លោក ម៉ក់ សម្បត្តិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលមានប្រសាសន៍ថា កាលពីម្សិលមិញប្រទេសកម្ពុជាមិនបានដាក់ជូនរបាយការណ៍សិទ្ធិមនុស្សដ៏សំខាន់មួយ ដែលមានឈ្មោះថា របាយការណ៍ត្រួតពិនិត្យជាសាកល និងទៀងទាត់ ទៅកាន់អង្គការសហប្រជាជាតិតាមកាលកំណត់ឡើយ។
លោក សម្បត្តិ បានមានប្រសាសន៍ថា ការមិនបានដាក់ជូនរបាយការណ៍តាមកាលកំណត់នេះ ឥឡូវនេះរដ្ឋាភិបាលសង្ឃឹមថា នឹងដាក់ជូនរបាយការណ៍របស់ខ្លួននៅថ្ងៃពុធ ទៅទីក្រុងហ្សឺណែវ។ លោកបានមានប្រសាសន៍ពីមូលហេតុក្នុងការខកខានមិនបានដាក់ជូនតាមពេលកំណត់នេះដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តងថា “លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យបញ្ចូលព័ត៌មានបន្ថែមទៀតអំពីទស្សនវិស័យរបស់រដ្ឋាភិបាលក្នុងអាណត្តិទី៥នេះ ដើម្បីកែទម្រង់ប្រព័ន្ធតុលាការ”។ “ របាយការណ៍នេះនឹងប្រាប់អង្គការសហប្រជាជាតិថា រដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកែទម្រង់ប្រព័ន្ធតុលាការជាមូលហេតុដែលរដ្ឋាភិបាលនឹងអនុវត្តនៅដើមឆ្នាំក្រោយនូវច្បាប់សំខាន់ៗមួយចំនួន”។
យោងតាមលោក សម្បត្តិ បានឲ្យដឹងថា ច្បាប់ដែលស្នើឡើងនេះពាក់ព័ន្ធនឹងលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងច្បាប់ស្តីពីការរៀបចំតុលាការ។ លោក សម្បត្តិ បានបដិសេធមិនផ្តល់ច្បាប់ចម្លងនៃរបាយការណ៍នោះឡើយ។
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក បានមានប្រសាសន៍ថា ការបន្ថែមនៅនាទីចុងក្រោយពាក់ព័ន្ធនឹងកំណែទម្រង់តុលាការនេះអាចជាការព្យាយាមរបស់រដ្ឋាភិបាលដើម្បីបង្វែរការចាប់អារម្មណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិចេញពីស្ថានភាពនយោបាយបច្ចុប្បន្ន និងកំណត់ត្រាសិទ្ធិមនុស្សដែលកាន់តែយ៉ាប់យ៉ឺនរបស់ប្រទេសកម្ពុជា។
លោក ធន សារាយ ក៏បានមានប្រសាសន៍ដែរថា “ខ្ញុំគិតថា រដ្ឋាភិបាលចង់បង្ហាញពីចំណុចល្អៗដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាពិសេសពាក់ព័ន្ធទៅនឹងកំណែទម្រង់តុលាការ ដែលជាបញ្ហាដ៏ចម្បង និងជាបញ្ហានយោបាយពិតប្រាកដដែលអ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើង”។ លោកបានមានប្រសាសន៍ថា “ការប្តេជ្ញាចិត្តខ្ពស់នេះគឺល្អតែនៅលើក្រដាសប៉ុណ្ណោះ ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់ទេ”។
នៅក្នុងរបាយការណ៍ថ្មីបំផុតរបស់លោកជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្នុងទីក្រុងហ្សឺណែវនោះ កាលពីខែមុន លោក សុរិយា ស៊ូបេឌី អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានរិះគន់ពីប្រព័ន្ធតុលាការ និងសភាដ៏ទន់ខ្សោយក្នុងប្រទេសកម្ពុជា ព្រោះវាពាក់ព័ន្ធនឹងបរិបទបោះឆ្នោត ដែលការបោះឆ្នោតមួយចំនួនមិនទាន់ចាត់ទុកថា សេរី និងត្រឹមត្រូវឡើយ”។
លោក ស៊ូបេឌី បានលើកឡើងដដែលៗថា រដ្ឋាភិបាលមិនបានដោះស្រាយកង្វល់របស់លោកជុំវិញកំណែទម្រង់ច្បាប់បោះឆ្នោត និងប្រព័ន្ធតុលាការឡើយ។ ប្រសិនបើរដ្ឋាភិបាលដាក់ជូនរបាយការណ៍របស់ខ្លួននៅថ្ងៃពុធមែននោះ វានឹងជាលើកទី២ហើយដែលប្រទេសកម្ពុជាមានការពិនិត្យជាសាកលនិងទៀងទាត់ ដែលនៅក្នុងនោះក្រុមប្រឹក្សាសិទ្ធិមនុស្សពិនិត្យមើលអំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិនីមួយៗរៀងរាល់បួនឆ្នាំម្តង។
បន្ទាប់ពីការពិនិត្យមើលលើកដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ ក្រុមប្រឹក្សានេះបានផ្តល់អនុសាសន៍៩១ចំណុចដែលក្នុងនោះទាក់ទងនឹងកំណត់ត្រាស្តីពីការបណ្តេញពីដីធ្លីដោយបង្ខំក្នុងប្រទេសកម្ពុជា ការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងកង្វះឯករាជភាពក្នុងប្រព័ន្ធតុលាការជាដើម។ មុនពេលដាក់ជូនរបាយការណ៍កាលពីឆ្នាំ២០០៩រដ្ឋាភិបាលបានស្វះស្វែងរកទិន្នន័យពីអង្គការក្រៅរដ្ឋាភិបាលទាំងក្នុងស្រុកនិងអន្តរជាតិ។
លោក សម្បត្តិ បានអះអាងថា នៅពេលនេះរដ្ឋាភិបាលមិនបានឆ្លងកាត់ដំណើរការពិគ្រោះយោបល់ទេ ពីព្រោះរដ្ឋាភិបាលមិនពេញចិត្តនឹងការរិះគន់ ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលទាំងនេះ។ លោកបានមានប្រសាសន៍ថា “អង្គការសង្គមស៊ីវិលមួយចំនួនមិនបានអនុវត្តតាមតួនាទីរបស់ខ្លួនទេ ប៉ុន្តែ ផ្ទុយទៅវិញពួកគេបានធ្វើការដូចជាគណបក្សប្រឆាំង ធ្វើការរិះគន់មិនល្អទៅវិញ”។
លោក ធន សារាយ បានមានប្រសាសន៍ថា “ការិះគន់មិនល្អនេះហើយ គឺជាមូលហេតុដែលនៅនាទីចុងក្រោយ រដ្ឋាភិបាលដាក់បន្ថែមកំណែទម្រង់ប្រព័ន្ធតុលាការទៅក្នុងរបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួន”។ លោក ធន សារាយ បានមានប្រសាសន៍ថា “ឥឡូវនេះពួកគេទទួលស្គាល់នូវចំណុចខ្សោយនៃប្រព័ន្ធតុលាការ ដូច្នេះហើយ អង្គការក្រៅរដ្ឋាភិបាលមិនមែនរិះគន់ក្នុងន័យមិនស្ថាបនាឡើយ យើងបាននិងកំពុងពិភាក្សាអំពី [កង្វះឯករាជភាព] នៃប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជាជាយូរមកហើយ”។ លោកបានមានប្រសាសន៍ថា “ពួកគេត្រូវតែទទួលស្គាល់ថា ការរិះគន់ទាំងនេះ គឺពិតប្រាកដ ហើយការរិះគន់ទាំងនេះល្អ ហើយគេត្រូវតែទទួលស្គាល់នូវចំណុចខ្សោយទំាងអស់នេះ”៕ (សារុន)