លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងកាលពីម្សិលមិញថា បរិមាណនាំចេញអង្ករបានកើនឡើងជាងទ្វេដង ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
លោក អ៊ុក រ៉ាប៊ុន បានលើកឡើងនៅក្នុងសុន្ទរកថាថ្លែងទៅកាន់កសិករ និងនិស្សិតផ្នែកកសិកម្មប្រមាណជា៦០០នាក់ ដើម្បីអបអរសាទរទិវាស្បៀងអាហារពិភពលោកកាលពីម្សិលមិញថា “ក្នុងរយៈពេលប្រាំបួនខែដំបូងដើមឆ្នាំនេះ បរិមាណនាំចេញអង្ករបានកើនឡើង ដល់២៦៦.១២៣តោន ពោលគឺបានកើនឡើង១០៥ភាគរយ បើធៀបនឹងឆ្នាំ ២០១២។ អំឡុងពេលនេះ យើងនាំចេញ បានតែ១២៩.២៣៣តោនប៉ុណ្ណោះ”។
លោកបានឲ្យដឹងទៀតថា បរិមាណស្រូវ បច្ចុប្បន្ន គ្របដណ្តប់លើផ្ទៃដី២.៥៥៤លានហិកតា ពោលគឺកើនឡើងចំនួនប្រហែល១៥៤.០០០ហិកតា ដែលទំហំកំណើនច្រើនជាងទំហំដែលរដ្ឋាភិបាលរំពឹងទុកសម្រាប់សកម្មភាពធ្វើកសិកម្ម កាលពីឆ្នាំមុន។
លោក អ៊ុក រ៉ាប៊ុន បានលើកឡើងនៅក្នុងសុន្ទរកថា របស់លោកបន្តទៀតថា “ទោះបីជាបរិយាកាសមិនប្រក្រតី បង្កឲ្យមានការខ្វះខាតទឹក [និង]មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក៏ដោយ ក៏ស្ថានភាពដំណាំស្រូវនៅតែល្អ”។ រដ្ឋាភិបាលកម្ពុជាសង្ឃឹមថា នឹងនាំអង្ករចេញឲ្យបាន១លានតោនយ៉ាងយូរនៅក្នុងឆ្នាំ២០១៥៕
ប្រែសម្រួលដោយ កង សុធា