រូវ​ជា​ប្អូន​ប្រុស​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ព្យួរ​ទោស​រយៈ​​​ពេល​ប្រាំ​ខែ​​ពីបទ​វាយ​តប់​គ្នា​នៅក្នុង​ភោជ​នីយដ្ឋាន​មួយ​ស្ថិត​នៅក្នុង​ខណ្ឌ​​ចំការ​មន​ ដែល​​​​​​​អំឡុង​ការ​វាយ​តប់​គ្នា​នោះ​បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិភោជ​នីយដ្ឋាន​​មួយ​ចំនួន​ ហើយ​បុរស​ម្នាក់​បាន​រង​របួស​ក្បាល​ បន្ទាប់ពី​ជន​ដៃ​​​ដល់​បាន​វាយ​នឹង​ស្នាប់​កាំ​ភ្លើង​។

ជម្លោះ​នេះបាន​កើត​ឡើង​អំឡុង​បុណ្យ​ចូលឆ្នាំខ្មែរ​ ហើយ​ជន​ដៃដល់​រួម​ជាមួយ​នឹង​អង្គរក្ស​របស់​ខ្លួន​បាន​គេច​ខ្លួន​ពី​កន្លែង​កើត​​​ហេតុ​បន្ទាប់​ពី​ហេតុការ​ណ៍​នោះ។

ដួង​ គឹមឡុង ត្រូវ​បាន​ចាប់ខ្លួន​មួយ​ថ្ងៃ​ក្រោយ​​​​មក​នៅ​ឯខុនដូ​របស់​ឪពុក​ខ្លួន​។ កាំភ្លើង​AK-47 គ្រាប់​និង​កាំភ្លើង​ខ្លី​មួយ​ដើម​ត្រូវ​បាន​រឹបអូស​បានពី​រថយន្ត​ទំនើប​របស់​ជន​នេះ​។ បុរស​​​រូប​​​នេះ​ត្រូវ​បាន​​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តាះ​​​​អាសន្ន​មុន​ពេល​បើក​សវនាការ​។

លោកស្រី សេង​ សុគន្ធ​ ជា​ក្រឡាបញ្ជី​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា “សាលា​ឧទ្ធរណ៍​បាន​សម្រេ​ច​កាត់​បន្ថយ​ទោស​មក​ត្រឹម​ប្រាំ​មួយ​ខែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​បីឆ្នាំ​កន្លះ​​​នោះ ហើយ​ទោស​ដែល​នៅ​សល់​​នឹងត្រូវ​ព្យួរ​”។ ដោយសារ​គាត់​បាន​អនុវត្ត​ទោស​នោះ​​​​រួច​​​​ហើយ ដូច្នេះ​មាន​ន័យថា គាត់​អាច​ត្រូវ​ដោះ​លែង​នៅពេល​ឆាប់ៗ​ក្នុង​ខែ​ក្រោយនេះ​។

លោកស្រី សេង សុគន្ធ​ បាន​មាន​ប្រសា​សន៍​​​ថា ប្រាក់​សំណងដែលត្រូវ​បង់​ទៅ​ឲ្យ​ម្ចាស់​ភោជ​នីយដ្ឋាន ដែល​ពី​ដំបូង​គឺ​​ចំនួន​៤០​​​លាន​​​រៀលនោះ​ ក៏ត្រូវ​កា​ត់​បន្ថយ​ពាក់​កណ្តាល​ផង​​​​ដែរ ដោយ​លោក​ស្រី​​បាន​បន្ថែម​ថា សាលា​​​ឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃសុក្រ​។

លោកឧកញ៉ា ដួង​ ងៀប ​ជា​ឪពុក​របស់​ ឧត្តម​ ឆវិន​ បាន​មាន​ប្រសាសន៍កាលពី​ខែ​ឧសភាថា លោក មុំ ឌីណា អាយុ​២៨ឆ្នាំ​ ជា​ជន​រងគ្រោះ​ដោយ​ការ​វាយ​នឹង​ស្នាប់កាំ​ភ្លើង​នោះ​បាន​ដក​ពាក្យ​បណ្តឹង​របស់​ខ្លួន​ដែល​​បាន​ប្តឹង​កូន​ប្រុស​របស់លោកទាំង​ពីរ​វិញហើយ។

លោក ធូ មណី ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​​​​ជំនុំ​ជម្រះ​បាន​​បដិសេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​អំពី​សេចក្តី​សម្រេច​នេះទេ ដោយ​​​បាន​​​​មាន​ប្រសាសន៍ថា លោក​ជាប់​ប្រជុំ​នៅ​សាលាក្តី​ខ្មែរ​ក្រហម។

លោក ណាច  ទ្រី មេធាវី​តំណាង​ ឧត្តម​ឆវិន ដែល​គេ​ស្គាល់ថាឈ្មោះ​ ដួង​ ឆាយ​ ដែរ​នោះ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​ ដោយ​មាន​ប្រសាសន៍ថា “ ខ្ញុំ​មិន​ទាន់​ដឹង​​រឿង​នេះ​នៅ​ឡើយទេ”។

លោក អ៊ឹម​ សុផាន​ ព្រះរាជ​អាជ្ញា​សាលា​​​ឧទ្ធរណ៍​ក៏បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ដែរ ដោយ​​បង្វែរ​សំណួរ​ទៅ​ចៅ​ក្រម​ជំនុំ​ជម្រះ​វិញ។

លោក អំ សំអាត​ ​អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​​​​​​​​​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​មាន​ប្រសាសន៍​​​ថា ឧត្តម​ឆវិន​ ត្រូវ​​​បាន​​​កាត់​​​បន្ថយ​​​ទោស​​​ដោយ​​​សារ​តែ​​គេ​មាន​ខ្នង​។ លោក​បាន​មាន​ប្រសាសន៍ថា “វាគឺ​ដោយ​​​សារ​គេ​ជាកូន​អ្នក​មាន​។ អ្នក​មាន​អំណាច​តែ​ង​​​តែ​មាន​ឥទ្ធិពល​លើ​តុលាការ​”៕

ប្រែសម្រួលដោយ សោម សារុន

Exit mobile version