មន្ត្រីមួយរូបនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងកាលពីម្សិលមិញថា សកម្មភាពសាងសង់នៅក្នុងគម្រោងទីក្រុងរណប កាំកូស៊ីធី (Camko City) ក្នុងរាជធានីភ្នំពេញ នឹងបន្តឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយឆ្នាំ ក្រោយពីមានរឿងអាស្រូវបន្លែបន្លំមួយ ដែលបណ្តាលឲ្យអ្នកផ្តល់មូលនិធិពីដើមរបស់ខ្លួនក្ស័យធន។
លោក បេងហុង សុជាតិខេមរ៉ូ អ្នកនាំពាក្យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា វើលស៊ីធី ជាក្រុមហ៊ុនកូរ៉េខាងត្បូងនៅពីក្រោយទីក្រុង រណបនេះបានបញ្ជាក់ថា ខ្លួនកំពុងចាប់ដៃគូជាមួយធនាគារពាណិជ្ជកម្មថ្មីមួយ និងក្រុមហ៊ុនអភិវឌ្ឍន៍សំណង់មួយ។ លោកថ្លែងថា “ពួកគេបានជូនដំណឹងដល់ក្រសួងថា ពួកគេនឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗនេះ។ ពួកគេទទួលបានធនាគារថ្មីមួយ និងក្រុមហ៊ុនអភិវឌ្ឍន៍ សំណង់មួយ”។ លោកបានឲ្យដឹងបន្ថែមទៀតថា លោកមិនដឹងឈ្មោះធនាគារផ្តល់មូលនិធិ និងក្រុមហ៊ុនសំណង់នោះទេ។
គម្រោងទីក្រុងរណប កាំកូស៊ីធី ដែលមានទីតាំងនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបញ្ឈប់សកម្មភាព បន្ទាប់ពីធនាគារ ប៊ូសាន សេវវីង ប៊ែង (Busan Savings Bank) ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដែលក៏ស្នើសុំផ្តល់មូលនិធិ១លានដុល្លារ ដល់គម្រោងអាកាសយានដ្ឋានសៀមរាបផងដែរ នោះ បានដាក់ពាក្យប្រកាសក្ស័យធន កាលពីឆ្នាំមុនដោយសាររឿងអាស្រូវលួចបន្លំបានកើតឡើង ជាហេតុបណ្តាលឲ្យគម្រោងទាំងពីរស្ថិតក្នុងស្ថានភាពច្របូកច្របល់។
លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងកាលពីម្សិលមិញថា ការងារសាងសង់ក្នុងគម្រោងនេះ នឹងចាប់ ផ្តើមឡើងវិញនៅក្នុងរយៈពេលមួយខែទៀត៕
ប្រែសម្រួលដោយ កង សុធា