លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងជួបពិភាក្សាជាមួយលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ ដើម្បីស្នើសុំជំនួយសម្រាប់សាលាក្តីខ្មែរក្រហម ដែលកំពុងតែជួបវិបត្តិហិរញ្ញវត្ថុ។ សាលាក្តីខ្មែរក្រហមកំពុងស្ថិតនៅដំណាក់កាលចុងក្រោយនៃសំណុំរឿងដ៏សំខាន់មួយ ហើយគ្មានថវិកាដើម្បីបើកប្រាក់ខែឲ្យបុគ្គលិកភាគីជាតិនោះឡើយ។
យោងតាមលោក ស្រី ថាមរង្គ ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា លោក ហ៊ុន សែន និងលោក បាន គីមូន សុទ្ធតែស្ថិតនៅក្នុងប្រទេសព្រុយណេ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៣។ លោក ថាមរង្គ បានមានប្រសាសន៍ថា “សម្តេច នឹងជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាគ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងបញ្ហាហិរញ្ញវត្ថុនៅសាលាក្តីខ្មែរក្រហមផងដែរ ដើម្បីធានាឲ្យបានថា សាលាក្តីអាចនឹងបញ្ចប់ការងាររបស់ខ្លួនដោយជោគជ័យ”។
ក៏ប៉ុន្តែ លោក ហ៊ុន សែន មិនបានលាក់បាំងការពិតដែលថា លោកមិនចង់ឃើញសាលាក្តីកូនកាត់កម្ពុជា-អង្គការសហប្រជាជាតិ បញ្ចប់សំណុំរឿងទាំងអស់របស់ខ្លួនឡើយ ហើយសូម្បីតែមកដល់ពេលនេះ លោកក៏នៅតែចង់ប្រាប់លោក បាន គីមូន ពីបញ្ហានេះដោយផ្ទាល់ដែរ។ សាលាក្តីខ្មែរក្រហមបានបញ្ចប់សំណុំរឿងបានតែមួយគត់ ហើយសព្វថ្ងៃកំពុងតែបើកសវនាការជំនុំជម្រះក្តីសំណុំរឿងទី២ ក្នុងចំណោមសំណុំរឿងទាំងបួនរបស់ខ្លួន។
កាលពីខែតុលា ឆ្នាំ២០១០ នៅពេលលោក បាន គីមូន មកបំពេញទស្សនកិច្ចនៅកម្ពុជា លោក ហ៊ុន សែន បានជម្រាបប្រាប់លោក ថា សំណុំរឿង០០២ នឹងជាសំណុំរឿងចុងក្រោយរបស់សាលាក្តីខ្មែរក្រហម ដោយលោកបានលើកឡើងថា អស្ថិរភាពនឹងកើតមាន ប្រសិនបើសំណុំរឿង០០៣ និង០០៤ នៅតែត្រូវបានយកមកបើកសវនាការជំនុំជម្រះក្តីនោះ។ ទោះបីជាមានបញ្ហាយ៉ាងនេះក្តី ហើយទោះបីជាការពិតរដ្ឋាភិបាលកម្ពុជា គឺជាអ្នកបើកប្រាក់ខែឲ្យបុគ្គលិកភាគីខ្មែរក៏ដោយ ក៏លោក បាន គីមូន ធ្លាប់បានស្នើចំនួនពីរលើករួមមកហើយឲ្យប្រទេសសមាជិកអង្គការសហប្រជាជាតិបន្តការគាំទ្រ និងជួយផ្តល់មូលនិធិបន្ថែម បន្ទាប់ពីបុគ្គលិកដែលមិនទាន់បើកប្រាក់ខែ បាននាំគ្នាធ្វើកូដកម្មជាលើកទី២ក្នុងឆ្នាំនេះ ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ នៅពេលត្រូវបានសួរអំពីបញ្ហាដែលថា លោក ហ៊ុន សែន មិនចង់ឃើញសាលាក្តីខ្មែរក្រហមបញ្ចប់សំណុំរឿងរបស់ខ្លួននោះ ប៉ុន្តែ លោកបានមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះកិច្ចពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី និងលោក បាន គីមូន។
លោកបានមានប្រសាសន៍ថា “ការខ្វះខាតថវិកាគឺមានចំនួន១.៨លានដុល្លារចាប់ពីខែកញ្ញារហូតដល់ខែធ្នូ។ ប្រាក់ខែសម្រាប់បុគ្គលិកខាងភាគីជាតិត្រូវបានបើកសម្រាប់បីខែ គឺចាប់ពីខែមិថុនារហូតដល់ខែសីហា ប៉ុន្តែ យើងនៅមិនទាន់បើកប្រាក់ខែសម្រាប់ខែកញ្ញានៅឡើយទេ។ យើងសង្ឃឹមថា គេនឹងអាចស្វែងរកដំណោះស្រាយបាន”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង