ដោយគ្រាន់តែមានចំនួនសមាជិកគ្រប់គ្រាន់សម្រាប់បង្កើតកូរុំក្នុងរដ្ឋសភា អំឡុងពេលគណបក្សប្រឆំាងនៅតែបន្តធ្វើពហិការតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញ បានបោះឆ្នោតដោយឯកច្ឆន្ទ ដោយខ្លួនឯងនៅក្នុងចំណោមសមាជិកដែលនៅសល់ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ទាំងប្រាំបួននៃរដ្ឋសភា។
គណបក្សសង្គ្រោះជាតិដែលជាផ្លូវការទទួលបានអាសនៈ៥៥នៅក្នុងសភា ក្នុងចំណោមអាសនៈទាំង១២៣ ក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដា នៅតែបដិសេធមិនទទួលយកអាសនៈរបស់ខ្លួន ហើយនៅតែបន្តការតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនលើកឡើងថា ការបោះឆ្នោតមានការលួចបន្លំ និងប្លន់យកជ័យជម្នះរបស់ខ្លួន។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនេះ បច្ចុប្បន្នកំពុងធ្វើដំណើរនៅកាន់បណ្តាប្រទេសលោកខាងលិច ដើម្បីជំរុញឲ្យប្រទេសទាំងនោះកាត់ទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលលោកតែហៅថា ជារដ្ឋាភិបាលមិនស្របតាមរដ្ឋធម្មនុញ្ញ និងមិនស្របច្បាប់។
ដោយមិនមានបញ្ហារំខាន សភាដែលមានគណបក្សតែមួយនេះបានចាប់ផ្តើមធ្វើការងាររបស់ខ្លួនកាលពីម្សិលមិញ។ នៅក្នុងសាលប្រជុំសភា ដែលមានកៅអីទំនេរជិតពាក់កណ្តាល សមាជិកសភាដែលមានវត្តមានចំនួន៦៥នាក់មកពីគណបក្សប្រជាជនកម្ពុជាបានរៀបចំ និងដំណើរការកម្មវិធីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការទាំងប្រាំបួននេះ។
សំឡេងគាំទ្រជាប់ៗគ្នាចំនួន៦៥សំឡេងត្រូវបានប្រកាស បន្ទាប់ពីបោះឆ្នោតរួច ហើយត្រូវបានសរសេរនៅលើក្តារខៀនស ដែលត្រូវបានយកទៅប្រើប្រាស់នៅក្នុងកម្មវិធីបោះឆ្នោតនេះ។ បន្ទាប់ពីការបោះឆ្នោតដែលគ្មានការសង្ស័យនេះបានបញ្ចប់ លោក ហេង សំរិន ប្រធានរដ្ឋសភា បានអបអរសាទរគណៈកម្មាធិការថ្មីនីមួយៗ និងបានជំរុញឲ្យពួកគេចាប់ផ្តើមធ្វើការរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “ខ្ញុំសូមស្នើឲ្យឯកឧត្តម និងលោកជំទាវដែលជាប្រធាន និងអនុប្រធាន ព្រមទាំងសមាជិក…គណៈកម្មាធិការទាំងប្រាំបួនចាប់ផ្តើមរៀបចំកិច្ចប្រជុំដើម្បីតែងតាំងលេខារបស់ខ្លួន។ សូមធ្វើរបាយការណ៍លទ្ធផលនៃការបោះឆ្នោតនេះដាក់ជូនរដ្ឋសភា”។
សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាក៏បានអនុម័តជ្រើសតាំងសមាជិកបីរូបក្នុងចំណោមសមាជិករបស់ខ្លួន គឺលោក ស្រី កែ ច័ន្ទមុនី លោក ឡោក ហួរ និងលោក សៀង ណាំ ឲ្យធ្វើជាលេខាសភា។ នៅក្នុងកម្មវិធីបោះឆ្នោតកាលពីម្សិលមិញនេះ មិនមានវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនោះទេ។
លោក ហ៊ុន សែន និងលោក ហោ ណាំហុង សុទ្ធតែជាប់រវល់ក្នុងការបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេស។ នៅពេលចាកចេញពីកិច្ចប្រជុំកាលពីម្សិលមិញ លោក ហេង សំរិន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជានៅតែមានឆន្ទៈចរចាជាមួយគណបក្សប្រឆាំង ដើម្បីដោះស្រាយវិវាទបោះឆ្នោតនេះ។
លោកបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា “ស្មារតីនយោបាយនឹងកើតឡើង ប្រសិនបើពួកគេមកចរចាដើម្បីឯកភាពគ្នា។យើងនឹងទទួលយកនូវអ្វីដែលយើងបានផ្តល់ឲ្យពួកគេ”។
អ្វីដែលត្រូវបានផ្តល់ឲ្យទាំងនោះរួមមាន តំណែងជាប្រធានគណៈកម្មាធិការបួនក្នុងចំណោមគណៈកម្មាធិការទាំងប្រាំបួននៃរដ្ឋសភា និងតំណែងជាអនុប្រធានសភា។ គណបក្សសង្គ្រោះជាតិនៅតែទាមទារយកតំណែងជាប្រធានសភា និងតំណែងជាប្រធានគណៈកម្មាធិការប្រាំមួយក្នុងចំណោមគណៈកម្មាធិការទាំងប្រាំបួននេះ ដែលការទាមទារទាំងនេះផ្តល់លទ្ធភាពគ្រប់គ្រាន់ក្នុងការបិទផ្លូវគម្រោងផ្តួចផ្តើមរបស់គណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីកិច្ចប្រជុំបោះឆ្នោតកាលពីម្សិលមិញនេះផងដែរ លោក ជាម យៀប សមាជិកសភា និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាបានអះអាងថា គ្មានអ្វីខុសច្បាប់ ឬក៏មិនស្របតាមរដ្ឋធម្មនុញ្ញទេ ទាក់ទងទៅនឹងសភាថ្មីនេះ ហើយលោកក៏បានធ្វើការកត់សម្គាល់ផងដែរថា លោក សម រង្ស៊ី ខ្លួនឯងកាលពីឆ្នាំ២០០៣ បានគាំទ្រសំណើឲ្យមានការកាត់បន្ថយកូរុំចាំបាច់ ពី២ភាគ៣មក៥០បូក១។ លោកបានមានប្រសាសន៍ថា “ភាគច្រើនដាច់ខាតគឺជាការបែងចែកសំឡេងទាំងមូលក្នុងរដ្ឋសភាចេញជាពីរ ពោលគឺ៥០ភាគរយ និងបូក១”។
លោកបានមានប្រសាសន៍ថែមទៀតថា “យើងគឺជាគណបក្សឈ្នះឆ្នោត ដូច្នេះយើងមិនអាចអនុញាតឲ្យគណបក្សផ្សេងមកប្រមាថយើង ដោយនិយាយថា យើងកំពុងជិះសេះលែងដៃ និងមិនគោរពច្បាប់នោះទេ។ លោក សម រង្ស៊ី និង [អនុប្រធានគណបក្សសង្គ្រោះជាតិ] លោក កឹម សុខា គឺជាអ្នកដែលមិនគោរពរដ្ឋធម្មនុញ្ញ ដោយធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ”។
លោក ជាម យៀប ក៏បានលើកឡើងសារជាថ្មីអំពីការគំរាមក្រោយពេលបោះឆ្នោតពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រគល់អាសនៈរបស់គណបក្សប្រឆាំងឲ្យទៅគណបក្សផ្សេង។ លោក ជាម យៀប បានបន្តថា គណបក្សប្រជាជនកម្ពុជា នឹងរង់ចាំរយៈពេលពីរខែគិតចាប់ពីថ្ងៃបើកសភា គឺថ្ងៃទី២៣ ខែកញ្ញា មុនពេលស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រគល់អាសនៈរបស់គណបក្ស
សង្គ្រោះជាតិឲ្យទៅគណបក្សផ្សេង ក្រោយពីរយៈពេលមួយខែទៀតកន្លងផុត ប្រសិនបើការធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិនៅតែបន្ត។
លោកបានមានប្រសាសន៍ថា “យើងនឹងជូនដំណឹងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមុនរយៈពេលពីរខែកន្លងផុត ពីព្រោះពួកគេមានសិទ្ធិអនុវត្តច្បាប់បោះឆ្នោត។ យើងមានច្បាប់ស្តីពីគណបក្សនយោបាយ ហើយយើងមានច្បាប់បោះឆ្នោត ដូច្នេះយើងមានមាត្រាមួយចំនួនចែងនៅក្នុងច្បាប់ទាំងនេះ”។
ច្បាប់ទាំងពីរចែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចប្រគល់អាសនៈរបស់គណបក្សណាមួយឲ្យទៅគណបក្សផ្សេង ក៏ប៉ុន្តែ លុះត្រាតែគណបក្សនោះ “ប្រកាសបោះបង់ចោល” អាសនៈទាំងនោះ។ លោក ជាម យៀប លើកឡើងថា អវត្ត មានដ៏យូរ និងមានន័យជាស្វ័យប្រវតិ្តថា គណបក្សប្រឆាំងបោះបង់អាសនៈរបស់ខ្លួន។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីចំណុចនេះ ក៏ប៉ុន្តែ កាលពីខែមុនលោកបានលើកឡើងថា ការបោះបង់អាសនៈ និងការធ្វើពហិការសភា គឺជារឿងមិនដូចគ្នាទេ។
កាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានអះអាងជាថ្មីម្តងទៀតថា គណបក្សនេះមិនបោះបង់អាសនៈរបស់ខ្លួនទេ។
លោក បានមានប្រសាសន៍ថា “ យើងមិនបោះបង់ទេ យើងធ្វើពហិការ។ លោកបានបន្តថា ប្រសិនបើគណបក្សប្រជាជនព្យាយាមយកអាសនៈរបស់គណបក្សប្រឆាំងទៅប្រគល់ឲ្យគណបក្សផ្សេង “ប្រជាជនដែលបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ នឹងចាត់វិធានការចាំបាច់ដើម្បីការពារតំណាងរបស់ពួកគាត់… ចំណាត់ការណាក៏ដោយ គឺជាចំណាត់ការស្របច្បាប់ និងសន្តិវិធី”។
លោកបានលើកឡើងបន្តទៀតថា គិតត្រឹមថ្ងៃបោះឆ្នោតនៅសភាកាលពីម្សិលមិញ វាគឺជារឿងខុសពីរដ្ឋធម្មនុញ្ញដែលសម័យប្រជុំលើកដំបូងនៃរដ្ឋសភាបានដំណើរការកាលពីថ្ងៃទី២៣ ខែកញ្ញា។ លោកបានមានប្រសាសន៍ថា “ តាំងពីថ្ងៃទី២៣ ខែកញ្ញា រដ្ឋាភិបាលត្រូវបានបង្កើតឡើងដោយខុសច្បាប់ ហើយនោះគឺជាមូលហេតុដែលយើងមិនទទួលស្គាល់រដ្ឋសភា។ ដូច្នេះយើងមិនចាប់អារម្មណ៍ទៅនឹងរឿងនេះទេ”។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានផ្ញើលិខិតជូនម្ចាស់ជំនួយអន្តរជាតិមួយចំនួនដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា ដូចជា សហភាពអឺរ៉ុប(European Union) និងធនាគារពិភពលោក (World Bank) ដើម្បីជំរុញឲ្យពួកគេព្យួរកិច្ចព្រមព្រៀងទាំងអស់ដែលធ្វើឡើងជាមួយរដ្ឋាភិបាលថ្មីនេះ ហើយលោកកំពុងតែធ្វើដំណើរទៅកាន់ប្រទេសនានានៅលោកខាងលិច ដើម្បីស្វែងរកការគាំទ្រគំនិតនេះ។
លោក សម រង្ស៊ី ត្រូវបានរំពឹងថា នឹងត្រឡប់មកប្រទេសកម្ពុជាវិញទាន់ពេលវេលាដែលគណបក្សប្រឆាំងគ្រោងរៀបចំមហាបាតុកម្មបន្ទាប់របស់ខ្លួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែតុលា ខាងមុខ ដើម្បីបដិសេធលទ្ធផលនៃការបោះឆ្នោត៕
ប្រែសម្រួលដោយ កង សុធា