មេធាវីការពារក្តីរបស់ជនសង្ស័យពីបទឧក្រិដ្ឋកម្មសង្គ្រាមខ្មែរក្រហម នួន ជា បានចោទប្រកាន់អយ្យការកាលពីម្សិលមិញថា បានពឹងផ្អែកលើភ័ស្តុតាងមិនអាចទុកចិត្តបាន ហើយបានចោទប្រកាន់លើតុលាការនេះថា បានបរាជ័យក្នុងការធានាថា សវនាការជំនុំជម្រះរឿងក្តីរបស់កូនក្តីខ្លួនមានភាពយុត្តិធម៌ និងចាកផុតពីការជ្រៀតជ្រែកពីរដ្ឋាភិបាល។
មេធាវីរបស់លោក នួន ជា គឺលោក វីកទ័រ កូប៉េ (Victor Koppe) ក៏បានរិះគន់នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជា ស៊ីម និងប្រធានរដ្ឋសភា ហេង សំរិន ដែលលោកអះអាងថា សុទ្ធតែបានចូលរួមក្នុងការធ្វើសកម្មភាពឧក្រិដ្ឋកម្ម អំឡុងរបបខ្មែរក្រហម ហើយគួរតែត្រូវបានតម្រូវឲ្យបង្ហាញខ្លួននៅក្នុងតុលាការ ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់ទាំងនេះផងដែរ។
លោក កូប៉េ បានលើកឡើងថា សេចក្តីសន្និដ្ឋានបិទរបស់ខ្លួននឹងបង្ហាញថា អយ្យការបានបរាជ័យក្នុងការរកឃើញការពិតពាក់ព័ន្ធនឹងអ្វីដែលបានកើតឡើងនៅកន្លែងប្រហារជីវិតទួលពោធិ៍ជ្រៃក្នុងខេត្តពោធិ៍សាត់ ដែលជាកន្លែងមន្ត្រី និងកងទ័ពសម័យសាធារណរដ្ឋខ្មែររាប់ពាន់នាក់ ឬអាចដល់រាប់មឺុននាក់ ត្រូវបានសម្លាប់រង្គាលនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
លោកក៏បានលើកឡើងផងដែរថា មេធាវីការពារក្តីនឹងបញ្ជាក់ថា គោលនយោបាយដែលបក្សកុម្មុយនីស្តកម្ពុជា បានព្រាងគឺគ្មានចេតនាឧក្រិដ្ឋឡើយ ហើយថា គោលនយោបាយទាំងនោះ “ ពុំត្រូវបានគ្រោងទុកមុន ឬពិចារណាដោយកូនក្តីខ្លួនទេ”។ លោកបានលើកឡើងបន្តថា ចំណុចចុងក្រោយគឺថា សំណួរមួយក្នុងចំណោមសំណួរសំខាន់បំផុតដែលចាំបាច់ត្រូវតែសួរតុលាការ គឺពាក់ព័ន្ធនឹង “ភាពយុត្តិធម៌នៃសវនាការនេះ និងភាពស្របច្បាប់នៃសាលាក្តីនេះ”។ ចំណុចនេះគឺជាអ្វីដែលលោក កូប៉េ និងសហសេវិករបស់ខ្លួនបានលើកឡើងដោយបានចំណាយពេលយ៉ាងច្រើនអំឡុងសវនាការនេះ។
លោក កូប៉េ បានលើកឡើងថា “ភាពមិនប្រក្រតីអំឡុងការស៊ើបអង្កេត និងអំឡុងសវនាការនេះបានបន្តជាហូរហែមិនចេះចប់ គឺរហូតដល់ថ្នាក់យើងគ្មានពេលជំទាស់នឹងការចោទប្រកាន់ទាំងអស់។ ផលប៉ះពាល់នៃការជ្រៀតជ្រែកមិនចេះចប់របស់រដ្ឋាភិបាលក្នុងដំណើរការជំនុំជម្រះនេះ ក៏បានធ្វើឲ្យយើងជួបការលំបាកខ្លាំងដូចគ្នាដែរ”។
ចំណុចស្នូលនៃបញ្ហាបែបនេះនៅតុលាការកូនកាត់នេះ គឺរឿងចៅក្រមដែលបានសើុបអង្កេតសំណំុរឿង០០២ និងអង្គចៅក្រមដែលត្រូវបានជួលឲ្យជំនុំជម្រះរឿងក្តីនេះ។
លោក កូប៉េ បានមានប្រសាសន៍ថា “មានចំណងមួយនៅទីនេះដែលជាមូលហេតុដ៏ចម្បង។ ចំណងដែលជាឬសគល់នៃបញ្ហានេះ គឺថា គ្មាននរណាម្នាក់នៅតុលាការនេះចាប់អារម្មណ៍ក្នុងការស្វែងរកការពិតទេ”។ លោកបានបន្តថា “តុលាការនេះមិនមែនត្រូវបានបង្កើតឡើងក្នុងបំណងស្វែងយល់ការពិតពាក់ព័ន្ធនឹងអ្វីដែលបានកើតឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យឡើយ។ តុលាការនេះត្រូវបានបង្កើតឡើងក្រោមហេតុផលផ្ទុយពីនេះ ព្រោះអ្នកដែលបានបង្កើតវាឡើងយល់ថា ខ្លួនឯងបានដឹងរួចទៅហើយពីអ្វីដែលបានកើតឡើង។
ពួកគេគិតថា ខ្លួនដឹងថា នរណាជាអ្នកទទួលខុសត្រូវ ដូច្នេះពួកគេបានបង្កើតតុលាការនេះឡើងក្នុងបំណងដាក់ទណ្ឌកម្មអ្នកទាំងនោះ។ អ្នកទាំងនោះបានដឹងថា ខ្លួននឹងជាប់ពិរុទ្ធភាពតាំងពីមុនពេលមានសាលាក្តីនេះទៅទៀត”។ លោក កូប៉េ បានលើកឡើងថា សវនាការយុត្តិធម៌គឺមិនអាចទទួលបានតាមរយៈប្រព័ន្ធតុលាការកម្ពុជាទេ។ នេះជាអ្វីដែលអង្គការសហប្រជាជាតិបានដឹងរួចទៅហើយ។
លោក កូប៉េ បានបន្ថែមថា “យើងកំពុងឈរនៅទីនេះនៅថ្ងៃនេះ ដោយសារហេតុផលតែមួយគត់ នោះគឺការអនុវត្តតាមនីតិវិធីដើម្បីឲ្យរដ្ឋាភិបាលមានឱកាសអួត [ប្រាប់ពិភពលោក] ថា កូនក្តីរបស់យើងត្រូវបានជំនុំជម្រះទោសក្នុងសវនាការដែលមានភាពយុត្តិធម៌ និងមិនលម្អៀង” ដោយលោកបានបន្ថែមថា សវនាការប្រកបដោយភាពយុត្តិធម៌ គឺមិនអាចទទួលបានឡើយ។
លោកបានបន្តថា “សេចក្តីសន្និដ្ឋានរបស់អយ្យការចំពោះកូនក្តីរបស់លោក គឺផ្អែកលើភ័ស្តុតាងមិនអាចទុកចិត្តបាន និងគួរឲ្យអស់សំណើច” ដែលរួមបញ្ចូលទាំងការយោងជាច្រើនលើសៀវភៅដែលសរសេរដោយប្រវត្តិវិទូ ស្តេហ្វិន ហ៊ែតឌើ (Stephen Heder) និងអ្នកកាសែត ហ្វីលីព សត (Phillip Short) ដែលសៀវភៅទាំងពីរក្បាលនេះសុទ្ធតែអាចរកទិញបានតាមប្រព័ន្ធអ៊ីនធើណិត។
លោកបានមានប្រសាសន៍ថា ប្រសិនបើយោងលើសៀវភៅទាំងនេះ“ យើងអាចបើក និងបញ្ចប់សវនាការដោយចំណាយប្រាក់អស់ត្រឹមតែប្រហែល៤១ដុល្លារប៉ុណ្ណោះ” មិនចាំបាច់ចំណាយដល់ទៅរាប់រយលានដុល្លារឡើយ។ ជាការរំឭកម្តងទៀតពីអ្វីដែលអយ្យការបានលើកឡើងអស់រយៈពេលពីរឆ្នាំ និងដែលត្រូវបានសង្ខេប អំឡុងការធ្វើសេចក្តីសន្និដ្ឋានបិទរបស់ខ្លួនកាលពីសប្តាហ៍មុន និងកាលពីថ្ងៃច័ន្ទ លោក កូប៉េ បានលើកឡើងថា គ្មានភ័ស្តុតាងណាមួយសម្រាប់គាំទ្រអំណះអំណាងដែលថា នួន ជា គឺមានអំណាចពិតប្រាកដទេ ហើយថា អំណះអំណាងរបស់ពួកគេគឺលម្អៀង និងមិនត្រឹមត្រូវឡើយ។
លោកបានលើកឡើងថា ទោះបីជាមានតួនាទីជាលេខាធិការរងនៃបក្សកុម្មុយនីស្តកម្ពុជាក៏ពិតមែន ប៉ុន្តែតាមពិតទៅ នួន ជា ពុំមានអំណាចមើលការខុសត្រូវតំបន់ណាមួយ និងប្រធានផ្នែកណាមួយទេ ហើយថា ជម្លោះ រវាងថ្នាក់ដឹកនាំដែលរកកលនឹងច្បាំងគ្នានោះបានកើតមានពេញរបបនេះ។ លោកបានបន្តថា អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះ គឺថា តុលាការមិនបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការកោះហៅអ្នកដែលអាចផ្តល់ភ័ស្តុតាងវិពិរុទ្ធ (ឬភ័ស្តុតាងដែលមានប្រយោជន៍សម្រាប់មេធាវីការពារក្តីរបស់ នួន ជា) ឬអ្នកដែលមានចំណែកទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋកម្មអំឡុងរបបខ្មែរក្រហមខ្លួនឯងទេ។
លោកបានមានប្រសាសន៍ថា “មានគោលដៅជាច្រើនដែលពិរុទ្ធកររបស់ខ្លួនមិនដែលត្រូវបានលើកយកមកពិភាក្សា។ ជុំវិញការពាក់ព័ន្ធដោយផ្ទាល់នឹងដំណើរការនេះ មានចំណុចមួយដែលលេចធ្លោជាងចំណុចដ៏ទៃ នោះគឺថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលមិនត្រឹមតែបន្តសកម្មភាពលួចបន្លំសន្លឹកឆ្នោត លួចប្លន់ដីធ្លី និងធនធានធម្មជាតិពីប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបន្តយករួចខ្លួនពីការពាក់ព័ន្ធក្នុងសកម្មភាពដែល នួន ជា កំពុងរងការចោទប្រកាន់ផងដែរ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើរបបកម្ពុជាប្រជាធិបតេយ្យនេះជារបបឧក្រិដ្ឋកម្មរួមគ្នាដ៏ធំមួយ ក្នុងបំណងយកប្រជាពលរដ្ឋខ្លួនឯងធ្វើទាសករមែននោះ អ៊ីចឹង ថ្នាក់ដឹកនាំបីនាក់របស់រដ្ឋាភិបាលគឺជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ។ ហ៊ុន សែន ជា ស៊ីម និង ហេង សំរិន សុទ្ធតែបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយដែលសហព្រះរាជអាជអះអាងថា មានលក្ខណៈឧក្រិដ្ឋ”។
ដោយសារតែបែបនេះ ការទទួលខុសត្រូវរបស់ពួកគេ គឺអាស្រ័យលើកូនក្តីរបស់ខ្ញុំ។ ប្រសិនបើ នួន ជា មានពិរុទ្ធភាព ពួកគេក៏មានពិរុទ្ធភាពដែរ។ ប្រសិនបើ នួន ជា បានយកប្រជាពលរដ្ឋរបស់ខ្លួនធ្វើជាទាសករ អ៊ីចឹង បុរសទាំងបីនាក់ដែលរូបថតផ្ទៃមុខរបស់ខ្លួនឃើញមានគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេសកម្ពុជានោះ គឺជាអ្នកអនុវត្តគោលនយោបាយដ៏មានភក្តីភាពរបស់ នួន ជា ហើយ”។
លោកបានបន្ថែមថា លោក ហេង សំរិន សមតែត្រូវបានគេលើកឡើងជាពិសេស អំពីតួនាទីរបស់ខ្លួនក្នុងការជម្លៀសប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ។ ប៉ុន្តែគាត់មិនដែលត្រូវបានកោះហៅមកផ្តល់សក្ខីកម្មចំពោះមុខតុលាការទេ ហើយនេះគឺជាភាពបរាជ័យមួយទៀតរបស់ក្រុមប្រឹក្សាជំនំុជម្រះ និងជាសញ្ញាបង្ហាញពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្នុងដំណើរការជំនុំជម្រះនេះ។
លោកបានមានប្រសាសន៍ថា “បុគ្គលដែលបានទទួលផលប្រយោជន៍ច្រើនបំផុតពីសាលាក្តី នេះ គឺថ្នាក់ដឹកនាំ [គណបក្សប្រជាជនកម្ពុជា] ដែលជាអ្នកបង្កការប៉ះពាល់ដោយផ្ទាល់លើភ័ស្តុតាង”។ លោកបានបន្ថែមថា “រដ្ឋាភិបាលមិនទាំងបានទុករឿងនេះជាការណ៍សម្ងាត់ផង។ ហ៊ុន សែន តែងប្រឆាំងអ្នកដែលចង់សើុបអង្កេតបន្ត ហើយបានប្តេជ្ញាមិនឲ្យការស៊ើបអង្កេតបែបនេះបន្តទេ។ តើយើងអាចរំពឹងថា សាលាក្តីនេះអាចវាយតម្លៃដោយត្រឹមត្រូវលើការទទួលខុសត្រូវរបស់កូនក្តី យើង ក្រោមកាលៈទេសៈបែបនេះយ៉ាងដូចម្តេច?”។
សហភាគីជាតិរបស់លោក កូប៉េ គឺលោក សម អារុណ បានវែកញែកថា នួន ជា ខូចចិត្តខ្លាំងណាស់ដែលបានឃើញប្រជាពលរដ្ឋកម្ពុជារងការឈឺចាប់ ក្រោមឥទ្ធិពលអាណានិគមបរទេស ហើយយល់ឃើញថា ការផ្លាស់ប្តូរទៅរករបបកុម្មុយនីស្ត គឺជាវិធីតែមួយគត់ក្នុងការរំដោះប្រជាពលរដ្ឋកម្ពុជាពីអាណានិគមនេះ។
លោកបានលើកឡើងថា ការផ្លាស់ប្តូរបែបនេះ គឺជារឿងនយោបាយ មិនមែនជារឿងឧក្រិដ្ឋកម្មទេ។ លោក អារុណ បានមានប្រសាសន៍ថា
“ [ព្រះរាជអាជ្ញា] ហាក់ដូចជាគិតថា មុខតំណែងរបស់គាត់ [នួន ជា] គឺគ្រប់គ្រាន់ល្មមនឹងឲ្យគាត់ធ្វើការត្រួតត្រាលើកម្មាភិបាលក្នុងឋានានុក្រមបក្សកុម្មុយនីស្តកម្ពុជា។ ការពិតគឺថា អ្វីៗជាច្រើនដែលសហព្រះរាជអាជ្ញាអះអាងថា ស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ នួន ជា នោះតាមពិតគឺស្ថិតនៅក្រៅវិសាលភាពនៃតួនាទីរបស់គាត់ក្នុងនាមជាលេខាធិការរងទៅវិញទេ… គាត់មានលទ្ធភាពមានកម្រិតប៉ុណ្ណោះក្នុងការត្រួតត្រាលើកម្មាភិបាលថ្នាក់ក្រោម”។
អំឡុងសវនាការក្នុងខែឧសភា នួន ជា បានលើកឡើងថា ខ្លួនមានចំណែកទទួលខុសត្រូវផ្នែកសីលធម៌ចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ ប៉ុន្តែរយៈពេលមិនដល់មួយសប្តាហ៍ក្រោយការថ្លែងបែបនេះផង ចុងចោទពីបទឧក្រិដ្ឋកម្មសង្គ្រាមរូបនេះ បានងាកទៅប្រកាន់ជំហរចាស់របស់ខ្លួនដែលថា ការសម្លាប់រង្គាលជាប្រព័ន្ធ និងការបង្អត់អាហារប្រជាពលរដ្ឋ មិនមែនជាគោលនយោបាយរបស់ខ្មែរក្រហមទេ។ សេចក្តីសន្និដ្ឋានបិទរបស់មេធាវីការពារក្តីឲ្យ នួន ជា នឹងបន្តនៅស្អែកនេះ៕
ប្រែសម្រួលដោយ កង សុធា