មន្ត្រីតុលាការមួយរូបបានលើកឡើងកាលពីម្សិលមិញថា សាលាឧទ្ធរណ៍នឹងបើកសវនាការ នៅដំណាច់ខែនេះ ដើម្បីជំនុំជម្រះសំណុំរឿងលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលតុលាការបានសម្រេចឲ្យជាប់ទោសកាលពីខែមិថុនា ពីបទបាញ់ប្រហារ និងបង្ករបួសស្នាមដល់កម្មការិនីចំនួនបីនាក់ និងដែលពេលនេះកំពុងមានសេរីភាពនៅឡើយ។
លោក តាំង ស៊ុនឡាយ ចៅក្រុមជំនុំជម្រះ បានមានប្រសាសន៍ថា “យើងបានកំណត់កាលបរិច្ឆេទថ្ងៃទី៣១ ខែតុលា នាពេលរសៀលសម្រាប់បើកសវនាការជំនុំជម្រះសំណុំរឿង [ ឈូក បណ្ឌិត] ។ សាលាឧទ្ធរណ៍បានចេញដីកាកោះហៅជនរងគ្រោះ និងភាគីចុងចោទរួចហើយ”។
គួររំឭកថា កាលពីខែមិថុនា សាលាដំបូងខេត្តស្វាយរៀងបានផ្តន្ទាទោសអតីតអភិបាលក្រុងរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ចំពោះតួនាទីរបស់គាត់នៅក្នុងហេតុការណ៍បាញ់ប្រហារ និងបង្ករបួសស្នាមដល់កម្មការិនីកាត់ដេរចំនួនបីនាក់ អំឡុងបាតុកម្មមួយនៅក្នុងក្រុងបាវិត កាលពីខែកុម្ភៈ ឆ្នាំ២០១២ ហើយបើទោះបីជាតុលាការបានចេញដីកាចាប់ខ្លួនគាត់ក៏ដោយ ក៏លោក ឈូក បណ្ឌិត នៅមិនទាន់មានការចាប់ខ្លួននៅឡើយទេ។ បន្ទាប់ពីសាលាដំបូងចេញសាលក្រមផ្តន្ទាទោស មេធាវីរបស់លោកបានប្តឹងឧទ្ធរណ៍។
លោក នុត យ៉ត បងប្រុសរបស់កម្មការិនី ឈ្មោះ នុត សាខន ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងបីនាក់ ដែលបានរងរបួសខ្នង និងដៃអំឡុងពេលបាញ់ប្រហារនេះ បានអំពាវនាវឲ្យសាលាឧទ្ធរណ៍ផ្តន្ទាទោសធ្ងន់ចំពោះលោក ឈូក បណ្ឌិត។ លោក នុត យ៉ត បាននិយាយថា “សូមសាលាឧទ្ធរណ៍មេត្តាជួយស្វែងរកយុត្តិធម៌ឲ្យប្អូនស្រីរបស់ខ្ញុំ ផង។ ការបាញ់ប្រហារ [ ពីសំណាក់ ឈូក បណ្ឌិត] មកលើប្អូនស្រី របស់ខ្ញុំ និងកម្មការិនីផ្សេងទៀតគឺសាហាវណាស់”៕
ប្រែសម្រួលដោយ តែម សុខុម